នៅក្នុងក្រុងកាពើណិម
ជំពូកទី២៦
នៅក្នុងក្រុងកាពើណិម
មកដល់ឥឡូវ កិត្ដិនាមរបស់ព្រះយេស៊ូបានល្បីសុសសាយពាសពេញ ហើយមនុស្សជាច្រើនបានធ្វើដំណើរទៅកន្លែងដែលនៅដាច់ឆ្ងាយពីគេ ជាកន្លែងដែលទ្រង់កំពុងតែគង់នៅនោះ។ ក៏ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ទ្រង់ក៏យាងត្រឡប់មកក្រុងកាពើណិមវិញតាមសមុទ្រកាលីឡេ។ ភ្លាមនោះ ក៏មានដំណឹងឮទូទាំងទីក្រុងថា ទ្រង់បានយាងត្រឡប់មកផ្ទះវិញហើយ ពេលនោះមនុស្សយ៉ាងច្រើនមកមូលផ្ដុំគ្នានៅឯផ្ទះ ដែលទ្រង់គង់នៅ។ ពួកផារីស៊ីនិងពួកបណ្ឌិតខាងវិន័យក៏មកពីទីក្រុងយេរូសាឡិមដែលមានចម្ងាយដ៏ឆ្ងាយដែរ។
មានមនុស្សយ៉ាងច្រើនកកកុញដល់ម្ល៉េះ ដែលពួកគេឈរប្រជ្រៀតគ្នាណែនណាន់តាន់តាប់ពេញមាត់ទ្វារ ហើយគ្មានកន្លែងណាឲ្យបុគ្គលណាម្នាក់ចូលទៅខាងក្នុងបានឡើយ។ នេះនាំឲ្យមានព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយកើតឡើង។ អ្វីដែលបានកើតឡើងនៅគ្រានេះគឺមានសារៈសំខាន់ណាស់ ដ្បិតនេះជួយយើងឲ្យដឹងថា ព្រះយេស៊ូមានអំណាចដកចេញនូវអ្វីដែលជាហេតុនៃការរងទុក្ខវេទនារបស់មនុស្ស ហើយនាំឲ្យមានសុខភាពល្អឡើងវិញដល់អស់អ្នកដែលទ្រង់មានព្រះទ័យប្រាថ្នាចង់ជួយនោះ។
កាលដែលព្រះយេស៊ូកំពុងតែបង្រៀនហ្វូងមនុស្សទាំងនេះ នោះមានបុរសបួននាក់សែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ដេកនៅលើគ្រែស្នែងមួយ។ ពួកគេចង់ឲ្យព្រះយេស៊ូប្រោសមិត្តរបស់ពួកគេឲ្យជាណាស់ ក៏ប៉ុន្តែដោយមានមនុស្សច្រើនពេក នោះពួកគេមិនអាចចូលទៅក្នុងបានឡើយ។ នេះពិតជាធ្វើឲ្យពួកគេខកចិត្តមែន! ក៏ប៉ុន្តែពួកគេមិនបានឈប់ព្យាយាមឡើយ។ ពួកគេក៏ឡើងទៅលើដំបូលដ៏រាបស្មើ ហើយចោះដំបូលផ្ទះនោះ រួចក៏សំរូតមនុស្សស្លាប់ដៃស្លាប់ជើងដែលដេកលើគ្រែស្នែងនេះទៅជិតព្រះយេស៊ូ។
តើព្រះយេស៊ូមានព្រះទ័យខ្ញាល់ដោយព្រោះការរំខាននេះឬទេ? គឺមិនដូច្នេះឡើយ! ផ្ទុយទៅវិញ ទ្រង់មានព្រះទ័យកោតស្ងើចយ៉ាងខ្លាំងដោយឃើញជំនឿរបស់ពួកគេ។ ទ្រង់មានបន្ទូលទៅកាន់អ្នកស្លាប់ដៃស្លាប់ជើងថា៖ «បាបរបស់ឯងបានអត់ទោសឲ្យឯងហើយ»។ ក៏ប៉ុន្តែ តើព្រះយេស៊ូពិតជាអាចអត់ឱនទោសចំពោះបាបមែនឬ? ពួកស្ក្រែបនិងពួកផារីស៊ីមិនគិតថាទ្រង់អាចធ្វើបានឡើយ។ ពួកគេរិះគិតក្នុងចិត្តថា៖ «ហេតុអ្វីបានជាមនុស្សនេះពោលពាក្យប្រមាថដល់ព្រះដូច្នេះ? ក្រៅពីព្រះតែ១ តើមានអ្នកណាអាចនឹងអត់ទោសបាបបាន?»។
ដោយជ្រាបអំពីគំនិតរបស់ពួកគេ នោះព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតក្នុងចិត្តយ៉ាងដូច្នេះ? ដ្បិតដែលនិយាយនឹងមនុស្សស្លាប់ដៃស្លាប់ជើងនេះថា ‹បាបឯងបានអត់ទោសឲ្យឯងហើយ› ឬក៏ថា ‹ឲ្យក្រោកឡើង យកគ្រែឯងដើរទៅ! នោះតើពាក្យណាងាយថាជាជាង?›»។
រួចមក ទ្រង់អនុញ្ញាតឲ្យហ្វូងមនុស្សរួមនឹងពួកអ្នករិះគន់ទ្រង់ដែរ ឲ្យពួកគេឃើញនូវការសម្ដែងដ៏អស្ចារ្យមួយដែលនឹងបង្ហាញថា ទ្រង់មានអំណាចដើម្បីអត់ឱនទោសបាបរបស់មនុស្សនៅលើផែនដីនេះ ហើយថាទ្រង់គឺប្រាកដជាបុរសម្នាក់ដ៏ឧត្តមបំផុតដែលធ្លាប់រស់នៅ។ នោះទ្រង់បែរទៅមនុស្សស្លាប់ដៃស្លាប់ជើងនេះ ហើយបញ្ជាថា៖ «អញប្រាប់ឲ្យឯងក្រោកឡើង យកគ្រែឯងដើរទៅផ្ទះទៅ!»។ គាត់ក៏ក្រោកឡើងភ្លាម យកគ្រែចេញទៅនៅមុខពួកគេទាំងអស់គ្នា! ដោយអស្ចារ្យនឹងការទាំងនោះយ៉ាងខ្លាំង មនុស្សគ្រប់គ្នាក៏សរសើរតម្កើងព្រះ ទាំងពោលថា៖ «យើងមិនដែលឃើញយ៉ាងដូច្នេះឡើយ!»។
តើអ្នកបានកត់សម្គាល់ឬទេ ថាព្រះយេស៊ូបានពណ៌នាអំពីបាបជាអ្វីដែលបណ្ដាលឲ្យមានជំងឺ ហើយថាការអត់ឱនទោសបាប គឺជាប់ទាក់ទងនឹងការនាំឲ្យមានសុខភាពល្អខាងរូបកាយឡើងវិញនោះ? ព្រះគម្ពីរពន្យល់ថា ឪពុកដំបូងរបស់យើង គឺអ័ដាមបានប្រព្រឹត្តអំពើបាប ហើយយើងគ្រប់គ្នាបានទទួលលទ្ធផលនៃបាបនេះជាមរតក នោះគឺជា ជំងឺនិងសេចក្ដីស្លាប់។ ក៏ប៉ុន្តែនៅក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្រនៃព្រះ នោះព្រះយេស៊ូនឹងអត់ឱនទោសឲ្យបាបរបស់អស់អ្នកដែលស្រឡាញ់ព្រះហើយបំរើទ្រង់ បន្ទាប់ពីនោះទៀតទ្រង់នឹងដកជំងឺចេញ។ នេះគឺជាអ្វីដ៏ប្រសើរយ៉ាងណាទៅហ្ន៎! ម៉ាកុស ២:១-១២; លូកា ៥:១៧-២៦; ម៉ាថាយ ៩:១-៨; រ៉ូម ៥:១២, ១៧-១៩
▪ តើព្រឹត្ដិការណ៍ដ៏អស្ចារ្យកើតមានឡើងក្រោមបរិយាការបែបណា?
▪ តើមនុស្សស្លាប់ដៃស្លាប់ជើងបានមកដល់កន្លែងដែលព្រះយេស៊ូគង់នៅយ៉ាងដូចម្ដេច?
▪ ហេតុអ្វីក៏យើងគ្រប់គ្នាមានបាប? ក៏ប៉ុន្តែតើតាមរបៀបណាដែលព្រះយេស៊ូផ្ដល់ឲ្យនូវសេចក្ដីសង្ឃឹមដែលថា ការអត់ឱនទោសនិងការមានសុខភាពល្អគ្រប់ល័ក្ខណ៍គឺអាចមានមែន?