លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

នៅក្នុងផ្ទះស៊ីម៉ូនភូមិបេថានី

នៅក្នុងផ្ទះស៊ីម៉ូនភូមិបេថានី

ជំពូក​ទី​១០១

នៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន​ភូមិ​បេថានី

ពេល​ព្រះ​យេស៊ូ​យាង​ចេញ​ពី​ក្រុង​យេរីខូរ នោះ​ទ្រង់​យាង​ឆ្ពោះ​ទៅ​ភូមិ​បេថានី។ ការ​ធ្វើ​ដំណើរ​នេះ​អស់​រយៈ​ពេល​មួយ​ថ្ងៃ ដ្បិត​ការ​ធ្វើ​ដំណើរ​ឡើង​ចំណោត​ដែល​មាន​ចម្ងាយ​១៩​គីឡូ​ម៉ែត្រ គឺ​ជា​ផ្លូវ​ដ៏​ពិបាក​មែន។ ក្រុង​យេរីខូរ​គឺ​នៅ​ក្រោម​កំពស់​សមុទ្រ​ប្រហែល​ជា​២៥០​ម៉ែត្រ ហើយ​ភូមិ​បេថានី​គឺ​នៅ​ខាង​លើ​កំពស់​សមុទ្រ​ប្រហែល​៧៦០​ម៉ែត្រ។ អ្នក​ប្រហែល​ជា​នៅ​នឹក​ចាំ​បាន​ថា ភូមិ​បេថានី​ជា​លំនៅ​របស់​ឡាសារ​និង​បង​ស្រី​របស់​គាត់។ ភូមិ​តូច​នេះ​គឺ​នៅ​លើ​ជម្រាល​ភ្នំ​ដើម​អូលីវ​ទិស​ខាង​កើត មាន​ចំ​ងាយ​ប្រមាណ​បី​គីឡូ​ម៉ែត្រ​ពី​ទី​ក្រុង​យេរូសាឡិម។

មនុស្ស​ជា​ច្រើន​បាន​មក​ដល់​ក្រុង​យេរូសាឡិម​រួច​ទៅ​ហើយ ដើម្បី​ធ្វើ​បុណ្យ​រំលង។ ពួក​គេ​បាន​មក​មុន ដើម្បី​សំអាត​ខ្លួន​តាម​ទំលាប់​ពិធី​បុណ្យ។ ប្រហែល​ជា​ពួក​គេ​បាន​ពាល់​សព ឬ​បាន​ប្រព្រឹត្ត​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​ស្អាត។ ដូច្នេះ ពួក​គេ​ក៏​ធ្វើ​តាម​ទំលាប់​សំអាត​ខ្លួន ដើម្បី​ធ្វើ​ពិធី​បុណ្យ​រំលង​តាម​របៀប​ដ៏​ថ្លៃ​ថ្នូរ​នោះ។ ពេល​ដែល​ពួក​គេ​ផ្ដុំ​គ្នា​នៅ​ឯ​ព្រះ​វិហារ នោះ​ពួក​គេ​ជា​ច្រើន​ស្ទង់​មតិ​គ្នា​ថា តើ​ព្រះ​យេស៊ូ​មក​ធ្វើ​បុណ្យ​រំលង​នេះ​ឬ​ក៏​យ៉ាង​ណា។

ក្រុង​យេរូសាឡិម​ជា​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​តែ​ឈ្លោះ​ប្រកែក​គ្នា​អំពី​រឿង​ព្រះ​យេស៊ូ។ គេ​ដឹង​ជា​ទូទៅ​ថា​ពួក​មេ​ដឹក​នាំ​សាសនា​ចង់​ចាប់​ព្រះ​យេស៊ូ​មក​ធ្វើ​គុត។ ជាង​នោះ​ទៅ​ទៀត ពួក​មេ​ដឹក​នាំ​សាសនា​បាន​បញ្ជា​ថា បើ​អ្នក​ណា​ម្នាក់​ដឹង​ថា​ទ្រង់​នៅ​កន្លែង​ណា នោះ​ត្រូវ​មក​រាយ​ការណ៍​ប្រាប់​ឲ្យ​ពួក​គេ​ដឹង​ជា​ដាច់​ខាត។ នៅ​ខែ​មុន​ៗ​នេះ បី​ដង​ហើយ​ដែល​ពួក​អ្នក​ដឹក​នាំ​ទាំង​នេះ​ខំ​ធ្វើ​គុត​ទ្រង់ លើក​ទី​មួយ​នៅ​ឯ​ពិធី​បុណ្យ​បារាំ លើក​ទី​ពីរ​នៅ​ពេល​មាន​បុណ្យ​ឧទ្ទិស​ថ្វាយ និង​លើក​ទី​បី​ក្រោយ​ពី​ទ្រង់​ប្រោស​ឡាសារ​រស់​ឡើង​វិញ។ ដូច្នេះ បណ្ដា​ជន​ឆ្ងល់​ថា តើ​ព្រះ​យេស៊ូ​នឹង​បង្ហាញ​ខ្លួន​នៅ​កន្លែង​សាធារណៈ​ម្ដង​ទៀត​ឬ​ទេ? ពួក​គេ​សួរ​គ្នី​គ្នា​ថា៖ «តើ​គិត​ដូច​ម្ដេច?»។

ចន្លោះ​ពេល​នោះ ព្រះ​យេស៊ូ​យាង​មក​ដល់​ភូមិ​បេថានី​ប្រាំ​មួយ​ថ្ងៃ​មុន​នឹង​បុណ្យ​រំលង ដែល​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៤​ខែ​ណែសាន យោង​ទៅ​តាម​ប្រក្រតិទិន​សាសន៍​យូដា។ ព្រះ​យេស៊ូ​យាង​មក​ដល់​ភូមិ​បេថានី​នៅ​ថ្ងៃ​សុក្រ​ពេល​ល្ងាច ដែល​ជា​ដើម​ថ្ងៃ​ទី​៨ ខែ​ណែសាន។ ទ្រង់​មិន​អាច​ធ្វើ​ដំណើរ​បន្ត​ពី​ភូមិ​បេថានី​ទៅ​មុខ​ទៀត​នៅ​ថ្ងៃ​សៅរ៍​បាន​ទេ ពីព្រោះ​ការ​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​ឈប់​សំរាក ដែល​ចាប់​គិត​ពី​ពេល​ថ្ងៃ​លិច​នៅ​ថ្ងៃ​សុក្រ​ដល់​ពេល​ថ្ងៃ​លិច​នៅ​ថ្ងៃ​សៅរ៍ យោង​ទៅ​តាម​ក្រិត្យ​វិន័យ​សាសនា​យូដា​គឺ​បាន​ហាម​ឃាត់​ជា​ដាច់​ខាត។ ព្រះ​យេស៊ូ​ប្រហែល​ជា​យាង​ទៅ​ផ្ទះ​របស់​ឡាសារ​ស្នាក់​នៅ​ទី​នោះ​នៅ​យប់​ថ្ងៃ​សុក្រ ដូច​រាល់​ដង។

ប៉ុន្តែ មាន​បុរស​ម្នាក់​នៅ​ភូមិ​បេថានី​បាន​អញ្ជើញ​ព្រះ​យេស៊ូ​និង​គូកន​របស់​ទ្រង់ ឲ្យ​ទៅ​សោយ​ព្រះ​ស្ងោយ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍។ បុរស​នេះ​គឺ​ឈ្មោះ​ស៊ីម៉ូន ដែល​ពី​មុន​គាត់​កើត​ឃ្លង់ តែ​ប្រហែល​ជា​ព្រះ​យេស៊ូ​ប្រោស​គាត់​ឲ្យ​ជា​នៅ​ពេល​មុន។ នាង​ម៉ាថា​កំពុង​តែ​បំរើ​ភ្ញៀវ ដែល​សម​នឹង​លក្ខណៈ​ដ៏​ឧស្សាហ៍​របស់​នាង។ រីឯ​នាង​ម៉ារា​វិញ ជា​ធម្មតា​ជា​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ​យេស៊ូ​រាល់​លើក តែ​លើក​នេះ​ម៉ារា​ធ្វើ​អ្វី​មួយ​ដែល​គួរ​ឲ្យ​ទាស់​ចិត្ត​គេ​ណាស់។

នាង​ម៉ារា​បើក​ដប​ថ្ម​កែវ ឬ​ដប​តូច​មួយ​ដែល​មាន​ប្រេង​ក្រអូប គឺ​ជា«ទេព្វិរូ​សុទ្ធ»។ ប្រេង​នេះ​គឺ​មាន​តម្លៃ​ថ្លៃ​ណាស់។ ប្រាកដ​ហើយ តម្លៃ​ប្រេង​នេះ​គឺ​ស្មើ​នឹង​ប្រាក់​ខែ​មួយ​ឆ្នាំ! នៅ​ពេល​នាង​ម៉ារា​ចាក់​លាប​ព្រះ​សិរ​និង​ព្រះ​បាទ​ព្រះ​យេស៊ូ នាង​ក៏​យក​សក់​នាង​ជូត​ផង​ដែរ ការ​ធ្វើ​បែប​នេះ​នាំ​ឲ្យ​ក្លិន​ប្រេង​ក្រអូប​សាយភាយ​ពេញ​ផ្ទះ។

តែ​ពួក​សិស្ស​ខឹង ហើយ​ទូល​ថា៖ «ធ្វើ​បង្ខាត​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី?»។ រួច​មក យូដាស​អ៊ីស្ការីយ៉ុត​ក៏​ពោល​ថា៖ «ម្ដេច​ឡើយ​ក៏​មិន​បាន​លក់​ប្រេង​ក្រអូប​នេះ​ជា​ដំឡៃ[«ប្រាក់​ឌីណារី​៣០០​កាក់», ព.ថ.] ដើម្បី​ចែក​ឲ្យ​ដល់​មនុស្ស​ក្រី​ក្រ​វិញ?»។ ប៉ុន្តែ តាម​ពិត​យូដាស​មិន​បាន​ខ្វល់​ខ្វាយ​ចំពោះ​មនុស្ស​ក្រី​ក្រ​ទេ ដ្បិត​គាត់​តែង​លួច​យក​ប្រាក់​ពី​ថង់ ដែល​ពួក​សិស្ស​ទុក​នោះ។

ប៉ុន្តែ​ព្រះ​យេស៊ូ​មាន​បន្ទូល​គាំទ្រ​នាង​ម៉ារា។ ទ្រង់​មាន​បន្ទូល​ថា៖ «កុំ​ធ្វើ​នាង ហេតុ​អ្វី​បាន​ជា​នាំ​បង្អាក់​ចិត្ត​នាង​ដូច្នេះ នាង​បាន​ធ្វើ​ការ​នេះ ជា​ការ​ល្អ​ដល់​ខ្ញុំ​ណាស់ ពីព្រោះ​អ្នក​រាល់​គ្នា​មាន​ពួក​អ្នក​ក្រ​នៅ​ជា​មួយ​ជា​ដរាប ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ចង់​ធ្វើ​គុណ​នឹង​គេ នោះ​ចេះ​តែ​ធ្វើ​បាន តែ​ចំណែក​ខ្ញុំ មិន​នៅ​ជា​មួយ ជា​ដរាប​ទេ នាង​បាន​ធ្វើ​ការ​អ្វី​ដែល​នាង​ធ្វើ​បាន គឺ​បាន​មក​មុន​ពេល​កំណត់ នឹង​លាប​ខ្លួន​ខ្ញុំ ជា​ការ​សំរាប់​កប់​ខ្មោច​ខ្ញុំ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា កន្លែង​ណា​ដែល​គេ​នឹង​ផ្សាយ​ដំណឹង​ល្អ​នេះ​ទួទៅ គ្រប់​ក្នុង​លោកីយ​ទាំង​មូល នោះ​គេ​តែង​នឹង​ដំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ ហើយ​នេះ​ទុក​សំរាប់​ជា​កេរ្ដិ៍​នាង​ត​ទៅ»។

ឥឡូវ​នេះ ព្រះ​យេស៊ូ​ស្នាក់​នៅ​ភូមិ​បេថានី​ជាង​២៤​ម៉ោង​ហើយ ហើយ​វត្តមាន​របស់​ទ្រង់​គឺ​ឮ​សុស​សាយ។ ដូច្នេះ​ហើយ មនុស្ស​ជា​ច្រើន​បាន​មក​ផ្ទះ​ស៊ីម៉ូន​ដើម្បី​មើល​ព្រះ​យេស៊ូ តែ​ពួក​គេ​ក៏​ចង់​ឃើញ​ឡាសារ ដែល​មាន​វត្តមាន​នៅ​ទី​នោះ​ដែរ។ ដូច្នេះ សម្ដេច​សង្ឃ​បាន​សម្រេច​ចិត្ត​ថា​ត្រូវ​សម្លាប់​ព្រះ​យេស៊ូ ព្រម​ទាំង​ឡាសារ​ដែរ។ នេះ​គឺ​ព្រោះ​តែ​មនុស្ស​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ ដោយ​គេ​ឃើញ​បុគ្គល​ដែល​ទ្រង់​ប្រោស​ពី​ស្លាប់​នោះ​នៅ​រស់! ពិត​មែន ពួក​មេ​ដឹក​នាំ​សាសនា​ទាំង​នេះ​គឺ​អាក្រក់​ជួជាតិ​មែន! យ៉ូហាន ១១:៥៥–១២:១១; ម៉ាថាយ ២៦:៦​-​១៣; ម៉ាកុស ១៤:៣​-​៩; កិច្ច​ការ ១:១២

តើ​មាន​ការ​ជជែក​គ្នា​អ្វី​នៅ​ឯ​ព្រះ​វិហារ​ក្នុង​ក្រុង​យេរូសាឡិម? ហើយ​ហេតុ​អ្វី?

ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ត្រូវ​យាង​មក​ដល់​ភូមិ​បេថានី​នៅ​ថ្ងៃ​សុក្រ​មិន​មែន​នៅ​ថ្ងៃ​សៅរ៍?

ពេល​ព្រះ​យេស៊ូ​យាង​មក​ដល់​ភូមិ​បេថានី តើ​ទ្រង់​ប្រហែល​ជា​ស្នាក់​នៅ​កន្លែង​ណា​នៅ​ថ្ងៃ​ឈប់​សំរាក?

តើ​នាង​ម៉ារា​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​គេ​ទាស់​ចិត្ត? ហើយ​តើ​ព្រះ​យេស៊ូ​គាំទ្រ​នាង​យ៉ាង​ណា?

តើ​អ្វី​ដែល​បង្ហាញ​ថា​សម្ដេច​សង្ឃ​គឺ​អាក្រក់​ជួជាតិ​នោះ?