បុត្រាដែលបានសន្យាមក
ជំពូកទី៦
បុត្រាដែលបានសន្យាមក
ជាជាងត្រឡប់ទៅភូមិណាសារ៉ែតវិញ នោះយ៉ូសែបនិងម៉ារាស្នាក់នៅក្នុងភូមិបេថ្លេហិមជាបន្ត។ ហើយនៅពេលដែលព្រះឱរសយេស៊ូមានព្រះជន្មប្រាំបីថ្ងៃ នោះក៏បានកាត់ស្បែកព្រះឱរសនេះ តាមបង្គាប់នៃក្រិត្យវិន័យរបស់ព្រះតាមរយៈលោកម៉ូសេ។ តាមមើលទៅ នេះក៏ជាទំនៀមទម្លាប់មួយដែរ ក្នុងការដាក់ឈ្មោះទារកប្រុសនៅថ្ងៃទីប្រាំបីនោះ។ ដូច្នេះ យ៉ូសែបនិងម៉ារាក៏ថ្វាយព្រះនាមបុត្រារបស់ពួកគាត់ថា យេស៊ូ ដូចទេវតាកាព្រីយ៉ែលបានប្រាប់នៅពេលមុន។
ជាងមួយខែបានកន្លងទៅហើយ ព្រះឱរសយេស៊ូមានព្រះជន្ម៤០ថ្ងៃ។ តើមាតាបិតារបស់ទ្រង់បីទ្រង់ទៅកន្លែងណាឥឡូវនេះ? ពួកគាត់កំពុងបីទ្រង់ទៅព្រះវិហារនៅក្នុងទីក្រុងយេរូសាឡិម ដែលមិនសូវជាឆ្ងាយប៉ុន្មានពីកន្លែងដែលពួកគាត់កំពុងតែស្នាក់នៅនោះ។ យោងទៅតាមក្រិត្យវិន័យរបស់ព្រះតាមរយៈលោកម៉ូសេ ៤០ថ្ងៃក្រោយពីសម្រាលបានកូនប្រុសមួយ ម្ដាយម្នាក់គឺតម្រូវឲ្យថ្វាយតង្វាយជំរះកាយនៅឯព្រះវិហារ។
នេះហើយជាអ្វីដែលម៉ារាត្រូវធ្វើ។ គាត់យកសត្វស្លាបតូចពីរក្បាលទៅធ្វើជាតង្វាយ។ នេះបង្ហាញប្រាប់នូវភាពក្រីក្ររបស់យ៉ូសែបនិងម៉ារា។ ក្រិត្យវិន័យរបស់ម៉ូសេបញ្ជាក់ប្រាប់ថា ចៀមឈ្មោលស្ទាវ ដែលមានតម្លៃថ្លៃជាងសត្វស្លាប គួរតែធ្វើជាតង្វាយ។ ក៏ប៉ុន្តែប្រសិនបើម្ដាយម្នាក់មិនអាចថ្វាយជូនបានទេ នោះលលកមួយគូ ឬក៏ព្រាបជំទើរពីរគឺគ្រប់គ្រាន់ហើយ។
នៅក្នុងព្រះវិហារ លោកតាម្នាក់ក៏យកព្រះឱរសយេស៊ូមកបី។ គាត់ឈ្មោះស៊ីម្មាន។ ព្រះទ្រង់បានសម្ដែងឲ្យគាត់ដឹងថា គាត់មិនត្រូវស្លាប់ឡើយទាល់តែបានឃើញព្រះគ្រីស្ទឬព្រះមេស្ស៊ី ដែលព្រះយេហូវ៉ាបានសន្យាមកនោះ។ នៅពេលដែលលោកស៊ីម្មានចូលមកក្នុងព្រះវិហារនៅថ្ងៃនេះ នោះវិញ្ញាណបរិសុទ្ធបានដឹកនាំគាត់ឲ្យទៅរកព្រះឱរស ដែលយ៉ូសែបនិងម៉ារាកំពុងតែបីនោះ។
កាលដែលលោកស៊ីម្មានបីព្រះឱរសយេស៊ូ នោះលោកក៏អរព្រះគុណចំពោះព្រះ ដោយពាក្យថា៖ «ឥឡូវនេះ ឱព្រះដ៏ជាម្ចាស់អើយ! សូមបើកឲ្យបាវបំរើទ្រង់ទៅដោយសុខសាន្ត តាមព្រះបន្ទូលទ្រង់ចុះ! ដ្បិតភ្នែកទូលបង្គំបានឃើញសេចក្ដីសង្គ្រោះរបស់ផងទ្រង់ ដែលទ្រង់បានរៀបចំនៅមុខបណ្ដាជនទាំងឡាយ ជាពន្លឺសំរាប់បំភ្លឺដល់សាសន៍ដទៃ ហើយជាសិរីល្អរបស់អ៊ីស្រាអែល ជារាស្ត្រទ្រង់»។
យ៉ូសែបនិងម៉ារាពិតជាអស្ចារ្យក្នុងចិត្តណាស់ ពេលពួកគាត់ឮពីសេចក្ដីទាំងនេះ។ រួចមកលោកស៊ីម្មានក៏ឲ្យពរដល់យ៉ូសែបនិងម៉ារា ហើយនិយាយទៅម៉ារាថាបុត្ររបស់នាង «បានតាំងឡើង សំរាប់ធ្វើឲ្យពួកសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ»។ ឯនាងវិញ នឹងមានការឈឺចុកចាប់ ដូចមានដាវមុតមួយចាក់ទម្លុះព្រលឹងនាង។
ព្យាការិនីម្នាក់ឈ្មោះអាណ ដែលមានអាយុ៨៤ឆ្នាំ ក៏មានវត្តមាននៅទីនោះដែរ។ តាមពិត គាត់នៅក្នុងព្រះវិហារមិនដែលអវត្តមានឡើយ។ គឺនៅពេលនោះ គាត់ក៏មកជិត ហើយចាប់ផ្ដើមអរព្រះគុណចំពោះព្រះ ព្រមទាំងប្រកាសអំពីព្រះឱរសយេស៊ូដល់អស់អ្នកដែលព្រមស្ដាប់។
យ៉ូសែបនិងម៉ារាច្បាស់ជាអរសប្បាយយ៉ាងណាទៅហ្ន៎! នឹងព្រឹត្ដិការណ៍ទាំងនេះនៅឯព្រះវិហារ។ យ៉ាងប្រាកដហើយ រឿងទាំងអស់នេះបញ្ជាក់ប្រាប់យ៉ូសែបនិងម៉ារាថាបុត្រនេះគឺជាបុគ្គលដែលព្រះបានសន្យាមក។ លូកា ២:២១-៣៨; លេវីវិន័យ ១២:១-៨
▪ តាមទំនៀមទំលាប់អ៊ីស្រាអែល តើនៅពេលណាគេអាចដាក់ឈ្មោះកូនប្រុសបាន?
▪ តើអ្វីតម្រូវពីម្ដាយជាតិអ៊ីស្រាអែលម្នាក់ពេលដែលកូនប្រុសរបស់គាត់បានអាយុ៤០ថ្ងៃហើយនោះ? តើការបំពេញតាមសេចក្ដីតម្រូវនេះ បានសំដែងឲ្យឃើញពីស្ថានភាពសេដ្ឋកិច្ចរបស់ម៉ារានិងក្រុមគ្រួសារយ៉ាងណា?
▪ តើអ្នកណាខ្លះទទួលស្គាល់អត្តសញ្ញាណរបស់ព្រះឱរសយេស៊ូនៅគ្រានោះ? តើពួកគេបានបង្ហាញការស្គាល់នេះដោយដូចម្ដេច?