លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

នៅឯពិធីបុណ្យបារាំ

នៅឯពិធីបុណ្យបារាំ

ជំពូក​ទី​៦៦

នៅ​ឯ​ពិធី​បុណ្យ​បារាំ

អស់​រយៈ​ពេល​ជិត​បី​ឆ្នាំ តាំង​ពី​ទ្រង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​មក កិត្ដិនាម​របស់​ព្រះ​យេស៊ូ​បាន​ល្បី​សុស​សាយ​គ្រប់​ទី​កន្លែង។ មនុស្ស​រាប់​ពាន់​នាក់​បាន​ឃើញ​អព្ភូតហេតុ​របស់​ទ្រង់ ហើយ​គេ​និយាយ​រៀប​រាប់​ប្រាប់​ត​ៗ​គ្នា​អំពី​សកម្មភាព​របស់​ទ្រង់​ទូទាំង​ស្រុក​នោះ។ ឥឡូវ​នេះ កាល​មនុស្ស​ប្រមូល​គ្នា​មក​ឯ​បុណ្យ​បារាំ​នៅ​ក្នុង​ក្រុង​យេរូសាឡិម នោះ​ពួក​គេ​ក៏​ស្វែង​រក​ទ្រង់។ ពួក​គេ​ចង់​ដឹង​ថា៖ «តើ​លោក​នៅ​ឯ​ណា?»។

ហ្វូង​មនុស្ស​ជជែក​គ្នា​ពី​ព្រះ​យេស៊ូ។ អ្នក​ខ្លះ​និយាយ​ថា៖ «លោក​ជា​មនុស្ស​ល្អ»។ មនុស្ស​ខ្លះ​ទៀត​ពោល​អះអាង​ថា៖ «ទេ! អ្នក​នោះ​ជា​អ្នក​បញ្ឆោត​ប្រជាជន​ទេ​តើ!»។ គឺ​មាន​ការ​និយាយ​ខ្សឹបខ្សៀវ​គ្នា​ជា​ច្រើន​ក្នុង​ថ្ងៃ​បើក​កម្ម​វិធី​បុណ្យ​នេះ។ ប៉ុន្តែ​គ្មាន​នរណា​ហ៊ាន​និយាយ​សរសើរ​ព្រះ​យេស៊ូ​នៅ​មុខ​គេ​ឡើយ ពីព្រោះ​បណ្ដា​ជន​ខ្លាច​មេ​ដឹក​នាំ​សាសន៍​យូដា​ធ្វើ​អាក្រក់​បក​ទៅ​លើ​ពួក​គេ​វិញ។

លុះ​ដល់​ពាក់​កណ្ដាល​ពិធី​បុណ្យ​នេះ នោះ​ព្រះ​យេស៊ូ​ក៏​យាង​ទៅ​ដល់។ ទ្រង់​យាង​ឡើង​ទៅ​ព្រះ​វិហារ ហើយ​បណ្ដា​ជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នឹង​ការ​បង្រៀន​ដ៏​ប៉ិន​ប្រសប់​របស់​ទ្រង់។ ដោយ​ព្រោះ​ព្រះ​យេស៊ូ​មិន​ដែល​បាន​រៀន​នៅ​សាលា​នៃ​ពួក​រ៉ាប៊ី នោះ​ពួក​សាសន៍​យូដា​នឹក​ឆ្ងល់​ថា៖ «ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​នេះ​ចេះ​គម្ពីរ​ដូច្នេះ ពីព្រោះ​គាត់​មិន​ដែល​រៀន​សូត្រ​សោះ?»។

ព្រះ​យេស៊ូ​ពន្យល់​ថា៖ «សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ គឺ​ជា​របស់​ផង​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់ នោះ​នឹង​បាន​ដឹង​ជា​សេចក្ដី​បង្រៀន​នេះ​មក​ពី​ព្រះ ឬ​ជា​ខ្ញុំ​និយាយ​ដោយ​អាង​ខ្លួន​ខ្ញុំ»។ ព្រះ​យេស៊ូ​បង្រៀន​ដោយ​កាន់​តាម​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​ក្រិត្យ​វិន័យ​របស់​ព្រះ ដូច្នេះ​នេះ​បង្ហាញ​ថា​ព្រះ​យេស៊ូ​ថ្វាយ​កិត្ដិយស​ចំពោះ​ព្រះ មិន​មែន​ចំពោះ​អង្គ​ទ្រង់​ទេ។ ព្រះ​យេស៊ូ​មាន​បន្ទូល​សួរ​ថា៖ «ឯ​លោក​ម៉ូសេ តើ​មិន​បាន​ឲ្យ​ក្រិត្យ​វិន័យ​មក​អ្នក​រាល់​គ្នា​ទេ​ឬ?»។ ហើយ​ទ្រង់​ស្តី​បន្ទោស​ពួក​គេ​ថា៖ «ប៉ុន្តែ​ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​មួយ​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ​នោះ​ទេ»។

រួច​មក​ព្រះ​យេស៊ូ​មាន​បន្ទូល​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​សំឡាប់​ខ្ញុំ​ដូច្នេះ?»។

ហ្វូង​មនុស្ស​ភាគ​ច្រើន​ជា​អ្នក​មក​ចូល​រួម​ពិធី​បុណ្យ​នេះ មិន​បាន​ដឹង​នូវ​ការ​ប៉ុន​ប៉ង​នេះ​ទេ។ អ្នក​មក​ចូល​រួម​ទាំង​នេះ​គិត​ថា នេះ​ជា​អ្វី​ដ៏​មិន​គួរ​ឲ្យ​ជឿ​សោះ​ដែល​មាន​គេ​ចង់​សម្លាប់​គ្រូ​បង្រៀន​ដ៏​ឧត្តម​បែប​នេះ។ ដូច្នេះ ពួក​គេ​ជឿ​ថា​ច្បាស់​ជា​ព្រះ​យេស៊ូ​មាន​ស្មារតី​មិន​នឹង​ហើយ​ដែល​ទ្រង់​គិត​ដូច្នេះ។ ពួក​គេ​និយាយ​ថា៖ ‹អ្នក​មាន​អារក្ស​ចូល​ទេ​ដឹង? តើ​មាន​អ្នក​ណា​រក​សំឡាប់​អ្នក?›។

ទោះ​ជា​ហ្វូង​មនុស្ស​ឥត​ដឹង​អ្វី​សោះ​ក៏​ដោយ តាម​ពិត​គឺ​ជា​ពួក​មេ​ដឹក​នាំ​សាសនា​យូដា​ដែល​ចង់​ធ្វើ​គុត​ព្រះ​យេស៊ូ​នោះ។ កាល​ពី​មួយ​ឆ្នាំ​កន្លះ​មុន​នេះ ព្រះ​យេស៊ូ​ប្រោស​បុរស​ម្នាក់​ឲ្យ​ជា​នៅ​ថ្ងៃ​ឈប់​សំរាក បណ្ដាល​ឲ្យ​ពួក​មេ​ដឹក​នាំ​សាសនា​ចង់​ធ្វើ​គុត​ទ្រង់។ ដូច្នេះ ឥឡូវ​នេះ ព្រះ​យេស៊ូ​បញ្ជាក់​ប្រាប់​នូវ​ភាព​មិន​សម​ហេតុ​ផល​របស់​ពួក​គេ ដោយ​មាន​បន្ទូល​សួរ​ថា៖ «ដូច្នេះ បើ​មនុស្ស​ទទួល​កាត់​ស្បែក នៅ​ថ្ងៃ​ឈប់​សំរាក ដើម្បី​មិន​ឲ្យ​រំលង​ក្រិត្យ​វិន័យ​របស់​លោក​ម៉ូសេ នោះ​តើ​អ្នក​រាល់​គ្នា​ខឹង​នឹង​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​បាន​ជា​ស្រឡះ នៅ​ថ្ងៃ​ឈប់​សំរាក​ឬ​អី? កុំ​ឲ្យ​ជំនុំ​ជំរះ​តាម​ភាព​ដែល​មើល​ឃើញ​តែ​ខាង​ក្រៅ​ឡើយ ត្រូវ​ជំនុំ​ជំរះ​តាម​សេចក្ដី​សុចរិត​វិញ»។

បណ្ដា​ជន​នៅ​ក្រុង​យេរូសាឡិម​ដែល​ដឹង​អំពី​ស្ថានការណ៍​នេះ ឥឡូវ​ក៏​ពោល​ថា៖ «គឺ​អ្នក​នេះ​ទេ​តើ ដែល​គេ​រក​សំឡាប់​នោះ? ហើយ​មើល! គាត់​និយាយ​នៅ​កណ្ដាល​ចំណោម តែ​គ្មាន​អ្នក​ណា​ថា​អ្វី​ឲ្យ​សោះ តើ​ពួក​នាម៉ឺន​បាន​យល់​ឃើញ​ហើយ​ថា អ្នក​នេះ​ជា​ព្រះ​គ្រីស្ទ​មែន​ឬ?»។ ពួក​អ្នក​ស្រុក​នៅ​ក្រុង​យេរូសាឡិម​ពន្យល់​នូវ​ហេតុ​ដែល​ពួក​គេ​មិន​ជឿ​ថា​ព្រះ​យេស៊ូ​គឺ​ជា​ព្រះ​គ្រីស្ទ ដោយ​ស្រដី​ថា៖ «ឯ​អ្នក​នេះ យើង​ដឹង​ជា​មក​ពី​ណា តែ​ព្រះ​គ្រីស្ទ​វិញ កាល​ណា​ទ្រង់​យាង​មក នោះ​គ្មាន​អ្នក​ណា​ដឹង​ជា​មក​ពី​ណា​ទេ»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ ហើយ​ដឹង​ជា​ខ្ញុំ​មក​ពី​ណា​ផង តែ​ខ្ញុំ​មិន​បាន​មក ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ ឯ​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ពិត​ត្រង់​ហើយ អ្នក​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ តែ​ខ្ញុំ​ស្គាល់​ទ្រង់ ពីព្រោះ​ខ្ញុំ​មក​ពី​ទ្រង់ គឺ​ទ្រង់​ពិត ដែល​ចាត់​ឲ្យ​ខ្ញុំ​មក»។ ខណៈ​នោះ​ពួក​គេ​រក​ចាប់​ទ្រង់ ប្រហែល​ជា​ចង់​ចាប់​ទ្រង់​ដាក់​គុក ឬ​ធ្វើ​គុត​ដល់​ទ្រង់។ ប៉ុន្តែ ពួក​គេ​ឥត​បាន​ជោគ​ជ័យ​ទេ ពីព្រោះ​នេះ​មិន​មែន​ជា​ពេល​ដែល​ព្រះ​យេស៊ូ​ត្រូវ​សោយ​ទិវង្គត​ឡើយ។

ក៏​ប៉ុន្តែ មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ព្រះ​យេស៊ូ មែន​ហើយ ពួក​គេ​គួរ​ជឿ​ដូច្នេះ​មែន។ ដ្បិត​ព្រះ​យេស៊ូ​បាន​យាង​លើ​ទឹក ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់ និង​ធ្វើ​អព្ភូតហេតុ​ចំអែត​មនុស្ស​រាប់​ពាន់​នាក់​ដោយ​ប្រើ​នំ​ប៉័ង​និង​ត្រី​បន្ដិច​បន្តួច​ប៉ុណ្ណោះ ថែម​ទាំង​ប្រោស​មនុស្ស​ឈឺ​ឲ្យ​ជា ប្រោស​មនុស្ស​ពិការ​ឲ្យ​ដើរ​បាន ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ​វិញ ប្រោស​មនុស្ស​ឃ្លង់​ឲ្យ​ជា ហើយ​ព្រម​ទាំង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ផង។ ដូច្នេះ ពួក​គេ​សួរ​ថា៖ «កាល​ណា​ព្រះ​គ្រីស្ទ​យាង​មក តើ​ទ្រង់​នឹង​ធ្វើ​ទី​សំគាល់​ច្រើន​ជាង​លោក​នេះ​ឬ?»។

នៅ​ពេល​ពួក​ផារីស៊ី​បាន​ឮ​ថា​បណ្ដា​ជន​កំពុង​ជជែក​គ្នា​អំពី​រឿង​ទាំង​នេះ ពួក​គេ​និង​ពួក​សម្ដេច​សង្ឃ​ក៏​ចាត់​ពួក​អាជ្ញា​ឲ្យ​ទៅ​ចាប់​ព្រះ​យេស៊ូ។ យ៉ូហាន ៧:១១​-​៣២

តើ​ពេល​ណា​ដែល​ព្រះ​យេស៊ូ​បាន​មក​ដល់​ពិធី​បុណ្យ​នេះ? ហើយ​តើ​មនុស្ស​កំពុង​ជជែក​គ្នា​យ៉ាង​ណា​អំពី​ទ្រង់?

ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លះ​និយាយ​ថា ព្រះ​យេស៊ូ​មាន​អារក្ស​ចូល?

តើ​បណ្ដា​ជន​នៅ​ក្រុង​យេរូសាឡិម​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​ព្រះ​យេស៊ូ?

ហេតុ​អ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ?