លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

នៅឯសមុទ្រកាលីឡេ

នៅឯសមុទ្រកាលីឡេ

ជំពូក​ទី​១៣០

នៅ​ឯ​សមុទ្រ​កាលីឡេ

ឥឡូវ​នេះ ពួក​សាវ័ក​ត្រឡប់​ទៅ​ស្រុក​កាលីឡេ​វិញ តាម​បន្ទូល​ដែល​ព្រះ​យេស៊ូ​បាន​បង្គាប់។ ប៉ុន្តែ ពួក​គាត់​ឥត​ប្រាកដ​ក្នុង​ចិត្ត​ថា ពួក​គាត់​នឹង​ត្រូវ​ធ្វើ​អ្វី​នៅ​ទី​នោះ​ទេ។ ក្រោយ​មក ពេត្រុស​ប្រាប់​ថូម៉ាស ណាថាណែល យ៉ាកុប និង​ប្អូន​គាត់​យ៉ូហាន និង​សាវ័ក​ពីរ​នាក់​ទៀត​ថា៖ «ខ្ញុំ​ទៅ​នេសាទ​ត្រី»។

សាវ័ក​ប្រាំ​មួយ​នាក់​នោះ​ឆ្លើយ​ថា៖ «យើង​ទៅ​ដែរ»។

ប៉ុន្តែ​អស់​មួយ​យប់​នោះ ពួក​គាត់​នេសាទ​មិន​បាន​អ្វី​សោះ។ ប៉ុន្តែ ដល់​ជិត​ភ្លឺ​ហើយ នោះ​ព្រះ​យេស៊ូ​លេច​ខ្លួន​នៅ​ឆ្នេរ​សមុទ្រ តែ​ពួក​សាវ័ក​មិន​ដឹង​ថា​ជា​ព្រះ​យេស៊ូ​ទេ។ ទ្រង់​មាន​បន្ទូល​ថា៖ «កូន​រាល់​គ្នា​អើយ! តើ​មាន​អ្វី​បរិភោគ​ឬ​ទេ?»។

ពួក​គាត់​ទូល​ឆ្លើយ​ថា៖ «គ្មាន​ទេ!»។

ទ្រង់​មាន​បន្ទូល​ប្រាប់​ថា៖ «ចូរ​ទំលាក់​អួន​ទៅ​ខាង​ស្ដាំ​ទូក នោះ​ទើប​បាន»។ ពេល​ពួក​គាត់​ទំលាក់​អួន​ទៅ តែ​ទាញ​អួន​មក​វិញ​មិន​រួច ព្រោះ​ជាប់​ត្រី​សន្ធឹក​ណាស់។

យ៉ូហាន​ក៏​ពោល​ឡើង​ថា៖ «នេះ​គឺ​ជា​ព្រះ​អម្ចាស់​ហើយ!»។

ពេល​ពេត្រុស​បាន​ឮ​ថា​ជា​ព្រះ​អម្ចាស់ នោះ​គាត់​ក៏​ស្លៀក​ពាក់ ព្រោះ​គាត់​នៅ​ខ្លួន​ទទេ ក៏​លោត​ចុះ​ទៅ​ក្នុង​ទឹក។ ហើយ​ត្រូវ​ហែល​ទឹក​អស់​ចំ​ងាយ​៩០​ម៉ែត្រ​ដើម្បី​ទៅ​ដល់​ឆ្នេរ​សមុទ្រ។ ពួក​សាវ័ក​ឯ​ទៀត​ជិះ​ទូក​តូច​ទៅ​តាម ទាំង​ទាញ​អួន​ដែល​មាន​ត្រី​ពេញ​ទៅ​ជា​មួយ​ផង។

ពេល​ពួក​គាត់​ឡើង​លើ​គោក ឃើញ​រងើក​ភ្លើង មាន​ដាក់​ត្រី​អាំង​ពី​លើ​និង​នំ​ប៉័ង​ផង​ដែរ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ពួក​គាត់​ថា៖ «ចូរ​យក​ត្រី​ខ្លះ ដែល​ទើប​នឹង​ចាប់​នោះ​មក»។ ពេត្រុស​ចុះ​ទៅ​ក្នុង​ទូក ទាញ​អួន​ដែល​មាន​ត្រី​ពេញ​មក​ដាក់​លើ​គោក។ អួន​នោះ​មាន​ត្រី​ធំ​ៗ​១៥៣​ក្បាល!

ព្រះ​យេស៊ូ​អញ្ជើញ​ពួក​គាត់​ថា៖ «ចូរ​មក​ពិសា​សិន»។

ប៉ុន្តែ គ្មាន​សិស្ស​ណា​ម្នាក់​ហ៊ាន​ទូល​សួរ​ទ្រង់​ថា «តើ​អ្នក​ណា​នុ៎ះ?»។ ពីព្រោះ​ពួក​គាត់​ដឹង​ថា​ជា​ព្រះ​យេស៊ូ​ហើយ។ ក្រោយ​ពី​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នេះ​ជា​លើក​ទី​ប្រាំ​ពីរ​ហើយ ដែល​ទ្រង់​បង្ហាញ​ខ្លួន​ឲ្យ​ពួក​គាត់​ឃើញ ហើយ​នេះ​ជា​លើក​ទី​បី ដែល​ទ្រង់​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សាវ័ក​ជា​ក្រុម​ឃើញ។ ឥឡូវ​នេះ ទ្រង់​យក​នំ​ប៉័ង​និង​ត្រី​មក​ប្រទាន​ឲ្យ​ពួក​គាត់​ម្នាក់​ៗ។

កាល​ពួក​គាត់​បាន​បរិភោគ​រួច​ហើយ ប្រហែល​ជា​ព្រះ​យេស៊ូ​សម្លឹង​ទៅ​មើល​ត្រី​ធំ​ៗ​ដែល​នេសាទ​បាន​នោះ ហើយ​ទ្រង់​សួរ​ពេត្រុស​ថា៖ «ស៊ីម៉ូន! កូន​យ៉ូណាស​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ?»។ ទ្រង់​ច្បាស់​ជា​មាន​ន័យ​ថា តើ​អ្នក​ស្រឡាញ់​ការ​នេសាទ​ត្រី​ច្រើន​ជាង​កិច្ច​ការ ដែល​ខ្ញុំ​បាន​រៀបចំ​ឲ្យ​អ្នក​ធ្វើ​ឬ?

ពេត្រុស​ទូល​ឆ្លើយ​ថា៖ «ទ្រង់​ជ្រាប​ថា ទូល​បង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង»។

រួច​ទ្រង់​សួរ​ពេត្រុស​ម្ដង​ទៀត​ថា៖ «ស៊ីម៉ូន! កូន​យ៉ូណាស​អើយ! តើ​ស្រឡាញ់​ខ្ញុំ​ឬ?»។

ពេត្រុស​ខំ​ទូល​ឆ្លើយ​ថា៖ «ព្រះ​ករុណា​វិសេស​ព្រះ​អម្ចាស់ ទ្រង់​ជ្រាប​ថា ទូល​បង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ»។

ព្រះ​យេស៊ូ​បង្គាប់​ម្ដង​ទៀត​ថា៖ «ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ចុះ!»។

រួច​ទ្រង់​មាន​បន្ទូល​ជា​គំរប់​បី​ដង​ថា៖ «ស៊ីម៉ូន! កូន​យ៉ូណាស​អើយ! តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន​ឬ?»។

ឥឡូវ​នេះ​ពេត្រុស​មាន​ចិត្ត​ព្រួយ។ គាត់​ប្រហែល​ជា​ឆ្ងល់ ច្បាស់​ជា​ព្រះ​យេស៊ូ​សង្ស័យ​នឹង​ភក្ដី​ភាព​របស់​គាត់​ហើយ។ ដ្បិត​ពេល​គេ​វិនិច្ឆ័យ​ទោស​ធ្វើ​គុត​ព្រះ​យេស៊ូ​នោះ ពេត្រុស​បដិសេធ​មិន​ស្គាល់​ទ្រង់​បី​ដង។ ដូច្នេះ​ពេត្រុស​ទូល​ថា៖ «ព្រះ​អម្ចាស់​អើយ! ទ្រង់​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ទ្រង់​ជ្រាប​ថា ទូល​បង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ»។

ព្រះ​យេស៊ូ​បង្គាប់​លើក​ទី​បី​ថា៖ «ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង»។

ដូច្នេះ ព្រះ​យេស៊ូ​យក​ពេត្រុស​ធ្វើ​ជា​គោល​ក្នុង​ការ​ធ្វើ​ឲ្យ​សាវ័ក​ដទៃ​ទៀត​ចាំ​ជាប់​នូវ​កិច្ចការ​ដែល​ទ្រង់​ចង់​ឲ្យ​ពួក​គាត់​ធ្វើ។ បន្ដិច​ទៀត ទ្រង់​នឹង​យាង​ចេញ​ពី​ផែនដី​នេះ ហើយ​ទ្រង់​ចង់​ឲ្យ​ពួក​គាត់​នាំ​មុខ​ក្នុង​ការ​បំរើ​អស់​អ្នក​ដែល​ត្រូវ​យក​ចូល​ក្នុង​ក្រោល​ចៀម​របស់​ព្រះ។

ដូច​ជា​ព្រះ​យេស៊ូ​ត្រូវ​គេ​ចាប់​និង​ប្រហារ​ជីវិត ដោយ​ព្រោះ​ទ្រង់​ធ្វើ​កិច្ចការ​ដែល​ព្រះ​បញ្ជា​ឲ្យ​ធ្វើ នោះ​ទ្រង់​មាន​បន្ទូល​ប្រាប់​ពេត្រុស​ថា គាត់​នឹង​រង​ទុក្ខ​ដូច​ទ្រង់​ដែរ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​គាត់​ថា៖ «កាល​អ្នក​នៅ​ពី​ក្មេង​នៅ​ឡើយ នោះ​បាន​ក្រវាត់​ខ្លួន​ឯង ទាំង​ដើរ​ទៅ​តាម​តែ​ចិត្ត តែ​កាល​ណា​ចាស់​ហើយ នោះ​អ្នក​នឹង​សន្ធឹង​ដៃ​ទៅ ហើយ​ម្នាក់​ទៀត​នឹង​ក្រវាត់​ឲ្យ​អ្នក​វិញ ទាំង​នាំ​អ្នក​ទៅ​ឯ​កន្លែង ដែល​អ្នក​មិន​ចង់​ទៅ​ផង»។ ទោះ​ជា​ពេត្រុស​នឹង​ទទួល​សេចក្ដី​ស្លាប់​ជា​ទុក្ករបុគ្គល​ម្នាក់​ក៏​ដោយ ព្រះ​យេស៊ូ​ដាស់​តឿន​គាត់​ថា៖ «ចូរ​តាម​ខ្ញុំ​ចុះ!»។

កាល​ពេត្រុស​ងាក​មើល​ក្រោយ​ហើយ​បាន​ឃើញ​យ៉ូហាន នោះ​ក៏​ទូល​សួរ​ទ្រង់​ថា៖ «ព្រះ​អម្ចាស់​អើយ! តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្ដេច​ទៅ?»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ!»។ ពួក​សិស្ស​ជា​ច្រើន​យល់​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ ថា​យ៉ូហាន​នឹង​មិន​ស្លាប់​ទេ។ ប៉ុន្តែ ដូច​ជា​សាវ័ក​យ៉ូហាន​បាន​ពន្យល់​ក្រោយ​មក ព្រះ​យេស៊ូ​មិន​មាន​បន្ទូល​ថា លោក​នឹង​មិន​ស្លាប់​នោះ​ទេ តែ​ទ្រង់​គ្រាន់​តែ​មាន​បន្ទូល​ថា៖ «បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក​វិញ​ប៉ុណ្ណោះ?»។

ក្រោយ​មក យ៉ូហាន​បាន​សង្កេត​ឃើញ​ថា៖ «មាន​ការ​ជា​ច្រើន​ទៀត ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​ដែរ ខ្ញុំ​ស្មាន​ថា បើ​នឹង​សរសេរ​ទុក ដោយ​លំដាប់​ត​មក នោះ​លោកីយ​ទាំង​មូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បី​នឹង​ដាក់​អស់​ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង»។ យ៉ូហាន ២១:១​-​២៥; ម៉ាថាយ ២៦:៣២; ២៨:៧, ១០

តើ​អ្វី​ដែល​បង្ហាញ​ថា សាវ័ក​ឥត​ប្រាកដ​ក្នុង​ចិត្ត​ថា​ពួក​គេ​នឹង​ធ្វើ​អ្វី​នៅ​ស្រុក​កាលីឡេ?

តើ​ដោយ​ដូច​ម្ដេច​ដែល​ពួក​សាវ័ក ទទួល​ស្គាល់​ព្រះ​យេស៊ូ​នៅ​ឯ​សមុទ្រ​កាលីឡេ?

តើ​ព្រះ​យេស៊ូ​បាន​លេច​ខ្លួន​ឲ្យ​ឃើញ​ប៉ុន្មាន​ដង​ហើយ តាំង​ពី​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ?

តើ​ព្រះ​យេស៊ូ​បញ្ជាក់​យ៉ាង​ណា នូវ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​ពួក​សាវ័ក​ធ្វើ​នោះ?

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បញ្ជាក់​របៀប​ដែល​ពេត្រុស​នឹង​ស្លាប់​នោះ?

តើ​ពួក​សាវ័ក​យល់​ខុស​យ៉ាង​ណា អំពី​អ្វី​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​សំដៅ​ទៅ​យ៉ូហាន​នោះ?