លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បុរសម្នាក់ដែលមិននឹកស្មានថាអាចក្លាយជាសិស្សម្នាក់

បុរសម្នាក់ដែលមិននឹកស្មានថាអាចក្លាយជាសិស្សម្នាក់

ជំពូក​ទី​៤៥

បុរស​ម្នាក់​ដែល​មិន​នឹក​ស្មាន​ថា​អាច​ក្លាយ​ជា​សិស្ស​ម្នាក់

មើល​ទៅ​គួរ​ឲ្យ​ខ្លាច​មែន ពេល​ដែល​ព្រះ​យេស៊ូ​ទៅ​ដល់​ត្រើយ​ម្ខាង! មាន​បុរស​កាច​សាហាវ​ពីរ​នាក់​ចេញ​ពី​កន្លែង​បញ្ចុះ​សព ហើយ​រត់​តំរង់​ទៅ​រក​ទ្រង់។ បុរស​ពីរ​នាក់​នេះ​មាន​អារក្ស​ចូល។ គេ​លើក​យក​មក​និយាយ​អំពី​បុរស​តែ​ម្នាក់​ដែល​មាន​អារក្ស​ចូល​ប៉ុណ្ណោះ ដោយ​ព្រោះ​បុរស​ម្នាក់​នេះ​កាច​សាហាវ​ជាង​ម្នាក់​ទៀត ហើយ​ស្ថិត​នៅ​ក្រោម​អានុភាព​របស់​អារក្ស​យូរ​ជាង។

បុរស​ដ៏​គួរ​ឲ្យ​អាណិត​នេះ​រស់​នៅ​កន្លែង​បញ្ចុះ​សព​ដោយ​អាក្រាត​ជា​យូរ​យារ​មក​ហើយ។ គាត់​ចេះ​តែ​ស្រែក ព្រម​ទាំង​យក​ថ្ម​មក​អារ​សាច់​ខ្លួន​ឯង ទាំង​យប់​ទាំង​ថ្ងៃ​ជា​និច្ច។ គាត់​កាច​សាហាវ​ណាស់ បាន​ជា​គ្មាន​នរណា​ហ៊ាន​ដើរ​កាត់​តាម​ផ្លូវ​នោះ​ឡើយ។ គេ​បាន​ដាក់​ខ្នោះ​ដាក់​ច្រវាក់​គាត់​ជា​ច្រើន​លើក​ច្រើន​ដង​ហើយ តែ​គាត់​បាន​កាច់​បំបាក់​ច្រវាក់​និង​ខ្នោះ​ទាំង​នោះ​ចោល​អស់។ គ្មាន​អ្នក​ណា​អាច​បង្ក្រាប​គាត់​បាន​ឡើយ។

ពេល​បុរស​នេះ​ជួប​ព្រះ​យេស៊ូ​គាត់​ក៏​បង្ហាញ​ការ​គោរព​ចំពោះ​ទ្រង់ នោះ​អារក្ស​ដែល​ចូល​គាត់​បាន​ធ្វើ​ឲ្យ​គាត់​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ​យេស៊ូវ! ជា​ព្រះ​រាជបុត្រា​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ! តើ​ទ្រង់​ហើយ​នឹង​ទូល​បង្គំ​មាន​រឿង​អ្វី​នឹង​គ្នា ទូល​បង្គំ​សូម​ទ្រង់​ឲ្យ​ស្បថ​ដោយ​ព្រះ​ថា មិន​ធ្វើ​ទុក្ខ​ទូល​បង្គំ​ទេ»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ម្នាល​អារក្ស​អសោចិ៍ ចូរ​ថយ​ចេញ​ពី​មនុស្ស​នេះ​ទៅ!»។ រួច​មក ព្រះ​យេស៊ូ​មាន​បន្ទូល​សួរ​ថា៖ «ឯង​ឈ្មោះ​អី?»។

វា​ទូល​ឆ្លើយ​ថា៖ «ទូល​បង្គំ​ឈ្មោះ‹កង​ទ័ព›ពីព្រោះ​យើង​ខ្ញុំ​មាន​គ្នា​ច្រើន»។ ពួក​អារក្ស​សប្បាយ​ចិត្ត​ណាស់ ដោយ​ឃើញ​មនុស្ស​រង​ទុក្ខ​ដោយ​ពួក​វា​ចូល​គេ​នោះ ហើយ​តាម​ពិត ពួក​វា​សប្បាយ​រីករាយ​ក្រៃ​លែង​ពេល​ពួក​វា​ព្រួត​ដៃ​គ្នា​ធ្វើ​បាប​ដល់​មនុស្ស។ ប៉ុន្តែ​នៅ​ពេល​ជួប​នឹង​ព្រះ​យេស៊ូ នោះ​ពួក​វា​ទទូច​អង្វរ​សុំ​កុំ​ឲ្យ​ទ្រង់​បញ្ជូន​ពួក​វា​ចូល​ក្នុង​ជង្ហុក​ធំ​ឡើយ។ ម្ដង​នេះ​ទៀត យើង​ឃើញ​ថា​ព្រះ​យេស៊ូ​មាន​ព្រះ​ចេស្ដា​យ៉ាង​ខ្លាំង ហើយ​ទ្រង់​អាច​ឈ្នះ​លើ​ពួក​អារក្ស​ដ៏​កាច​សាហាវ​ទាំង​នេះ។ នេះ​បាន​បង្ហាញ​ថា ពួក​អារក្ស​ក៏​ដឹង​ថា នៅ​ទី​បំផុត ព្រះ​នឹង​ជំនុំ​ជំរះ​ពួក​វា​បោះ​ទំលាក់​ចូល​ទៅ​ក្នុង​ជង្ហុក​ធំ រួម​ជា​មួយ​មេ​ដឹក​នាំ​របស់​ពួក​វា គឺ​អារក្ស​សាតាំង។

នៅ​ក្បែរ​នោះ មាន​ជ្រូក​មួយ​ហ្វូង​ប្រហែល​២.០០០​ក្បាល​កំពុង​តែ​រក​ស៊ី​នៅ​តាម​ចង្កេះ​ភ្នំ។ ដូច្នេះ ពួក​អារក្ស​និយាយ​ថា៖ «សូម​ឲ្យ​យើង​រាល់​គ្នា​ទៅ​ជ្រក នៅ​ក្នុង​ជ្រូក​ទាំង​នោះ​ចុះ!»។ យ៉ាង​ជាក់​ស្តែង​ណាស់ ដែល​ពួក​អារក្ស​មាន​ការ​ពេញ​ចិត្ត​ខុស​ពី​ធម្មតា​ក្នុង​ការ​ចូល​រូប​កាយ​មនុស្ស​ឬ​សត្វ​ដែល​មាន​រូប​សាច់ ពីព្រោះ​ដោយ​ការ​ចង់​ធ្វើ​បាប​គេ។ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​យល់​ព្រម​ឲ្យ​ពួក​វា​ចូល​ទៅ​ក្នុង​ជ្រូក ហើយ​ហ្វូង​ជ្រូក​២.០០០​ក្បាល​ក៏​បោល​ចុះ​តាម​ជំ​រាល​ភ្នំ ធ្លាក់​ទៅ​ក្នុង​សមុទ្រ​លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ។

នៅ​ពេល​ដែល​ពួក​អ្នក​ថែ​រក្សា​ហ្វូង​ជ្រូក​ឃើញ​ដូច្នេះ ពួក​គេ​ប្រញាប់​ប្រញាល់​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ទី​ក្រុង​និង​អ្នក​នៅ​តាម​ជនបទ។ ភ្លាម​នោះ មនុស្ស​ម្នា​ក៏​នាំ​គ្នា​ចេញ​មក​មើល​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង។ ពេល​មនុស្ស​ម្នា​មក​ដល់ នោះ​ពួក​គេ​ឃើញ​បុរស​ដែល​ពី​ដើម​មាន​អារក្ស​ចូល​កំពុង​តែ​អង្គុយ​ជិត​ព្រះ​បាទ​របស់​ព្រះ​យេស៊ូ ទាំង​ស្លៀក​ពាក់ ហើយ​ដឹង​ស្មារតី​ទៀត​ផង!

សាក្សី​ជា​ច្រើន​ពណ៌នា​ប្រាប់​អំពី​របៀប​ដែល​បុរស​នេះ​បាន​ជា​ឡើង​វិញ។ ពួក​គេ​ក៏​រៀប​រាប់​ប្រាប់​ដល់​ជន​គ្រប់​រូប​អំពី​ការ​ស្លាប់​ដ៏​ចម្លែក​នៃ​ហ្វូង​ជ្រូក​ដែរ។ ពេល​ដែល​មនុស្ស​ម្នា​បាន​ឮ​អំពី​រឿង​នេះ នោះ​ពួក​គេ​មាន​សេចក្ដី​ខ្លាច​យ៉ាង​ខ្លាំង ហើយ​ពួក​គេ​ទូល​អង្វរ​ព្រះ​យេស៊ូ​ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ​ទៅ។ ដូច្នេះ ទ្រង់​ក៏​យល់​ព្រម​ហើយ​យាង​ឡើង​ទូក។ បុរស​ដែល​អារក្ស​ធ្លាប់​ចូល​ពី​ដើម​នោះ អង្វរ​សុំ​ព្រះ​យេស៊ូ​ឲ្យ​គាត់​អាច​ទៅ​ជា​មួយ​ទ្រង់​ដែរ។ ប៉ុន្តែ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​គាត់​ថា៖ «ចូរ​ទៅ​ផ្ទះ​ទៅ! ហើយ​ប្រាប់​បង​ប្អូន​ឯង​ពី​ការ​ធំ​ទាំង​ម្ល៉េះ ដែល​ព្រះ​អម្ចាស់​បាន​មេត្ដា​ប្រោស​ដល់​ឯង​វិញ»។

តាម​ធម្មតា ព្រះ​យេស៊ូ​បង្គាប់​អស់​អ្នក​ដែល​ទ្រង់​ប្រោស​ឲ្យ​ជា កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ ដោយ​ព្រោះ​ទ្រង់​មិន​ចង់​ឲ្យ​មនុស្ស​សន្និដ្ឋាន​ដោយ​និយាយ​បំផ្លើស ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​នោះ​ទេ។ ប៉ុន្តែ លើក​នេះ​ព្រះ​យេស៊ូ​មិន​បង្គាប់​បែប​នោះ​ទេ ពីព្រោះ​បុរស​ដែល​អារក្ស​ចូល​គាត់​ពី​ដើម​នេះ នឹង​ធ្វើ​បន្ទាល់​ក្នុង​ចំណោម​មនុស្ស​ម្នា ដែល​ឥឡូវ​ព្រះ​យេស៊ូ​ពុំ​អាច​មាន​ឱកាស​ទៅ​ជួប​បាន​ឡើយ។ ម្យ៉ាង​វិញ​ទៀត វត្តមាន​របស់​បុរស​នេះ ក៏​ផ្ដល់​នូវ​សក្ខី​ភាព​អំពី​ព្រះ​ចេស្ដា​របស់​ព្រះ​យេស៊ូ​ក្នុង​ការ​ធ្វើ​អំពើ​ល្អ ហើយ​បុរស​នេះ​នឹង​ធ្វើ​ឲ្យ​សាប​រលាប​នូវ​ពាក្យ​ចចាម​អារ៉ាម​ដ៏​មិន​ល្អ​ណា ដែល​មាន​ដោយ​សារ​ហ្វូង​ជ្រូក​ស្លាប់​ទៅ​នោះ។

ដោយ​ស្ដាប់​តាម​សេចក្ដី​បង្គាប់​របស់​ព្រះ​យេស៊ូ នោះ​បុរស​ដែល​អារក្ស​ចូល​ពី​ដើម​នេះ​ក៏​ចេញ​ទៅ។ គាត់​ចាប់​ផ្ដើម​ប្រកាស​ប្រាប់​ឲ្យ​ប្រជាជន​ក្នុង​ស្រុក​ដេកាប៉ូល នូវ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ត​ចំពោះ​គាត់ ហើយ​មនុស្ស​ម្នា​កោត​ស្ញប់​ស្ញែង​ក្រៃ​លែង។ ម៉ាថាយ ៨:២៨​-​៣៤; ម៉ាកុស ៥:១​-​២០; លូកា ៨:២៦​-​៣៩; វិវរណៈ ២០:១​-​៣

ហេតុ​អ្វី​បាន​ជា​គេ​លើក​យក​មក​និយាយ​អំពី​បុរស​តែ​ម្នាក់​ដែល​អារក្ស​ចូល ថ្វី​បើ​មាន​បុរស​ពីរ​នាក់​ដែល​មាន​អារក្ស​ចូល​នោះ​ក៏​ដោយ?

តើ​អ្វី​ដែល​បង្ហាញ​ថា ពួក​អារក្ស​ដឹង​អំពី​ការ​បោះ​ទំលាក់​ទៅ​ក្នុង​ជង្ហុក​ធំ​នៅ​នា​អនាគត?

តាម​មើល​ទៅ ហេតុ​អ្វី​បាន​ជា​ពួក​អារក្ស​ចូល​ចិត្ត​ចូល​ទៅ​ក្នុង​មនុស្ស​និង​សត្វ​ដូច្នេះ?

ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ធ្វើ​ខុស​ពី​មុន ដោយ​បង្គាប់​ឲ្យ​បុរស​ដែល​អារក្ស​ចូល​ពី​ដើម​នេះ ប្រាប់​អ្នក​ដទៃ​អំពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​គាត់​នោះ?