លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រគល់ទ្រង់ឲ្យគេនាំយកទៅ

ប្រគល់ទ្រង់ឲ្យគេនាំយកទៅ

ជំពូក​ទី​១២៤

ប្រគល់​ទ្រង់​ឲ្យ​គេ​នាំ​យក​ទៅ

ពេល​លោក​ពីឡាត់​បាន​ស្ងើច​សរសើរ​នូវ​ឥរិយាបថ​ដ៏​ថ្លៃ​ថ្នូរ​របស់​ព្រះ​យេស៊ូ ដែល​បាន​ទទួល​ទារុណកម្ម​នោះ លោក​ក៏​ខំ​ប្រឹង​ដោះ​លែង​ទ្រង់​ម្ដង​ទៀត តែ​នេះ​ធ្វើ​ឲ្យ​ពួក​សង្គ្រាជ​ខឹង​កាន់​តែ​ខ្លាំង​ឡើង។ ពួក​គេ​តាំង​ចិត្ត​មិន​ឲ្យ​អ្វី​មក​រំខាន​នូវ​គោល​បំណង​ដ៏​អាក្រក់​របស់​ពួក​គេ​ឡើយ។ ដូច្នេះ ពួក​សង្គ្រាជ​ក៏​ស្រែក​ឡើង​ទៀត​ថា៖ ‹ព្យួរ​វា! ព្យួរ​វា​ទៅ!›។

លោក​ពីឡាត់​តប​ឆ្លើយ​ថា៖ «ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ[ព្យួរ]វិញ»។ (ផ្ទុយ​នឹង​ការ​អះអាង​របស់​ពួក​យូដា​នៅ​ពេល​មុន នោះ​ពួក​គេ​ប្រហែល​ជា​មាន​អំណាច​ពិឃាត​ឧក្រិដ្ឋជន​ដែល​មាន​ទោស​ធ្ងន់​ខាង​សាសនា​បាន)។ រួច​មក ប្រហែល​ជា​លើក​ទី​ប្រាំ​ហើយ ដែល​លោក​ពីឡាត់​ពោល​ថា៖ «ដ្បិត​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​ទេ»។

ពួក​សាសន៍​យូដា​ពេល​ឃើញ​ការ​ចោទ​ប្រកាន់​ខាង​នយោបាយ​របស់​គេ​ឥត​យក​ជា​ការ​បាន​នោះ ពួក​គេ​ក៏​តាំង​ចោទ​ប្រកាន់​ព្រះ​យេស៊ូ​ខាង​សាសនា​វិញ ថា​ទ្រង់​បាន​ប្រមាថ​មើល​ងាយ​ព្រះ ពេល​ពួក​គេ​វិនិច្ឆ័យ​ទោស​ព្រះ​យេស៊ូ​ប៉ុន្មាន​ម៉ោង​មុន​នៅ​ពី​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់។ ពួក​គេ​ពោល​ថា៖ «យើង​ខ្ញុំ​មាន​ក្រិត្យ​វិន័យ ហើយ​តាម​ក្រិត្យ​វិន័យ​នោះ វា​ត្រូវ​ស្លាប់ ពីព្រោះ​វា​បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ»។

លោក​ពីឡាត់​មិន​ដែល​ឮ​ការ​ចោទ​ប្រកាន់​នេះ​ទេ ដូច្នេះ​ធ្វើ​ឲ្យ​លោក​ភិត​ភ័យ​កាន់​តែ​ខ្លាំង។ ឥឡូវ​នេះ លោក​ពីឡាត់​ដឹង​ថា ព្រះ​យេស៊ូ​មិន​មែន​ជា​បុរស​ធម្មតា​ទេ ដ្បិត​សុបិន​នៃ​ភរិយា​របស់​លោក និង​ឥរិយាបថ​ថ្លៃ​ថ្នូរ​របស់​ទ្រង់​បង្ហាញ​ដូច្នេះ។ ប៉ុន្តែ«ព្រះ​រាជបុត្រា​នៃ​ព្រះ»? លោក​ពីឡាត់​ដឹង​ថា ព្រះ​យេស៊ូ​មក​ពី​ស្រុក​កាលីឡេ។ ប៉ុន្តែ តើ​ទ្រង់​ប្រហែល​ជា​ធ្លាប់​មាន​ព្រះ​ជន្ម​រស់​នៅ​ពេល​មុន​ឬ? លោក​នាំ​ព្រះ​យេស៊ូ​ចូល​ទៅ​ក្នុង​សាលា​ជំនុំ​វិញ រួច​ទូល​សួរ​ថា៖ «តើ​អ្នក​មក​ពី​ណា?»។

ព្រះ​យេស៊ូ​នៅ​ស្ងៀម។ មុន​នោះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​លោក​ពីឡាត់ ថា​ទ្រង់​ជា​ស្តេច តែ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​មិន​មាន​ចំណែក​ក្នុង​លោកីយ៍​នេះ​ទេ។ បើ​ព្រះ​យេស៊ូ​ពន្យល់​ថែម​ទៀត​ឥឡូវ នោះ​នឹង​គ្មាន​ប្រយោជន៍​អ្វី​ទេ។ ប៉ុន្តែ លោក​ពីឡាត់​តូច​ចិត្ត​នឹង​ការ​មិន​តប​ឆ្លើយ​របស់​ព្រះ​យេស៊ូ លោក​ក៏​គំហក​ដាក់​ព្រះ​យេស៊ូ​ដោយ​ពោល​ថា៖ «តើ​អ្នក​មិន​ឆ្លើយ​ទេ​ឬ​អី? អ្នក​មិន​ដឹង​ទេ​ឬ​ថា ខ្ញុំ​មាន​អំណាច​នឹង[ព្យួរ]អ្នក ឬ​លែង​អ្នក​ក៏​បាន?»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ដោយ​គោរព​ថា៖ «បើ​មិន​បាន​ប្រទាន​មក​ពី​ស្ថាន​លើ នោះ​លោក​ឥត​មាន​អំណាច​លើ​ខ្ញុំ​សោះ»។ ព្រះ​យេស៊ូ​សំដៅ​ទៅ​អំណាច​ដែល​ព្រះ​ប្រទាន​ឲ្យ​អ្នក​គ្រប់​គ្រង​ជា​មនុស្ស ដើម្បី​ត្រួត​ត្រា​កិច្ច​ការ​នៅ​លើ​ផែនដី​នេះ។ ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ថែម​ថា៖ «ហេតុ​នោះ​បាន​ជា​អ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​លោក អ្នក​នោះ​មាន​បាប​ធ្ងន់​ជាង»។ ប្រាកដ​ហើយ សម្ដេច​សង្ឃ​កៃផា​និង​ពួក​អ្នក​ចូល​ដៃ​ជា​មួយ​គេ រួម​ទាំង​យូដាស​អ៊ីស្ការីយ៉ុត​នឹង​ទទួល​ទោស​ធ្ងន់​ជាង​លោក​ពីឡាត់ ដោយ​ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​លើ​ព្រះ​យេស៊ូ។

លោក​ពីឡាត់​ឥឡូវ​នេះ​ស្ងើច​នឹង​ព្រះ​យេស៊ូ​កាន់​តែ​ច្រើន​ឡើង និង​ភ័យ​ថា​ព្រះ​យេស៊ូ​ប្រហែល​មាន​កំណើត​ពី​ព្រះ​មក ដូច្នេះ​លោក​ក៏​ខំ​ប្រឹង​ដោះ​លែង​ទ្រង់​ម្ដង​ទៀត។ ប៉ុន្តែ ពួក​យូដា​ជំទាស់​យ៉ាង​ខ្លាំង​នឹង​លោក​ពីឡាត់​វិញ។ ពួក​គេ​លើក​ការ​ចោទ​ប្រកាន់​ខាង​នយោបាយ​ម្ដង​ទៀត ក្នុង​ការ​គំរាម​ដោយ​ប្រើ​កល​បញ្ឆោត​ថា៖ «បើ​លោក​លែង​អ្នក​នេះ​ទៅ នោះ​លោក​មិន​មែន​ជា​ទី​ស្រឡាញ់​នឹង​សេសារ​ទេ ព្រោះ​អ្នក​ណា​ដែល​តាំង​ខ្លួន​ធ្វើ​ជា​ស្តេច នោះ​ក្បត់​នឹង​សេសារ​ហើយ»។

លោក​ពីឡាត់​នាំ​ព្រះ​យេស៊ូ​ចេញ​ទៅ​ក្រៅ​ម្ដង​ទៀត ទោះ​ជា​ប្រហែល​នឹង​មាន​លទ្ធផល​អាក្រក់​ក៏​ដោយ។ លោក​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​យូដា​ថា៖ «មើល! នេះ​ស្តេច​នៃ​អ្នក​រាល់​គ្នា»។

ពួក​គេ​ស្រែក​ឡើង​ថា៖ «យក​វា​ចេញ! យក​វា​ចេញ! ឲ្យ[ព្យួរ]វា​ទៅ!»។

លោក​ពីឡាត់​សួរ​គេ​ដោយ​ភិត​ភ័យ​ថា៖ «តើ​ឲ្យ​ខ្ញុំ[ព្យួរ]ស្តេច​នៃ​អ្នក​រាល់​គ្នា​ឬ?»។

ពួក​យូដា​បាន​បះ​បោរ​ប្រឆាំង​នឹង​ការ​នៅ​ក្រោម​អាណានិគម​របស់​ពួក​រ៉ូម។ ប្រាកដ​ហើយ ពួក​គេ​ស្អប់​ខ្ពើម​ជា​ខ្លាំង​នូវ​ការ​នៅ​ក្រោម​ការ​សង្កត់​សង្កិន​របស់​ពួក​រ៉ូម។ តែ​ដោយ​ការ​លាក់​ពុត ពួក​សង្គ្រាជ​ពោល​ថា៖ «យើង​ខ្ញុំ​មាន​ស្តេច​តែ​សេសារ​ទេ»។

នៅ​ទី​បំផុត លោក​ពីឡាត់​សុខ​ចិត្ត​ធ្វើ​តាម​ការ​ទាម​ទារ​របស់​ពួក​យូដា នេះ​គឺ​ដោយ​សារ​ខ្លាច​បាត់​បង់​ឋានៈ​នយោបាយ​និង​កិត្ដិនាម​របស់​លោក។ លោក​ក៏​ប្រគល់​ព្រះ​យេស៊ូ​ឲ្យ​ពួក​គេ​ទៅ។ ពួក​ទាហាន​ដោះ​អាវ​ពណ៌​ស្វាយ​ចេញ ក៏​បំពាក់​ព្រះ​ពស្ត្រ​របស់​ទ្រង់​ឲ្យ​ទ្រង់​វិញ។ កាល​ដែល​ពួក​គេ​នាំ​ព្រះ​យេស៊ូ​ទៅ​ព្យួរ នោះ​ពួក​គេ​ឲ្យ​ទ្រង់​លី​បង្គោល​ឈើ​ទារុណកម្ម​របស់​ខ្លួន។

ឥឡូវ​នេះ គឺ​ពេល​ព្រឹក​នៅ​ថ្ងៃ​សុក្រ​ទី​១៤ ខែ​ណែសាន គឺ​ប្រហែល​ជា​ជិត​ដល់​ពេល​ថ្ងៃ​ត្រង់​ហើយ។ ព្រះ​យេស៊ូ​បាន​តើន​ឡើង​តាំង​ពី​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ទ្រង់​រង​ទុក្ខ​យ៉ាង​ឈឺ​ចាប់​ម្ដង​ហើយ​ម្ដង​ទៀត។ គួរ​ឲ្យ​អាណិត​អាសូរ​ណាស់ ដែល​នៅ​ពេល​បន្ដិច​ទៀត​នេះ​ទ្រង់​នឹង​អស់​ព្រះ​កាយ​ពល​នោះ ពីព្រោះ​ទ្រង់​ត្រូវ​លី​បង្គោល​ឈើ​ដ៏​ធ្ងន់​នេះ។ ដូច្នេះ ពួក​គេ​ចាប់​អ្នក​ដើរ​កាត់​ម្នាក់​ជា​សាសន៍​គីរេន​ពី​ទ្វីប​អាព្រិច ឈ្មោះ​ស៊ីម៉ូន ក៏​បង្ខំ​ឲ្យ​គាត់​លី​បង្គោល​ឈើ​ឲ្យ​ទ្រង់​ទៅ។ ពេល​គេ​ធ្វើ​ដំណើរ​ទៅ មាន​មនុស្ស​ណែនណាន់​តាន់តាប់ ក៏​មាន​ពួក​ស្រី​ៗ​ដែល​គក់​ដើម​ទ្រូង​ហើយ​យំ​ទួញ​ដោយ​ព្រះ​យេស៊ូ​ផង​ដែរ។

ព្រះ​យេស៊ូ​ងាក​បែរ​ទៅ​មាន​បន្ទូល​នឹង​ពួក​ស្ត្រី​ទាំង​នោះ​ថា៖ «កូន​ស្រី​ក្រុង​យេរូសាឡិម​អើយ! កុំ​យំ​នឹង​ខ្ញុំ​ឡើយ ឲ្យ​យំ​នឹង​ខ្លួន​អ្នក​រាល់​គ្នា ហើយ​នឹង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ! ដ្បិត​មើល! នឹង​មាន​គ្រា​មក​ដល់​ដែល​គេ​នឹង​ថា ‹មាន​ពរ​ហើយ ពួក​ស្រី​អារ នឹង​ពោះ​ដែល​មិន​កើត​កូន ហើយ​ដោះ​ដែល​មិន​បំបៅ​កូន។ . . . ព្រោះ​បើ​គេ​ធ្វើ​ការ​ទាំង​នេះ ដល់​ដើម​ឈើ​ស្រស់ នោះ​តើ​នឹង​កើត​អ្វី​ដល់​ដើម​ឈើ​ស្ងួត​វិញ?»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រៀប​ធៀប​សាសន៍​យូដា​ទៅ​នឹង​ដើម​ឈើ​មួយ​ដែល​នៅ​ស្រស់​តែ​បន្ដិច ពីព្រោះ​ព្រះ​យេស៊ូ​នៅ​មាន​វត្តមាន​នៅ​ឡើយ ក៏​មាន​មនុស្ស​មួយ​ក្រុម​តូច​ដែល​ជឿ​លើ​ទ្រង់​ដែរ។ ប៉ុន្តែ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​លែង​មាន​វត្តមាន​ក្នុង​សាសន៍​យូដា ហើយ​អ្នក​ជឿ​ទៅ​លើ​ទ្រង់​មួយ​ពួក​ត្រូវ​ដក​ចេញ​ពី​សាសន៍​យូដា​ខាង​សាច់​ឈាម​នេះ នោះ​សាសន៍​យូដា​ដែល​សល់​ក្រៅ​ពី​នោះ​នឹង​ត្រូវ​ស្លាប់​ខាង​វិញ្ញាណ ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ងាប់​ហើយ។ មែន​ហើយ សាសន៍​យូដា​ត្រូវ​ប្រៀប​ប្រដូច​នឹង​ដើម​ឈើ​ដែល​ក្រៀម​ស្ងួត​ទៅ។ នៅ​ពេល​ពួក​កង​ទ័ព​រ៉ូម​ធ្វើ​ជា​អ្នក​ប្រហារ​ជីវិត ដែល​ព្រះ​នឹង​ប្រើ​ដើម្បី​កំទេច​សាសន៍​យូដា​ចោល នោះ​ពិត​ជា​នឹង​មាន​ហេតុ​យំ​សោក​រឹត​តែ​ខ្លាំង​ឡើង! យ៉ូហាន ១៩:៦​-​១៧; ១៨:៣១; លូកា ២៣:២៤​-​៣១; ម៉ាថាយ ២៧:៣១, ៣២; ម៉ាកុស ១៥:២០, ២១

តើ​ពួក​មេ​ដឹក​នាំ​សាសនា​ចោទ​ប្រកាន់​ព្រះ​យេស៊ូ​ពី​អ្វី​ទៀត ពេល​ដែល​ការ​ចោទ​ខាង​នយោបាយ​ឥត​យក​ជា​ការ​បាន​នោះ?

ហេតុ​អ្វី​បាន​ជា​លោក​ពីឡាត់​ទៅ​ជា​មាន​ចិត្ត​ភ័យ​ខ្លាច?

តើ​អ្នក​ណា​មាន​បាប​ធ្ងន់​ជាង​គេ ចំពោះ​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​ព្រះ​យេស៊ូ?

នៅ​ទី​បំផុត តើ​ពួក​សង្ឃ​បង្ខំ​ឲ្យ​ពីឡាត់​បញ្ជូន​ព្រះ​យេស៊ូ​ទៅ​ដើម្បី​ធ្វើ​គុត​យ៉ាង​ដូច​ម្ដេច?

តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពី​រឿង​អ្វី​ដល់​ពួក​ស្ត្រី​ដែល​យំ​អាណិត​ទ្រង់? តើ​ទ្រង់​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​សំដៅ​ទៅ​ដើម​ឈើ​ដែល​នៅ​តែ«ស្រស់» ហើយ​រួច​មក«ស្ងួត»ទៅ​វិញ​នោះ?