លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ដំណើរទៅទីក្រុងយេរូសាឡិម

ដំណើរទៅទីក្រុងយេរូសាឡិម

ជំពូក​ទី​១០

ដំណើរ​ទៅ​ទី​ក្រុង​យេរូសាឡិម

និទាឃ​រដូវ​បាន​មក​ដល់​ហើយ។ នេះ​គឺ​ជា​ពេល​ដែល​ក្រុម​គ្រួសារ​របស់​លោក​យ៉ូសែប ព្រម​ទាំង​ញាតិ​មិត្ត​ទាំង​ឡាយ​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​យេរូសាឡិម​មួយ​ឆ្នាំ​ម្ដង​ដើម្បី​ធ្វើ​បុណ្យ​រំលង។ ពួក​គេ​តែង​តែ​មាន​ចិត្ត​រំភើប​ដូច​រាល់​ដង ពេល​ពួក​គេ​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ផ្លូវ​១០០​គីឡូ​ម៉ែត្រ។ ព្រះ​ឱរស​យេស៊ូ ឥឡូវ​គឺ​មាន​ព្រះ​ជន្មាយុ​១២​ឆ្នាំ​ហើយ ហើយ​ទ្រង់​ទន្ទឹង​ចាំ​ដោយ​យក​ព្រះ​ទ័យ​ទុក​ដាក់​ជា​ពិសេស​ចំពោះ​បុណ្យ​នេះ។

ចំពោះ​ព្រះ​កុមារ​យេស៊ូ​និង​ក្រុម​គ្រួសារ នោះ​បុណ្យ​រំលង​មិន​មែន​សំរាប់​តែ​មួយ​ថ្ងៃ​នោះ​ទេ។ ពួក​គេ​នឹង​ស្នាក់​នៅ​ប្រាំ​ពីរ​ថ្ងៃ​ទៀត​សំរាប់​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ ដែល​ពួក​គេ​ចាត់​ទុក​ជា​ផ្នែក​នៃ​រដូវ​បុណ្យ​រំលង​ដែរ។ ជា​លទ្ធផល ក្នុង​ការ​ធ្វើ​ដំណើរ​សរុប​ទាំង​អស់ គឺ​ចាប់​តាំង​ពី​ផ្ទះ​របស់​ពួក​គេ​នៅ​ភូមិ​ណាសារ៉ែត រួម​ទាំង​ការ​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​យេរូសាឡិម នោះ​មាន​រយៈ​ពេល​ពីរ​សប្ដាហ៍។ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ ដោយ​ព្រោះ​មាន​អ្វី​មួយ​ដែល​ទាក់​ទង​នឹង​ព្រះ​កុមារ​យេស៊ូ នោះ​ធ្វើ​ឲ្យ​ពន្យា​ពេល​យូរ​ជាង។

បញ្ហា​នេះ​គឺ​បាន​ឃើញ​ច្បាស់ ពេល​ពួក​គេ​ធ្វើ​ដំណើរ​ពី​ទី​ក្រុង​យេរូសាឡិម​ត្រឡប់​ទៅ​វិញ។ លោក​យ៉ូសែប​និង​នាង​ម៉ារា​ស្មាន​ថា ព្រះ​កុមារ​យេស៊ូ​នៅ​ជា​មួយ​ក្រុម​ញាតិ​មិត្ត​ទាំង​ឡាយ​ដែល​រួម​ដំណើរ​ជា​មួយ​គ្នា​នោះ​ដែរ។ ក៏​ប៉ុន្តែ ទ្រង់​មិន​បាន​នៅ​ជា​មួយ​ទេ ពេល​ដែល​ពួក​គេ​ឈប់​សំរាក​នៅ​យប់​នោះ។ ដូច្នេះ​ហើយ​ពួក​គេ​ក៏​នាំ​គ្នា​រក​ទ្រង់​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​ជា​មួយ​គ្នា​នោះ។ ពួក​គេ​រក​ទ្រង់​មិន​ឃើញ​សោះ។ ដូច្នេះ លោក​យ៉ូសែប​និង​ម៉ារា​ក៏​ត្រឡប់​ទៅ​រក​ទ្រង់​នៅ​ក្នុង​ទី​ក្រុង​យេរូសាឡិម​វិញ។

លោក​យ៉ូសែប​និង​ម៉ារា​បាន​ចំណាយ​ពេល​មួយ​ថ្ងៃ​រក​ទ្រង់ តែ​រក​មិន​ឃើញ​សោះ។ នៅ​ថ្ងៃ​ទី​ពីរ ក៏​ពួក​គាត់​រក​ទ្រង់​មិន​ឃើញ​ដែរ។ តែ​នៅ​ទី​បំផុត ថ្ងៃ​ទី​បី​ពួក​គាត់​ក៏​ទៅ​ឯ​ព្រះ​វិហារ​វិញ។ នៅ​ទី​នោះ​ក្នុង​បន្ទប់​មួយ នោះ​ពួក​គាត់​ឃើញ​ព្រះ​កុមារ​យេស៊ូ​គង់​នៅ​កណ្ដាល​ចំណោម​ពួក​អាចារ្យ​ជនជាតិ​យូដា កំពុង​តែ​ស្ដាប់​ហើយ​និង​សួរ​សំនួរ​ផ្សេង​ៗ​ដល់​ពួក​គេ​ផង។

ម៉ារា​សួរ​ថា៖ «កូន​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​ប្រព្រឹត្ត​នឹង​យើង​ដូច្នេះ? មើល! ឪពុក​អ្នក នឹង​ម្ដាយ បាន​ខំ​ដើរ​រក​អ្នក​ទាំង​ថប់​ព្រួយ?»។

ព្រះ​កុមារ​យេស៊ូ​មាន​ព្រះ​ហឫទ័យ​ភ្ញាក់​ផ្អើល ដែល​មាតា​បិតា​ទ្រង់​មិន​ដឹង​ទ្រង់​នៅ​កន្លែង​ណា។ ទ្រង់​សួរ​ថា៖ «អ្នក​ម្ដាយ​រក​ខ្ញុំ​ធ្វើ​អី តើ​មិន​ជ្រាប​ថា គួរ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ព្រះ​វរបិតា​នៃ​ខ្ញុំ​ទេ​ឬ?»។

ព្រះ​កុមារ​យេស៊ូ​មិន​អាច​យល់​នូវ​មូលហេតុ​ដែល​មាតា​បិតា​ទ្រង់​ឥត​ដឹង​អំពី​រឿង​នេះ​ទេ។ បន្ទាប់​មក ព្រះ​កុមារ​យេស៊ូ​ក៏​យាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​មួយ​មាតា​បិតា​ទ្រង់ ហើយ​បន្ត​ធ្វើ​តាម​ឱវាទ​របស់​ពួក​គាត់​ទាំង​ពីរ។ ព្រះ​កុមារ​យេស៊ូ​ក៏​កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ចំពោះ​ព្រះ​និង​ចិត្ត​មនុស្ស​ផង។ ត្រូវ​ហើយ តាំង​ពី​កុមារ​មក នោះ​ព្រះ​យេស៊ូ​បាន​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​មួយ មិន​គ្រាន់​តែ​ចំពោះ​ការ​រក​ប្រយោជន៍​ខាង​វិញ្ញាណ​ប៉ុណ្ណោះ​ទេ តែ​ក្នុង​ការ​បង្ហាញ​ការ​គោរព​ចំពោះ​មាតា​បិតា​ទ្រង់​ដែរ។ លូកា ២:៤០​-​៥២; ២២:៧

តើ​ការ​ធ្វើ​ដំណើរ​មួយ​ណា​ក្នុង​និទាឃ​រដូវ ដែល​ព្រះ​កុមារ​យេស៊ូ​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​រាល់​ដង​នោះ? ហើយ​តើ​ការ​ធ្វើ​ដំណើរ​នេះ​មាន​ចម្ងាយ​ប៉ុន្មាន?

តើ​មាន​អ្វី​កើត​ឡើង​ក្នុង​កំឡុង​ពេល​ធ្វើ​ដំណើរ ពេល​ព្រះ​កុមារ​យេស៊ូ​មាន​ព្រះ​ជន្មាយុ​១២​ឆ្នាំ​នោះ?

តើ​គំរូ​អ្វី​ដែល​ព្រះ​កុមារ​យេស៊ូ​ទុក​សំរាប់​យុវជន​សព្វ​ថ្ងៃ​នេះ?