ទីសម្គាល់នៃថ្ងៃជាន់ក្រោយបង្អស់
ជំពូកទី១១១
ទីសម្គាល់នៃថ្ងៃជាន់ក្រោយបង្អស់
ឥឡូវនេះគឺជារសៀលថ្ងៃអង្គារហើយ។ រួចមកកាលព្រះយេស៊ូគង់លើភ្នំដើមអូលីវកំពុងតែមើលទៅព្រះវិហារដែលនៅខាងក្រោម នោះពេត្រុស យ៉ាកុប យ៉ូហាននិងអនទ្រេបានមកគាល់ទ្រង់ដោយឡែកពីគេ។ ពួកគេខ្វល់ខ្វាយអំពីព្រះវិហារ ពីព្រោះព្រះយេស៊ូទើបបានទាយថា នឹងគ្មានថ្មនៅត្រួតលើថ្មនោះទេ។
ប៉ុន្តែតាមមើលទៅ ពួកគេមានគំនិតខ្វល់ខ្វាយច្រើនណាស់ ពេលមកគាល់ព្រះយេស៊ូនោះ។ ប៉ុន្មានសប្ដាហ៍មុន ទ្រង់បានមានបន្ទូលអំពី‹វត្តមាន›របស់ទ្រង់ និងពេល«ដែលកូនមនុស្សលេចមក»។ នៅគ្រាមុននេះ ទ្រង់បានមានបន្ទូលប្រាប់ពួកគេអំពី‹គ្រាចុងបញ្ចប់នៃរបបលោកីយ៍›។ ដូច្នេះ ពួកសាវ័កឆ្ងល់ដោយសេចក្ដីចង់ដឹង។
ពួកសិស្សទូលសួរថា៖ «សូមប្រាប់យើងខ្ញុំ តើការទាំងនេះ[សេចក្ដីហិនវិនាសដល់ក្រុងយេរូសាឡិម និងព្រះវិហារ]កាលណានឹងមកដល់? តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប?»។ តាមពិត សំនួរនេះគឺមានបីផ្នែក។ សំនួរទីមួយ ពួកគេចង់ដឹងអំពីទីបញ្ចប់នៃក្រុងយេរូសាឡិមនិងព្រះវិហារ សំនួរទីពីរពួកគេចង់ដឹងអំពីវត្តមានរបស់ព្រះយេស៊ូ ពេលកាន់អំណាចគ្រប់គ្រងក្នុងព្រះរាជាណាចក្រ និងសំនួរទីបី គឺពួកគេចង់ដឹងអំពីទីបញ្ចប់នៃរបបលោកីយ៍ទាំងមូល។
ព្រះយេស៊ូមានបន្ទូលឆ្លើយនូវផ្នែកទាំងបីនៃសំនួរនោះ ដោយមានបន្ទូលយ៉ាងវែង។ ទ្រង់ប្រទាននូវទីសម្គាល់អំពីពេលវេលានៃរបបសាសន៍យូដានឹងត្រូវបញ្ចប់ តែទ្រង់ប្រទានពត៌មានថែមទៀត។ ទ្រង់ក៏ប្រទាននូវទីសម្គាល់ដែលនឹងធ្វើឲ្យពួកសិស្សថ្មីនាពេលអនាគតដឹងថា ពួកគេកំពុងតែរស់នៅក្នុងកំឡុងពេលនៃវត្តមានរបស់ទ្រង់ និងនៅជិតទីបញ្ចប់នៃរបបលោកីយ៍ទាំងមូល។
ពួកសាវ័កបានឃើញនូវសេចក្ដីសម្រេចនៃទំនាយរបស់ព្រះយេស៊ូ ពេលដែលពេលវេលាកន្លងទៅនោះ។ ត្រូវហើយ អ្វីៗដែលទ្រង់បានទាយចាប់ផ្ដើមសម្រេចក្នុងសម័យរបស់ពួកគេ។ ដូច្នេះហើយ ពួកគ្រីស្ទានដែលនៅរស់៣៧ឆ្នាំក្រោយមក គឺដល់ឆ្នាំ៧០ ស.យ. ពួកគេមិនបានភ្ញាក់ផ្អើលទេ ពេលមានសេចក្ដីហិនវិនាសលើរបបយូដានិងព្រះវិហារនោះ។
ប៉ុន្តែ វត្តមានរបស់ព្រះគ្រីស្ទ មិនបានសម្រេចនៅក្នុងឆ្នាំ៧០ ស.យ.នោះទេ។ វត្តមានរបស់ទ្រង់ឡើងកាន់អំណាចគ្រប់គ្រង បានកើតឡើងនៅពេលក្រោយមកទៀត។ ប៉ុន្តែ តើនៅពេលណាទៅ? ការពិនិត្យមើលទំនាយរបស់ព្រះយេស៊ូប្រាប់ឲ្យឃើញហេតុការណ៍នេះ។
ព្រះយេស៊ូទាយថានឹងមាន«ចំបាំង នឹងដំណឹងពីចំបាំង»។ ទ្រង់មានបន្ទូលថា«សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១» ហើយក៏នឹងកើតមានអំណត់ ជំងឺរាតត្បាត និងកក្រើកដី។ ពួកសិស្សរបស់ទ្រង់ត្រូវគេស្អប់និងត្រូវគេសម្លាប់។ នឹងមានព្យាការីក្លែងក្លាយមកធ្វើឲ្យមនុស្សជាច្រើនវង្វេង។ ការគ្មានច្បាប់ទម្លាប់នឹងកើនឡើង និងសេចក្ដីស្រឡាញ់នៃមនុស្សមួយចំនួននឹងរសាយចេញទៅ។ ដំណាលគ្នានឹងនេះ ដំណឹងល្អនៃព្រះរាជាណាចក្ររបស់ព្រះ នឹងត្រូវផ្សព្វផ្សាយទូទៅទុកជាបន្ទាល់ដល់អស់ទាំងសាសន៍។
ថ្វីបើទំនាយរបស់ព្រះយេស៊ូមានការសម្រេចតិចតួច មុននឹងសេចក្ដីហិនវិនាសនៃក្រុងយេរូសាឡិមក្នុងឆ្នាំ៧០ ស.យ.ក្ដី តែសេចក្ដីសម្រេចដ៏ធំនឹងកើតឡើងក្នុងកំឡុងពេលនៃវត្តមានរបស់ទ្រង់ និងទីបញ្ចប់នៃរបបលោកីយ៍នេះ។ ការពិនិត្យមើលយ៉ាងប្រុងប្រយ័ត្ននៃព្រឹត្ដិការណ៍តាំងពីឆ្នាំ១៩១៤ បង្ហាញថាទំនាយដ៏សំខាន់របស់ព្រះយេស៊ូ កំពុងតែសម្រេចយ៉ាងធំតាំងពីឆ្នាំនោះមក។
ផ្នែកមួយទៀតនៃទីសម្គាល់ដែលព្រះយេស៊ូប្រទាន គឺការឃើញ«សេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ»។ នៅក្នុងឆ្នាំ៦៦ ស.យ. សេចក្ដីស្អប់ខ្ពើមលេចខ្លួនមក ដែលមានរូបសណ្ឋានជា«ពលទ័ពឡោមព័ទ្ធ» ដែលជាសាសន៍រ៉ូមមកព័ទ្ធជុំវិញក្រុងយេរូសាឡិមនិងជីកក្រោមកំផែងព្រះវិហារ។ «សេចក្ដីស្អប់ខ្ពើម»នេះគឺឈរនៅកន្លែងដែលវាពុំមានសិទ្ធិឈរទេ។
សេចក្ដីសម្រេចយ៉ាងធំនៃទីសម្គាល់នេះ គឺជាអង្គការសម្ព័ន្ធប្រជាជាតិនិងក្រោយមកបានជំនួសដោយអង្គការសហប្រជាជាតិ។ ពិភពគ្រីស្ទសាសនាចាត់ទុកអង្គការនេះ ជាអង្គការដែលធ្វើឲ្យមានសន្ដិភាពក្នុងពិភពលោក ដោយយកអង្គការនេះមកដាក់ជំនួសព្រះរាជាណាចក្ររបស់ព្រះទៅវិញ។ នេះគឺគួរឲ្យស្អប់ខ្ពើមមែន! ដូច្នេះ ក្រោយមក អង្គការដែលរួមជាមួយអង្គការសហប្រជាជាតិ នឹងប្រឆាំងទាស់នឹងពិភពគ្រីស្ទសាសនា(ដែលជាក្រុងយេរូសាឡិមពីគំរូដើម) ហើយនឹងកំទេចវាចោលតែម្ដង។
ដូច្នេះព្រះយេស៊ូទាយថា៖ «ដ្បិតនៅគ្រានោះ នឹងមានសេចក្ដីវេទនាជាខ្លាំងណាស់ ដល់ម្ល៉េះបានជាតាំងពីដើមកំណើតលោកីយ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ»។ សេចក្ដីហិនវិនាសនៃក្រុងយេរូសាឡិមក្នុងឆ្នាំ៧០ ស.យ. គឺប្រាកដជាសេចក្ដីវេទនាជាខ្លាំងមែន ដែលមានគេរាយការណ៍ថាមនុស្សជាងមួយលាននាក់បានស្លាប់។ សេចក្ដីសម្រេចដ៏ធំនៃផ្នែកក្នុងទំនាយរបស់ព្រះយេស៊ូ នឹងមានធំជាងនោះឆ្ងាយណាស់។
ទំនុកចិត្តក្នុងកំឡុងថ្ងៃជាន់ក្រោយបង្អស់
នៅថ្ងៃអង្គារទី១១ ខែណែសានជិតផុតហើយ ព្រះយេស៊ូនៅពិគ្រោះបន្តជាមួយនឹងពួកសាវ័ករបស់ទ្រង់នៅឡើយ ស្តីអំពីទីសម្គាល់នៃវត្តមានរបស់ទ្រង់ ពេលទ្រង់កាន់អំណាចគ្រប់គ្រង និងអំពីទីបញ្ចប់នៃរបបលោកីយ៍។ ទ្រង់ព្រមានពួកគេអំពីការដេញតាមព្រះគ្រីស្ទក្លែងក្លាយ។ ទ្រង់មានបន្ទូលថា នឹងមានគេ«នាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន»។ ប៉ុន្តែ ដូចជាសត្វឥន្ទ្រីដែលមើលឃើញឆ្ងាយ នោះពួកអ្នករើសតាំងទាំងនេះនឹងផ្ដុំគ្នានៅត្រង់កន្លែង ដែលមានអាហារខាងវិញ្ញាណដ៏ពិត គឺថានៅជាមួយព្រះគ្រីស្ទដ៏ពិត ពេលទ្រង់មានវត្តមានដែលយើងមើលមិនឃើញ។ ពួកគេនឹងមិនត្រូវវង្វេង ដោយប្រមូលគ្នាទៅឯព្រះគ្រីស្ទក្លែងក្លាយនោះឡើយ។
ព្រះគ្រីស្ទក្លែងក្លាយអាចលេចខ្លួនឡើងឲ្យគេមើលឃើញប៉ុណ្ណោះ។ ផ្ទុយទៅវិញ វត្តមានរបស់ព្រះយេស៊ូនឹងមើលមិនឃើញឡើយ។ ព្រះយេស៊ូមានបន្ទូលថាក្រោយពីសេចក្ដីវេទនាផ្ទុះឡើង នោះ«ថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ»។ ត្រូវហើយ នេះគឺជាគ្រាស្បៃអន្ធការនៃអត្ថិភាពរបស់មនុស្សជាតិដែលហាក់ដូចជាព្រះអាទិត្យទៅជាងងឹតនៅពេលថ្ងៃ ហើយហាក់ដូចជាលោកខែលែងមានពន្លឺនៅពេលយប់។
ព្រះយេស៊ូមានបន្ទូលទៀតថា៖ «ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក»។ ដូច្នេះ ទ្រង់បញ្ជាក់ថា ផ្ទៃមេឃនឹងមានសភាពដូចជាគំរាមកំហែង។ សេចក្ដីខ្លាចនិងអំពើឃោរឃៅនឹងមានលើសពីអ្វី ដែលធ្លាប់ពិសោធន៍ក្នុងប្រវត្ដិសាស្ត្រមនុស្សទៅទៀត។
ជាលទ្ធផល ព្រះយេស៊ូមានបន្ទូលថា នឹងមាន«សេចក្ដីលំបាកនៅគ្រប់ទាំងសាសន៍ និងសេចក្ដីទ័លគំនិត ដោយព្រោះសូរសន្ធឹករបស់សមុទ្រ នឹងរលក មនុស្សនឹងស្រយុតចិត្តដោយភ័យ ហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដី»។ មែនហើយ កាលដែលគ្រាដ៏ងងឹតបំផុតក្នុងប្រវត្ដិសាស្ត្រមនុស្សមកជិតទីបញ្ចប់ «នោះទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ គ្រប់ទាំងពូជមនុស្សនៅផែនដីនឹងគក់ទ្រូងយំ»។
ប៉ុន្តែ មិនមែនមនុស្សទាំងអស់នឹងសោកសៅទេ ពេល‹កូនមនុស្សកាន់អំណាចគ្រប់គ្រង›ដើម្បីកំទេចចោលរបបលោកីយ៍នេះ។ «ពួករើសតាំង»ដែលមាន១៤៤.០០០នាក់ដែលនឹងរួមគ្រប់គ្រងជាមួយនឹងព្រះគ្រីស្ទក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌ នឹងមិនសោកសៅទេ ហើយសហការីរបស់គេ ដែលមុននេះព្រះយេស៊ូហៅថា«ចៀមឯទៀត»ក៏នឹងមិនសោកស្ដាយដែរ។ ទោះជាពួកគេកំពុងតែរស់នៅក្នុងគ្រាដ៏ងងឹតបំផុតនេះ ដែលមានក្នុងប្រវត្ដិសាស្ត្ររបស់មនុស្សជាតិក៏ដោយ ក៏ពួកគេនៅតែធ្វើតាមសេចក្ដីដាស់តឿនរបស់ព្រះយេស៊ូ ដែលថា៖ «កាលណាការទាំងនេះចាប់តាំងកើតមក នោះឲ្យអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះសេចក្ដីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ»។
ដើម្បីឲ្យពួកសិស្សដែលរស់នៅក្នុងថ្ងៃជាន់ក្រោយបង្អស់ អាចដឹងទីបញ្ចប់ជិតដល់ប៉ុណ្ណា នោះព្រះយេស៊ូមានបន្ទូលជាពាក្យប្រៀបប្រដូចទៅគេថា៖ «ចូរមើលដើមល្វា នឹងអស់ទាំងដើមឈើចុះ! កាលណាវាលាស់ឡើង នោះអ្នករាល់គ្នាយល់ឃើញដោយខ្លួនឯងថា រដូវក្ដៅជិតដល់ហើយ កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតមក នោះត្រូវដឹងថា នគរព្រះជិតដល់ហើយយ៉ាងដូច្នោះដែរ ខ្ញុំក៏ប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណនេះនឹងមិនទាន់កន្លងហួសបាត់ទៅឡើយ ទាល់តែគ្រប់ការទាំងនេះបានកើតមក»។
ដូច្នេះហើយ ពេលពួកសិស្សឃើញនូវលក្ខណៈផ្សេងៗនៃទីសម្គាល់នេះកំពុងតែសម្រេច នោះពួកគេគួរដឹងថា ទីបញ្ចប់នៃរបបលោកីយ៍នេះគឺជិតមកដល់ហើយ និងបន្ដិចទៀត នោះព្រះរាជាណាចក្ររបស់ព្រះនឹងកំទេចចោលអំពើកំណាចទាំងអស់។ តាមការពិត ទីបញ្ចប់នឹងមានឡើងក្នុងជីវិតរបស់មនុស្ស ដែលឃើញការសម្រេចនៃអ្វីៗដែលព្រះយេស៊ូបានទាយមក! ព្រះយេស៊ូដាស់តឿនពួកសិស្សដែលរស់នៅក្នុងថ្ងៃជាន់ក្រោយបង្អស់នោះថា៖
«ចូរអ្នករាល់គ្នាប្រយ័តខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនូវសេចក្ដីវក់នឹងស៊ីផឹក ហើយនឹងសេចក្ដីខ្វល់ខ្វាយនៅជីវិត នោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាម ដ្បិតថ្ងៃនោះនឹងមកដូចជាលប់ គ្របលើអស់ទាំងមនុស្សដែលនៅគ្រប់លើផែនដី ដូច្នេះ ចូរចាំយាមចុះ! ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យបានរាប់ជាគួរនឹងរួចពីការទាំងនេះដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្សផង»។
ស្រីព្រហ្មចារីឆ្លាតនិងស្រីព្រហ្មចារីល្ងង់
ព្រះយេស៊ូបានតបឆ្លើយនឹងសេចក្ដីស្នើសុំរបស់ពួកសាវ័ក អំពីទីសម្គាល់នៃវត្តមានរបស់ទ្រង់ ពេលទ្រង់កាន់អំណាចគ្រប់គ្រង។ ឥឡូវនេះ ទ្រង់ប្រទាននូវលក្ខណៈផ្សេងទៀតអំពីទីសម្គាល់ ដោយប្រើរឿងប្រៀបប្រដូចបី។
អស់អ្នកដែលរស់នៅក្នុងកំឡុងវត្តមានរបស់ទ្រង់ នឹងឃើញការសម្រេចនៃរឿងប្រៀបប្រដូចនិមួយៗ។ ទ្រង់រៀបរាប់រឿងប្រៀបប្រដូចទីមួយ ដោយថា៖ «គ្រានោះ នគរស្ថានសួគ៌នឹងបានដូចជាស្រីព្រហ្មចារី១០នាក់ ដែលយកចង្កៀងរៀងខ្លួន ចេញទៅទទួលប្ដីថ្មោងថ្មី ក្នុងពួកនាងទាំងនោះ មាន៥នាក់មានគំនិត ហើយ៥នាក់ល្ងង់»។
ពេលព្រះយេស៊ូប្រើឃ្លា«នគរស្ថានសួគ៌នឹងបានដូចជាស្រីព្រហ្មចារី១០នាក់» នោះទ្រង់មិនមានន័យថា ចំនួនពាក់កណ្ដាលដែលនឹងទទួលព្រះរាជាណាចក្រនៅស្ថានសួគ៌ ជាមនុស្សល្ងង់ និងពាក់កណ្ដាលទៀតមានសុភនិច្ឆ័យនោះឡើយ! តែទ្រង់ចង់មានន័យថា អ្វីដែលទាក់ទងនឹងព្រះរាជាណាចក្រនៅស្ថានសួគ៌ នោះនឹងមានលក្ខណៈដូចនេះឬដូចនោះ ឬរឿងដែលទាក់ទងនឹងព្រះរាជាណាចក្រ នឹងមានសភាពដូចអ្វីណាមួយ។
ស្រីព្រហ្មចារី១០នាក់តំណាងពួកគ្រីស្ទានទាំងអស់ណា ដែលនឹងទទួល ឬអះអាងថាខ្លួននឹងទទួលព្រះរាជាណាចក្រនៅស្ថានសួគ៌។ គឺនៅបុណ្យថ្ងៃទី៥០នៅឆ្នាំ៣៣ ស.យ. ក្រុមជំនុំគ្រីស្ទានបានជាប់សន្យារៀបអាពាហ៍ពិពាហ៍នឹងកូនកំលោះដ៏មានសិរីរុងរឿង ដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ គឺព្រះយេស៊ូគ្រីស្ទ។ ប៉ុន្តែ អាពាហ៍ពិពាហ៍នឹងធ្វើឡើងនៅស្ថានសួគ៌ ក្នុងពេលណាមួយនាអនាគតកាល។
ក្នុងរឿងប្រៀបប្រដូចនេះ ស្រីព្រហ្មចារីដប់នាក់ចេញទៅទទួលស្វាគមន៍កូនកំលោះ និងចូលរួមដង្ហែការ។ ពេលទ្រង់មកដល់ នោះពួកគេនឹងអុជចង្កៀងតាមផ្លូវហែនោះ ដោយធ្វើដូចនេះនឹងលើកកិត្ដិយសទ្រង់ ពេលទ្រង់យកកូនក្រមុំទៅដំណាក់របស់ទ្រង់ ដែលបានរៀបចំឲ្យនាង។ ប៉ុន្តែ ព្រះយេស៊ូពន្យល់ថា៖ «នាងល្ងង់ទាំងនោះ គេយកតែចង្កៀងទៅ តែមិនបានយកប្រេងជាប់នឹងខ្លួនផងទេ ឯពួកនាងមានគំនិតវិញ គេបានយកទាំងចង្កៀង ហើយនឹងប្រេងដាក់ក្នុងដបទៅជាមួយផង តែដោយព្រោះប្ដីក្រមកពេក បានជានាងទាំងនោះងោកងុយ ហើយដេកលក់ទៅ»។
ការពន្យារពេលនៃកូនកំលោះបញ្ជាក់ថា វត្តមានរបស់ព្រះគ្រីស្ទជាស្តេចគឺនឹងនៅអនាគតយូរអង្វែងទៀត។ នៅទីបំផុត ទ្រង់បានឡើងសោយរាជ្យនៅក្នុងឆ្នាំ១៩១៤។ ក្នុងកំឡុងពេលយប់ជ្រៅមុននឹងទ្រង់យាងមក នោះស្រីព្រហ្មចារីទាំងអស់ដេកលក់។ ប៉ុន្តែ ពួកគេឥតត្រូវផ្ដន្ទាទោសចំពោះរឿងនេះទេ។ ពួកស្រីព្រហ្មចារីល្ងង់ត្រូវផ្ដន្ទាទោស ដោយសារពួកគេឥតមានប្រេងក្នុងដបរបស់គេ។ ព្រះយេស៊ូពន្យល់នូវរបៀបដែលស្រីព្រហ្មចារីភ្ញាក់មុននឹងកូនកំលោះមកដល់ដោយមានបន្ទូលថា៖ «លុះដល់កណ្ដាលអធ្រាត្រ ស្រាប់តែឮសូរសំរែកថានែ! ប្ដីមកហើយ ចូរចេញទៅទទួលចុះ! ស្រីព្រហ្មចារីទាំងឡាយក៏ភ្ញាក់ឡើង រៀបចំចង្កៀងរៀងរាល់ខ្លួន ឯពួកនាងដែលល្ងង់ គេនិយាយទៅពួកនាងមានគំនិតថា សូមចែកប្រេងមកឲ្យយើងផង ព្រោះចង្កៀងយើងចង់រលត់ហើយ តែពួកនាងមានគំនិតឆ្លើយឡើងថា ទេ! ក្រែងគ្មានល្មមដល់យើង ហើយនឹងនាងរាល់គ្នាផង ស៊ូទៅឯផ្ទះលក់ប្រេង ទិញសំរាប់ខ្លួនវិញទៅ»។
ប្រេងនេះតំណាងរបស់ដែលរក្សាឲ្យពួកគ្រីស្ទានពិតមានពន្លឺភ្លឺចិញ្ចាច។ នេះគឺជាព្រះបន្ទូលរបស់ព្រះដែលព្រះវិញ្ញាណបានបណ្ដាលឲ្យតែង ដែលគ្រីស្ទានកាន់យ៉ាងជាប់ ហើយដោយមានជំនួយពីវិញ្ញាណបរិសុទ្ធ នោះជួយពួកគេឲ្យយល់ព្រះបន្ទូល។ ប្រេងខាងវិញ្ញាណជួយស្រីព្រហ្មចារីដែលមានសុភនិច្ឆ័យឲ្យបញ្ចាំងពន្លឺ ដោយទទួលស្វាគមន៍កូនកំលោះ ពេលដង្ហែទៅកាន់រោងអាពាហ៍ពិពាហ៍។ ប៉ុន្តែ ពួកស្រីព្រហ្មចារីល្ងង់ឥតមានប្រេងខាងវិញ្ញាណដ៏ចាំបាច់ជាប់ខ្លួន ឬក៏ក្នុងដបរបស់គេនោះទេ។ ដូច្នេះ ព្រះយេស៊ូក៏រៀបរាប់នូវអ្វីដែលកើតឡើង:
«តែកំពុងដែលនាងទាំងនោះ[ស្រីព្រហ្មចារីល្ងង់]ទៅទិញ[ប្រេង] ប្ដីក៏មកដល់ ហើយពួកនាងដែលបានបំរុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា រួចគេបិទទ្វារ ឯនាងព្រហ្មចារីឯទៀត ក៏មកអង្វរថា លោកម្ចាស់ៗអើយ! សូមបើកឲ្យយើងខ្ញុំផង តែគាត់ឆ្លើយថា ខ្ញុំប្រាប់នាងរាល់គ្នាជាប្រាកដថា ខ្ញុំមិនស្គាល់នាងទេ»។
ក្រោយព្រះគ្រីស្ទយាងមកក្នុងព្រះរាជាណាចក្ររបស់ទ្រង់នៅស្ថានសួគ៌ នោះក្រុមស្រីព្រហ្មចារីដែលមានសុភនិច្ឆ័យ គឺពួកគ្រីស្ទានចាក់ប្រេងតាំង ក៏ភ្ញាក់ទទួលយកភារកិច្ចដោយបញ្ចាំងពន្លឺក្នុងលោកីយ៍ដ៏ងងឹតនេះ ដើម្បីសរសើរកូនកំលោះដែលមក។ ប៉ុន្តែអស់អ្នកដែលតំណាងដោយស្រីព្រហ្មចារីល្ងង់គឺឥតបានប្រុងប្រៀប ដើម្បីទទួលស្វាគមន៍និងសរសើរទ្រង់ទេ។ ដូច្នេះ ពេលគ្រាមកដល់ ព្រះគ្រីស្ទឥតបើកទ្វារឲ្យគេចូលក្នុងពិធីអាពាហ៍ពិពាហ៍ក្នុងស្ថានសួគ៌ឡើយ។ ទ្រង់ទុកចោលពួកគេក្នុងយប់ស្បៃអន្ធការនៃលោកីយ៍នេះ ឲ្យស្លាប់ជាមួយនឹងពួកដែលគ្មានច្បាប់ទម្លាប់ឯទៀត។ ព្រះយេស៊ូបញ្ចប់ដោយមានបន្ទូលថា៖ «ដូច្នេះ ចូរចាំយាមចុះ! ដ្បិតអ្នករាល់គ្នាមិនដឹងជាថ្ងៃណា ឬពេលណាដែលកូនមនុស្សត្រូវមកនោះទេ»។
រឿងប្រៀបប្រដូចអំពីប្រាក់ថាល្លិន
ព្រះយេស៊ូពិគ្រោះជាបន្តជាមួយនឹងពួកសាវ័កនៅលើភ្នំដើមអូលីវ ដោយប្រាប់ពួកគេនូវរឿងប្រៀបប្រដូចមួយទៀត គឺជារឿងប្រៀបប្រដូចទីពីរ។ បីបួនថ្ងៃមុននេះ ពេលទ្រង់នៅទីក្រុងយេរីខូរ នោះទ្រង់ប្រទាននូវរឿងប្រៀបប្រដូចអំពីប្រាក់ម៉ាយណា ដើម្បីបង្ហាញថា ព្រះរាជាណាចក្រគឺនៅយូរទៅមុខទៀត។ រឿងប្រៀបប្រដូចដែលទ្រង់រៀបរាប់ឥឡូវនេះ ថ្វីបើមានលក្ខណៈស្រដៀងគ្នា តែពិពណ៌នានូវសកម្មភាពក្នុងកំឡុងវត្តមានរបស់ព្រះគ្រីស្ទ ពេលទ្រង់កាន់អំណាចក្នុងព្រះរាជាណាចក្រ។ រឿងប្រៀបប្រដូចនេះក៏ពន្យល់ថាពួកសិស្សរបស់ទ្រង់ត្រូវធ្វើការ ពេលរស់នៅផែនដីនេះដើម្បីបង្កើន‹ទ្រព្យសម្បត្ដិ›របស់ទ្រង់។
ព្រះយេស៊ូមានបន្ទូលថា៖ «ដ្បិតដំណើរនេះ[គឺថា កាលៈទេសៈដែលជាប់នឹងព្រះរាជាណាចក្រ]បែបដូចជាមនុស្សម្នាក់ ដែលរៀបនឹងចេញពីស្រុកទៅ គាត់ហៅពួកបាវមកប្រគល់របស់ទ្រព្យខ្លួនទុកនឹងគេ»។ ព្រះយេស៊ូគឺជាបុរសម្នាក់នោះ ដែលមុននឹងធ្វើដំណើរទៅស្ថានសួគ៌ ក៏ប្រគល់ឲ្យពួកបាវ គឺសិស្សដែលនឹងទទួលព្រះរាជាណាចក្រនៅស្ថានសួគ៌ នូវទ្រព្យរបស់ទ្រង់។ ទ្រព្យទាំងនេះមិនមែនជាសម្ភារៈទេ ប៉ុន្តែ គឺតំណាងវាលដែលបានភ្ជួររាស់ហើយដែលទ្រង់បានរៀបចំឲ្យមានលទ្ធភាព ដើម្បីនាំឲ្យមានសិស្សច្រើនថែមទៀត។
ព្រះយេស៊ូប្រគល់ទ្រព្យឲ្យដល់ពួកបាវ មុនបន្ដិចនឹងទ្រង់យាងទៅស្ថានសួគ៌។ តើទ្រង់បានធ្វើយ៉ាងណា? ដោយបង្គាប់ពួកគេឲ្យបន្តធ្វើការក្នុងវាលដែលបានភ្ជួររាស់ហើយនេះ គឺផ្សព្វផ្សាយសារព្រះរាជាណាចក្រដល់ចុងផែនដី។ ដូច្នេះព្រះយេស៊ូមានបន្ទូលមកថា៖ «បានឲ្យប្រាក់ទៅម្នាក់[ប្រាក់ថាល្លិនប្រាំ] ម្នាក់ទៀត[ប្រាក់ថាល្លិនពីរ] ហើយអ្នកទីបី[ប្រាក់ថាល្លិនមួយ] គឺឲ្យគ្រប់គ្នាតាមដំរិះគេរៀងខ្លួន រួចក៏ចេញទៅ»។
ប្រាក់ថាល្លិនប្រាំបីដែលជាទ្រព្យរបស់ព្រះគ្រីស្ទ ត្រូវចែកចាយទៅតាមសមត្ថភាព ឬលទ្ធភាពខាងវិញ្ញាណនៃអ្នកបំរើ។ ពួកបាវតំណាងក្រុមនៃពួកសិស្ស។ នៅក្នុងសតវត្សទីមួយ ក្រុមនេះដែលទទួលប្រាក់ថាល្លិនប្រាំ ជាក់ស្តែងគឺបានរួមបញ្ចូលពួកសាវ័កដែរ។ ព្រះយេស៊ូក៏រៀបរាប់ថាពួកបាវដែលទទួលប្រាក់ថាល្លិនប្រាំ និងប្រាក់ថាល្លិនពីរ បានបង្កើនផលមួយទ្វេជាពីរ ដោយការផ្សព្វផ្សាយព្រះរាជាណាចក្រនិងបង្កើតឲ្យមានសិស្ស។ ប៉ុន្តែ បាវដែលទទួលប្រាក់ថាល្លិនមួយ បានលាក់កប់ក្នុងដី។
ព្រះយេស៊ូមានបន្ទូលបន្តថា៖ «យូរក្រោយមក ចៅហ្វាយរបស់បាវទាំងនោះត្រឡប់មកវិញ គិតបញ្ជីនឹងគេ»។ ហើយប្រមាណ១៩០០ឆ្នាំក្រោយមក គឺមកដល់សតវត្សទី២០ ដែលព្រះគ្រីស្ទបានត្រឡប់មកគិតបញ្ជី បើនិយាយជាអត្ថបដិរូប គឺ«យូរក្រោយមក»មែន។ រួចមក ព្រះយេស៊ូពន្យល់ថា៖
«ចំណែកអ្នកដែលបានទទួល[ប្រាក់ថាល្លិនប្រាំ] ក៏យក[ប្រាក់ថាល្លិនប្រាំ]ទៀតមកជំរាបចៅហ្វាយថា លោកចៅហ្វាយ លោកបានប្រគល់[ប្រាក់ថាល្លិនប្រាំ]មកខ្ញុំ មើល! ខ្ញុំបានចំណេញ[ប្រាក់ថាល្លិនប្រាំ]ទៀត ចៅហ្វាយនិយាយថា ប្រពៃហើយ បាវល្អស្មោះត្រង់អើយ! ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្ដិចនេះ ដូច្នេះ អញនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យឯងប្រកបដោយសេចក្ដីអំណររបស់ចៅហ្វាយឯងចុះ!»។ បាវដែលទទួលប្រាក់ថាល្លិនពីរ ក៏បានបង្កើនមួយទ្វេជាពីរដែរ ហើយគាត់ក៏ទទួលការសរសើរនិងទទួលរង្វាន់ផងដែរ។
ប៉ុន្តែ តើតាមរបៀបណាដែលពួកបាវប្រកបដោយសេចក្ដីអំណររបស់ចៅហ្វាយនោះ? សេចក្ដីអំណររបស់ចៅហ្វាយ គឺព្រះយេស៊ូគ្រីស្ទ ជាការទទួលទ្រព្យជាព្រះរាជាណាចក្រ ពេលទ្រង់យាងទៅឯព្រះវរបិតានៅឯស្ថានសួគ៌។ រីឯពួកអ្នកបំរើស្មោះត្រង់នៅសម័យទំនើប ពួកគេមានអំណរយ៉ាងខ្លាំង ដោយបានទទួលភារកិច្ចផ្សព្វផ្សាយព្រះរាជាណាចក្រថែមទៀត ហើយពេលបញ្ចប់កិច្ចការនៅផែនដីនេះ នោះពួកគេនឹងមានអំណរយ៉ាងខ្លាំង ពេលត្រូវប្រោសឲ្យរស់ឡើងវិញនៅក្នុងព្រះរាជាណាចក្រស្ថានសួគ៌។ ប៉ុន្តែ ចុះយ៉ាងណាវិញ ចំពោះបាវទីបី?
បាវនេះប្រកែកថា៖ «លោកចៅហ្វាយ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹងណាស់ . . . ដូច្នេះ ខ្ញុំនឹកខ្លាច ក៏ទៅកប់[ប្រាក់ថាល្លិនមួយ]នេះទុកក្នុងដី ហ! ខ្ញុំសូមប្រគល់របស់លោកជូនលោកវិញ»។ បាវនេះបដិសេធមិនព្រមធ្វើការនៅឯវាលដោយចេតនា ដែលការងារនៅឯវាលនោះគឺជាការផ្សព្វផ្សាយនិងការបង្កើតឲ្យមានសិស្ស។ ដូច្នេះចៅហ្វាយនេះហៅគាត់«បាវអាក្រក់ ហើយខ្ជិលច្រអូស» និងជំនុំជំរះគាត់ថា៖ «ដូច្នេះ ចូរដក[ប្រាក់ថាល្លិនមួយ]នោះពីវាចេញ . . . ឯបាវឥតប្រយោជន៍នោះ ចូរបោះវាចោលទៅឯទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»។ ក្រុមបាវបំរើដ៏អាក្រក់នេះ ឥតមានអំណរខាងវិញ្ញាណទេ ដោយព្រោះបានបោះចេញទៅខាងក្រៅ។
តាមរយៈរឿងនេះមានមេរៀនដ៏ជាក់លាក់សំរាប់មនុស្សទាំងអស់ណាដែលអះអាងថាជាអ្នកកាន់តាមរបស់ព្រះគ្រីស្ទ។ បើពួកគេចង់ទទួលការសរសើរ និងចង់ទទួលរង្វាន់ ហើយបើគេចង់រួចផុតពីការបោះចូលទៅឯទីងងឹតខាងក្រៅហើយរួចផុតពីសេចក្ដីហិនវិនាសផ្ដាច់ព្រាត់ នោះពួកគេត្រូវធ្វើការដើម្បីបង្កើនទ្រព្យរបស់ចៅហ្វាយនៅស្ថានសួគ៌ ដោយចូលរួមពេញលេញនឹងកិច្ចការផ្សព្វផ្សាយ។ តើអ្នកកំពុងតែព្យាយាមធ្វើកិច្ចការនេះឬទេ?
ពេលព្រះគ្រីស្ទចាប់ផ្ដើមកាន់អំណាចគ្រប់គ្រងក្នុងព្រះរាជាណាចក្រ
ព្រះយេស៊ូនៅតែគង់ជាមួយនឹងពួកសាវ័ករបស់ទ្រង់នៅភ្នំអូលីវនៅឡើយ។ ឥឡូវនេះ ព្រះយេស៊ូតបឆ្លើយនឹងសេចក្ដីស្នើសុំរបស់ពួកសាវ័ក ស្តីអំពីទីសម្គាល់នៃវត្តមានរបស់ទ្រង់ និងទីបញ្ចប់នៃរបបលោកីយ៍នេះ ដោយប្រើរឿងប្រៀបប្រដូចទីបី។ ព្រះយេស៊ូចាប់ផ្ដើមមានបន្ទូលថា៖ «តែកាលណាកូនមនុស្សនឹងមក ក្នុងសិរីល្អរបស់លោក មានទាំងពួកទេវតាបរិសុទ្ធទាំងអស់គ្នា មកជាមួយ នោះលោកនឹងឡើងគង់លើបល្ល័ង្ករុងរឿងឧត្តមរបស់លោក»។
មនុស្សលោកពុំអាចឃើញពួកទេវតាក្នុងសិរីរុងរឿងរបស់គេក្នុងស្ថានសួគ៌ទេ។ ដូច្នេះ មនុស្សពុំអាចមើលឃើញការមកដល់នៃកូនមនុស្ស គឺព្រះយេស៊ូគ្រីស្ទទាំងមានទេវតាមកជាមួយទ្រង់នោះទេ។ ការយាងមកដល់នេះនឹងកើតឡើង ពេលទីបញ្ចប់នៃរបបលោកីយ៍កាន់តែកៀកណាស់ទៅហើយ។ តើសំរាប់គោលបំណងអ្វីទៅ? ព្រះយេស៊ូពន្យល់ថា៖ «គ្រប់ទាំងសាសន៍នឹងត្រូវប្រមូលគ្នា នៅចំពោះលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចជាអ្នកគង្វាល ដែលញែកចៀមចេញពីពពែដែរ រួចនឹងដាក់ចៀមនៅខាងស្ដាំ ហើយពពែនៅខាងឆ្វេង»។
ព្រះយេស៊ូពិពណ៌នានូវអ្វីដែលកើតឡើងដល់អ្នកដែលញែកទៅម្ខាងដែលមានព្រះគុណ ទ្រង់មានបន្ទូលថា៖ «នោះលោកដ៏ជាស្តេច នឹងមានបន្ទូលទៅពួកអ្នកដែលនៅខាងស្ដាំថា ‹ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ! ចូរមកទទួលមរដកចុះ! គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយមក›»។ ចៀមក្នុងរឿងប្រៀបប្រដូចនេះ នឹងមិនសោយរាជ្យជាមួយព្រះគ្រីស្ទនៅស្ថានសួគ៌ទេ តែនឹងទទួលព្រះរាជាណាចក្រក្នុងន័យថា ជាអនុរាស្ត្រនៅលើផែនដី។ «តាំងពីកំណើតលោកីយមក»សំដៅទៅពេលអ័ដាមនិងអេវ៉ាបានបង្កើតកូនដែលអាចទទួលប្រយោជន៍ពីសំវិធានការរបស់ព្រះសំរាប់ការរំដោះមនុស្សលោក។
ប៉ុន្តែ ហេតុអ្វីបានជាចៀមត្រូវញែកឲ្យនៅខាងស្ដាំព្រះហស្ថរបស់ស្តេច គឺម្ខាងដែលមានព្រះគុណ? ស្តេចនេះតបឆ្លើយថា៖ «ពីព្រោះយើងបានឃ្លាន ហើយអ្នករាល់គ្នាបានឲ្យបរិភោគ យើងបានស្រេក ហើយអ្នករាល់គ្នាបានឲ្យផឹក យើងជាអ្នកដទៃ ហើយអ្នករាល់គ្នាបានទទួលយើង យើងនៅអាក្រាត ហើយអ្នករាល់គ្នាបានស្លៀកពាក់ឲ្យយើង យើងបានឈឺ ហើយអ្នករាល់គ្នាបានមកសួរយើង ក៏ជាប់គុក ហើយអ្នករាល់គ្នាបានមកឯយើង»។
ដោយព្រោះពួកចៀមនៅលើផែនដីនេះ ពួកគេចង់ដឹងនូវរបៀបដែលពួកគេអាចធ្វើអំពើដ៏ល្អចំពោះស្តេចនៅស្ថានសួគ៌។ ពួកគេសួរថា៖ «ព្រះអម្ចាស់អើយ! តើយើងខ្ញុំបានឃើញទ្រង់ស្រេកឃ្លាន ហើយបានថ្វាយទ្រង់សោយពីកាលណា? តើយើងខ្ញុំបានឃើញទ្រង់ជាអ្នកដទៃ ហើយបានទទួលទ្រង់ពីកាលណា? ឬទ្រង់អាក្រាត ហើយបានបំពាក់ថ្វាយទ្រង់ពីកាលណា? តើយើងខ្ញុំបានឃើញទ្រង់ឈឺ ឬជាប់គុក ហើយបានមកឯទ្រង់ពីកាលណា?»។
ស្តេចនោះមានបន្ទូលឆ្លើយទៅពួកគេថា៖ «យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ»។ បងប្អូនរបស់ព្រះគ្រីស្ទជាអ្នកសំណល់នៃពួក១៤៤.០០០នាក់នៅលើផែនដី ដែលនឹងសោយរាជ្យជាមួយទ្រង់នៅស្ថានសួគ៌។ ព្រះយេស៊ូមានបន្ទូលថា ការធ្វើល្អដល់ពួកអ្នកទាំងនេះ គឺដូចជាធ្វើល្អនឹងទ្រង់ដែរ។
បន្ទាប់មក ទ្រង់មានបន្ទូលទៅពួកពពែថា៖ «ពួកអ្នករាល់គ្នាដែលត្រូវបណ្ដាសាអើយ! ចូរថយពីអញចេញទៅ ក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសំរាប់អារក្ស ហើយនឹងពួកទេវតារបស់វាវិញ ពីព្រោះអញបានឃ្លាន តែឯងរាល់គ្នាមិនបានឲ្យបរិភោគទេ អញបានស្រេក តែឯងរាល់គ្នាមិនបានឲ្យផឹកទេ អញជាអ្នកដទៃ តែឯងរាល់គ្នាមិនបានទទួលសោះ អញនៅអាក្រាត តែឯងរាល់គ្នាមិនបានស្លៀកពាក់ឲ្យអញទេ អញក៏ឈឺ ហើយនៅជាប់គុក តែឯងរាល់គ្នាមិនបានមកសួរសោះ»។
ប៉ុន្តែ ពួកពពែត្អូញត្អែរដោះសាថា៖ «ព្រះអម្ចាស់អើយ! តើយើងខ្ញុំបានឃើញទ្រង់ឃ្លាន ឬស្រេក ឬជាអ្នកដទៃ ឬនៅអាក្រាត ឬឈឺ ឬជាប់គុក ហើយមិនបានទៅជួយទ្រង់នោះពីកាលណា?»។ ដោយពឹងទៅលើមូលដ្ឋានដូចគ្នានេះ ពួកពពែបានទទួលការជំនុំជំរះឲ្យជាប់ទោសយ៉ាងធ្ងន់ធ្ងរ តែចៀមបានជំនុំជំរះឲ្យទទួលពរយ៉ាងវិសេសវិញ។ ព្រះយេស៊ូមានបន្ទូលតបថា៖ «អញប្រាប់ឯងរាល់គ្នាជាប្រាកដថា ដែលមិនបានធ្វើការទាំងនោះ ដល់អ្នកយ៉ាងតូចបំផុត ក្នុងពួកអ្នកទាំងនេះ នោះឈ្មោះថាមិនបានធ្វើដល់អញដែរ»។
ដូច្នេះ វត្តមានរបស់ព្រះគ្រីស្ទពេលកាន់អំណាចគ្រប់គ្រង មុនបន្ដិចនៃទីបញ្ចប់របបលោកីយ៍នេះ ក្នុងសេចក្ដីវេទនាជាខ្លាំង នោះនឹងរួមបញ្ចូលគ្រានៃសេចក្ដីជំនុំជំរះនេះ។ ពួកពពែ«នឹងថយទៅ មានទោសអស់កល្បជានិច្ច តែពួកសុចរិត[ពួកចៀម]នឹងចូលទៅក្នុងជីវិតដ៏នៅអស់កល្បជានិច្ចវិញ»។ ម៉ាថាយ ២៤:២–២៥:៤៦; ១៣:៤០, ៤៩; ម៉ាកុស ១៣:៣-៣៧; លូកា ២១:៧-៣៦; ១៩:៤៣, ៤៤; ១៧:២០-៣០; ធីម៉ូថេទី២ ៣:១-៥; យ៉ូហាន ១០:១៦; វិវរណៈ ១៤:១-៣
▪ តើអ្វីដែលជំរុញឲ្យពួកសាវ័កសួរសំនួរ? តែតាមមើលទៅ តើពួកគេកំពុងតែគិតអ្វីទៀត?
▪ តើផ្នែកណានៃទំនាយរបស់ព្រះយេស៊ូដែលបានសម្រេចក្នុងឆ្នាំ៧០ ស.យ.? ប៉ុន្តែ តើមានអ្វីដែលពុំបានកើតឡើងនៅពេលនោះ?
▪ តើនៅពេលណាដែលទំនាយរបស់ព្រះយេស៊ូបានសម្រេចដំបូង? ប៉ុន្តែ តើទំនាយនោះនឹងសម្រេចដ៏ធំនៅពេលណា?
▪ តើអ្វីជាសេចក្ដីស្អប់ខ្ពើមក្នុងការសម្រេចជាលើកដំបូងនិងលើកចុងក្រោយ?
▪ ហេតុអ្វីបានជាសេចក្ដីវេទនាជាខ្លាំងមិនបានសម្រេចចុងក្រោយ ពេលមានសេចក្ដីហិនវិនាសនៅក្រុងយេរូសាឡិមនោះ?
▪ តើមានស្ថានភាពអ្វីក្នុងពិភពលោក ដែលសម្គាល់វត្តមានរបស់ព្រះគ្រីស្ទ?
▪ តើនៅពេលណាដែល ‹សាសន៍ទាំងអស់នឹងគក់ទ្រូងយំ›? ប៉ុន្តែ តើពួកអ្នកកាន់តាមព្រះគ្រីស្ទនឹងធ្វើអ្វី?
▪ តើព្រះយេស៊ូប្រទាននូវរឿងប្រៀបប្រដូចអ្វី ដើម្បីជួយពួកសិស្សទ្រង់ឲ្យយល់ថាទីបញ្ចប់ជិតមកដល់ហើយនោះ?
▪ តើការដាស់តឿនអ្វី ដែលព្រះយេស៊ូប្រទានដល់អស់អ្នកជាសិស្សរបស់ទ្រង់ ដែលរស់នៅកំឡុងថ្ងៃជាន់ក្រោយបង្អស់នេះ?
▪ តើស្រីព្រហ្មចារីដប់នាក់តំណាងអ្នកណា?
▪ តើក្រុមជំនុំគ្រីស្ទានបានសន្យារៀបការជាមួយនឹងកូនកំលោះនៅពេលណា? ប៉ុន្តែ តើកូនកំលោះមកយកកូនក្រមុំចូលទៅពិធីអាពាហ៍ពិពាហ៍នៅពេលណា?
▪ តើប្រេងតំណាងអ្វី? ហើយការមានប្រេងនេះនៅជាប់នឹងខ្លួន តើជួយស្រីព្រហ្មចារីដែលមានសុភនិច្ឆ័យឲ្យធ្វើអ្វី?
▪ តើនឹងរៀបពិធីអាពាហ៍ពិពាហ៍នៅទីណា?
▪ តើស្រីព្រហ្មចារីល្ងង់បាត់បង់នូវរង្វាន់ដ៏ធំណា? ហើយតើពួកគេនឹងទទួលអ្វី?
▪ តើរឿងប្រៀបប្រដូចអំពីប្រាក់ថាល្លិន បង្រៀនមេរៀនអ្វី?
▪ តើពួកបាវជាអ្នកណា? តើទ្រព្យដែលត្រូវប្រគល់ឲ្យពួកគេជាអ្វី?
▪ តើចៅហ្វាយមកគិតបញ្ជីនៅពេលណា? ហើយតើលោកនឹងឃើញអ្វី?
▪ តើអ្វីជាសេចក្ដីអំណរដែលបាវស្មោះត្រង់នឹងទទួលនោះ? តើមានអ្វីកើតឡើងដល់បាវទីបីជាបាវអាក្រក់នោះ?
▪ ក្នុងកំឡុងវត្តមានរបស់ព្រះគ្រីស្ទ តើកិច្ចការជំនុំជំរះអ្វីដែលទ្រង់នឹងធ្វើ?
▪ តើចៀមទទួលព្រះរាជាណាចក្រជាមរតកក្នុងន័យយ៉ាងណា?
▪ តើ«កំណើតលោកីយ៍»កើតឡើងនៅពេលណា?
▪ តើមនុស្សត្រូវជំនុំជំរះជាចៀមឬពពែដោយពឹងទៅលើមូលដ្ឋានអ្វី?