លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្វីដែលធ្វើឲ្យមនុស្សស្មោកគ្រោក?

តើអ្វីដែលធ្វើឲ្យមនុស្សស្មោកគ្រោក?

ជំពូក​ទី​៥៦

តើ​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោក​គ្រោក?

ការ​ជំទាស់​ប្រឆាំង​នឹង​ព្រះ​យេស៊ូ​មាន​កាន់​តែ​ខ្លាំង​ឡើង។ មិន​គ្រាន់​តែ​មាន​សិស្ស​ជា​ច្រើន​ចាក​ចេញ​នោះ​ទេ តែ​ពួក​សាសន៍​យូដា​ក៏​រិះ​រក​វិធី​ធ្វើ​គុត​ទ្រង់​ដែរ ដូច​កាល​ដែល​គេ​ធ្លាប់​ធ្វើ​ចំពោះ​ទ្រង់​នៅ​ក្រុង​យេរូសាឡិម ក្នុង​កំឡុង​ពេល​បុណ្យ​រំលង​នៅ​ឆ្នាំ​៣១ ស.យ.នោះ​ដែរ។

ឥឡូវ​នេះ ជា​បុណ្យ​រំលង​នៃ​ឆ្នាំ​៣២ ស.យ.។ ប្រហែល​សម​ស្រប​តាម​សេចក្ដី​តម្រូវ​របស់​ព្រះ​ឲ្យ​ទៅ​ធ្វើ​បុណ្យ នោះ​ព្រះ​យេស៊ូ​យាង​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​បុណ្យ​រំលង។ ក៏​ប៉ុន្តែ ទ្រង់​យាង​ទៅ​ដោយ​ប្រុង​ប្រយ័ត្ន ដ្បិត​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ព្រះ​ជន្ម​របស់​ទ្រង់។ ក្រោយ​មក ទ្រង់​ក៏​ត្រឡប់​ទៅ​ស្រុក​កាលីឡេ​វិញ។

ពេល​ដែល​ពួក​ផារីស៊ី​និង​ពួក​ស្ក្រែប​ដែល​មក​ពី​ក្រុង​យេរូសាឡិម​មក​គាល់​ទ្រង់ នោះ​ព្រះ​យេស៊ូ​ប្រហែល​ជា​នៅ​ក្រុង​កាពើណិម​រួច​ទៅ​ហើយ។ ពួក​គេ​រក​ហេតុ​ដែល​អាច​ចាប់​កំហុស​ទ្រង់​ចំពោះ​ការ​បំពាន​ច្បាប់​ខាង​សាសនា។ ពួក​គេ​ទូល​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​លោក​ធ្វើ​ខុស​នឹង​ទំនៀម​ទំលាប់ ដែល​ពួក​ចាស់​ទុំ​បាន​តាំង​ទុក​ពី​បុរាណ​មក​ដូច្នេះ ដ្បិត​កាល​ណា​បរិភោគ នោះ​គេ​មិន​លាង​ដៃ​សោះ»។ នេះ​មិន​មែន​ជា​អ្វី​ដែល​ព្រះ​តម្រូវ​នោះ​ទេ ក៏​ប៉ុន្តែ​ពួក​ផារីស៊ី​ចាត់​ទុក​នេះ​ជា​ទោស​ដ៏​ធ្ងន់ បើ​មិន​ធ្វើ​តាម​ក្បួន​រីតិ៍​ទំនៀម​ទម្លាប់ ដែល​រួម​បញ្ចូល​ការ​លាង​ពី​កែង​ដៃ​រហូត​ដល់​ម្រាម។

ជា​ជាង​តប​ឆ្លើយ​នឹង​ការ​ចោទ​របស់​ពួក​គេ ព្រះ​យេស៊ូ​លើក​បញ្ជាក់​ទៅ​លើ​អំពើ​ដ៏​អាក្រក់​និង​ការ​បំពាន​លើ​ច្បាប់​របស់​ព្រះ​ដោយ​ចេតនា​វិញ។ ដោយ​ទ្រង់​មាន​ព្រះ​ទ័យ​ចង់​ដឹង​ក៏​សួរ​ថា៖ «ឯ​អ្នក​រាល់​គ្នា​វិញ តើ​ហេតុ​អ្វី​បាន​ជា​ធ្វើ​ខុស​នឹង​បញ្ញត្ត​ព្រះ ដោយ​កាន់​តាម​ទំនៀម​ទំលាប់​បុរាណ​របស់​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ ដ្បិត​ព្រះ​ទ្រង់​បាន​បង្គាប់​ថា‹ចូរ​គោរព​ប្រតិបត្ដិ​ដល់​ឪពុក​ម្ដាយ​ឯង› ហើយ​ថា‹អ្នក​ណា​ដែល​និយាយ​អាក្រក់​ពី​ឪពុក​ម្ដាយ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន› តែ​អ្នក​រាល់​គ្នា​និយាយ​ដូច្នេះ​វិញ បើ​អ្នក​ណា​នឹង​និយាយ​ទៅ​ឪពុក​ម្ដាយ​ថា របស់​អ្វី​ដែល​ខ្ញុំ​អាច​នឹង​ជួយ​ម៉ែ​ឪ​បាន នោះ​បាន​ថ្វាយ​ជា​ដង្វាយ​ហើយ យ៉ាង​នោះ​មិន​ចាំ​បាច់​ឲ្យ​អ្នក​នោះ​គោរព​ប្រតិបត្ដិ​ដល់​ឪពុក​ម្ដាយ​ទៀត​ទេ»។

ប្រាកដ​ហើយ ពួក​ផារីស៊ី​បង្រៀន​ថា លុយ ទ្រព្យ​សម្បត្ដិ ឬ​អ្វី​ដែល​បាន​ថ្វាយ​ជា​អំណោយ​ចំពោះ​ព្រះ​គឺ​ជា​របស់​ព្រះ​វិហារ ហើយ​មិន​អាច​យក​មក​ប្រើ​សំរាប់​គោល​បំណង​អ្វី​ទៀត​ឡើយ។ ក៏​ប៉ុន្តែ តាម​ការ​ពិត អំណោយ​ដែល​បាន​ថ្វាយ​នេះ គឺ​ត្រូវ​រក្សា​ទុក​ដោយ​បុគ្គល​ដែល​បាន​ថ្វាយ​របស់​នោះ​ទៅ​វិញ។ តាម​របៀប​នេះ កូន​ប្រុស​ម្នាក់​ដែល​និយាយ​ថា លុយ​ឬ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ទុក​សំរាប់«គ័របាន់»ដែល​ជា​ដង្វាយ​ថ្វាយ​ព្រះ​ឬ​ថ្វាយ​ព្រះ​វិហារ គឺ​អាច​រួច​ផុត​ពី​ភារកិច្ច​មើល​ថែ​រក្សា​ឪពុក​ម្ដាយ​ចាស់​ជរា​របស់​ខ្លួន ដែល​ប្រហែល​ជា​ក្រ​ខ្សត់​យ៉ាង​ខ្លាំង។

ព្រះ​យេស៊ូ​មាន​ព្រះ​ទ័យ​ខ្ញាល់​យ៉ាង​ត្រឹម​ត្រូវ​នឹង​ពួក​ផារីស៊ី​ដែល​បាន​បង្វែរ​ច្បាប់​របស់​ព្រះ នោះ​ទ្រង់​មាន​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​លើក​បញ្ញត្ត​នៃ​ព្រះ​ចោល​ហើយ​ដោយ​សារ​ទំនៀម​ទំលាប់​ពី​បុរាណ​របស់​អ្នក​រាល់​គ្នា ឱ​ពួក​មនុស្ស​កំពុត​អើយ! ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់​ថា ‹បណ្ដា​ជន​នេះ គេ​គោរព​ប្រតិបត្ដិ​ដល់​អញ​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ នោះ​នៅ​ឆ្ងាយ​ពី​អញ​ណាស់ គេ​ថ្វាយ​បង្គំ​អញ​ជា​ឥត​ប្រយោជន៍​ទេ ព្រោះ​គេ​បង្រៀន​សេចក្ដី​ដែល​ជា​បញ្ញត្ត​របស់​មនុស្ស​វិញ›»។

ប្រហែល​ជា​ហ្វូង​មនុស្ស​បាន​ថយ​ទៅ​ក្រោយ ដើម្បី​ឲ្យ​ពួក​ផារីស៊ី​សួរ​សំនួរ​ព្រះ​យេស៊ូ។ ឥឡូវ​នេះ ពេល​ដែល​ពួក​ផារីស៊ី​មិន​អាច​តប​ឆ្លើយ​នឹង​ការ​ស្តី​បន្ទោស​ដ៏​ខ្លាំង​របស់​ព្រះ​យេស៊ូ​បាន នោះ​ទ្រង់​ហៅ​ហ្វូង​មនុស្ស​ទាំង​អស់​មក ទាំង​មាន​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អ្នក​ទាំង​អស់​គ្នា​ស្ដាប់​ខ្ញុំ​សិន ហើយ​ឲ្យ​យល់​ចុះ! គ្មាន​អ្វី​ពី​ខាង​ក្រៅ ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស ដែល​អាច​នឹង​ធ្វើ​ឲ្យ​ស្មោក​គ្រោក​បាន​ទេ គឺ​ជា​សេចក្ដី​ដែល​ចេញ​ពី​មនុស្ស​មក​ទេ​តើ ដែល​ធ្វើ​ឲ្យ​ស្មោក​គ្រោក​វិញ»។

ក្រោយ​មក នៅ​ពេល​ទ្រង់​និង​ពួក​សាវ័ក​ចូល​ផ្ទះ​ណា​មួយ នោះ​ពួក​សិស្ស​ក៏​មក​ទូល​ថា៖ «តើ​ទ្រង់​ជ្រាប​ថា ពួក​ផារិស៊ី គេ​អន់​ចិត្ត ដោយ​ឮ​សេចក្ដី​នោះ​ឬ​ទេ?»។

ព្រះ​យេស៊ូ​មាន​បន្ទូល​តប​ថា៖ «អស់​ទាំង​ដើម​ណា​ដែល​ព្រះ​វរបិតា​ខ្ញុំ​នៅ​ស្ថាន​សួគ៌​មិន​បាន​ដាំ នោះ​នឹង​ត្រូវ​រំលើង​ចោល តាម​តែ​គេ​ចុះ! គេ​ជា​មនុស្ស​ខ្វាក់​ដែល​នាំ​មនុស្ស​ខ្វាក់ បើ​មនុស្ស​ខ្វាក់​នាំ​មនុស្ស​ខ្វាក់​ដូច្នេះ នោះ​ទាំង​២​នាក់​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ហើយ»។

ព្រះ​យេស៊ូ​ទំនង​ដូច​ជា​ភ្ញាក់​ផ្អើល​ពេល​ពេត្រុស​សួរ​ជំនួស​ពួក​សិស្ស​ៗ​ឯ​ទៀត ឲ្យ​ទ្រង់​ជួយ​ពន្យល់​បញ្ជាក់​ឲ្យ​ច្បាស់​លាស់​ថែម​ទៀត​ស្តី​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោក​គ្រោក​នោះ។ ព្រះ​យេស៊ូ​មាន​បន្ទូល​តប​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត​ឬ​អី? តើ​មិន​ទាន់​ឃើញ​ទេ​ឬ​អី​ថា របស់​អ្វី​ដែល​ចូល​តាម​មាត់ នោះ​តែង​ចុះ​ទៅ​ក្នុង​ពោះ រួច​ចេញ​ទៅ​ក្នុង​បង្គន់ តែ​ឯ​សេចក្ដី​ដែល​ចេញ​ពី​មាត់​មក នោះ​មក​អំពី​ចិត្ត​វិញ គឺ​សេចក្ដី​ទាំង​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោក​គ្រោក ដ្បិត​គឺ​ពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់ គឺ​ការ​កាប់​សំឡាប់​គេ ផិត​គ្នា សហាយ​ស្មន់ លួច​ប្លន់ ធ្វើ​បន្ទាល់​ក្លែង​ក្លាយ ហើយ​នឹង​ជេរ​ប្រមាថ សេចក្ដី​ទាំង​នេះ​ទើប​ធ្វើ​ឲ្យ​មនុស្ស​ស្មោក​គ្រោក​មែន តែ​ដែល​បរិភោគ​ឥត​លាង​ដៃ នោះ​មិន​មែន​ធ្វើ​ឲ្យ​ស្មោក​គ្រោក​ទេ»។

ព្រះ​យេស៊ូ​មិន​ចង់​មាន​បន្ទូល​ថា ពួក​គេ​មិន​ត្រូវ​មាន​អនាម័យ​នោះ​ទេ។ ទ្រង់​ក៏​មិន​បាន​ប្រកែក​ថា បុគ្គល​ម្នាក់​មិន​ចាំ​បាច់​លាង​ដៃ មុន​នឹង​រៀបចំ​ឬ​បរិភោគ​អាហារ​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​ផ្ដន្ទា​ទោស​នូវ​ការ​លាក់​ពុត​នៃ​ពួក​មេ​ដឹក​នាំ​សាសនា ដែល​ប្រើ​ឧបាយ​កល​ដើម្បី​យក​លេស​មិន​ធ្វើ​តាម​ក្រិត្យ​វិន័យ​ដ៏​សុចរិត​របស់​ព្រះ ដោយ​ទទូច​ធ្វើ​តាម​ទំនៀម​ទម្លាប់​ដែល​គ្មាន​មូលដ្ឋាន​ក្នុង​ព្រះ​គម្ពីរ​ប៉ុណ្ណោះ។ ត្រូវ​ហើយ គឺ​ជា​អំពើ​ដ៏​អាក្រក់​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ស្មោក​គ្រោក ហើយ​ព្រះ​យេស៊ូ​បង្ហាញ​ថា​អំពើ​ទាំង​នេះ បាន​ចេញ​ពី​ចិត្ត​របស់​បុគ្គល​នោះ។ យ៉ូហាន ៧:១; ចោទិយកថា ១៦:១៦; ម៉ាថាយ ១៥:១​-​២០; ម៉ាកុស ៧:១​-​២៣; និក្ខមនំ ២០:១២; ២១:១៧; អេសាយ ២៩:១៣

ឥឡូវ​នេះ តើ​ព្រះ​យេស៊ូ​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​អ្វី?

តើ​ពួក​ផារីស៊ី​បាន​ចោទ​ប្រកាន់​យ៉ាង​ណា? ប៉ុន្តែ​យោង​ទៅ​តាម​ព្រះ​យេស៊ូ តើ​ពួក​ផារីស៊ី​បំពាន​ដោយ​ចេតនា​លើ​ក្រិត្យ​វិន័យ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

តើ​ព្រះ​យេស៊ូ​បង្ហាញ​យ៉ាង​ណា អំពី​អ្វី​ដែល​ធ្វើ​មនុស្ស​ម្នាក់​ស្មោក​គ្រោក​នោះ?