នំប៉័ងនិងដំបែ
ជំពូកទី៥៨
នំប៉័ងនិងដំបែ
បណ្ដាជនយ៉ាងច្រើនកុះករបានមកឯព្រះយេស៊ូនៅស្រុកដេកាប៉ូល។ មនុស្សជាច្រើនបានធ្វើដំណើរពីកន្លែងឆ្ងាយដាច់ស្រយាលមកឯតំបន់នេះដែលភាគច្រើនមានសាសន៍ដទៃរស់នៅ ដើម្បីមកស្ដាប់ទ្រង់ហើយឲ្យទ្រង់ប្រោសឲ្យគេជាពីជំងឺដែរ។ ពួកគេបានយកកន្ត្រកឬកំប្រោងមកជាមួយ ដែលធម្មតាគេទម្លាប់យកវាមកប្រើសំរាប់ដាក់ស្បៀង ពេលធ្វើដំណើរកាត់តំបន់សាសន៍ដទៃ។
ប៉ុន្តែ ជាយថាហេតុ ព្រះយេស៊ូហៅពួកសិស្សមកមានបន្ទូលថា៖ «ខ្ញុំមានចិត្តក្ដួលអាណិតដល់មនុស្សទាំងអស់នេះណាស់ ពីព្រោះគេបានមកនៅជាមួយនឹងខ្ញុំ៣ថ្ងៃហើយ តែឥឡូវនេះគ្មានអ្វីបរិភោគទេ បើខ្ញុំឲ្យគេត្រឡប់ទៅផ្ទះវិញទាំងអត់ នោះគេនឹងហេវតាមផ្លូវ ដ្បិតខ្លះបានមកពីឆ្ងាយណាស់»។
ពួកសិស្សទូលសួរថា៖ «នៅទីស្ងាត់នេះ តើនឹងរកនំប៉័ងពីណា ដើម្បីចំអែតដល់មនុស្សទាំងនេះបាន?»។
ព្រះយេស៊ូទ្រង់សួរថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មាន?»។
ពួកគេទូលថា៖ «មាន៧ ហើយនឹងត្រីតូចៗខ្លះ»។
ព្រះយេស៊ូក៏ប្រាប់បណ្ដាជនឲ្យអង្គុយផ្ទាល់នឹងដី ទ្រង់យកនំប៉័ងនិងត្រីទាំងនោះមកអរព្រះគុណ ហើយកាច់ប្រទានដល់ពួកសិស្ស ពួកគេក៏ចែកដល់ហ្វូងមនុស្ស។ ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា។ ក្រោយមក ពួកគេប្រមូលកំទេចនំប៉័ងនិងត្រីដែលនៅសល់បានប្រាំពីរកំប្រោង ទោះជាពួកបុរសដែលបានបរិភោគមានចំនួន៤.០០០នាក់ ហើយថែមទាំងមានស្រីៗនិងក្មេងៗបានបរិភោគផងដែរក៏ដោយ!
ព្រះយេស៊ូបានឲ្យហ្វូងមនុស្សវិលទៅវិញ ហើយទ្រង់យាងចុះទូកឆ្លងទៅដល់ឆ្នេរខាងលិចនៃសមុទ្រកាលីឡេ។ នៅលើកនេះ ពួកផារីស៊ីដែលមានសមាជិកនៃពួកសាឌូស៊ីនៅជាមួយ នាំគ្នាខំល្បងព្រះយេស៊ូដោយទូលសួរទ្រង់ឲ្យសម្ដែងទីសម្គាល់ពីស្ថានសួគ៌ឲ្យពួកគេឃើញ។
ព្រះយេស៊ូជ្រាបថាគេចង់ល្បងលទ្រង់ នោះទ្រង់ក៏មានបន្ទូលឆ្លើយថា៖ «ដល់ល្ងាចអ្នករាល់គ្នានិយាយថា ‹មេឃនឹងល្អ ពីព្រោះក្រហម› ហើយដល់ព្រឹក នោះអ្នករាល់គ្នាក៏ថា ‹នៅថ្ងៃនេះនឹងមានព្យុះភ្លៀង ព្រោះមេឃក្រហមស្រទំ› ឱមនុស្សកំពុតអើយ! អ្នករាល់គ្នាចេះសំគាល់សណ្ឋានរបស់មេឃមែន តែពុំអាចនឹងស្គាល់ទីសំគាល់នៃសម័យនេះបានទេ»។
ព្រះយេស៊ូហៅពួកគេជាពូជដំណអាក្រក់ ហើយកំផិត និងព្រមានពួកគេដូចដែលទ្រង់បានមានបន្ទូលប្រាប់ពួកផារីស៊ីមុននេះថា នឹងគ្មានទីសំគាល់ណាបានប្រទានមកគេ ក្រៅពីទីសំគាល់តែមួយនោះទេ គឺហោរាយ៉ូណាស។ បន្ទាប់មក ព្រះយេស៊ូនិងពួកសិស្សយាងចាកចេញពីពួកគេចុះទូកឆ្លងឆ្ពោះទៅកាន់ក្រុងបេតសៃដា នៅត្រើយទិសឦសាននៃសមុទ្រកាលីឡេ។ នៅតាមផ្លូវពួកសិស្សឃើញថា ពួកគេភ្លេចយកនំប៉័ងទៅជាមួយ ក្នុងចំណោមពួកគេមានតែនំប៉័ងតែមួយដុំប៉ុណ្ណោះ។
ដោយព្រះយេស៊ូនឹកចាំពីអ្វីដែលទើបតែនិយាយជាមួយនឹងពួកផារីស៊ីនិងពួកសាឌូស៊ីដែលគាំទ្រស្តេចហេរ៉ូឌ នោះទ្រង់ដាស់តឿនថា៖ «ចូរប្រុងមើល ហើយប្រយ័តនឹងដំបែរបស់ពួកផារិស៊ី នឹងរបស់ហេរ៉ូឌ ឲ្យមែនទែន»។ ជាក់ស្តែងមែន ការនិយាយអំពីដំបែធ្វើឲ្យពួកសិស្សគិតថា ព្រះយេស៊ូកំពុងតែមានបន្ទូលអំពីការភ្លេចយកនំប៉័ងទៅជាមួយ ដូច្នេះពួកសិស្សក៏ចាប់ផ្ដើមជជែកគ្នាអំពីរឿងនេះ។ កាលព្រះយេស៊ូជ្រាបថាពួកសិស្សបានយល់ច្រឡំ នោះទ្រង់មានបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតថា ពីព្រោះគ្មាននំប៉័ងដូច្នេះ?»។
ទើបតែប៉ុន្មានថ្ងៃមុននេះ ព្រះយេស៊ូបានធ្វើអព្ភូតហេតុដោយប្រទាននំប៉័ងចំអែតមនុស្សរាប់ពាន់នាក់។ ដូច្នេះហើយពួកគេគប្បីដឹងថា ទ្រង់មិនខ្វល់ខ្វាយអំពីការខ្វះនំប៉័ងមែនទែននោះទេ។ ព្រះយេស៊ូរំឭកពួកគេថា៖ «អ្នករាល់គ្នា . . . មិនចាំទេឬ? . . . ពីកាលខ្ញុំបានកាច់នំប៉័ង៥ឲ្យដល់៥ពាន់នាក់ នោះតើប្រមូលចំណិតដែលសល់ ដាក់ពេញបានប៉ុន្មានកន្ត្រក?»។
ពួកគេទូលឆ្លើយថា៖ «បាន១២»។
«ហើយកាលកាច់នំប៉័ង៧ឲ្យដល់៤ពាន់នាក់ នោះបានប្រមូលចំណិតដែលសល់ ដាក់ពេញបានប៉ុន្មានកំប្រោង?»។
ពួកគេទូលឆ្លើយថា៖ «បាន៧»។
ព្រះយេស៊ូសួរថា៖ «ម្ដេចក៏អ្នករាល់គ្នានៅតែមិនយល់ទៀត? ហេតុដូចម្ដេចបានជាអ្នករាល់គ្នានឹកមិនទាន់ឃើញថា មិនមែនពីនំប៉័ងដែលខ្ញុំប្រាប់ឲ្យប្រយ័ត ពីដំបែរបស់ពួកផារិស៊ី នឹងពួកសាឌូស៊ីនោះទេ»។
នៅទីបំផុតទើបពួកសិស្សបានយល់។ ដំបែជាមេនំប៉័ងធ្វើឲ្យនំប៉័ងដោលឡើង នេះជាពាក្យដែលបានប្រើដើម្បីបកស្រាយពីការពុករលួយ។ ដូច្នេះឥឡូវនេះ ពួកសិស្សយល់ថាព្រះយេស៊ូកំពុងតែប្រើពាក្យជានិមិត្តរូប ថាទ្រង់មានបន្ទូលប្រាប់ឲ្យគេប្រយ័ត្ន«ពីលទ្ធិរបស់ពួកផារិស៊ី នឹងពួកសាឌូស៊ីវិញ» ដ្បិតការបង្រៀនរបស់ពួកគេមានអានុភាពដ៏អាក្រក់ណាស់។ ម៉ាកុស ៨:១-២១; ម៉ាថាយ ១៥:៣២–១៦:១២
▪ ហេតុអ្វីក៏ពួកមនុស្សយកកំប្រោងធំៗទៅជាមួយខ្លួនដូច្នេះ?
▪ ក្រោយពីព្រះយេស៊ូយាងចាកចេញពីស្រុកដេកាប៉ូល តើព្រះយេស៊ូចុះទូកធ្វើដំណើរទៅកន្លែងណា?
▪ តើពួកសិស្សមានការយល់ច្រឡំយ៉ាងណា ស្តីអំពីដំបែដែលព្រះយេស៊ូមានបន្ទូលនោះ?
▪ តើព្រះយេស៊ូចង់មានបន្ទូលយ៉ាងណា ដោយប្រើឃ្លា‹ដំបែរបស់ពួកផារីស៊ី និងពួកសាឌូស៊ី?›។