បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
តើអាចហៅបុរសណាម្នាក់ដោយប្រាកដក្នុងចិត្តថា គាត់ជាបុរសឧត្តមបំផុតដែលធ្លាប់រស់នៅបានឬទេ? តើអ្នកអាចឲ្យតម្លៃឧត្តមភាពរបស់បុគ្គលម្នាក់តាមរបៀបណាទៅ? តើដោយសារគាត់មានជំនាញខាងយុទ្ធសាស្ត្រឬ? តើដោយសារកម្លាំងថាមពលរបស់គាត់ឬ? ឬក៏តើដោយគំនិតវាងវៃរបស់គាត់ទៅវិញ?
ប្រវត្ដិវិទូម្នាក់ឈ្មោះ ហឺបឺត ជោច វេល បានពោលថាឧត្តមភាពរបស់មនុស្សម្នាក់ អាចឲ្យតម្លៃបានដោយមើលថា‹តើគាត់បានបន្សល់ទុកអ្វីដែលបានរីកចំរើន? ហើយតើឥទ្ធិពលរបស់គាត់បាននាំឲ្យអ្នកដទៃចាប់ផ្ដើមមានគំនិតថ្មីឬទេ សូម្បីតែក្រោយពីគាត់ស្លាប់ហើយក៏ដោយនោះ?›។ ទោះជាលោកវេលមិនបានអះអាងថាខ្លួនជាគ្រីស្ទានម្នាក់ក៏ដោយ លោកក៏បានទទួលស្គាល់ថា៖ «បើគិតតាមការពន្យល់នេះ ព្រះយេស៊ូជាបុគ្គលដ៏ប្រសើរជាងគេ»។
លោកអាឡិចសង់ដ៏ឧត្តម លោកសាលឡឺម៉ាញ (ឲ្យឈ្មោះថា«ឧត្តម»ក្នុងជីវិតរបស់លោក) និងលោកណាប៉ូឡេអុង ប៉ូណាប៉ាត ធ្លាប់ជាអ្នកគ្រប់គ្រងដែលមានអំណាច។ ពួកគេមានអំណាចយ៉ាងខ្លាំងលើអស់អ្នកដែលនៅក្រោមបង្គាប់របស់គេ នេះគឺដោយគ្រាន់តែវត្តមានដ៏មានឫទ្ធិរបស់ពួកគេប៉ុណ្ណោះ។ ប៉ុន្តែ មានគេរាយការណ៍ថា លោកណាប៉ូឡេអុងធ្លាប់មានប្រសាសន៍ដូច្នេះថា៖ «ព្រះយេស៊ូគ្រីស្ទមានអានុភាពនិងអាចបញ្ជារាស្ត្ររបស់ទ្រង់បាន ដោយទ្រង់មិនចាំបាច់មានវត្តមានជាមនុស្សឲ្យគេមើលឃើញឡើយ»។
ជាងពីរពាន់ឆ្នាំមកហើយ ព្រះយេស៊ូមានអានុភាពយ៉ាងខ្លាំងលើជីវិតមនុស្ស ដោយសារសេចក្ដីបង្រៀនរបស់ទ្រង់ហាក់ដូចជាមានអំណាច និងដោយសារទ្រង់អនុវត្តតាមអ្វីដែលទ្រង់បង្រៀននោះ។ អ្នកនិពន្ធម្នាក់បានពោលយ៉ាងចំៗដូចនេះថា៖ «អស់ទាំងកងទ័ពជើងគោកដែលធ្លាប់មាន និងអស់ទាំងកងទ័ពជើងទឹកដែលគេធ្លាប់បង្កើត និងគ្រប់សភាតំណាងរាស្ត្រ និងគ្រប់ស្តេចដែលធ្លាប់សោយរាជ្យ សរុបទៅគឺមិនដែលមានអានុភាពលើជីវិតរបស់មនុស្សលើផែនដីនេះយ៉ាងខ្លាំងដូច្នេះឡើយ»។
បុគ្គលម្នាក់ដែលមានពិតក្នុងប្រវត្ដិសាស្ត្រ
ប៉ុន្តែ គួរឲ្យចម្លែកដែរ ដែលមនុស្សខ្លះពោលថា ព្រះយេស៊ូមិនធ្លាប់មានព្រះជន្មរស់នៅទេ បើនិយាយឲ្យចំទៅ ទ្រង់ជាបុគ្គលដែលបុរសខ្លះក្នុងសតវត្សទីមួយបានប្រឌិតឡើងប៉ុណ្ណោះ។ ពេលឆ្លើយតបនឹងមនុស្សដែលសង្ស័យដូច្នេះ នោះប្រវត្ដិវិទូម្នាក់ឈ្មោះ វីល ដូរេន បានសរសេរថា៖ «ដែលមនុស្សសាមញ្ញបីបួននាក់ ក្នុងតំណតែមួយអាចប្រឌិតឡើងនូវមនុស្ស ដែលមានបុគ្គលិកលក្ខណៈមួយដ៏ខ្លាំងក្លានិងគួរជាទីចូលចិត្ត ហើយបើពួកគេអាចបង្កើតគោលការណ៍ដ៏ខ្ពង់ខ្ពស់ ព្រមទាំងអាចបង្កើតរឿងមួយដែលនាំឲ្យផុសគំនិតមានភាតរភាពបែបនោះបាន នេះគឺពិតជាអព្ភូតហេតុដ៏អស្ចារ្យជាងអព្ភូតហេតុណា ដែលបានកត់ទុកក្នុងសៀវភៅដំណឹងល្អទៅទៀត»។
ឥឡូវចូរសួរខ្លួនអ្នកទៅមើល៖ តើបុគ្គលម្នាក់ដែលមិនធ្លាប់រស់នៅ អាចមានអានុភាពលើប្រវត្ដិសាស្ត្រមនុស្សយ៉ាងអស្ចារ្យដូចនេះបានឬទេ? សៀវភៅស្រាវជ្រាវមួយខាងប្រវត្ដិសាស្ត្រកត់សម្គាល់ថា៖ «លទ្ធផលដែលជាប្រវត្ដិសាស្ត្រនៃសកម្មភាពរបស់[ព្រះយេស៊ូ] គឺមានច្រើនជាងបុគ្គលឯណាក្នុងប្រវត្ដិសាស្ត្រ សូម្បីពីពួកអ្នកដែលមិនជឿសាសនាទៀតផង។ សករាជថ្មីដែលមានពីកំណើតរបស់ទ្រង់ គឺបានទទួលស្គាល់ដោយអារ្យធម៌ដ៏ជឿនលឿនក្នុងពិភពលោក»។ (The Historians’ History of theWorld)
ត្រូវហើយ សូមគិតអំពីនេះទៅមើល។ សូម្បីតែប្រក្រតិទិននៅសព្វថ្ងៃនេះ ក៏មានមូលដ្ឋានលើឆ្នាំដែលគេគិតថា ទ្រង់បានប្រសូតមកដែរ។ សព្វវចនាធិប្បាយមួយពន្យល់ថា៖ «កាលបរិច្ឆេទពីមុនឆ្នាំនោះ គឺកំណត់ជាម.គ.ស. ឬមុនគ្រីស្ទសករាជ។ កាលបរិច្ឆេទក្រោយឆ្នាំនោះ គឺកំណត់ជាគ.ស. ឬគ្រីស្ទសករាជ (សម័យព្រះគ្រីស្ទ)»។ (The World Book Encyclopedia)
យ៉ាងណាក៏ដោយ ពួកអ្នករិះគន់នៅតែបញ្ជាក់ថា យើងគ្រាន់តែស្គាល់ព្រះយេស៊ូ ដោយសារតែអ្វីដែលមានក្នុងព្រះគម្ពីរប៉ុណ្ណោះ។ ពួកគេពោលថា គ្មានឯកសារនៅគ្រានោះ ស្តីអំពីអត្ថិភាពរបស់ទ្រង់ឡើយ។ សូម្បីតែលោកហឺបឺត ជោច វេលបានសរសេរថា៖ «ប្រវត្ដិវិទូជាតិរ៉ូមនៅសម័យបុរាណបដិសេធមិនស្គាល់ព្រះយេស៊ូទាំងស្រុង។ ឯកសារនៅសម័យរបស់ទ្រង់ អត់មានកត់អ្វីសោះឡើយអំពីព្រះយេស៊ូ»។ ប៉ុន្តែ តើនេះពិតមែនឬទេ?
ទោះជាឯកសារយោងអំពីព្រះយេស៊ូគ្រីស្ទពីពួកប្រវត្ដិវិទូខាងលោកីយ៍មានតិចតួចក៏ដោយ តែក៏នៅមានឯកសារយោងបែបនេះ។ ប្រវត្ដិវិទូជាតិរ៉ូមម្នាក់ឈ្មោះកូនេលាស តាស៊ីតឺសដែលរស់នៅសតវត្សទីមួយ ដែលមានមនុស្សជាច្រើនគោរពស្រឡាញ់ គាត់បានសរសេរថា៖ «ឈ្មោះ[គ្រីស្ទាន] គឺមានមកពីព្រះគ្រីស្ទ ជាបុគ្គលដែលបានទទួលទោសប្រហារជីវិតក្នុងរាជ្យទីប៊ើរ ដោយសារការកាត់ក្ដីនៃអភិបាលលោកប៉ុនទាស-ពីឡាត់»។ ប្រវត្ដិវិទូឯទៀតដូចជាសូតតុននាស និងប្ល៉ាយនី និងអ្នកនិពន្ធផ្សេងទៀតនៃសម័យនោះ ក៏បានលើកឡើងអំពីព្រះគ្រីស្ទដែរ។ បន្ថែមពីនេះ ប្រវត្ដិវិទូម្នាក់ឈ្មោះហ្លាវីស យ៉ូសេហ្វឺស ជាតិយូដារស់នៅសតវត្សទីមួយ បានសរសេរអំពីយ៉ាកុប ជាបុគ្គលដែលលោកសម្គាល់ថាជា«ប្អូនរបស់ព្រះយេស៊ូ ដែលបានហៅថាព្រះគ្រីស្ទ»។
សព្វវចនាធិប្បាយមួយក៏សន្និដ្ឋានថា៖ «កំណត់ហេតុដែលឥតបានស្រង់ពីគ្នាទាំងនេះ សឲ្យឃើញថាក្នុងសម័យបុរាណ សូម្បីតែពួកប្រឆាំងសាសនាគ្រីស្ទាន ក៏មិនដែលសង្ស័យអំពីព្រះយេស៊ូ ថាជាបុគ្គលដែលមានពិតក្នុងប្រវត្ដិសាស្ត្រដែរ។ ហើយរឿងនេះបានត្រូវប្រកែកលើកទីមួយ ដោយឥតមានភស្តុតាងគ្រប់គ្រាន់នៅទីបញ្ចប់នៃសតវត្សទី១៨ ក្នុងកំឡុងសតវត្សទី១៩ និងនៅដើមសតវត្សទី២០»។ (The New Encyclopædia Britannica)
ប៉ុន្តែ អ្វីដ៏សំខាន់ដែលយើងដឹងថាព្រះយេស៊ូជានរណា នោះបានកត់ទុកដោយពួកអ្នកកាន់តាមទ្រង់ ដែលរស់នៅសតវត្សទីមួយ។ របាយការណ៍របស់ពួកគេបានត្រូវកត់ទុកក្នុងសៀវភៅដំណឹងល្អក្នុងព្រះគម្ពីរ ដែលសរសេរដោយម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន។ តើកំណត់ហេតុទាំងនេះចែងយ៉ាងណាអំពីអត្តសញ្ញាណរបស់ព្រះយេស៊ូ?
តើទ្រង់ជានរណា?
ពួកគូកនរបស់ព្រះយេស៊ូដែលរស់នៅសតវត្សទីមួយ ក៏បានគិតអំពីសំនួរនោះដែរ។ ពេលពួកគេឃើញព្រះយេស៊ូបញ្ជាឲ្យព្យុះនៅសមុទ្រស្ងប់ ពួកគេបានឆ្ងល់ថា៖ ‹តើលោកនេះជាអ្នកណា?›។ ក្រោយមក នៅគ្រាមួយទៀត ព្រះយេស៊ូមានបន្ទូលសួរពួកសាវ័ករបស់ទ្រង់ថា៖ «តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។—ម៉ាកុស ៤:៤១; ម៉ាថាយ ១៦:១៥, ខ.ស.
ប្រសិនបើគេសួរអ្នកនូវសំនួរនេះ តើអ្នកនឹងឆ្លើយយ៉ាងណា? តើព្រះយេស៊ូ ពិតជាព្រះមែនឬ? មនុស្សជាច្រើនសព្វថ្ងៃនេះពោលថាទ្រង់ជាព្រះមែន។ ប៉ុន្តែ ពួកគូកនរបស់ទ្រង់មិនដែលជឿថា ទ្រង់ជាព្រះនោះទេ។ សាវ័កពេត្រុសទូលតបនឹងសំនួររបស់ព្រះយេស៊ូ ដោយពោលថា៖ «ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់»។—ម៉ាថាយ ១៦:១៦
ព្រះយេស៊ូមិនដែលអះអាងថាទ្រង់ជាព្រះទេ តែទ្រង់បានទទួលស្គាល់ថា ទ្រង់ជាព្រះមេស្ស៊ីឬព្រះគ្រីស្ទដែលបានសន្យាមកនោះ។ ទ្រង់ក៏មានបន្ទូលថាទ្រង់ជា «ព្រះរាជបុត្រានៃព្រះ» មិនមែនព្រះទេ។ (យ៉ូហាន ៤:២៥, ២៦; ១០:៣៦) ប៉ុន្តែ ព្រះគម្ពីរមិនបានចែងថាព្រះយេស៊ូ ជាបុរសធម្មតាៗដូចបុរសឯទៀតនោះទេ។ ទ្រង់ជាបុគ្គលដ៏ពិសេស ពីព្រោះព្រះបានបង្កើតព្រះយេស៊ូមុនអ្វីៗទាំងអស់។ (កូល៉ុស ១:១៥) ជាច្រើនកោដិឆ្នាំមកហើយ មុននឹងសកលលោកខាងរូបធាតុនេះបានត្រូវបង្កើតមក ព្រះយេស៊ូរស់នៅជាបុគ្គលវិញ្ញាណក្នុងស្ថានសួគ៌ និងមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងព្រះវរបិតា គឺព្រះយេហូវ៉ាជាអ្នកបង្កើតដ៏ឧត្តុង្គឧត្តម។—សុភាសិត ៨:២២, ២៧-៣១
រួចមក ប្រហែលជាពីរពាន់ឆ្នាំកន្លងទៅនេះ ព្រះបានបញ្ជូនព្រះជន្មនៃរាជបុត្រារបស់ទ្រង់មកដាក់នៅក្នុងផ្ទៃរបស់ស្ត្រីម្នាក់ ហើយព្រះយេស៊ូបានទៅជាបុត្រាជាមនុស្សរបស់ព្រះ ដែលប្រសូតតាមរបៀបធម្មតា គឺតាមរយៈស្ត្រីម្នាក់។ (កាឡាទី ៤:៤) ពេលព្រះយេស៊ូនៅក្នុងផ្ទៃពោះរបស់ស្ត្រីនេះ និងពេលទ្រង់ធំឡើងជាព្រះកុមារ ទ្រង់បានពឹងពាក់ទៅលើបុគ្គល ដែលព្រះបានជ្រើសរើសឲ្យធ្វើជាមាតាបិតារបស់ព្រះយេស៊ូនៅលើផែនដីនេះ។ ជាយថាហេតុ ព្រះយេស៊ូចំរើនវ័យពេញរូបរាង ហើយព្រះប្រទានឲ្យព្រះយេស៊ូនូវការនឹកចាំទាំងអស់ តាំងពីពេលទ្រង់ធ្លាប់រួមធ្វើការជាមួយព្រះនៅស្ថានសួគ៌។—យ៉ូហាន ៨:២៣; ១៧:៥
អ្វីដែលធ្វើឲ្យព្រះយេស៊ូជាបុរសឧត្តមបំផុត
ព្រះយេស៊ូជាបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ ពីព្រោះទ្រង់យកតម្រាប់តាមព្រះវរបិតានៅស្ថានសួគ៌យ៉ាងយកព្រះទ័យទុកដាក់។ ក្នុងនាមជារាជបុត្រាដ៏ស្មោះត្រង់ នោះព្រះយេស៊ូបានធ្វើតាមព្រះវរបិតាដូចបេះបិទ ដែលទ្រង់អាចប្រាប់ពួកអ្នកកាន់តាមទ្រង់ថា៖ «អ្នកណាដែលឃើញខ្ញុំ នោះបានឃើញព្រះវរបិតាដែរ»។ (យ៉ូហាន ១៤:៩, ១០) ក្នុងគ្រប់ស្ថានការណ៍ដែលព្រះយេស៊ូបានជួបប្រទះនៅលើផែនដីនេះ នោះទ្រង់បានធ្វើតាមគំរូរបស់ព្រះដ៏មានព្រះចេស្ដាបំផុត គឺព្រះវរបិតាទ្រង់។ ព្រះយេស៊ូពន្យល់ថា៖ «ខ្ញុំមិនធ្វើការអ្វីដោយអាងខ្លួនខ្ញុំ គឺខ្ញុំនិយាយសេចក្ដីទាំងនេះ តាមដែលព្រះវរបិតាបានបង្រៀនខ្ញុំវិញ»។ (យ៉ូហាន ៨:២៨) ដូច្នេះ នៅពេលយើងរៀនអំពីខ្សែព្រះជន្មរបស់ព្រះយេស៊ូគ្រីស្ទ តាមពិតយើងកំពុងតែរៀនឲ្យស្គាល់យ៉ាងច្បាស់ថា ព្រះយេហូវ៉ាពិតជាមានគុណសម្បត្ដិបែបណាដែរ។
ដូច្នេះហើយ ទោះជាសាវ័កយ៉ូហានទទួលស្គាល់ថា«គ្មានអ្នកណាដែលឃើញព្រះឡើយ» ក៏លោកនៅអាចសរសេរថា«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»ដែរ។ (យ៉ូហាន ១:១៨; យ៉ូហានទី១ ៤:៨) យ៉ូហានអាចសរសេរដូច្នេះ ពីព្រោះលោកដឹងអំពីសេចក្ដីស្រឡាញ់របស់ព្រះ តាមរយៈអ្វីដែលលោកឃើញពីព្រះយេស៊ូ ដែលបានសម្ដែងឲ្យឃើញដូចគ្នាបេះបិទនូវលក្ខណៈរបស់ព្រះវរបិតាទ្រង់នៅស្ថានសួគ៌។ ព្រះយេស៊ូមានចិត្តមេត្ដា សប្បុរស រាបទាប និងស្រួលទាក់ទងទៀតផង។ ពួកអ្នកទន់ខ្សោយ ពួកអ្នកដែលត្រូវគេជិះជាន់មានអារម្មណ៍កក់ក្ដៅ ពេលនៅជិតទ្រង់។ ហើយមនុស្សគ្រប់ប្រភេទ ដូចជាពួកបុរស ពួកស្ត្រី ក្មេងៗ អ្នកមាន អ្នកក្រ អ្នកមានអំណាច និងពួកអ្នកប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរ ក៏មានអារម្មណ៍កក់ក្ដៅពេលនៅជិតទ្រង់ដែរ។ មានតែមនុស្សដែលមានចិត្តអាក្រក់ទេ ដែលឥតចូលចិត្តទ្រង់នោះ។
ប្រាកដហើយ ព្រះយេស៊ូមិនគ្រាន់តែបង្រៀនពួកអ្នកកាន់តាមទ្រង់ឲ្យចេះស្រឡាញ់គ្នាប៉ុណ្ណោះ តែទ្រង់បានបង្ហាញពួកគេនូវរបៀបស្រឡាញ់គ្នាផងដែរ។ ទ្រង់មានបន្ទូលថា៖ «ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ . . . អ្នករាល់គ្នា[គួរ]ស្រឡាញ់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៤) សាវ័កម្នាក់របស់ទ្រង់បានពន្យល់ថា ការដឹងអំពី«ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្ត ដែលប្រសើរហួសពីការយល់ឃើញរបស់មនុស្ស»។ (អេភេសូ ៣:១៩, ខ.ស.) ត្រូវហើយ ព្រះគ្រីស្ទបានសម្ដែងសេចក្ដីស្រឡាញ់ដ៏ខ្ពង់ខ្ពស់ជាងចំណេះរបស់បណ្ឌិតទៅទៀត ថែមទាំងទ្រង់‹ជំរុញដាស់តឿន›អ្នកដទៃឲ្យធ្វើតាមសេចក្ដីស្រឡាញ់នោះដែរ។ (កូរិនថូសទី២ ៥:១៤) ដូច្នេះហើយ គំរូដ៏វិសេសវិសាលរបស់ព្រះយេស៊ូ ជាពិសេសស្តីអំពីសេចក្ដីស្រឡាញ់ គឺជាអ្វីដែលបានធ្វើឲ្យទ្រង់ក្លាយជាបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ។ សេចក្ដីស្រឡាញ់របស់ទ្រង់ គឺបានជ្រួតជ្រាបលើចិត្តមនុស្សរាប់លាននាក់អស់ជាច្រើនសតវត្សមកហើយ ថែមទាំងមានអានុភាពល្អលើជីវិតរបស់ពួកគេទៀតផង។
ប៉ុន្តែ មនុស្សខ្លះអាចនិយាយប្រកែកថា៖ ‹ចូរមើលនូវឧក្រិដ្ឋកម្មទាំងប៉ុន្មាន ដែលបានធ្វើឡើងក្នុងនាមព្រះគ្រីស្ទ ដូចជាសង្គ្រាមសាសនា ទារុណកម្មសាសនា និងសង្គ្រាមទាំងប៉ុន្មានដែលឃើញមនុស្សជាច្រើនលាននាក់ ដែលអះអាងជាគ្រីស្ទាន ច្បាំងសម្លាប់គ្នាក្នុងសង្គ្រាមនោះ›។ ប៉ុន្តែ តាមពិត តាមរយៈទង្វើរបស់មនុស្សទាំងនេះបង្ហាញឲ្យឃើញថា ការអះអាងរបស់ពួកគេជាអ្នកកាន់តាមព្រះយេស៊ូនោះ គឺមិនត្រឹមត្រូវឡើយ។ តាមពិត សេចក្ដីបង្រៀន និងការរស់នៅរបស់ទ្រង់ បានផ្ដន្ទាទោសនូវការប្រព្រឹត្តរបស់ពួកគេទៅវិញទេ។ សូម្បីតែអ្នកកាន់សាសនាហិណ្ឌូម្នាក់ឈ្មោះ មហាត្មៈ គន្ធី បានមានប្រសាសន៍ថា៖ ‹ខ្ញុំស្រឡាញ់ព្រះគ្រីស្ទ តែខ្ញុំស្អប់ជនគ្រីស្ទាន ពីព្រោះពួកគេមិនបានសម្របជីវិតរបស់ពួកគេតាមការបង្រៀនរបស់ព្រះគ្រីស្ទនោះទេ›។
ទទួលប្រយោជន៍ពីការរៀនអំពីទ្រង់
យ៉ាងប្រាកដហើយ ការសិក្សាអំពីព្រះជន្មនិងកិច្ចបំរើរបស់ព្រះយេស៊ូគ្រីស្ទ គឺសំខាន់ជាងអ្វីៗទៅទៀតនៅសព្វថ្ងៃនេះ។ សាវ័កប៉ុលបានដាស់តឿនថា៖ ‹ចូររំពឹងមើលដល់ព្រះយេស៊ូ . . . ចូរពិចារណាមើលទ្រង់!›។ ហើយព្រះទ្រង់ក៏បានបង្គាប់យើងស្តីអំពីបុត្រទ្រង់ថា៖ «ចូរស្ដាប់តាមចុះ!»។ នេះហើយជាអ្វីដែលសៀវភៅបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ នឹងជួយអ្នកឲ្យធ្វើយ៉ាងនោះបាន។—ហេព្រើរ ១២:២, ៣; ម៉ាថាយ ១៧:៥
សៀវភៅនេះបង្ហាញនូវព្រឹត្ដិការណ៍ទាំងប៉ុន្មាននៃព្រះជន្មរបស់ទ្រង់នៅលើផែនដីនេះ ដែលបានកត់ទុកក្នុងសៀវភៅដំណឹងល្អទាំងបួន រួមមានសុន្ទរកថាដែលទ្រង់បានថ្លែង រឿងប្រៀបប្រដូច និងអព្ភូតហេតុរបស់ទ្រង់ជាច្រើនទៀត។ សៀវភៅនេះក៏បានរៀបរៀងជាសាច់រឿងទាំងអស់តាមលំដាប់លំដោយដែលមានក្នុងនោះ។ នៅចុងបញ្ចប់នៃជំពូកនិមួយៗ គឺមានបទគម្ពីរមួយចំនួនដែលរឿងនោះដកស្រង់ចេញមកនោះ។ នេះលើកទឹកចិត្តអ្នកឲ្យអានខគម្ពីរទាំងនោះ និងឆ្លើយនូវសំនួរសាឡើងវិញ ដែលមានក្នុងនោះ។
វិជ្ជាករម្នាក់ពីមហាវិទ្យាល័យឈីខាកូ សហរដ្ឋអាមេរិក បានពោលនៅថ្មីៗនេះថា៖ «មានគេសរសេរយ៉ាងច្រើនអំពីព្រះយេស៊ូក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ច្រើនជាងពីរពាន់ឆ្នាំដែលបានកន្លងទៅហើយនោះទៀត»។ ប៉ុន្តែ តម្រូវការដ៏ចាំបាច់គឺឲ្យយើងពិនិត្យមើលដោយផ្ទាល់ខ្លួននូវកំណត់ហេតុក្នុងសៀវភៅដំណឹងល្អ ដ្បិតសព្វវចនាធិប្បាយមួយចែងថា៖ «សិស្សជាច្រើននៅសម័យថ្មីនេះ រវល់តែនឹងទ្រឹស្តីដែលជំទាស់គ្នាអំពីព្រះយេស៊ូនិងសៀវភៅដំណឹងល្អ ដែលពួកគេពុំដែលបានសិក្សានូវកំណត់ហេតុមួយៗនៅឡើយទេ»។ (The Encyclopædia Britannica)
ក្រោយពីការពិនិត្យមើលកំណត់ហេតុសៀវភៅដំណឹងល្អចប់ហើយ ដោយគ្មានគំនិតលំអៀងទៅម្ខាងៗ យើងជឿជាក់ថា អ្នកនឹងឯកភាពទាំងស្រុងថា ព្រឹត្ដិការណ៍ដ៏សំខាន់បំផុតក្នុងប្រវត្ដិសាស្ត្រមនុស្សបានកើតឡើងក្នុងរាជ្យសេសារ-អូគូស្ទ ពេលព្រះយេស៊ូពីភូមិណាសារ៉ែតបានមានព្រះជន្មដើម្បីប្រទានជីវិតរបស់ទ្រង់ជាប្រយោជន៍ដល់យើង។