លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បញ្ជូនទៅក្រុមប្រឹក្សាជាន់ខ្ពស់ រួចបញ្ជូនទៅលោកពីឡាត់

បញ្ជូនទៅក្រុមប្រឹក្សាជាន់ខ្ពស់ រួចបញ្ជូនទៅលោកពីឡាត់

ជំពូក​ទី​១២១

បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ រួច​បញ្ជូន​ទៅ​លោក​ពីឡាត់

ឥឡូវ​នេះ​មេឃ​ជិត​ភ្លឺ​ហើយ។ ពេត្រុស​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​យេស៊ូ​ជា​លើក​ទី​បី ហើយ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​បាន​ចប់​ការ​វិនិច្ឆ័យ​ទោស​ក្លែង​ក្លាយ​របស់​ពួក​គេ និង​ពួក​គេ​ក៏​បាន​ចាក​ចេញ​ទៅ។ ប៉ុន្តែ លុះ​ព្រឹក​ឡើង​ថ្ងៃ​សុក្រ ពួក​គេ​ជួប​ជុំ​គ្នា​ទៀត ហើយ​លើក​នេះ​ពួក​គេ​ជួប​ជុំ​គ្នា​នៅ​សាលា​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់។ ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទំនង​ជា​ធ្វើ​យ៉ាង​នេះ ដើម្បី​ឲ្យ​ទង្វើ​យប់​មិញ​របស់​ពួក​គេ​អាច​មើល​ទៅ​ដូច​ជា​ស្រប​ច្បាប់​វិញ។ ពេល​គេ​នាំ​ព្រះ​យេស៊ូ​ចូល​ទៅ​ឈរ​ខាង​មុខ​ពួក​នេះ ពួក​គេ​និយាយ​ដូច​ដែល​បាន​និយាយ​នៅ​យប់​នោះ​ថា៖ «បើ​ឯង​ជា​ព្រះ​គ្រីស្ទ​មែន ចូរ​ប្រាប់​មក​យើង​ចុះ!»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «បើ​សិន​ជា​ខ្ញុំ​ជំរាប​ដល់​លោក​រាល់​គ្នា នោះ​លោក​ក៏​មិន​ព្រម​ជឿ ហើយ​បើ​ខ្ញុំ​សួរ​លោក​វិញ នោះ​ក៏​មិន​ព្រម​ឆ្លើយ​មក​ខ្ញុំ»។ ប៉ុន្តែ ដោយ​សេចក្ដី​ក្លាហាន​ព្រះ​យេស៊ូ​បាន​បញ្ជាក់​នូវ​អត្តសញ្ញាណ​របស់​ទ្រង់ ដោយ​មាន​បន្ទូល​ថា៖ «អំណឹះ​ទៅ​មុខ កូន​មនុស្ស​នឹង​អង្គុយ​ខាង​ស្ដាំ​ព្រះ​ចេស្ដា​នៃ​ព្រះ»។

ពួក​គេ​ទាំង​អស់​គ្នា​ចង់​ដឹង ក៏​ពោល​ថា៖ «ដូច្នេះ ឯង​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ឬ?»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «លោក​រាល់​គ្នា​មាន​ប្រសាសន៍​ដូច្នោះ នោះ​គឺ​ខ្ញុំ​នេះ​ហើយ»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ដូច​នេះ​គឺ​គ្រប់​គ្រាន់​ហើយ ដ្បិត​ពួក​បុរស​ទាំង​នេះ​មាន​បំណង​ចង់​ធ្វើ​គុត​ទ្រង់។ ពួក​គេ​ចាត់​ទុក​ការ​និយាយ​នេះ ជា​ការ​ប្រមាថ​ព្រះ។ ពួក​គេ​ក៏​សួរ​ថា៖ «តើ​ចាំ​បាច់​ត្រូវ​ការ​នឹង​ទី​បន្ទាល់​អ្វី​ទៀត? ព្រោះ​យើង​បាន​ឮ​ចេញ​ពី​មាត់​ខ្លួន​វា​មក​ស្រាប់​ហើយ»។ ដូច្នេះ ពួក​គេ​ចង​ព្រះ​យេស៊ូ បញ្ជូន​ទ្រង់​ទៅ​លោក​ប៉ុនទាស​-​ពីឡាត់ ជា​អភិបាល​រ៉ូម។

យូដាស​ដែល​ជា​អ្នក​ក្បត់​ព្រះ​យេស៊ូ បាន​មើល​ពាក្យ​បណ្ដឹង​ទាំង​នោះ។ គាត់​សោក​ស្ដាយ​យ៉ាង​ខ្លាំង ពេល​គាត់​ឃើញ​ពួក​គេ​កាត់​ទោស​ព្រះ​យេស៊ូ​ដូច្នេះ។ ដូច្នេះ គាត់​ក៏​យក​ប្រាក់​៣០​ដុំ​ទៅ​ឲ្យ​ពួក​សង្គ្រាជ​និង​ពួក​ចាស់​ទុំ​វិញ ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ជា​ធ្វើ​បាប ដោយ​បញ្ជូន​ឈាម​ឥត​មាន​ទោស​ហួស​ទៅ​ហើយ»។

ពួក​គេ​ឆ្លើយ​ដោយ​គ្មាន​មេត្ដា​ថា៖ «តើ​នោះ​អំពល់​អ្វី​ដល់​យើង? ការ​នោះ​ស្រេច​នៅ​ឯង​ទេ​តើ!»។ យូដាស​ក៏​បាច​ប្រាក់​នោះ​នៅ​ក្នុង​ព្រះ​វិហារ ហើយ​ចេញ​ទៅ​ក្រៅ ដោយ​ប៉ុន​ប៉ង​ចង​ក​សម្លាប់​ខ្លួន។ ប៉ុន្តែ តាម​មើល​ទៅ មែក​ឈើ​នោះ​ដែល​យូដាស​យក​ខ្សែ​ទៅ​ចង​ក៏​បាក់ ដែល​ធ្វើ​ឲ្យ​គាត់​ធ្លាក់​ទៅ​ក្រោម​ប៉ះ​ថ្ម​ធ្លាយ​ពោះ​ស្លាប់​ទៅ។

ពួក​សង្គ្រាជ​មិន​ដឹង​ថា នឹង​យក​ប្រាក់​នេះ​ទៅ​ធ្វើ​អ្វី​ទេ។ ពួក​គេ​សន្និដ្ឋាន​ថា៖ «ប្រាក់​នេះ​គ្មាន​ច្បាប់​នឹង​ដាក់​ទុក​ក្នុង​ឃ្លាំង​ទេ ពីព្រោះ​ជា​ថ្លៃ​ឈាម»។ ដូច្នេះ ក្រោយ​ពី​ពិគ្រោះ​ជា​មួយ​គ្នា​រួច​ហើយ នោះ​ពួក​គេ​យក​ប្រាក់​នេះ​ទៅ​ទិញ​ដី​វាល​របស់​ជាង​ស្មូន ទុក​សំរាប់​ជា​កន្លែង​បញ្ចុះ​សព​ជន​បរទេស។ ដូច្នេះ វាល​នេះ​គេ​ហៅ​ថា«វាលឈាម»។

ពេល​គេ​យក​ព្រះ​យេស៊ូ​ទៅ​ដំណាក់​លោក​អភិបាល គឺ​នៅ​ព្រលឹម​នៅ​ឡើយ។ ប៉ុន្តែ ពួក​យូដា​ដែល​ទៅ​ជា​មួយ​ទ្រង់ បដិសេធ​មិន​ព្រម​ចូល​ទេ ពីព្រោះ​ពួក​គេ​ជឿ​ថា ការ​ចូល​ទៅ​ជិត​ស្និទ្ធ​ជា​មួយ​សាសន៍​ដទៃ​បែប​នេះ នឹង​ធ្វើ​ឲ្យ​គេ​ក្រខ្វក់។ ដូច្នេះ ដើម្បី​តម្រូវ​ចិត្ត​គេ លោក​ពីឡាត់​ក៏​ចេញ​ទៅ​ក្រៅ​ជួប​ពួក​គេ។ លោក​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​មនុស្ស​នេះ​ពី​រឿង​អ្វី?»។

ពួក​គេ​ឆ្លើយ​ថា៖ «បើ​វា​មិន​មែន​ជា​មនុស្ស​អាក្រក់ នោះ​យើង​ខ្ញុំ​មិន​បាន​បញ្ជូន​វា​មក​ទេ»។

លោក​ពីឡាត់​មិន​ចង់​ប្រឡូក​ប្រឡាក់​នឹង​រឿង​នេះ​ទេ ដូច្នេះ​គាត់​ក៏​មាន​ប្រសាសន៍​ថា៖ «ចូរ​យក​ទៅ​ជំនុំ​ជំរះ​តាម​ច្បាប់​របស់​អ្នក​រាល់​គ្នា​ចុះ!»។

ដោយ​លាត​ត្រដាង​នូវ​បំណង​ចង់​ធ្វើ​គុត​ទ្រង់ នោះ​ពួក​សាសន៍​យូដា​អះអាង​ថា៖ «យើង​ខ្ញុំ​គ្មាន​ច្បាប់​នឹង​សំឡាប់​អ្នក​ណា​ទេ»។ ប្រាកដ​ហើយ ប្រសិន​បើ​ពួក​គេ​ធ្វើ​គុត​ព្រះ​យេស៊ូ​ក្នុង​កំឡុង​បុណ្យ​រំលង នេះ​នឹង​នាំ​ឲ្យ​បណ្ដា​ជន​ជំទាស់​ប្រឆាំង​ជា​ពុំ​ខាន ពីព្រោះ​មនុស្ស​ជា​ច្រើន​គោរព​ព្រះ​យេស៊ូ​ណាស់។ ប៉ុន្តែ បើ​ពួក​គេ​អាច​ឲ្យ​ពួក​រ៉ូម​ប្រហារ​ជីវិត​ទ្រង់ ដោយ​សារ​ការ​ចោទ​ប្រកាន់​ខាង​នយោបាយ នេះ​នឹង​ជួយ​ពួក​គេ​ឲ្យ​រួច​ខ្លួន​ពី​ការ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​ប្រជាជន។

ដូច្នេះ ពួក​មេ​ដឹក​នាំ​សាសនា មិន​បាន​ប្រាប់​នូវ​ការ​កាត់​ក្ដី​ដំបូង ដែល​ពួក​គេ​កាត់​ទោស​ព្រះ​យេស៊ូ​ចំពោះ​ការ​ប្រមាថ​ព្រះ​នោះ​ទេ តែ​ឥឡូវ​នេះ​ពួក​មេ​ដឹក​នាំ​សាសនា​ក៏​ចាប់​តាំង​ចោទ​ប្រកាន់​រឿង​ផ្សេង​វិញ​ទៀត។ ពួក​គេ​បាន​ចោទ​ប្រកាន់​បី​យ៉ាង គឺ​ថា៖ «យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​នេះ [១]នាំ​បំភាន់​សាសន៍​យើង​ឲ្យ​វង្វេង​ចេញ [២]ក៏​ហាម​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​សេសារ​ផង [៣]ដោយ​លើក​ខ្លួន​ថា​ជា​ព្រះ​គ្រីស្ទ គឺ​ជា​ស្តេច​ដែរ»។

ការ​ចោទ​ប្រកាន់​ដែល​ថា ព្រះ​យេស៊ូ​អះអាង​ខ្លួន​ជា​ស្តេច ធ្វើ​ឲ្យ​លោក​ពីឡាត់​ព្រួយ​បារម្ភ​ជា​ខ្លាំង។ ដូច្នេះ​លោក​ពីឡាត់​ក៏​ចូល​ទៅ​ក្នុង​សាលា​ជំនុំ​វិញ រួច​ហៅ​ព្រះ​យេស៊ូ​មក​សួរ​ថា៖ «តើ​អ្នក​ជា​ស្តេច​សាសន៍​យូដា​ឬ?»។ បើ​និយាយ​ឲ្យ​ចំ​ទៅ គឺ​ថា​តើ​អ្នក​បាន​បំពាន​ច្បាប់​ដោយ​ប្រកាស​ថា​ខ្លួន​ជា​ស្តេច​ប្រឆាំង​នឹង​សេសារ​ឬ?

ព្រះ​យេស៊ូ​ចង់​ដឹង​ថា លោក​ពីឡាត់​ដឹង​ច្រើន​ប៉ុណ្ណា​ហើយ​អំពី​ទ្រង់ ដូច្នេះ​ទ្រង់​ក៏​មាន​បន្ទូល​សួរ​ថា៖ «តើ​លោក​មាន​ប្រសាសន៍​ដូច្នេះ​ដោយ​ខ្លួន​លោក ឬ​មាន​អ្នក​ណា​ជំរាប​លោក​ពី​ខ្ញុំ?»។

លោក​ពីឡាត់​ពោល​អះអាង​ថា​មិន​ស្គាល់​ទ្រង់ ហើយ​គាត់​ប្រាប់​ថា​គាត់​ចង់​ដឹង​ហេតុ​ការណ៍​ពិត​ទាំង​អស់។ លោក​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​ជា​សាសន៍​យូដា​ឬ? . . . គឺ​សាសន៍​របស់​អ្នក​ឯង នឹង​ពួក​សង្គ្រាជ​ទេ​តើ ដែល​បញ្ជូន​អ្នក​មក​ខ្ញុំ ចុះ​អ្នក​បាន​ធ្វើ​អ្វី?»។

ព្រះ​យេស៊ូ​ច្បាស់​ជា​មិន​ចង់​បំបែរ​អារម្មណ៍​គេ​ចេញ​ពី​សាច់​រឿង​នៃ​អំណាច​គ្រប់​គ្រង​ជា​ស្តេច​នោះ​ទេ។ ចម្លើយ​ដែល​ព្រះ​យេស៊ូ​ប្រាប់​គឺ​ប្រាកដ​ជា​ធ្វើ​ឲ្យ​លោក​ពីឡាត់​ភ្ញាក់​ផ្អើល​ហើយ។ លូកា ២២:៦៦–២៣:៣; ម៉ាថាយ ២៧:១​-​១១; ម៉ាកុស ១៥:១; យ៉ូហាន ១៨:២៨​-​៣៥; កិច្ច​ការ ១:១៦​-​២០

តើ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ជួប​គ្នា​ម្ដង​ទៀត​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​សំរាប់​បំណង​អ្វី?

តើ​យូដាស​ស្លាប់​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​ពួក​សង្គ្រាជ​បាន​យក​ប្រាក់​៣០​ដុំ​ទៅ​ធ្វើ​អ្វី?

ជា​ជាង​ធ្វើ​គុត​ទ្រង់​ដោយ​ខ្លួន​ឯង ហេតុ​អ្វី​បាន​ជា​សាសន៍​យូដា​ចង់​ឲ្យ​ពួក​រ៉ូម​ធ្វើ​គុត​ព្រះ​យេស៊ូ?

តើ​ពួក​សាសន៍​យូដា​ចោទ​ប្រកាន់​ព្រះ​យេស៊ូ​យ៉ាង​ណា?