លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បុណ្យរំលងចុងក្រោយរបស់ព្រះយេស៊ូកាន់តែកៀកណាស់ហើយ

បុណ្យរំលងចុងក្រោយរបស់ព្រះយេស៊ូកាន់តែកៀកណាស់ហើយ

ជំពូក​ទី​១១២

បុណ្យ​រំលង​ចុង​ក្រោយ​របស់​ព្រះ​យេស៊ូ​កាន់​តែ​កៀក​ណាស់​ហើយ

ថ្ងៃ​អង្គារ​ទី​១១ ខែ​ណែសាន​ក៏​ឈាន​មក​ដល់ ពេល​នោះ​ព្រះ​យេស៊ូ​ក៏​បង្រៀន​ពួក​សាវ័ក​ចប់​ដែរ​នៅ​ឯ​ភ្នំ​អូលីវ។ នេះ​ជា​ថ្ងៃ​ដ៏​រវល់​ហើយ​ធ្វើ​ឲ្យ​ទ្រង់​និង​ពួក​សាវ័ក​អស់​កម្លាំង​ខ្លាំង​ណាស់! ឥឡូវ​នេះ ប្រហែល​ជា​ទ្រង់​និង​ពួក​សាវ័ក​ស្នាក់​នៅ​ភូមិ​បេថានី​មួយ​យប់​ហើយ​មើល​ទៅ ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​សាវ័ក​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ថា នៅ​២​ថ្ងៃ​ទៀត នឹង​ចូល​បុណ្យ​រំលង​ហើយ ឯ​កូន​មនុស្ស ក៏​ត្រូវ​គេ​បញ្ជូន​ទៅ ឲ្យ​ត្រូវ[ព្យួរ]ដែរ»។

តាម​មើល​ទៅ នៅ​ថ្ងៃ​បន្ទាប់ ដែល​ជា​ថ្ងៃ​ពុធ​ទី​១២​ខែ​ណែសាន នោះ​ព្រះ​យេស៊ូ​បាន​នៅ​កន្លែង​ដ៏​ស្ងាត់​ជា​មួយ​ពួក​សាវ័ក​របស់​ទ្រង់។ ម្សិល​មិញ ទ្រង់​បាន​ស្តី​បន្ទោស​ពួក​មេ​ដឹក​នាំ​សាសនា​ជា​សាធារណៈ ហើយ​ទ្រង់​ជ្រាប​ថា ពួក​គេ​កំពុង​តែ​រិះ​រក​មធ្យោបាយ​ធ្វើ​គុត​ទ្រង់​ហើយ។ ដូច្នេះ នៅ​ថ្ងៃ​ពុធ​នេះ ទ្រង់​ឥត​ចេញ​ទៅ​ខាង​ក្រៅ​ទេ ពីព្រោះ​ទ្រង់​មិន​ចង់​ឲ្យ​មាន​អ្វី​មក​រំខាន​ការ​ធ្វើ​បុណ្យ​រំលង​ជា​មួយ​នឹង​ពួក​សិស្ស​របស់​ទ្រង់ នៅ​យប់​ថ្ងៃ​បន្ទាប់​នោះ​ទេ។

នៅ​ពេល​ចន្លោះ​នោះ ពួក​សង្គ្រាជ​និង​ពួក​ចាស់​ទុំ​ក្នុង​ចំណោម​បណ្ដា​ជន​បាន​មក​ជួប​ជុំ​គ្នា នៅ​ទី​លាន​គេហដ្ឋាន​របស់​លោក​កៃផា​ជា​សម្ដេច​សង្ឃ។ ពួក​គេ​មាន​ការ​ឈឺ​ចាប់​ណាស់​នឹង​ពាក្យ​ស្តី​បន្ទោស​របស់​ព្រះ​យេស៊ូ​កាល​ពី​ថ្ងៃ​មុន ដូច្នេះ​ពួក​គេ​រិះ​រក​កល​ល្បិច​ចាប់​ព្រះ​យេស៊ូ​យក​ទៅ​ធ្វើ​គុត។ ប៉ុន្តែ ពួក​គេ​និយាយ​គ្នា​ថា៖ «កុំ​ធ្វើ​ក្នុង​រវាង​ពេល​បុណ្យ​នេះ​ឡើយ ក្រែង​បណ្ដា​ជន​កើត​កោលាហល»។ បណ្ដា​ជន​ចូល​ចិត្ត​ព្រះ​យេស៊ូ​ណាស់ ដូច្នេះ​ពួក​សង្គ្រាជ​និង​ពួក​ចាស់​ទុំ​ក៏​ខ្លាច​បណ្ដា​ជន​ដែរ។

កាល​ពួក​មេ​ដឹក​នាំ​សាសនា​រិះ​រក​មធ្យោបាយ​ដើម្បី​ចាប់​ព្រះ​យេស៊ូ​មក​ធ្វើ​គុត នោះ​មាន​ភ្ញៀវ​ម្នាក់​មក​ជួប​ពួក​គេ។ ពួក​មេ​ដឹក​នាំ​សាសនា​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដ្បិត​បុគ្គល​នេះ​ជា​សាវ័ក​ម្នាក់​របស់​ព្រះ​យេស៊ូ ឈ្មោះ​យូដាស​អ៊ីស្ការីយ៉ុត ជា​បុគ្គល​ដែល​សាតាំង​បាន​ដាក់​គំនិត​វា​ទៅ​ក្នុង​គាត់​ឲ្យ​ក្បត់​ចៅហ្វាយ​របស់​គាត់! ពួក​គេ​រីករាយ​ណាស់ ពេល​យ៉ូដា​ស​សួរ​ថា៖ «បើ​ខ្ញុំ​បញ្ជូន​អ្នក​នោះ​មក​លោក តើ​លោក​នឹង​ឲ្យ​អ្វី​ដល់​ខ្ញុំ?»។ ពួក​មេ​ដឹក​នាំ​សាសនា​បាន​ឯកភាព​គ្នា​ដោយ​រីករាយ​ថា​នឹង​បង់​ឲ្យ​យូដាស​នូវ​ប្រាក់​៣០​ដុំ ជា​តម្លៃ​ដែល​គេ​ទិញ​បាវ​បំរើ​ម្នាក់​យោង​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​របស់​លោក​ម៉ូសេ។ តាំង​ពី​ពេល​នោះ​មក យូដាស​ខំ​រក​ឱកាស​ល្អ​ដើម្បី​ក្បត់​ព្រះ​យេស៊ូ ពេល​ដែល​គ្មាន​បណ្ដា​ជន​នៅ​ក្បែរ​ទ្រង់ ដើម្បី​ងាយ​ស្រួល​បញ្ជូន​ទ្រង់​ទៅ​ឲ្យ​ពួក​មេ​ដឹក​នាំ​សាសនា។

ថ្ងៃ​ទី​១៣ ខែ​ណែសាន​គឺ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ពុធ​ពេល​ថ្ងៃ​លិច។ ព្រះ​យេស៊ូ​បាន​យាង​ដំណើរ​ពី​ក្រុង​យេរីខូរ​នៅ​ថ្ងៃ​សុក្រ ដូច្នេះ​នេះ​ជា​ថ្ងៃ​ទី​ប្រាំ​មួយ​និង​រាត្រី​ចុង​ក្រោយ ដែល​ទ្រង់​ស្នាក់​នៅ​ភូមិ​បេថានី។ ថ្ងៃ​ស្អែក គឺ​ជា​ថ្ងៃ​ព្រហស្បតិ៍ ជា​ពេល​ត្រូវ​រៀបចំ​ឲ្យ​ហើយ​សំរាប់​បុណ្យ​រំលង ដែល​នឹង​ចាប់​ផ្ដើម​ពេល​ថ្ងៃ​លិច។ នេះ​ជា​ពេល​ដែល​សត្វ​ចៀម​សំរាប់​បុណ្យ​រំលង​នឹង​ត្រូវ​សម្លាប់ ហើយ​ខ្វៃ​ទាំង​មូល។ តើ​ព្រះ​យេស៊ូ​និង​ពួក​សិស្ស​នឹង​ធ្វើ​ពិធី​បុណ្យ​នេះ​នៅ​កន្លែង​ណា ហើយ​អ្នក​ណា​ដែល​នឹង​ធ្វើ​ការ​រៀបចំ​ចំពោះ​របស់​ទាំង​នេះ?

ព្រះ​យេស៊ូ​មិន​បាន​ផ្ដល់​នូវ​ពត៌មាន​ដ៏​ល្អិត​ល្អន់​នោះ​ទេ ប្រហែល​ជា​ទ្រង់​ចង់​បង្ការ​កុំ​ឲ្យ​យូដាស​ទៅ​ប្រាប់​ពួក​សង្គ្រាជ ដើម្បី​ឲ្យ​ពួក​គេ​មក​ចាប់​ព្រះ​យេស៊ូ ពេល​ធ្វើ​ពិធី​បុណ្យ​រំលង​នោះ។ ប៉ុន្តែ ឥឡូវ​នេះ ប្រហែល​ជា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ នោះ​ព្រះ​យេស៊ូ​ចាត់​ពេត្រុស​និង​យ៉ូហាន​ឲ្យ​ចេញ​ពី​ភូមិ​បេថានី​ឲ្យ​ទៅ ដោយ​មាន​បន្ទូល​ថា៖ «ចូរ​ទៅ​រៀបចំ​បុណ្យ​រំលង​សំរាប់​យើង​រាល់​គ្នា​បរិភោគ»។

តែ​ពួក​គេ​ទូល​សួរ​ថា៖ «តើ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ឲ្យ​យើង​ខ្ញុំ​រៀបចំ​នៅ​កន្លែង​ណា?»។

ព្រះ​យេស៊ូ​ក៏​ពន្យល់​ថា៖ «កាល​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​លី​ក្អម​ទឹក ចូរ​តាម​អ្នក​នោះ ទៅ​ក្នុង​ផ្ទះ​ណា​ដែល​គាត់​ចូល ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​សួរ​មក​អ្នក​ថា៖ ‹តើ​បន្ទប់​ដែល​ខ្ញុំ​នឹង​ទទួល​ទាន​បុណ្យ​រំលង ជា​មួយ​នឹង​ពួក​សិស្ស​ខ្ញុំ​នៅ​ឯ​ណា?› នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​១​ធំ​នៅ​ខាង​លើ ដែល​មាន​គ្រប់​ប្រដាប់​ប្រដា ចូរ​រៀបចំ​នៅ​ទី​នោះ​ចុះ!»។

ម្ចាស់​ផ្ទះ​នោះ​ច្បាស់​ជា​សិស្ស​ម្នាក់​របស់​ព្រះ​យេស៊ូ​ហើយ ណា​មួយ​ទៀត គាត់​ប្រហែល​ជា​ទន្ទឹង​ចាំ​នូវ​សេចក្ដី​ស្នើ​សុំ​របស់​ព្រះ​យេស៊ូ ដើម្បី​ប្រើ​ផ្ទះ​របស់​គាត់​សំរាប់​គ្រា​ដ៏​ពិសេស​នេះ។ យ៉ាង​ណា​ក៏​ដោយ ពេល​ពេត្រុស​និង​យ៉ូហាន​ទៅ​ដល់​ក្រុង​យេរូសាឡិម នោះ​ពួក​គេ​ឃើញ​ដូច​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​មែន។ ដូច្នេះ​អ្នក​ទាំង​ពីរ​នេះ​ក៏​រៀបចំ​នឹង​មាន​សត្វ​ចៀម​ជា​ស្រេច ហើយ​របៀប​រៀបចំ​ផ្សេង​ទៀត​នឹង​ត្រូវ​រៀបចំ​ឡើង​ដែរ សំរាប់​បុគ្គល​១៣​រូប​ដែល​នឹង​ធ្វើ​បុណ្យ​រំលង​នេះ គឺ​ជា​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​១២​នាក់​របស់​ទ្រង់។ ម៉ាថាយ ២៦:១​-​៥, ១៤​-​១៩; ម៉ាកុស ១៤:១, ២, ១០​-​១៦; លូកា ២២:១​-​១៣; និក្ខមនំ ២១:៣២

តាម​មើល​ទៅ តើ​ព្រះ​យេស៊ូ​ធ្វើ​អ្វី​នៅ​ថ្ងៃ​ពុធ? ហើយ​ហេតុ​អ្វី?

នៅ​គេហដ្ឋាន​របស់​សម្ដេច​សង្ឃ តើ​មាន​ការ​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​អ្វី? ហើយ​តើ​យូដាស​ទៅ​ជួប​ពួក​មេ​ដឹក​នាំ​សាសនា​ក្នុង​គោល​បំណង​អ្វី?

តើ​ព្រះ​យេស៊ូ​ចាត់​អ្នក​ណា​ឲ្យ​ទៅ​ក្រុង​យេរូសាឡិម​នៅ​ថ្ងៃ​ព្រហស្បតិ៍? ហើយ​តើ​សំរាប់​គោល​បំណង​អ្វី?

តើ​អ្នក​ទាំង​នេះ​បាន​ឃើញ​អ្វី ដែល​ម្ដង​នេះ​ទៀត​បង្ហាញ​នូវ​ព្រះ​ចេស្ដា​របស់​ព្រះ​យេស៊ូ​នោះ?