លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បង្រៀនលោកនីកូដេម

បង្រៀនលោកនីកូដេម

ជំពូក​ទី​១៧

បង្រៀន​លោក​នីកូដេម

កាល​ដែល​ទ្រង់​ទៅ​ធ្វើ​បុណ្យ​រំលង​នៅ​ឆ្នាំ​៣០ ស.យ. នោះ​ព្រះ​យេស៊ូ​ធ្វើ​ទី​សំគាល់​ឬ​អព្ភូតហេតុ​ដ៏​អស្ចារ្យ។ ជា​លទ្ធផល នោះ​មនុស្ស​ជា​ច្រើន​មាន​ជំនឿ​ទៅ​លើ​ទ្រង់។ លោក​នីកូដេម ដែល​ជា​សមាជិក​ម្នាក់​របស់​តុលាការ​ជាន់​ខ្ពស់​នៃ​សាសន៍​យូដា លោក​មាន​ចិត្ត​កោត​ស្ងើច​នឹង​ទ្រង់​យ៉ាង​ខ្លាំង ហើយ​ចង់​រៀន​ថែម​ទៀត។ ដូច្នេះ​លោក​ក៏​មក​រក​ព្រះ​យេស៊ូ​នៅ​ពេល​យប់ ប្រហែល​ជា​គាត់​ខ្លាច​អាប់​ឱន​កិត្ដិសព្ទ​របស់​គាត់​ជា​មួយ​នឹង​ពួក​មេ​ដឹក​នាំ​សាសន៍​យូដា ប្រសិន​បើ​គេ​ឃើញ​គាត់​ធ្វើ​ដូច្នេះ​នោះ។

លោក​ទូល​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ​ពិត ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ទី​សំគាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ លើក​តែ​ព្រះ​គង់​នៅ​ជា​មួយ​ប៉ុណ្ណោះ»។ ក្នុង​ការ​មាន​បន្ទូល​តប នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​លោក​នីកូដេម​ថា ដើម្បី​អាច​ចូល​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន​នោះ បុគ្គល​ម្នាក់​ត្រូវ​តែ «កើត​ជា​ថ្មី»។

ក៏​ប៉ុន្តែ តើ​បុគ្គល​ម្នាក់​អាច​កើត​ជា​ថ្មី​យ៉ាង​ដូច​ម្ដេច​ទៅ? លោក​នីកូដេម​ទូល​សួរ​ថា៖ «តើ​អាច​នឹង​ចូល​ទៅ​ក្នុង​ពោះ​ម្ដាយ​ម្ដង​ទៀត ហើយ​កើត​ឡើង​វិញ​បាន​ឬ?»។

មិន​មែន​ទេ! ការ​កើត​ជា​ថ្មី​មិន​មែន​មាន​ន័យ​ដូច្នេះ​ឡើយ។ ព្រះ​យេស៊ូ​ពន្យល់​ថា៖ «បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះ​វិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ»។ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​មាន​វិញ្ញាណ​បរិសុទ្ធ​បាន​សណ្ឋិត​លើ​ទ្រង់ នោះ​ទ្រង់​បាន​កើត «អំពី​ទឹក ហើយ​អំពី​ព្រះ​វិញ្ញាណ»។ ដោយ​មាន​សេចក្ដី​ប្រកាស​ពី​លើ​មេឃ ‹នេះ​ជា​កូន​ស្ងួន​ភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់!› នោះ​ព្រះ​បាន​ប្រកាស​ថា ទ្រង់​បាន​នាំ​កូន​ខាង​វិញ្ញាណ​ឲ្យ​មាន​សង្ឃឹម​ចូល​ទៅ​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។ ក្រោយ​មក នៅ​ឯ​បុណ្យ​នៅ​ថ្ងៃ​ទី​៥០​នៅ​ឆ្នាំ​៣៣ ស.យ. ពួក​អ្នក​ឯ​ទៀត​ដែល​បាន​ទទួល​ជ្រមុជ​ទឹក​ហើយ និង​បាន​ទទួល​វិញ្ញាណ​បរិសុទ្ធ ក៏​បាន​កើត​ជា​ថ្មី ជា​កូន​ខាង​វិញ្ញាណ​របស់​ព្រះ​ដែរ។

ក៏​ប៉ុន្តែ បុត្រ​របស់​ព្រះ​ដែល​មាន​មុខ​នាទី​ជា​មនុស្ស​នេះ​សំខាន់​ណាស់។ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​លោក​នីកូដេម​ថា៖ «ហើយ​ដែល​លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង នៅ​ទី​រហោ​ស្ថាន​ជា​យ៉ាង​ណា នោះ​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​លោក​ឡើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​កូន​មនុស្ស​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ»។ ត្រូវ​ហើយ ដូច​ពួក​អ៊ីស្រាអែល​ទាំង​នោះ​ដែល​ត្រូវ​ពស់​មាន​ពិស​ចឹក ពួក​គេ​ត្រូវ​តែ​ក្រឡេក​មើល​ពស់​ស្ពាន់​ដើម្បី​បាន​សង្គ្រោះ ដូច្នេះ​មនុស្សជាតិ​ទាំង​អស់​ត្រូវ​អនុវត្ត​ជំនឿ​លើ​បុត្រ​របស់​ព្រះ ដើម្បី​ឲ្យ​បាន​សង្គ្រោះ​ពី​ភាព​ដែល​នាំ​ឲ្យ​ពួក​គេ​ស្លាប់​នោះ​ដែរ។

ដោយ​បញ្ជាក់​នូវ​មុខ​នាទី​ដ៏​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​លោក​នីកូដេម​ថា៖ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ ១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ»។ ដូច្នេះ​ហើយ នៅ​ទី​ក្រុង​យេរូសាឡិម គ្រាន់​តែ​ប្រាំ​មួយ​ខែ​ក្រោយ​ពី​បាន​ចាប់​ផ្ដើម​កិច្ច​បំរើ​របស់​ទ្រង់ នោះ​ព្រះ​យេស៊ូ​ធ្វើ​ឲ្យ​គេ​យល់​ច្បាស់​ថា ទ្រង់​ជា​ខ្សែ​រយៈ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​សង្គ្រោះ​មនុស្សជាតិ។

ព្រះ​យេស៊ូ​ពន្យល់​ប្រាប់​លោក​នីកូដេម​ដូច​ត​ទៅ​នេះ​ថា៖ «ពីព្រោះ​ព្រះ​ទ្រង់​មិន​បាន​ចាត់​ព្រះ​រាជបុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​លោកីយ ដើម្បី នឹង​ជំនុំ​ជំរះ​លោកីយ​នោះ​ទេ» គឺ​ថា​មិន​មែន​ជំនុំ​ជំរះ​យ៉ាង​ឃោរ​ឃៅ ឬ​ផ្ដន្ទា​ទោស​ឲ្យ​មនុស្សជាតិ​ត្រូវ​ទទួល​សេចក្ដី​ហិន​វិនាស​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ដូច​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​មក ទ្រង់​បាន​បញ្ជូន​មក «គឺ​ឲ្យ​លោកីយ​បាន​សង្គ្រោះ ដោយ​សារ​ទ្រង់​វិញ»។

លោក​នីកូដេម​បាន​មក​រក​ព្រះ​យេស៊ូ​ដោយ​ចិត្ត​ភ័យ​ខ្លាច​នៅ​ពេល​ងងឹត។ ដូច្នេះ គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ព្រះ​យេស៊ូ​បញ្ចប់​ការ​សន្ទនា​របស់​ទ្រង់​ជា​មួយ​លោក ដោយ​មាន​បន្ទូល​ថា៖ «ហើយ​ទោស​នេះ គឺ​ថា ពន្លឺ[ដែល​ជា​ព្រះ​យេស៊ូ​បាន​តំណាង​ដោយ​ជីវិត​និង​ការ​បង្រៀន​របស់​ទ្រង់] បាន​មក​ក្នុង​លោកីយ តែ​មនុស្ស​លោក​ចូល​ចិត្ត​នឹង​សេចក្ដី​ងងឹត​ជា​ជាង​ពន្លឺ ពីព្រោះ​អំពើ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​អាក្រក់ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​តែង​ស្អប់​ដល់​ពន្លឺ ហើយ​មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន បាន​បើក​ឲ្យ​ឃើញ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​វិញ នោះ​តែង​មក​ឯ​ពន្លឺ ដើម្បី​ឲ្យ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត បាន​សំដែង​មក​ឲ្យ​ដឹង​ថា បាន​ធ្វើ​ដោយ​នូវ​ព្រះ»។ យ៉ូហាន ២:២៣–៣:២១; ម៉ាថាយ ៣:១៦, ១៧; កិច្ច​ការ ២:១​-​៤; ជន​គណនា ២១:៩

តើ​អ្វី​ដែល​ជំរុញ​ឲ្យ​លោក​នីកូដេម​មក​រក​ព្រះ​យេស៊ូ? ហើយ​ហេតុ​អ្វី​ក៏​លោក​មក​នៅ​ពេល​យប់?

តើ​ការ «កើត​ជា​ថ្មី» មាន​ន័យ​យ៉ាង​ណា?

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ពន្យល់​អំពី​មុខ​នាទី​របស់​ទ្រង់ ក្នុង​ការ​សង្គ្រោះ​មនុស្ស​យើង?

តើ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​ដែល​ថា ព្រះ​យេស៊ូ​បាន​យាង​មក​មិន​មែន​ដើម្បី​ជំនុំ​ជំរះ​លោកីយ៍​នោះ​ទេ?