លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្វីដែលត្រឹមត្រូវតាមច្បាប់នៃថ្ងៃឈប់សំរាក?

តើអ្វីដែលត្រឹមត្រូវតាមច្បាប់នៃថ្ងៃឈប់សំរាក?

ជំពូក​ទី​៣​២

តើ​អ្វី​ដែល​ត្រឹម​ត្រូវ​តាម​ច្បាប់​នៃ​ថ្ងៃ​ឈប់​សំរាក?

នេះ​ជា​ថ្ងៃ​ឈប់​សំរាក​មួយ​ទៀត ដែល​ព្រះ​យេស៊ូ​យាង​ទៅ​សាលា​ប្រជុំ​ជិត​សមុទ្រ​កាលីឡេ ហើយ​បុរស​ស្វិត​ដៃ​ខាង​ស្ដាំ​ក៏​មាន​វត្តមាន​នៅ​ទី​នោះ​ដែរ។ ពួក​ស្ក្រែប​និង​ពួក​ផារីស៊ី​ខំ​សង្កេត​មើល​ថា​តើ​ព្រះ​យេស៊ូ​នឹង​ប្រោស​ឲ្យ​គាត់​ជា​ឬ​ក៏​យ៉ាង​ណា? នៅ​ទី​បំផុត ពួក​គេ​សួរ​ថា៖ «តើ​មាន​ច្បាប់​នឹង​ប្រោស​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សំរាក​បាន​ឬ​ទេ?»។

ពួក​មេ​ដឹក​នាំ​សាសនា​យូដា​ជឿ​ថា ការ​ប្រោស​មនុស្ស​ឲ្យ​ជា​គឺ​ត្រឹម​ត្រូវ​តាម​ច្បាប់​នៃ​ថ្ងៃ​ឈប់​សំរាក លុះ​ត្រា​តែ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ជា​ឧទាហរណ៍ ពួក​គេ​បង្រៀន​ថា​នៅ​ថ្ងៃ​ឈប់​សំរាក គឺ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ក្នុង​ការ​ត​ឆ្អឹង​ឬ​ចង​រុំ​ដោយ​ព្រោះ​ការ​គ្រេច​ណា​មួយ​នោះ​ឡើយ។ ដូច្នេះ​ពួក​ស្ក្រែប​និង​ពួក​ផារីស៊ី​កំពុង​សួរ​ព្រះ​យេស៊ូ ក្នុង​គោល​បំណង​រក​លេស​ដើម្បី​ចោទ​ប្រកាន់​ទ្រង់។

ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​ជ្រាប​អំពី​ការ​វែក​ញែក​របស់​ពួក​គេ។ នៅ​ពេល​ដដែល​នេះ ទ្រង់​ជ្រាប​ថា​ពួក​គេ​ប្រកាន់​ទស្សនៈ​ដ៏​តឹង​រ៉ឹង​ដែល​មិន​មក​ពី​គម្ពីរ ស្តី​អំពី​អ្វី​ដែល​បំពាន​លើ​តម្រូវ​ការ​នៃ​ថ្ងៃ​ឈប់​សំរាក ដែល​ហាម​មិន​ឲ្យ​ធ្វើ​ការ​នោះ។ ដូច្នេះ ទំនាស់​រវាង​ពួក​គេ​និង​ព្រះ​យេស៊ូ​មាន​កាន់​តែ​ខ្លាំង​ឡើង ដោយ​ទ្រង់​បាន​ប្រាប់​បុរស​ស្វិត​ដៃ​នេះ​ថា៖ «ចូរ​អ្នក​ក្រោក​ឡើង ឈរ​នៅ​កណ្ដាល​នុ៎ះ​ទៅ!»។

ឥឡូវ​នេះ ព្រះ​យេស៊ូ​បែរ​ទៅ​ពួក​ស្ក្រែប​និង​ពួក​ផារីស៊ី ហើយ​មាន​បន្ទូល​ថា៖ «បើ​អ្នក​ណា ក្នុង​ពួក​អ្នក​រាល់​គ្នា មាន​ចៀម​តែ​១ ហើយ​ចៀម​នោះ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ នៅ​ថ្ងៃ​ឈប់​សំរាក នោះ​តើ​មិន​ទៅ​ចាប់​ស្រង់​វា​មក​ទេ​ឬ?»។ ដោយ​ព្រោះ​ចៀម​ជា​កំរៃ​មួយ​របស់​គេ នោះ​ពួក​គេ​នឹង​មិន​ទុក​សត្វ​ចៀម​ក្នុង​រណ្ដៅ​រហូត​ដល់​ថ្ងៃ​ស្អែក​នោះ​ឡើយ ប្រហែល​ជា​អាច​ទៅ​ជា​ឈឺ​ហើយ​បណ្ដាល​ឲ្យ​ពួក​គេ​ខាត​ប្រាក់​កាស​ទៀត​ផង។ ម្យ៉ាង​ទៀត បទ​គម្ពីរ​ចែង​ថា៖ «មនុស្ស​សុចរិត​រមែង​ប្រណី​ដល់​ជីវិត​នៃ​សត្វ​របស់​ខ្លួន»។

ព្រះ​យេស៊ូ​ធ្វើ​ការ​ប្រៀប​ធៀប ដោយ​មាន​បន្ទូល​បន្ត​ថា៖ «ឯ​មនុស្ស តើ​មាន​ដំឡៃ​លើស​ជាង​ចៀម​អម្បាលម៉ាន​ទៅ​ទៀត ដូច្នេះ មាន​ច្បាប់​ឲ្យ​ធ្វើ​ការ​ល្អ​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ»។ ពួក​មេ​ដឹក​នាំ​សាសនា​ពុំ​អាច​ឆ្លើយ​បដិសេធ​នឹង​ការ​វែក​ញែក​ដែល​ប្រកប​ដោយ​ក្ដី​មេត្ដា​និង​សម​ហេតុ​ផល​នេះ​បាន​ឡើយ ដូច្នេះ​ពួក​គេ​ក៏​នៅ​ស្ងៀម​ទៅ។

ព្រះ​យេស៊ូ​ទត​មើល​ជុំ​វិញ ដោយ​មាន​ព្រះ​ទ័យ​ក្នាញ់​និង​អន់​ព្រះ​ទ័យ​ចំពោះ​ភាព​ល្ងី​ល្ងើ​និង​ការ​ចចេស​របស់​ពួក​គេ។ រួច​មក ទ្រង់​ក៏​មាន​បន្ទូល​ទៅ​បុរស​នេះ​ថា៖ «ចូរ​លាត​ដៃ​អ្នក​ទៅ!»។ គាត់​ក៏​លាត​ដៃ ហើយ​ដៃ​គាត់​ក៏​បាន​ជា។

ជា​ជាង​មាន​ចិត្ត​សប្បាយ​ដោយ​ដៃ​បុរស​នេះ​បាន​ជា​ដូច​ដើម​វិញ នោះ​ពួក​ផារីស៊ី​ចេញ​ទៅ​ក្រៅ ហើយ​ភ្លាម​នោះ​ពួក​គេ​ក៏​ពិគ្រោះ​គ្នា​នឹង​ពួក​អ្នក​គាំទ្រ​ស្តេច​ហេរ៉ូឌ ដើម្បី​ធ្វើ​គុត​ដល់​ព្រះ​យេស៊ូ។ ជាក់​ស្តែង គណៈ​បក្ស​នយោបាយ​នេះ​ក៏​រួម​បញ្ចូល​ពួក​សមាជិក​នៃ​សាសនា​សាឌូស៊ី​ផង​ដែរ។ ជា​ធម្មតា គណៈ​បក្ស​នយោបាយ​នេះ​និង​ពួក​ផារីស៊ី​បាន​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចំហ ក៏​ប៉ុន្តែ​ពួក​គេ​បាន​រួប​រួម​គ្នា​ដ៏​មុត​មាំ​ក្នុង​ការ​ប្រឆាំង​នឹង​ព្រះ​យេស៊ូ។ ម៉ាថាយ ១២:៩​-​១៤; ម៉ាកុស ៣:១​-​៦; លូកា ៦:៦​-​១១; សុភាសិត ១២:១០; និក្ខមនំ ២០:៨​-​១០

តើ​អ្វី​ជា​ហេតុ​នាំ​ឲ្យ​មាន​ទំនាស់​កាន់​តែ​ខ្លាំង​រវាង​ព្រះ​យេស៊ូ​និង​ពួក​មេ​ដឹក​នាំ​សាសនា​យូដា?

តើ​ពួក​មេ​ដឹក​នាំ​សាសនា​យូដា​ជឿ​យ៉ាង​ណា ស្តី​អំពី​ការ​ប្រោស​មនុស្ស​ឲ្យ​ជា​នៅ​ថ្ងៃ​ឈប់​សំរាក?

តើ​រឿង​ប្រៀប​ប្រដូច​អ្វី​ដែល​ព្រះ​យេស៊ូ​ប្រើ ដើម្បី​ឆ្លើយ​បដិសេធ​នឹង​ទស្សនៈ​ដ៏​ខុស​របស់​ពួក​គេ?