តម្រូវការចំពោះសេចក្ដីអធិស្ឋាន និងចំពោះភាពរាបទាប
ជំពូកទី៩៤
តម្រូវការចំពោះសេចក្ដីអធិស្ឋាន និងចំពោះភាពរាបទាប
មុននេះ ពេលព្រះយេស៊ូនៅស្រុកយូដា ទ្រង់បានរៀបរាប់អំពីរឿងប្រៀបប្រដូចមួយ អំពីសារៈសំខាន់នៃការព្យាយាមអធិស្ឋាន។ ឥឡូវ គឺលើកចុងក្រោយដែលទ្រង់ធ្វើដំណើរទៅកាន់ទីក្រុងយេរូសាឡិម ហើយម្ដងទៀតនេះទ្រង់បញ្ជាក់នូវសារៈសំខាន់ដែលពួកសិស្សត្រូវព្យាយាមអធិស្ឋាន។ ព្រះយេស៊ូប្រហែលជាគង់នៅស្រុកសាម៉ារីឬស្រុកកាលីឡេ ពេលទ្រង់មានបន្ទូលប្រាប់ពួកសិស្សអំពីរឿងប្រៀបប្រដូចនេះថែមទៀត។
«នៅក្នុងក្រុង១មានចៅក្រមម្នាក់ ដែលមិនកោតខ្លាចដល់ព្រះ ក៏មិនព្រឹមញញើតចំពោះមនុស្សណាផង ហើយមានស្ត្រីមេម៉ាយម្នាក់ នៅក្នុងក្រុងនោះដែរ នាងចេះតែមកនិយាយនឹងលោកនោះថា ‹សូមលោកកាត់ទោសដល់ខ្មាំងសត្រូវឲ្យខ្ញុំផង›។ តែលោកមិនទទួលព្រមជាយូរក្រែលហើយ លុះក្រោយមកក៏គិតក្នុងចិត្តថា ‹ទោះបើអញមិនខ្លាចដល់ព្រះ ឬព្រឹមញញើតចំពោះមនុស្សណាក៏ដោយ គង់តែអញនឹងជំនុំជំរះឲ្យស្ត្រីមេម៉ាយនេះជាមិនខាន ដោយព្រោះនាងនាំឲ្យរំខានចិត្តអញខ្លាំងណាស់ ក្រែងនាងចេះតែមករំអុកជានិច្ចដូច្នេះទៅ នឹងនាំឲ្យអញពិបាកចិត្តទៅទៀត›»។
រួចមក ព្រះយេស៊ូបកស្រាយនូវរឿងនេះ ដោយមានបន្ទូលថា៖ «ចូរពិចារណាសេចក្ដី ដែលចៅក្រមទុច្ចរិតនោះនិយាយចុះ! ចំណែកព្រះវិញ ដែលទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដល់ពួករើសតាំងរបស់ទ្រង់ ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃ នោះតើទ្រង់មិនសងសឹកជំនួសគេដែរទេឬ?»។
ព្រះយេស៊ូមិនមានន័យថា ព្រះយេហូវ៉ាមានលក្ខណៈដូចនឹងចៅក្រមទុច្ចរិតនោះឡើយ។ ផ្ទុយទៅវិញ បើចៅក្រមទុច្ចរិតនឹងធ្វើតាមសេចក្ដីអង្វរកម្ដងហើយម្ដងទៀតយ៉ាងណា នោះចំពោះព្រះវិញ ដែលប្រកបដោយសុចរិតនិងសេចក្ដីល្អ នឹងតបឆ្លើយទៅកាន់រាស្ត្ររបស់ទ្រង់ជាងអម្បាលម៉ានទៅទៀត បើពួកគេអធិស្ឋានឥតឈប់ឈរនោះ។ ដូច្នេះព្រះយេស៊ូមានបន្ទូលបន្តថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា [ព្រះ]នឹងសងសឹកជំនួសអ្នកទាំងនោះ ជាប្រញាប់មិនខាន»។
មនុស្សទន់ទាបនិងក្រីក្រគឺតែងតែទទួលភាពអយុត្ដិធម៌ រីឯពួកអ្នកមានអំណាចធំដុំនិងពួកអ្នកមានគឺតែងទទួលបានយុត្ដិធម៌ជានិច្ច។ ដូច្នេះ ព្រះនឹងធ្វើទណ្ឌកម្មពួកមនុស្សអាក្រក់ដោយយុត្ដិធម៌ ហើយក៏ធានាថាទ្រង់នឹងប្រព្រឹត្តចំពោះអ្នកបំរើរបស់ទ្រង់ដោយយុត្ដិធម៌ គឺទ្រង់នឹងប្រទានឲ្យពួកគេនូវជីវិតជារៀងរហូត។ ប៉ុន្តែ តើមានមនុស្សប៉ុន្មាននាក់ដែលជឿយ៉ាងមុតមាំថា ព្រះនឹងធ្វើឲ្យមានភាពយុត្ដិធម៌ភ្លាមៗជាមិនខាននោះ?
ព្រះយេស៊ូសំដៅទៅជំនឿដែលទាក់ទងនឹងអំណាចនៃសេចក្ដីអធិស្ឋាន ក៏មានបន្ទូលសួរថា៖ «កាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្ដីជំនឿនៅផែនដីដែរឬដូចម្ដេច?»។ ថ្វីបើឥតបានឆ្លើយនឹងសំនួរនេះក្ដី តែន័យបង្កប់គឺថាជំនឿបែបនេះនឹងមិនមានជាទូទៅទេ ពេលព្រះគ្រីស្ទឡើងកាន់អំណាចគ្រប់គ្រងក្នុងព្រះរាជាណាចក្រ។
ក្នុងចំណោមអស់អ្នកដែលស្ដាប់ព្រះយេស៊ូ គឺមានអ្នកខ្លះដែលមានទំនុកចិត្តនឹងជំនឿរបស់ខ្លួន។ ពួកគេទុកចិត្តថាពួកគេជាមនុស្សសុចរិត ហើយពួកគេមើលងាយអ្នកដទៃទៀត។ ប្រហែលមានសិស្សខ្លះរបស់ព្រះយេស៊ូក៏នៅក្នុងក្រុមនេះដែរ។ ដូច្នេះ ទ្រង់ក៏រៀបរាប់រឿងប្រៀបប្រដូចដែលមានជាបន្តបន្ទាប់ដល់អ្នកទាំងនេះ។
«មានបុរស២នាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ មួយជាពួកផារិស៊ី មួយទៀតជាអ្នកយកពន្ធ អ្នកផារិស៊ីក៏ឈរតាំងអធិស្ឋានតែម្នាក់ឯងដូច្នេះថា ‹ឱព្រះអង្គអើយ! ទូលបង្គំអរព្រះគុណដល់ទ្រង់ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយកំផិត ឬដូចជាអ្នកយកពន្ធនេះទេ ទូលបង្គំតមក្នុង១អាទិត្យ២ដង ហើយក៏ថ្វាយ១ភាគក្នុង១០ ពីរបស់ទាំងអម្បាលម៉ានដែលទូលបង្គំបានចំណេញផង›»។
ពួកផារីស៊ីត្រូវគេស្គាល់ជាទូទៅ ដោយសារតែគេសម្ដែងខ្លួនជាអ្នកសុចរិតនៅមុខមនុស្សដទៃ ដើម្បីឲ្យអ្នកដទៃកោតសរសើរពួកគេ។ ថ្ងៃដែលពួកគេតមអាហារគឺនៅថ្ងៃច័ន្ទនិងថ្ងៃព្រហស្បតិ៍ ហើយពួកគេថ្វាយរបស់អ្វីៗក្នុងចំការរួមបញ្ចូលជីតូចៗ មួយភាគដប់។ បីបួនខែមុននេះ គឺអាចឃើញយ៉ាងច្បាស់នូវការស្អប់ខ្ពើមរបស់ពួកផារីស៊ីមានទៅលើពួកមនុស្សសាមញ្ញក្នុងកំឡុងពេលបុណ្យរោងឧបោសថ។ ពួកគេបាននិយាយថា៖ «ឯហ្វូងមនុស្សនេះ ដែលមិនស្គាល់ក្រិត្យវិន័យ[នេះជាការបកស្រាយដ៏លាក់ពុតរបស់ពួកផារីស៊ី] គេជាមនុស្សត្រូវបណ្ដាសាវិញ»។
ព្រះយេស៊ូរៀបរាប់ជាបន្តនូវរឿងប្រៀបប្រដូចនេះ ដោយទ្រង់មានបន្ទូលប្រាប់អំពីបុរស«ត្រូវបណ្ដាសា» ដែលថា៖ «ឯអ្នកយកពន្ធ គាត់ឈរនៅទីឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា ឱព្រះអង្គអើយ! សូមទ្រង់មេត្ដាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង»។ ពីព្រោះអ្នកយកពន្ធទទួលស្គាល់នូវគុណវិបត្ដិរបស់ខ្លួន នោះព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលចុះទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាជាងអ្នក១នោះ ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង»។
ដូច្នេះហើយ ម្ដងនេះទៀតព្រះយេស៊ូបញ្ជាក់នូវតម្រូវការដ៏ចាំបាច់ឲ្យមានចិត្តរាបទាប។ ដោយបានទទួលការអប់រំជាន់ខ្ពស់ក្នុងសង្គម ពួកផារីស៊ីចាត់ទុកខ្លួនជាមនុស្សសុចរិត មានអំណាចខ្លាំង ហើយពួកផារីស៊ីតែងតែបញ្ជាក់ពីជំហរ និងឋានៈរបស់ខ្លួន ដូច្នេះហើយគឺមិនគួរឲ្យភ្ញាក់ផ្អើលទេ ដែលអាកប្បកិរិយាបែបនេះមានអានុភាពមកលើពួកសិស្សរបស់ព្រះយេស៊ូដែរ។ ប៉ុន្តែ ព្រះយេស៊ូបានបង្រៀននូវមេរៀនយ៉ាងល្អណាស់ហ្ន៎អំពីភាពរាបទាប! លូកា ១៨:១-១៤; យ៉ូហាន ៧:៤៩
▪ ហេតុអ្វីបានជាចៅក្រមទុច្ចរិតធ្វើតាមសេចក្ដីស្នើសុំរបស់ស្ត្រីមេម៉ាយ? ហើយតើរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូបង្រៀនអ្វី?
▪ ពេលព្រះយេស៊ូយាងមក តើជំនឿបែបណាដែលទ្រង់នឹងរក?
▪ តើព្រះយេស៊ូមានបន្ទូលទៅកាន់អ្នកណា ពេលទ្រង់មានបន្ទូលប្រាប់រឿងប្រៀបប្រដូចអំពីផារីស៊ីនិងអ្នកយកពន្ធ?
▪ តើយើងគួរជៀសវាងនឹងអាកប្បកិរិយាណារបស់ពួកផារីស៊ី?