លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើព្រះយេស៊ូគឺពិតជាអ្នកណា?

តើព្រះយេស៊ូគឺពិតជាអ្នកណា?

ជំពូក​ទី​៥៩

តើ​ព្រះ​យេស៊ូ​គឺ​ពិត​ជា​អ្នក​ណា?

ពេល​ព្រះ​យេស៊ូ​និង​ពួក​សិស្ស​ជិះ​ទូក​មក​ដល់​ក្រុង​បេតសៃដា នោះ​មាន​គេ​នាំ​មនុស្ស​ខ្វាក់​ម្នាក់​មក​គាល់​ទ្រង់ ហើយ​ទូល​អង្វរ​ឲ្យ​ទ្រង់​ពាល់​គាត់ និង​ប្រោស​គាត់​ឲ្យ​ជា។ ព្រះ​យេស៊ូ​ក៏​ដឹក​ដៃ​មនុស្ស​ខ្វាក់​នោះ​នាំ​ចេញ​ទៅ​ក្រៅ​ភូមិ រួច​ស្ដោះ​ដាក់​ភ្នែក​គាត់ ព្រម​ទាំង​សួរ​ថា៖ ‹តើ​អ្នក​ឃើញ​អ្វី​ឬ​ទេ?›។

បុរស​នេះ​ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​ឃើញ​មនុស្ស​ដើរ មើល​ទៅ​ដូច​ជា​ដើម​ឈើ»។ ព្រះ​យេស៊ូ​ក៏​ដាក់​ព្រះ​ហស្ត​លើ​ភ្នែក​បុរស​នេះ រួច​ទ្រង់​ក៏​ប្រោស​ឲ្យ​ភ្នែក​គាត់​បាន​ជា ហើយ​មើល​ឃើញ​បាន​យ៉ាង​ច្បាស់។ រួច​មក ព្រះ​យេស៊ូ​ឲ្យ​បុរស​នេះ​វិល​ត្រឡប់​ទៅ​ផ្ទះ​គាត់​វិញ ដោយ​បង្គាប់​គាត់​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ក្រុង​នោះ។

ឥឡូវ​នេះ ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ទ្រង់​ចេញ​ទៅ​ភូមិ​សេសារា​ភីលីព ដែល​នៅ​ទិស​ខាង​ជើង​នៃ​ស្រុក​ប៉ាឡេស្ទីន​យ៉ាង​ឆ្ងាយ​ដាច់​ស្រយាល។ ភូមិ​សេសារា​ភីលីព​ជា​កន្លែង​ដ៏​ស្អាត​ដែល​នៅ​តំបន់​ខ្ពង់​រាប​មាន​កំពស់​ពី​លើ​សមុទ្រ​ប្រមាណ​៣៥០​ម៉ែត្រ ហើយ​គេ​ត្រូវ​ឡើង​តាម​ផ្លូវ​ចោត​ដែល​មាន​ចម្ងាយ​ប្រមាណ​៤៨​គីឡូ​ម៉ែត្រ។ ការ​ធ្វើ​ដំណើរ​ទៅ​កន្លែង​នេះ​ត្រូវ​ប្រើ​ពេល​វេលា​ប្រហែល​ជា​បី​បួន​ថ្ងៃ​ទើប​ទៅ​ដល់។

នៅ​តាម​ផ្លូវ ព្រះ​យេស៊ូ​បាន​ចេញ​ទៅ​កន្លែង​ដាច់​ពី​គេ​ដើម្បី​អធិស្ឋាន។ ទ្រង់​មាន​ព្រះ​ទ័យ​ខ្វល់​ខ្វាយ​ចំពោះ​ពួក​សិស្ស​របស់​ទ្រង់ ដ្បិត​នៅ​សល់​តែ​ប្រាំ​បួន​ឬ​ដប់​ខែ​ទៀត​ទេ ដែល​ទ្រង់​នឹង​សោយ​ទិវង្គត​ហើយ។ មនុស្ស​ជា​ច្រើន​បាន​ចាក​ចេញ​ហើយ​លែង​កាន់​តាម​ទ្រង់។ រីឯ​អ្នក​ផ្សេង​ទៀត​ទៅ​ជា​ច្របូក​ច្របល់​ក្នុង​ចិត្ត​និង​បាន​តូច​ចិត្ត ពីព្រោះ​ទ្រង់​មិន​ព្រម​ធ្វើ​តាម​ពួក​គេ ពេល​ដែល​ពួក​គេ​ចង់​តែង​តាំង​ទ្រង់​ឲ្យ​ធ្វើ​ជា​ស្តេច​នោះ។ ហើយ​ក៏​តូច​ចិត្ត ពេល​ពួក​សត្រូវ​បាន​សុំ​ឲ្យ​ទ្រង់​ផ្ដល់​ទី​សម្គាល់​ពី​ស្ថាន​សួគ៌​ឲ្យ​គេ​ឃើញ​ថា ទ្រង់​មាន​សិទ្ធិ​ធ្វើ​ជា​ស្តេច តែ​ទ្រង់​ពុំ​បាន​ធ្វើ​នោះ។ តើ​ពួក​សាវ័ក​របស់​ទ្រង់​ជឿ​យ៉ាង​ណា​អំពី​អត្តសញ្ញាណ​របស់​ទ្រង់? ពេល​ពួក​សាវ័ក​បាន​មក​ដល់​កន្លែង​ដែល​ទ្រង់​កំពុង​អធិស្ឋាន នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​សួរ​ថា៖ «តើ​ហ្វូង​មនុស្ស​ទាំង​ឡាយ​ថា​ខ្ញុំ​ជា​អ្នក​ណា?»។

ពួក​សិស្ស​ទូល​ឆ្លើយ​ថា៖ «ខ្លះ​ថា​ជា​យ៉ូហាន​-​បាទីស្ទ ខ្លះ​ទៀត​ថា​ជា​អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​យេរេមា ឬ​ហោរា​ណា​មួយ»។ ត្រូវ​ហើយ មនុស្ស​គិត​ថា​ព្រះ​យេស៊ូ​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​បុរស​ទាំង​នេះ ដែល​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ!

ព្រះ​យេស៊ូ​មាន​បន្ទូល​សួរ​ថា៖ «ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា?»។

ពេត្រុស​ទូល​ឆ្លើយ​ភ្លាម​ថា៖ «ទ្រង់​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់»។

ក្រោយ​ពី​ព្រះ​យេស៊ូ​សម្ដែង​នូវ​ការ​យល់​ព្រម​ចំពោះ​ការ​តប​ឆ្លើយ​របស់​ពេត្រុស នោះ​ទ្រង់​មាន​បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ»។ នេះ​ជា​លើក​ដំបូង ដែល​ព្រះ​យេស៊ូ​ប្រកាស​ថា​ទ្រង់​នឹង​សង់​ក្រុម​ជំនុំ ហើយ​សូម្បី​តែ​សេចក្ដី​ស្លាប់​នឹង​មិន​អាច​លេប​ត្របាក់​ពួក​សមាជិក​ដែល​ជា​អ្នក​បំរើ​បាន​នោះ​ទេ ឲ្យ​តែ​គេ​បាន​កាន់​តាម​យ៉ាង​ស្មោះ​ត្រង់​នៅ​លើ​ផែនដី​នេះ។ រួច​មក ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ពេត្រុស​ថា៖ «ខ្ញុំ​នឹង​ឲ្យ​កូន​សោ​នៃ​នគរ​ស្ថាន​សួគ៌​ដល់​អ្នក»។

ដូច្នេះ​ហើយ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ថា ពេត្រុស​នឹង​ទទួល​នូវ​ឯកសិទ្ធិ​ដ៏​ពិសេស។ ត្រូវ​ហើយ ពេត្រុស​មិន​មែន​មាន​ឋានៈ​លេខ​មួយ​ក្នុង​ចំណោម​ពួក​សាវ័ក​ទេ ហើយ​គាត់​ក៏​មិន​មែន​ជា​គ្រឹះ​នៃ​ក្រុម​ជំនុំ​នោះ​ដែរ។ គឺ​ជា​ព្រះ​យេស៊ូ​ទេ​ដែល​ជា​ថ្ម​ដា​ហើយ​ជា​គ្រឹះ ដែល​ក្រុម​ជំនុំ​នឹង​សាង​សង់​ពី​លើ​នោះ។ ក៏​ប៉ុន្តែ បើ​និយាយ​ប្រៀប​ប្រដូច​វិញ នោះ​ពេត្រុស​បាន​ទទួល​កូន​សោ​បី​ដើម្បី​បើក​ឱកាស​សំរាប់​ក្រុម​មនុស្ស​ឲ្យ​ចូល​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។

ពេត្រុស​នឹង​ប្រើ​កូន​សោ​ទី​មួយ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០​នៅ​ឆ្នាំ​៣៣ ស.យ. ដើម្បី​បង្ហាញ​ថា​ពួក​យូដា​ដែល​ប្រែ​ចិត្ត គប្បី​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​បាន​សង្គ្រោះ។ គាត់​នឹង​ប្រើ​កូន​សោ​ទី​ពីរ​បន្ដិច​ក្រោយ​មក ដើម្បី​បើក​ឱកាស​ឲ្យ​ពួក​សាម៉ារី​ដែល​ជឿ​ព្រះ ឲ្យ​គេ​ចូល​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែរ។ រួច​មក នៅ​ឆ្នាំ​៣៦ ស.យ. គាត់​នឹង​ប្រើ​កូន​សោ​ទី​បី ដើម្បី​ឲ្យ​ឱកាស​ចំពោះ​ពួក​សាសន៍​ដទៃ​ដែល​មិន​កាត់​ស្បែក ដូច​ជា​កូនេលាស​និង​មិត្ត​របស់​គាត់​នូវ​ឱកាស​ដូច​គ្នា​នេះ​ដែរ។

ព្រះ​យេស៊ូ​មាន​បន្ទូល​ជា​មួយ​ពួក​សាវ័ក​ទ្រង់​ជា​បន្ត។ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​គេ​មិន​សប្បាយ​ចិត្ត​ទេ ដោយ​ព្រោះ​ទ្រង់​បាន​ប្រាប់​ពួក​គេ​ពី​ការ​រង​ទុក្ខ​និង​ការ​សោយ​ទិវង្គត ដែល​ទ្រង់​នឹង​ត្រូវ​ជួប​ប្រទះ​នៅ​ក្រុង​យេរូសាឡិម​បន្ដិច​ទៀត​នោះ។ ពេត្រុស​មិន​បាន​យល់​ថា ព្រះ​យេស៊ូ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ​យាង​ទៅ​រស់​នៅ​ស្ថាន​សួគ៌​ទេ ដូច្នេះ​ពេត្រុស​ចូល​ទៅ​ជិត​ព្រះ​យេស៊ូ​ដោយ​ឡែក រួច​ទូល​ថា៖ «ឱ​ព្រះ​អម្ចាស់​អើយ! សូម​ទ្រង់​ប្រណី​អង្គ​ទ្រង់​វិញ ការ​នោះ​មិន​ត្រូវ​មក​ដល់​ទ្រង់​ឡើយ»។ ព្រះ​យេស៊ូ​បែរ​ចេញ​ហើយ​មាន​បន្ទូល​នឹង​គាត់​ថា៖ «សាតាំង​អើយ! ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ ឯង​ជា​សេចក្ដី​បង្អាក់​ដល់​ចិត្ត​អញ ព្រោះ​មិន​ចេះ​គិត​តាម​គំនិត​នៃ​ព្រះ​សោះ គឺ​គិត​តាម​តែ​គំនិត​របស់​មនុស្ស​លោក​វិញ»។

តាម​មើល​ទៅ ក្រៅ​ពី​ពួក​សាវ័ក ក៏​មាន​អ្នក​ឯ​ទៀត​រួម​ដំណើរ​ជា​មួយ​ព្រះ​យេស៊ូ​ដែរ ដូច្នេះ​ឥឡូវ​នេះ ទ្រង់​ហៅ​គេ​ហើយ​ពន្យល់​ថា ការ​ធ្វើ​ជា​អ្នក​កាន់​តាម​ទ្រង់​គឺ​មិន​ស្រួល​នោះ​ទេ។ ទ្រង់​មាន​បន្ទូល​ថា៖ «អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត​ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​នឹង​ដំណឹង​ល្អ នោះ​នឹង​បាន​ជីវិត​វិញ»។

ត្រូវ​ហើយ ពួក​អ្នក​កាន់​តាម​របស់​ព្រះ​យេស៊ូ​គប្បី​មាន​ចិត្ត​ក្លាហាន​និង​សុខ​ចិត្ត​ពលី​ខ្លួន បើ​ពួក​គេ​ចង់​បាន​សេចក្ដី​អនុគ្រោះ​ពី​ទ្រង់។ ទ្រង់​មាន​បន្ទូល​ដោយ​រៀប​រាប់​ថា៖ «ដ្បិត​អ្នក​ណា​ដែល​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​ខ្ញុំ នឹង​ពាក្យ​ខ្ញុំ នៅ​ក្នុង​ដំណ​មនុស្ស​កំផិត ហើយ​មាន​បាប​នេះ នោះ​កូន​មនុស្ស​នឹង​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​អ្នក​នោះ​ដែរ ក្នុង​កាល​ដែល​លោក​មក​ក្នុង​សិរី​ល្អ​របស់​ព្រះ​វរបិតា ជា​មួយ​នឹង​ពួក​ទេវតា​បរិសុទ្ធ»។ ម៉ាកុស ៨:២២​-​៣៨; ម៉ាថាយ ១៦:១៣​-​២៨; លូកា ៩:១៨​-​២៧

ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​មាន​ព្រះ​ទ័យ​ខ្វល់​ខ្វាយ​ចំពោះ​សិស្ស​របស់​ទ្រង់?

តើ​មនុស្ស​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​អត្តសញ្ញាណ​របស់​ព្រះ​យេស៊ូ?

តើ​ពេត្រុស​ទទួល​កូន​សោ​អ្វី​ខ្លះ? ហើយ​នឹង​ត្រូវ​ប្រើ​កូន​សោ​នោះ​យ៉ាង​ដូច​ម្ដេច?

តើ​ពេត្រុស​ទទួល​ដំបូន្មាន​អ្វី? ហើយ​ហេតុ​អ្វី?