លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទ្រង់បានទទួលកិត្ដិយសមុននឹងទ្រង់ប្រសូតមក

ទ្រង់បានទទួលកិត្ដិយសមុននឹងទ្រង់ប្រសូតមក

ជំពូក​ទី​២

ទ្រង់​បាន​ទទួល​កិត្ដិយស​មុន​នឹង​ទ្រង់​ប្រសូត​មក

ក្រោយ​ពី​ទេវតា​កាព្រីយ៉ែល​ប្រាប់​ស្រី​ក្រមុំ​ម៉ារា​ថា​នាង​នឹង​ប្រសូត​បាន​បុត្រ​មួយ ដែល​នឹង​ក្លាយ​ទៅ​ជា​ស្តេច​ដ៏​អស់​កល្ប​ជា​និច្ច នោះ​ម៉ារា​សួរ​ថា៖ «ខ្ញុំ​មិន​ស្គាល់​ប្រុស​ណា​ផង ដូច្នេះ តើ​ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​ការ​នេះ​សំរេច​បាន?»។

ទេវតា​កាព្រីយ៉ែល​ពន្យល់​ថា៖ «ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង ហើយ​ព្រះ​ចេស្ដា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នឹង​មក​គ្រប​បាំង​នាង​ដោយ​ស្រមោល ហេតុ​ដូច្នេះ បុត្រ​បរិសុទ្ធ​ដែល​នឹង​ប្រសូត​មក​នោះ ត្រូវ​ហៅ​ថា​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ»។

ទេវតា​កាព្រីយ៉ែល​ក៏​ជួយ​ម៉ារា​ឲ្យ​ជឿ​សារ​នោះ ដោយ​ពោល​ទៀត​ថា៖ «មើល! ឥឡូវ​អេលីសាបិត ជា​ញាតិ​នាង ក៏​មាន​ផ្ទៃ​ពោះ​ជា​កូន​ប្រុស ក្នុង​កាល​ដែល​ចាស់​ហើយ​ដែរ គឺ​អ្នក​ដែល​គេ​បាន​ហៅ​ជា​ស្ត្រី​អារ នោះ​នាង​មាន​ផ្ទៃ​ពោះ​៦​ខែ​មក​ហើយ។ ដ្បិត​ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ»។

ម៉ារា​ក៏​ព្រម​ជឿ​តាម​ពាក្យ​របស់​កាព្រីយ៉ែល។ តើ​នាង​បាន​តប​ឆ្លើយ​យ៉ាង​ណា? នាង​ពោល​ថា៖ «មើល! ខ្ញុំ​នេះ​ជា​អ្នក​បំរើ​របស់​ព្រះ​អម្ចាស់ ដូច្នេះ សូម​ឲ្យ​បាន​សំរេច​ដូច​ពាក្យ​លោក​ចុះ!»។

មិន​យូរ​ប៉ុន្មាន ទេវតា​កាព្រីយ៉ែល​ក៏​ចាក​ចេញ​ពី​នាង​ទៅ។ ម៉ារា​រៀបចំ​ខ្លួន​ទៅ​លេង​អេលីសាបិត និង​ស្វាមី​របស់​គាត់​ឈ្មោះ សាការី នៅ​តំបន់​ភ្នំ​ក្នុង​ស្រុក​យូដា។ ចំ​ងាយ​ផ្លូវ​ពី​ផ្ទះ​របស់​ម៉ារា​នៅ​ភូមិ​ណាសារ៉ែត​ទៅ​កាន់​ទី​នោះ​មាន​ចំ​ងាយ​ឆ្ងាយ​ណាស់ គឺ​ត្រូវ​ធ្វើ​ដំណើរ​ប្រហែល​ជា​បី​ឬ​បួន​ថ្ងៃ​ទើប​ទៅ​ដល់។

នៅ​ទី​បំផុត ពេល​ម៉ារា​មក​ដល់​ផ្ទះ​របស់​លោក​សាការី នោះ​នាង​ក៏​ចូល​ទៅ​ជំរាប​សួរ។ ភ្លាម​នោះ អេលីសាបិត​បាន​ត្រូវ​ពេញ​ដោយ​វិញ្ញាណ​បរិសុទ្ធ ហើយ​គាត់​ពោល​ទៅ​កាន់​ម៉ារា​ថា៖ «ក្នុង​បណ្ដា​ពួក​ស្រី​ៗ គឺ​នាង​ហើយ ជា​ស្ត្រី​មាន​ពរ​ពិត ព្រម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​នាង​ផង ដូច​ម្ដេច​ហ្ន៎! បាន​ជា​ដល់​ទៅ​ព្រះ​មាតា​ព្រះ​អម្ចាស់​នៃ​ខ្ញុំ​ក៏​មក​សួរ​ដូច្នេះ​ដែរ ដ្បិត​មើល​កាល​សំឡេង​នាង​ជំរាប​សួរ​ឮ​មក​ដល់​ត្រចៀក​ខ្ញុំ នោះ​កូន​នៅ​ក្នុង​ពោះ​ខ្ញុំ​ក៏​បង្រះ​ដោយ​សេចក្ដី​អំណរ»។

ពេល​ម៉ារា​ឮ​ដូច្នេះ នាង​ក៏​តប​ឆ្លើយ​ដោយ​កតញ្ញូ​ធម៌​អស់​ពី​ដួង​ចិត្ត​ថា៖ «ព្រលឹង​ខ្ញុំ​លើក​ដំកើង​ព្រះ​អម្ចាស់ វិញ្ញាណ​ខ្ញុំ​ក៏​រីករាយ​នឹង​ព្រះ​ដ៏​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​ខ្ញុំ ដ្បិត​ទ្រង់​បាន​ទត​មើល​សណ្ឋាន​ទាប​ថោក​របស់​ខ្ញុំ ជា​បាវ​បំរើ​ទ្រង់ មើល​ចុះ! ពី​នេះ​ទៅ​មុខ គ្រប់​ទាំង​ដំណ​មនុស្ស​នឹង​រាប់​ខ្ញុំ​ថា​ជា​អ្នក​មាន​ពរ ពីព្រោះ​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា ទ្រង់​បាន​ប្រោស​សេចក្ដី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ»។ ប៉ុន្តែ ទោះ​ជា​ម៉ារា​ទទួល​ព្រះ​គុណ​ក៏​ដោយ ក៏​ម៉ារា​ថ្វាយ​កិត្ដិយស​ទាំង​អស់​ទៅ​ព្រះ​វិញ។ ម៉ារា​ពោល​ថា៖ «ព្រះ​នាម​ទ្រង់​បរិសុទ្ធ ទ្រង់​មាន​សេចក្ដី​មេត្ដា​ករុណា​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស ដែល​គេ​កោត​ខ្លាច​ទ្រង់​ត​រៀង​ទៅ»។

ម៉ារា​បន្ត​លើក​សរសើរ​ព្រះ​តាម​ចំរៀង​ជា​ទំនាយ​ដែល​បាន​បណ្ដាល​ឲ្យ​តែង​មក ដោយ​ប្រកាស​ថា៖ «ទ្រង់​បាន​សំដែង​ឫទ្ធិ ដោយ​ព្រះ​ហស្ត​ទ្រង់ ព្រម​ទាំង​កំចាត់​កំចាយ​មនុស្ស​អំនួត ដោយ​សារ​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​ខ្លួន​គេ ទាំង​ទំលាក់​ស្តេច​ពី​បល្ល័ង្ក​ចេញ ហើយ​លើក​មនុស្ស​រាប​សា​ឡើង​វិញ ឯ​មនុស្ស​ឃ្លាន ទ្រង់​បាន​ចំអែត​ដោយ​របស់​ល្អ តែ​ពួក​អ្នក​មាន ទ្រង់​បាន​បណ្ដេញ​ឲ្យ​ទៅ​ទទេ​វិញ ទ្រង់​បាន​ជួយ​អ៊ីស្រាអែល ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​បាន​នឹក​ចាំ​ពី​សេចក្ដី​មេត្ដា​ករុណា​ទ្រង់ ដូច​ជា​ទ្រង់​មាន​បន្ទូល​នឹង​ពួក​ឰយុកោ​យើង គឺ​នឹង​លោក​អ័ប្រាហាំ ហើយ​នឹង​ពូជ​លោក​ជា​រៀង​រាប​ដរាប​ត​មក»។

ម៉ារា​នៅ​ជា​មួយ​អេលីសាបិត​អស់​រយៈ​ពេល​ប្រមាណ​បី​ខែ ហើយ​ម៉ារា​ប្រាកដ​ជា​បាន​ជួយ​ធ្វើ​កិច្ច​ការ​ឲ្យ​អេលីសាបិត​ជា​ច្រើន ជា​ពិសេស​ក្នុង​កំឡុង​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​ដែល​អេលីសាបិត​ពពោះ​នោះ។ គឺ​ប្រាកដ​ជា​ប្រសើរ​មែន ដែល​ស្ត្រី​ដ៏​ស្មោះ​ត្រង់​ទាំង​ពីរ​នាក់​នេះ​មាន​ផ្ទៃ​ពោះ​ដោយ​សារ​ជំនួយ​របស់​ព្រះ អាច​នៅ​ជា​មួយ​គ្នា​ក្នុង​គ្រា​នេះ​ដែល​ប្រកប​ដោយ​ព្រះ​ពរ!

តើ​អ្នក​បាន​កត់​សម្គាល់​នូវ​កិត្ដិយស​ដែល​បាន​ថ្វាយ​ចំពោះ​ព្រះ​យេស៊ូ មុន​នឹង​ទ្រង់​ប្រសូត​មក​ឬ​ទេ? អេលីសាបិត​បាន​ហៅ​ទ្រង់ «ព្រះ​អម្ចាស់» ហើយ​កូន​របស់​គាត់​បាន​បង្រះ​ដោយ​សេចក្ដី​អំណរ ពេល​ម៉ារា​បាន​ចូល​ក្នុង​ផ្ទះ​គាត់​ជា​លើក​ដំបូង។ តែ​ផ្ទុយ​ទៅ​វិញ ក្រោយ​មក​យើង​នឹង​ឃើញ​ថា អ្នក​ឯ​ទៀត​បាន​ប្រព្រឹត្ត​ដោយ​មិន​គោរព​ចំពោះ​ម៉ារា​និង​បុត្រ​ដែល​ត្រូវ​ប្រសូត​មក​នេះ។ លូកា ១:២៦​-​៥៦

តើ​កាព្រីយ៉ែល​ពោល​យ៉ាង​ណា ដើម្បី​ជួយ​ម៉ារា​ឲ្យ​យល់​នូវ​របៀប​ដែល​នាង​នឹង​មាន​គភ៌​នោះ?

តើ​ព្រះ​យេស៊ូ​បាន​ទទួល​កិត្ដិយស​អ្វី មុន​នឹង​ទ្រង់​ប្រសូត​មក?

តើ​ម៉ារា​ពោល​យ៉ាង​ណា នៅ​ក្នុង​ចំរៀង​ជា​ទំនាយ​ក្នុង​ការ​លើក​សរសើរ​ព្រះ?

តើ​ម៉ារា​នៅ​ជា​មួយ​អេលីសាបិត​អស់​រយៈ​ពេល​ប៉ុន្មាន? ហើយ​តើ​ហេតុ​អ្វី​ក៏​សម​ហេតុ​ផល ដែល​ម៉ារា​នៅ​ជា​មួយ​អេលីសាបិត​ក្នុង​កំឡុង​គ្រា​នោះ?