លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បង្រៀនដោយប្រើរឿងប្រៀបប្រដូច

បង្រៀនដោយប្រើរឿងប្រៀបប្រដូច

ជំពូក​ទី​៤៣

បង្រៀន​ដោយ​ប្រើ​រឿង​ប្រៀប​ប្រដូច

តាម​មើល​ទៅ ព្រះ​យេស៊ូ​គឺ​នៅ​ក្នុង​ទី​ក្រុង​កាពើណិម ពេល​ដែល​ទ្រង់​ស្តី​បន្ទោស​ពួក​ផារីស៊ី​នោះ។ ក្រោយ​មក នៅ​ថ្ងៃ​ដដែល​នេះ ទ្រង់​យាង​ចេញ​ពី​ផ្ទះ​ទៅ​មាត់​សមុទ្រ​កាលីឡេ​ដែល​នៅ​ជិត​នោះ ហើយ​នៅ​កន្លែង​នោះ​មាន​ហ្វូង​មនុស្ស​ណែនណាន់​តាន់តាប់​មក​ផ្ដុំ​គ្នា។ នៅ​ទី​នោះ ទ្រង់​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក ហើយ​ចាប់​ផ្ដើម​បង្រៀន​មនុស្ស​ដែល​អង្គុយ​នៅ​តាម​ឆ្នេរ អំពី​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។ ទ្រង់​បាន​បង្រៀន​ដោយ​ប្រើ​រឿង​ប្រៀប​ប្រដូច​ដែល​មាន​ជា​លំដាប់​លំដោយ ហើយ​រឿង​និមួយ​ៗ​គឺ​មាន​ស្ថានភាព​ដែល​មនុស្ស​ទូទៅ​តែង​តែ​ស្គាល់។

ទី​មួយ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​អំពី​អ្នក​ព្រោះ​ពូជ​ម្នាក់ ដែល​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។ គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ហើយ​សត្វ​ស្លាប​បាន​ចឹក​ស៊ី​អស់។ គ្រាប់​ពូជ​ឯ​ទៀត​បាន​ធ្លាក់​លើ​ថ្ម។ រុក្ខជាតិ​ថ្មី​នេះ​ទៅ​ជា​ក្រៀម​ស្វិត​នៅ​ក្រោម​កំដៅ​ថ្ងៃ ដោយ​ព្រោះ​ឫស​ចាក់​មិន​បាន​ជ្រៅ។ តែ​គ្រាប់​ពូជ​ឯ​ទៀត​ធ្លាក់​ទៅ​ក្នុង​បន្លា​ៗ​ក៏​ដុះ​ឡើង​រួប​រឹត​រុក្ខជាតិ​នេះ​ឲ្យ​ងាប់​ទៅ។ នៅ​ទី​បំផុត គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​លើ​ដី​ល្អ ហើយ​បង្កើត​ផល​បាន​មួយ​ជា​មួយ​រយ​ភាគ ខ្លះ​ទៀត​បាន​មួយ​ជា​ហុកសិប​ភាគ និង​ខ្លះ​ទៀត​បង្កើត​ផល​បាន​មួយ​ជា​សាមសិប​ភាគ។

ក្នុង​រឿង​មួយ​ទៀត ព្រះ​យេស៊ូ​បាន​ប្រៀប​ប្រដូច​ព្រះ​រាជាណាចក្រ​នៃ​ព្រះ ទៅ​នឹង​បុរស​ម្នាក់ ដែល​សាប​ព្រោះ​ពូជ។ ជា​ច្រើន​ថ្ងៃ​កន្លង​ទៅ ក្នុង​កាល​ដែល​បុរស​នេះ​ដេក​លក់ និង​ពេល​ដែល​គាត់​នៅ​ភ្ញាក់​នៅ​ឡើយ នោះ​គ្រាប់​ពូជ​ក៏​ដុះ​ឡើង។ បុរស​នេះ​ឥត​ដឹង​ថា​កើត​ឡើង​យ៉ាង​ដូច​ម្ដេច​ទេ។ គ្រាប់​ពូជ​នេះ​បាន​ដុះ​ឡើង​ដោយ​ខ្លួន​ឯង ហើយ​បង្កើត​បាន​ស្រូវ។ ពេល​ដែល​ស្រូវ​ទុំ នោះ​បុរស​នេះ​ក៏​ច្រូត​ស្រូវ​ទាំង​នោះ។

ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​នូវ​រឿង​ប្រៀប​ប្រដូច​ទី​បី​អំពី​បុរស​ម្នាក់ ដែល​ព្រោះ​គ្រាប់​ពូជ​ល្អ ក៏​ប៉ុន្តែ«កាល​មនុស្ស​ទាំង​អស់​កំពុង​តែ​ដេក​លក់» នោះ​សត្រូវ​ម្នាក់​បាន​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រែ​ស្រូវ​សាលី​របស់​គាត់។ ពួក​អ្នក​បំរើ​មក​សួរ​ម្ចាស់​នេះ បើ​គាត់​ចង់​ឲ្យ​គេ​ដក​ស្រងែ​ចេញ​ឬ​ក៏​យ៉ាង​ណា។ ក៏​ប៉ុន្តែ​គាត់​បាន​តប​ឆ្លើយ​ថា៖ ‹កុំ! បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ នោះ​អ្នក​រាល់​គ្នា​នឹង​ដក​ទាំង​ឫស​ស្រូវ​សាលី​ដែរ។ ចូរ​ឲ្យ​វា​ដុះ​ជា​មួយ​គ្នា​រហូត​ដល់​រដូវ​ច្រូត​ចុះ! រួច​ទើប​ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នក​ច្រូត​ឲ្យ​យក​ស្រងែ​ទៅ​ដុត​ចោល ហើយ​ប្រមូល​ស្រូវ​សាលី​ដាក់​ក្នុង​ជង្រុក​វិញ›។

ព្រះ​យេស៊ូ​បាន​ផ្ដល់​នូវ​រឿង​ប្រៀប​ប្រដូច​ពីរ​ទៀត ពេល​បន្ត​ការ​ថ្លែង​សុន្ទរកថា​ឲ្យ​ពួក​បណ្ដា​ជន​តាម​ឆ្នេរ​សមុទ្រ​ស្ដាប់។ ទ្រង់​ពន្យល់​ថា«នគរ​នៃ​ស្ថាន​សួគ៌» គឺ​ដូច​នឹង​គ្រាប់​ពូជ​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ប្រាស៊ីកា នីក្រា(Brassica nigra) ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ។ ទោះ​ជា​នេះ​គឺ​គ្រាប់​ពូជ​ដ៏​ល្អិត​ជាង​គេ​បំផុត​ក្ដី តែ​ទ្រង់​មាន​បន្ទូល​ថា គ្រាប់​នេះ​នឹង​ដុះ​ឡើង​បាន​ធំ​ជាង​ដំណាំ​ទាំង​អស់។ គ្រាប់​ពូជ​នេះ​ទៅ​ជា​ដើម​ធំ​មួយ ដែល​មាន​បក្សា​បក្សី​មក​ទំ​នៅ​តាម​មែក​របស់​វា។

មនុស្ស​ខ្លះ​សព្វ​ថ្ងៃ​នេះ​ជំទាស់​ថា មាន​គ្រាប់​ពូជ​ឯ​ទៀត​តូច​ល្អិត​ជាង​គ្រាប់​ពូជ​ប្រាស៊ីកា នីក្រា​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ​ទៅ​ទៀត។ ប៉ុន្តែ ព្រះ​យេស៊ូ​មិន​មែន​បង្រៀន​វិជ្ជា​សិក្សា​ពី​រុក្ខជាតិ​ឡើយ។ ស្តី​អំពី​គ្រាប់​ពូជ​ដែល​ពួក​អ្នក​ស្រុក​កាលីឡេ​ស្គាល់​នោះ គ្រាប់​ពូជ​ប្រាស៊ីកា នីក្រា​នេះ​គឺ​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដែល​ពិត​ជា​តូច​ល្អិត​ជាង​គេ​បំផុត។ ដូច្នេះ​ពួក​គេ​យល់​នូវ​ការ​លូត​លាស់​បែក​មែក​ធំ​ឡើង​ដ៏​សម្បើម ដែល​ព្រះ​យេស៊ូ​កំពុង​តែ​ពន្យល់​នោះ។

នៅ​ទី​បំផុត ព្រះ​យេស៊ូ​ប្រៀប​ធៀប«នគរ​ស្ថាន​សួគ៌»ទៅ​នឹង​ដំបែ ដែល​ស្ត្រី​ម្នាក់​យក​មក​លាយ​ចូល​នឹង​ម្សៅ​បី​រង្វាល់។ ទ្រង់​មាន​បន្ទូល​ថា ដំបែ​នេះ​ក៏​ដោរ​ឡើង​ពេញ​ក្រោយ​មក។

ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​ប្រទាន​រឿង​ប្រៀប​ប្រដូច​ទាំង​ប្រាំ​នេះ នោះ​ទ្រង់​អនុញ្ញាត​ឲ្យ​ពួក​បណ្ដា​ជន​ទៅ​វិញ ហើយ​ទ្រង់​យាង​ត្រឡប់​ទៅ​ផ្ទះ​ដែល​ទ្រង់​កំពុង​គង់​នៅ​នោះ។ មិន​យូរ​ប៉ុន្មាន​ទេ នោះ​ពួក​សាវ័ក​១២​នាក់​របស់​ទ្រង់​និង​ពួក​អ្នក​ឯ​ទៀត​ក៏​មក​គាល់​ទ្រង់។

ទទួល​ប្រយោជន៍​ពី​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ

នៅ​ពេល​ដែល​ពួក​សិស្ស​មក​ឯ​ព្រះ​យេស៊ូ ក្រោយ​ពី​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​បណ្ដា​ជន​នៅ​ឆ្នេរ​សមុទ្រ នោះ​ពួក​សិស្ស​មាន​ចិត្ត​ឆ្ងល់​អំពី​វិធី​ថ្មី​នៃ​ការ​បង្រៀន​របស់​ទ្រង់។ ពួក​សិស្ស​បាន​ឮ​ទ្រង់​ប្រើ​រឿង​ប្រៀប​ប្រដូច​ពី​មុន តែ​មិន​ដែល​ឮ​ញឹក​ដូច​នេះ​ទេ។ ហេតុ​នេះ​ហើយ ពួក​សិស្ស​ក៏​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ទ្រង់​មាន​បន្ទូល​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​ដូច្នេះ?»។

មូលហេតុ​មួយ ដែល​ទ្រង់​ប្រើ​រឿង​ប្រៀប​ប្រដូច គឺ​ដើម្បី​បំពេញ​តាម​ពាក្យ​របស់​ព្យាការី​ម្នាក់​ដែល​ចែង​ថា៖ «អញ​នឹង​បើក​មាត់​និយាយ ជា​ពាក្យ​ប្រៀប​ប្រដូច អញ​នឹង​សំដែង​ពី​ការ​ដែល​លាក់​កំបាំង តាំង​ពី​កំណើត​លោកីយ​មក»។ ក៏​ប៉ុន្តែ គឺ​មាន​ការ​ទាក់​ទង​ច្រើន​ជាង​នេះ​ទៅ​ទៀត។ ហេតុ​ដែល​ទ្រង់​ប្រើ​រឿង​ប្រៀប​ប្រដូច គឺ​មាន​បំណង​ដើម្បី​បង្ហាញ​ពី​ទឹក​ចិត្ត​របស់​មនុស្ស។

តាម​ការ​ពិត មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​ព្រះ​យេស៊ូ​ពីព្រោះ​ទ្រង់​ជា​អ្នក​ដែល​ពូកែ​និទាន​រឿង និង​ជា​អ្នក​ធ្វើ​អព្ភូតហេតុ​ប៉ុណ្ណោះ មិន​មែន​ជា​បុគ្គល​ម្នាក់​ដែល​ពួក​គេ​ចាត់​ទុក​ជា​ព្រះ​អម្ចាស់​ដែល​ពួក​គេ​ត្រូវ​តែ​ធ្វើ​តាម​យ៉ាង​ស្មោះ​ពី​ចិត្ត​នោះ​ទេ។ ពួក​គេ​មិន​ចង់​ឲ្យ​មាន​ការ​រំខាន​ដល់​ទស្សនៈ​របស់​ពួក​គេ ឬ​ដល់​ជីវភាព​រស់​នៅ​របស់​ពួក​គេ​ទេ។ ពួក​គេ​ក៏​មិន​ចង់​ឲ្យ​សារ​នេះ​ជ្រួត​ជ្រាប​ដល់​កំរិត​របស់​វា​នោះ​ឡើយ។

ដូច្នេះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ហេតុ​នោះ​បាន​ជា​ខ្ញុំ​និយាយ​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច ដ្បិត​ដែល​គេ​មើល នោះ​មិន​ឃើញ​វិញ ហើយ​ដែល​គេ​ស្ដាប់ នោះ​ក៏​មិន​ឮ​ហើយ​មិន​យល់​ផង ពាក្យ​ទំនាយ​របស់​ហោរា​អេសាយ​បាន​សំរេច នៅ​លើ​អ្នក​ទាំង​នោះ​ហើយ គឺ​ជា​សេចក្ដី​ដែល​ទាយ​ទុក​មក​ថា . . . ‹ព្រោះ​ចិត្ត​របស់​ជន​ជាតិ​នេះ​បាន​ត្រឡប់​ជា​ស្ពឹក​វិញ›»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ទៀត​ថា៖ «តែ​អ្នក​រាល់​គ្នា​វិញ ភ្នែក​អ្នក​មាន​ពរ​ហើយ ដ្បិត​មើល​ឃើញ ត្រចៀក​អ្នក​ក៏​ដែរ ដ្បិត​ស្ដាប់​ឮ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពី​ដើម​មាន​ហោរា នឹង​មនុស្ស​សុចរិត​ជា​ច្រើន គេ​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ តែ​មិន​បាន​ឃើញ​សោះ ក៏​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​ដែរ តែ​មិន​បាន​ឮ​ឡើយ»។

ត្រូវ​ហើយ ពួក​សាវ័ក​១២​នាក់​និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ពួក​គេ​មាន​ចិត្ត​ចង់​ស្ដាប់។ ដូច្នេះ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ពីព្រោះ​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា ឲ្យ​បាន​ស្គាល់​ការ​អាថ៌​កំបាំង​របស់​នគរ​ស្ថាន​សួគ៌ តែ​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេ»។ ដោយ​ព្រោះ​ពួក​សិស្ស​មាន​ចិត្ត​ចង់​យល់​ដឹង នោះ​ព្រះ​យេស៊ូ​ក៏​ពន្យល់​ប្រាប់​ពួក​សិស្ស​ទ្រង់ អំពី​រឿង​ប្រៀប​ប្រដូច​នៃ​អ្នក​ព្រោះ​គ្រាប់​ពូជ។

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ពូជ​នោះ គឺ​ព្រះ​បន្ទូល» ហើយ​ដី​គឺ​ប្រៀប​ដូច​នឹង​ចិត្ត។ ស្តី​អំពី​គ្រាប់​ពូជ​ដែល​បាន​ដាំ​តាម​ផ្លូវ​ដ៏​រឹង​បែក​ក្រហែង នោះ​ទ្រង់​ពន្យល់​ថា៖ «អារក្ស​មក​ឆក់​យក​ព្រះ​បន្ទូល​ពី​ចិត្ត​គេ​ចេញ​ទៅ ក្រែង​គេ​ជឿ ហើយ​បាន​សង្គ្រោះ»។

ផ្ទុយ​ទៅ​វិញ គ្រាប់​ពូជ​ដែល​ព្រោះ​ទៅ​លើ​ដី​ដែល​មាន​ថ្ម​នៅ​ក្រោម គឺ​សំដៅ​ទៅ​ចិត្ត​មនុស្ស​ដែល​ទទួល​ព្រះ​បន្ទូល​ដោយ​អំណរ។ ប៉ុន្តែ ដោយ​ព្រោះ​ព្រះ​បន្ទូល​ឥត​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​របស់​គេ នោះ​មនុស្ស​ទាំង​នេះ​នឹង​រសាយ​ចិត្ត​វិញ នៅ​ពេល​ណា​មាន​សេចក្ដី​ល្បួង​ឬ​ការ​បៀត​បៀន។

រីឯ​គ្រាប់​ពូជ​ដែល​ធ្លាក់​កណ្ដាល​បន្លា ព្រះ​យេស៊ូ​បន្ត​ពន្យល់​ថា​នេះ​គឺ​សំដៅ​ទៅ​មនុស្ស​ដែល​បាន​ឮ​ព្រះ​បន្ទូល។ ប៉ុន្តែ សេចក្ដី​ខ្វល់​ខ្វាយ និង​ទ្រព្យ​សម្បត្ដិ ហើយ​សេចក្ដី​ស្រើប​ស្រាល​នៅ​ជីវិត​នេះ បាន​ចូល​មក​ខ្ទប់​ជិត មិន​ឲ្យ​បង្កើត​ផល​ផ្លែ​ដ៏​ពេញ​លេញ​បាន​ឡើយ។

នៅ​ទី​បំផុត ព្រះ​យេស៊ូ​មាន​បន្ទូល​ថា គ្រាប់​ពូជ​ដែល​នៅ​ដី​ល្អ គឺ​ប្រៀប​ដូច​ពួក​អ្នក​ស្ដាប់​ព្រះ​បន្ទូល​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ល្អ ហើយ​ចង់​រក្សា​ទុក​និង​បង្កើត​ផល​ដោយ​ចិត្ត​ស៊ូ​ទ្រាំ។

ពួក​សិស្ស​ដែល​ចង់​ឲ្យ​ព្រះ​យេស៊ូ​ពន្យល់​នូវ​សេចក្ដី​បង្រៀន​របស់​ទ្រង់ គឺ​បាន​ទទួល​ពរ​យ៉ាង​វិសេស​មែន​ហ្ន៎! ព្រះ​យេស៊ូ​មាន​បំណង​ឲ្យ​មនុស្ស​បាន​យល់​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់ ដើម្បី​ឲ្យ​គេ​អាច​ចែក​សេចក្ដី​ពិត​នេះ​ដល់​អ្នក​ដទៃ​ដែរ។ ទ្រង់​មាន​បន្ទូល​សួរ​ថា៖ «តើ​គេ​យក​ចង្កៀង​មក ដើម្បី​នឹង​ដាក់​នៅ​ក្រោម​ថាំង ឬ​ក្រោម​គ្រែ​ឬ?»។ ទេ!«គេ​យក​មក​ដាក់​លើ​ជើង​ចង្កៀង​វិញ​ទេ​តើ!»។ ដូច្នេះ​ហើយ ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ថែម​ថា៖ «ដូច្នេះ ត្រូវ​ឲ្យ​ប្រយ័ត ដែល​អ្នក​រាល់​គ្នា​ឮ​ជា​យ៉ាង​ណា»។

ទទួល​សេចក្ដី​បង្រៀន​ច្រើន​ទៀត​ជា​ពរ

ក្រោយ​ពី​បាន​ទទួល​សេចក្ដី​ពន្យល់​ពី​ព្រះ​យេស៊ូ ស្តី​អំពី​រឿង​ប្រៀប​ប្រដូច​នៃ​អ្នក​ព្រោះ​គ្រាប់​ពូជ នោះ​ពួក​សិស្ស​ចង់​រៀន​ច្រើន​ថែម​ទៀត។ ពួក​សិស្ស​ទូល​ទ្រង់​ថា៖ «សូម​អធិប្បាយ​ឲ្យ​យើង​ខ្ញុំ​យល់​ន័យ​ពាក្យ​ប្រៀប ពី​ស្មៅ​ស្រងែ​នៅ​ស្រែ​ផង»។

ពួក​សិស្ស​មាន​អាកប្បកិរិយា​ខុស​គ្នា​ឆ្ងាយ​ណាស់​ហ្ន៎! ពី​ពួក​បណ្ដា​ជន​នៅ​ឆ្នេរ​សមុទ្រ។ ពួក​ហ្វូង​មនុស្ស​ទាំង​នោះ​គ្មាន​សេចក្ដី​ប្រាថ្នា​ចង់​ដឹង​អត្ថន័យ​នៃ​រឿង​ប្រៀប​ប្រដូច​ទេ តែ​ស្កប់​ចិត្ត​នឹង​រឿង​សើៗ​ប៉ុណ្ណោះ។ ដោយ​ប្រៀប​ធៀប​ពួក​អ្នក​ស្ដាប់​ដែល​នៅ​ឆ្នេរ​សមុទ្រ ជា​មួយ​នឹង​ពួក​សិស្ស​ដែល​ចង់​ដឹង​ចង់​ឮ​ដែល​មក​គាល់​ទ្រង់​នៅ​ក្នុង​ផ្ទះ នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖

«ឯ​រង្វាល់​ណា​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ នោះ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា​តាម​រង្វាល់​នោះ​វិញ ហើយ​នឹង​ឲ្យ​ជា​លើស​ទៅ​ទៀត ដល់​អ្នក​រាល់​គ្នា​ដែល​ស្ដាប់​ផង»។ ពួក​សិស្ស​កំពុង​វាល់​ឲ្យ​ព្រះ​យេស៊ូ​នូវ​ចំណាប់​អារម្មណ៍​និង​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង។ ម្ល៉ោះ​ហើយ ពួក​គេ​បាន​ទទួល​សេចក្ដី​បង្រៀន​ច្រើន​ទៀត​ជា​ពរ។ ដូច្នេះ ព្រះ​យេស៊ូ​មាន​បន្ទូល​តប ដោយ​ពន្យល់​ថា៖

«អ្នក​ដែល​ព្រោះ​ពូជ​ល្អ នោះ​គឺ​ជា​កូន​មនុស្ស ចំណែក​ស្រែ នោះ​គឺ​ជា​តួ​លោកីយ ឯ​ពូជ​ល្អ គឺ​អស់​ទាំង​មនុស្ស​របស់​នគរ​ស្ថាន​សួគ៌ ហើយ​ស្រងែ គឺ​ជា​អស់​ទាំង​មនុស្ស​របស់​អា​កំណាច​វិញ ខ្មាំង​សត្រូវ​ដែល​ប្លម​ព្រោះ​ស្រងែ នោះ​គឺ​ជា​អារក្ស ចំរូត គឺ​ជា​បំផុត​កល្ប ហើយ​ពួក​ច្រូត​នោះ គឺ​ជា​ពួក​ទេវតា»។

ក្រោយ​ពី​បាន​សម្គាល់​នូវ​លក្ខណៈ​និមួយ​ៗ​នៃ​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់ នោះ​ព្រះ​យេស៊ូ​ក៏​ពណ៌នា​ពី​លទ្ធផល​នៅ​ចុង​បញ្ចប់។ នៅ​គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍ នោះ​ទ្រង់​មាន​បន្ទូល​ថា​ពួក​អ្នក​ច្រូត​ឬ​ពួក​ទេវតា នឹង​ញែក​ពួក​គ្រីស្ទាន​ដែល​មាន​សភាព​ដូច​ជា​ស្រងែ​ចេញ​ពី«អស់​ទាំង​មនុស្ស​របស់​នគរ​ស្ថាន​សួគ៌»។ រួច​មក «អស់​ទាំង​មនុស្ស​របស់​អា​កំណាច» នឹង​ទទួល​គំនូស​ឲ្យ​ទទួល​សេចក្ដី​ហិន​វិនាស តែ​អស់​ទាំង​មនុស្ស​របស់​ព្រះ​រាជាណាចក្រ​ដែល​ជា«ពួក​សុចរិត»នឹង​បញ្ចេញ​រស្មី​យ៉ាង​ភ្លឺ​ចិញ្ចាច​ចិញ្ចែង​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​វរបិតា។

ជា​បន្ត​បន្ទាប់ ព្រះ​យេស៊ូ​ប្រទាន​ពរ​ឲ្យ​ពួក​សិស្ស​ដែល​ចង់​យល់​ដឹង​នូវ​រឿង​ប្រៀប​ប្រដូច​បី​ទៀត។ មុន​ដំបូង ទ្រង់​មាន​បន្ទូល​ថា៖ «នគរ​ស្ថាន​សួគ៌​ក៏​ប្រៀប​ដូច​ជា​កំណប់​កប់​ទុក​ក្នុង​ចំការ ដែល​កាល​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅ លក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ»។

ទ្រង់​មាន​បន្ទូល​ទៀត​ថា៖ «មួយ​ទៀត នគរ​ស្ថាន​សួគ៌​ក៏​ប្រៀប​ដូច​ជា​អ្នក​ឈ្មួញ​ម្នាក់​ដែល​រក​កែវ​មុក្ដា​យ៉ាង​ល្អ កាល​ណា​បាន​ឃើញ​១​ដែល​មាន​ដំឡៃ​ណាស់ នោះ​គាត់​ទៅ​លក់​របស់​ទ្រព្យ​ទាំង​អស់ មក​ទិញ​កែវ​មុក្ដា​នោះ»។

ព្រះ​យេស៊ូ​អង្គ​ទ្រង់ គឺ​ប្រៀប​ដូច​នឹង​បុរស​ម្នាក់​ដែល​បាន​រក​ឃើញ​កំណប់ និង​ប្រៀប​ដូច​នឹង​ឈ្មួញ​ម្នាក់​ដែល​រក​ឃើញ​កែវ​មុក្ដា​ដ៏​មាន​តម្លៃ។ បើ​និយាយ​ជា​អត្ថបដិរូប នោះ​ទ្រង់​លក់​របស់​ទ្រព្យ​ទាំង​អស់ គឺ​លា​ចេញ​ពី​ឋានៈ​ដ៏​ថ្លៃ​ថ្នូរ​នៅ​ស្ថាន​សួគ៌ ដើម្បី​ទៅ​ជា​មនុស្ស​ម្នាក់។ រួច​មក ជា​បុរស​ម្នាក់​នៅ​លើ​ផែនដី ទ្រង់​រង​ការ​មើល​ងាយ​និង​ការ​បៀត​បៀន​ដែល​ពេញ​ដោយ​សេចក្ដី​ស្អប់ តែ​បាន​ស​ឲ្យ​ឃើញ​ថា​សម​ជា​អ្នក​គ្រប់​គ្រង​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ។

ចំពោះ​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ ពួក​គាត់​ក៏​មាន​ភាព​ពិបាក​ប្រឈម​មុខ​ដែរ គឺ​ថា​ឲ្យ​លក់​របស់​ទ្រព្យ​ទាំង​អស់​ដើម្បី​ទទួល​រង្វាន់​ដ៏​ធំ មិន​ថា​បាន​រង្វាន់​ជា​អ្នក​គ្រប់​គ្រង​រួម​ជា​មួយ​ព្រះ​គ្រីស្ទ ឬ​ជា​អនុ​រាស្ត្រ​របស់​ព្រះ​រាជាណាចក្រ​នៅ​លើ​ផែនដី​នេះ​ក្ដី។ តើ​យើង​នឹង​ចាត់​ទុក​ការ​ទទួល​រង្វាន់​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ ជា​អ្វី​មួយ​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត ដែល​ប្រៀប​ដូច​នឹង​កំណប់​ឬ​កែវ​មុក្ដា​ដ៏​មាន​តម្លៃ​លើស​លប់​ឬ​ទេ?

នៅ​ទី​បំផុត ព្រះ​យេស៊ូ​ប្រៀប​ប្រដូច«នគរ​ស្ថាន​សួគ៌»ទៅ​នឹង​អួន ដែល​ជាប់​បាន​ត្រី​គ្រប់​ប្រភេទ។ នៅ​ពេល​ដែល​រំលែក​ត្រី​ចេញ​ពី​គ្នា នោះ​ត្រី​មិន​ល្អ​ៗ​គេ​ចាក់​ចោល​ចេញ តែ​ត្រី​ល្អ​ៗ​ដាក់​ក្នុង​កញ្ឆេ។ យ៉ាង​ដូច្នោះ​ដែរ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា នៅ​គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍ នោះ​ពួក​ទេវតា​នឹង​ញែក​មនុស្ស​ទុច្ចរិត​ចេញ​ពី​មនុស្ស​សុចរិត ហើយ​ទុក​មនុស្ស​ទុច្ចរិត​ចោល​ឲ្យ​ទទួល​សេចក្ដី​ហិន​វិនាស​វិញ។

ព្រះ​យេស៊ូ​អង្គ​ទ្រង់​ផ្ទាល់​បាន​ចាប់​ផ្ដើម​កិច្ច​ការ​នេសាទ​នេះ ហើយ​ហៅ​ពួក​សិស្ស​ដំបូង​របស់​ទ្រង់​ថា«អ្នក​នេសាទ​មនុស្ស»។ កិច្ច​ការ​នេសាទ​នេះ​មាន​ជា​បន្ត​ទូទាំង​ប្រវត្ដិសាស្ត្រ ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​ពួក​ទេវតា។ នៅ​ទី​បំផុត គឺ​មក​ដល់​ពេល​អូស«អួន»នោះ​ឡើង​មក​ហើយ ដែល​តំណាង​អង្គការ​ទាំង​ឡាយ​លើ​ផែនដី​នេះ ដែល​អះអាង​ថា​ជា​គ្រីស្ទាន ហើយ​រួម​បញ្ចូល​ក្រុម​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ផង​ដែរ។

យើង​មាន​អំណរ​គុណ​មែន ដែល​គេ​ទុក‹ត្រី​ល្អ​ៗ› តែ​ត្រី​មិន​ល្អ​បោះ​ចោល​ឲ្យ​ហិន​វិនាស​ទៅ​វិញ។ បើ​យើង​បង្ហាញ​នូវ​សេចក្ដី​ប្រាថ្នា​ចង់​យល់​ដឹង​និង​ចង់​មាន​ចំណេះ ដូច​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ នោះ​យើង​នឹង​ទទួល​បាន​សេចក្ដី​បង្រៀន​ច្រើន​ទៀត ហើយ​មិន​តែ​ប៉ុណ្ណោះ យើង​នឹង​ទទួល​បាន​ជីវិត​ជា​រៀង​រហូត​ផង​ដែរ។ ម៉ាថាយ ១៣:១​-​៥២; ម៉ាកុស ៤:១​-​៣៤; លូកា ៨:៤​-​១៨; ទំនុក​ដំកើង ៧៨:២; អេសាយ ៦:៩, ១០

តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ហ្វូង​មនុស្ស​ដោយ​ប្រើ​រឿង​ប្រៀប​ប្រដូច នៅ​ពេល​ណា​និង​នៅ​កន្លែង​ណា?

តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ហ្វូង​មនុស្ស​នូវ​រឿង​ប្រៀប​ប្រដូច​ប្រាំ​ណា​ខ្លះ?

ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា គ្រាប់​ពូជ​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ប្រាស៊ីកា នីក្រា​នេះ​គឺ​តូច​ល្អិត​ជាង​គេ​បំផុត?

ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​មាន​បន្ទូល​ដោយ​ប្រើ​រឿង​ប្រៀប​ប្រដូច?

តើ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​បង្ហាញ​ថា​ខ្លួន​គេ​ខុស​គ្នា​ពី​ហ្វូង​មនុស្ស​យ៉ាង​ដូច​ម្ដេច?

តើ​ព្រះ​យេស៊ូ​ប្រាប់​ខ្លឹម​សារ​នៃ​រឿង​ប្រៀប​ប្រដូច​អំពី​អ្នក​ព្រោះ​ពូជ​យ៉ាង​ដូច​ម្ដេច?

តើ​ពួក​សិស្ស​មាន​សភាព​ខុស​គ្នា​ពី​ហ្វូង​មនុស្ស​នៅ​ឆ្នេរ​សមុទ្រ​យ៉ាង​ណា?

តើ​អ្នក​ណា​ឬ​ក៏​អ្វី ដែល​បាន​ត្រូវ​តំណាង​ដោយ​អ្នក​ដែល​ព្រោះ ស្រែ ពូជ​ល្អ ខ្មាំង​សត្រូវ ចំរូត និង​ពួក​អ្នក​ច្រូត?

តើ​ព្រះ​យេស៊ូ​ប្រទាន​នូវ​រឿង​ប្រៀប​ប្រដូច​បី​ណា​ទៀត? ហើយ​តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​រឿង​ប្រៀប​ប្រដូច​នោះ?