ប្រភពនៃសុភមង្គល
ជំពូកទី៧៥
ប្រភពនៃសុភមង្គល
ក្នុងកំឡុងកិច្ចបំរើផ្សាយរបស់ព្រះយេស៊ូក្នុងស្រុកកាលីឡេ នោះទ្រង់បានធ្វើអព្ភូតហេតុជាច្រើន ហើយឥឡូវនេះក៏ធ្វើអព្ភូតហេតុម្ដងទៀតនៅក្នុងស្រុកយូដា។ តួយ៉ាងដូចជា ព្រះយេស៊ូបណ្ដេញអារក្សចេញពីមនុស្សម្នាក់ ព្រោះអារក្សនោះបានធ្វើឲ្យមនុស្សនេះគ។ បណ្ដាមនុស្សក៏ស្ងើចសរសើរ តែពួកអ្នករិះគន់ក៏ជំទាស់ប្រឆាំងដូចពេលនៅស្រុកកាលីឡេដែរ។ ពួកគេនិយាយអះអាងថា៖ «អ្នកនេះដេញអារក្សដោយសារតែបេលសេប៊ូល ជាមេអារក្សទេ»។ មនុស្សខ្លះទៀតចង់ឃើញទីសំអាងច្រើនទៀតពីព្រះយេស៊ូ ស្តីអំពីអត្តសញ្ញាណរបស់ទ្រង់ ហើយពួកគេខំល្បងលទ្រង់ ដោយទូលសុំរកទីសម្គាល់ពីស្ថានសួគ៌។
ព្រះយេស៊ូជ្រាបអំពីអ្វីដែលពួកគេកំពុងតែគិត ដូច្នេះទ្រង់មានបន្ទូលតបឆ្លើយដល់ពួកអ្នករិះគន់ក្នុងស្រុកយូដា ដូចទ្រង់បានធ្វើដល់ពួកអ្នករិះគន់នៅស្រុកកាលីឡេដែរ។ ទ្រង់មានបន្ទូលថា ព្រះរាជាណាចក្រណាដែលបែកបាក់គ្នាឯងនឹងដួលជាពុំខាន។ ទ្រង់មានបន្ទូលសួរថា៖ «បើសាតាំងបែកទាស់គ្នាវាហើយ នោះធ្វើដូចម្ដេចឲ្យនគរវានៅស្ថិតស្ថេរបាន?»។ ទ្រង់បង្ហាញនូវការអះអាងដែលមានគ្រោះថ្នាក់នៃពួកអ្នករិះគន់ ដោយមានបន្ទូលថា៖ «ប៉ុន្តែ បើខ្ញុំដេញអារក្ស ដោយសារអង្គុលីព្រះហស្តនៃព្រះវិញ នោះច្បាស់ជានគរព្រះបានមកដល់អ្នករាល់គ្នាហើយ»។
អស់អ្នកដែលឃើញអព្ភូតហេតុរបស់ព្រះយេស៊ូ គប្បីមានទឹកចិត្តដូចជាអស់អ្នកដែលរស់នៅជាច្រើនសតវត្សមុន ដែលបានឃើញលោកម៉ូសេធ្វើអព្ភូតហេតុនោះ។ ពួកគេលាន់មាត់ថា៖ «នេះគឺជាអង្គុលីព្រះហស្តរបស់ព្រះទេ!»។ ហើយក៏ជា«អង្គុលីព្រះហស្តរបស់ព្រះ»ដែរ ដែលឆ្លាក់ក្រិត្យវិន័យដប់ប្រការលើផ្ទាំងសិលានោះ។ ហើយគឺជា«អង្គុលីព្រះហស្តរបស់ព្រះ»គឺវិញ្ញាណបរិសុទ្ធ ឬសកម្មពល ដែលធ្វើឲ្យព្រះយេស៊ូមានអំណាចបណ្ដេញអារក្សនិងប្រោសមនុស្សឈឺឲ្យជានោះ។ ដូច្នេះ ព្រះរាជាណាចក្ររបស់ព្រះបានមកដល់ពួកអ្នករិះគន់ទាំងនេះ ពីព្រោះព្រះយេស៊ូ ជាស្តេចនៃព្រះរាជាណាចក្រដែលបានតែងតាំង គឺនៅកណ្ដាលពួកគេ។
រួចមក ព្រះយេស៊ូធ្វើឲ្យឃើញច្បាស់ថា សមត្ថភាពរបស់ទ្រង់ចំពោះការដេញពួកបិសាច ក៏ជាទីសំអាងថាទ្រង់មានអំណាចលើសាតាំង ប្រៀបដូចនឹងមនុស្សខ្លាំងពូកែម្នាក់វាយឈ្នះលើមនុស្សម្នាក់ទៀតដែលកាន់គ្រឿងអាវុធការពារវាំងរបស់ខ្លួន។ ទ្រង់ក៏រៀបរាប់ម្ដងទៀតនូវរឿងប្រៀបប្រដូច ដែលទ្រង់បានមានបន្ទូលប្រាប់នៅស្រុកកាលីឡេ ស្តីអំពីវិញ្ញាណអាក្រក់។ អារក្សអសោចិ៍បានចេញពីបុរសនោះ តែបើបុរសនោះមិនធ្វើឲ្យចិត្តគំនិតរបស់គាត់ពេញទៅដោយអ្វីៗដ៏ល្អទេ នោះវាត្រឡប់មកវិញទាំងនាំយកអារក្សប្រាំពីរទៀតចូលគាត់ ហើយស្ថានភាពក្រោយរបស់បុរសនេះ ក៏រឹតតែអាក្រក់ជាងមុនទៅទៀត។
ខណនោះមានស្ត្រីម្នាក់ក្នុងហ្វូងមនុស្សស្ដាប់ការបង្រៀនរបស់ព្រះយេស៊ូនោះ គាត់ស្រែកឡើងដោយសន្ទុះចិត្តថា៖ «មានពរហើយ ផ្ទៃណាដែលបានរក្សាលោក ហើយដោះណាដែលលោកបានបៅ!»។ យើងអាចយល់នូវមូលហេតុដែលស្ត្រីនេះបានពោលដូច្នេះ ដ្បិតស្ត្រីជាតិយូដាគ្រប់គ្នាចង់ឲ្យពួកគេបានធ្វើជាមាតារបស់ព្យាការីនេះ ហើយជាពិសេសជាមាតារបស់ព្រះមេស្ស៊ី។ តាមមើលទៅ ស្ត្រីនេះបានគិតថា ម៉ារាច្បាស់ជាមានចិត្តសប្បាយ ពីព្រោះគាត់ជាមាតារបស់ព្រះយេស៊ូ។
ក៏ប៉ុន្តែ ព្រះយេស៊ូបានកែតំរូវពាក្យសំដីរបស់ស្ត្រីនេះភ្លាម ស្តីអំពីប្រភពពិតនៃសុភមង្គល។ ទ្រង់មានបន្ទូលតបថា៖ «ស៊ូថាដូច្នេះវិញ មានពរហើយ អស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយកាន់តាម»។ ព្រះយេស៊ូមិនចង់មានន័យថា ម៉ារាជាមាតាមិនគប្បីទទួលកិត្ដិយសដ៏ពិសេសនោះឡើយ។ ផ្ទុយទៅវិញ ព្រះយេស៊ូបានបង្ហាញថា សុភមង្គលពិត គឺមកដោយសារយើងធ្វើជាអ្នកបំរើរបស់ព្រះដែលមានចិត្តស្មោះត្រង់ គឺមិនមែនពឹងទៅលើអ្វីខាងសាច់ឈាម ឬការសម្រេចណាមួយនោះឡើយ។
ព្រះយេស៊ូក៏មានបន្ទូលស្តីបន្ទោសមនុស្សនៅស្រុកយូដា ដែលសុំរកទីសម្គាល់ពីស្ថានសួគ៌ ដូចដែលទ្រង់បានស្តីប្រដៅមនុស្សនៅស្រុកកាលីឡេដែរ។ ទ្រង់មានបន្ទូលថា ទ្រង់មិនប្រទានទីសម្គាល់អ្វី ក្រៅពីទីសម្គាល់របស់លោកយ៉ូណាសនោះទេ។ យ៉ូណាសជាទីសម្គាល់ ពេលគាត់បាននៅក្នុងពោះត្រីបីថ្ងៃ និងដោយការផ្សព្វផ្សាយដ៏ក្លាហានរបស់គាត់ ជាលទ្ធផលពួកអ្នកនៅក្រុងនីនីវេបានប្រែចិត្ត។ ព្រះយេស៊ូមានបន្ទូលថា៖ «មើល! នៅទីនេះមាន១អង្គដ៏វិសេស លើសជាងលោកយ៉ូណាសទៅទៀត»។ ទន្ទឹមគ្នានេះ មហាក្សត្រីសេបាក៏បានកោតស្ងើចនឹងប្រាជ្ញារបស់ស្តេចសាឡូម៉ូនដែរ។ ព្រះយេស៊ូក៏មានបន្ទូលថា៖ «ហើយមើល! នៅទីនេះមាន១អង្គដ៏វិសេសលើសជាងហ្លួងសាឡូម៉ូនទៅទៀត»។
ព្រះយេស៊ូពន្យល់ថា ពេលមនុស្សម្នាក់អុជចង្កៀង គាត់មិនយកទៅដាក់នៅទីកំបាំង ឬគ្របនឹងថាំងឡើយ ប៉ុន្តែយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យមនុស្សមើលឃើញពន្លឺ។ ប្រហែលជាទ្រង់ចង់មានបន្ទូលថា សេចក្ដីបង្រៀននោះ និងការធ្វើអព្ភូតហេតុនៅពីមុខមនុស្សរឹងចចេសក្នុងចំណោមពួកអ្នកស្ដាប់ទ្រង់ គឺអាចប្រៀបទៅនឹងការលាក់ពន្លឺចង្កៀង។ ភ្នែករបស់ពួកអ្នកស្ដាប់មិនល្អ ឬឥតមានការផ្ដោតអារម្មណ៍ទៅលើអ្វីដែលទ្រង់ធ្វើនោះសោះ ដូច្នេះគោលបំណងនៃអព្ភូតហេតុរបស់ទ្រង់ឥតបានសម្រេចឡើយ។
ព្រះយេស៊ូទើបតែបណ្ដេញអារក្សចេញ ហើយបានបណ្ដាលឲ្យមនុស្សគចេះនិយាយឡើងវិញ។ នេះគួរតែជំរុញមនុស្សឲ្យមានភ្នែកល្អ ឬផ្ដោតអារម្មណ៍មកសរសើរអព្ភូតហេតុដ៏រុងរឿងនេះ ហើយប្រកាសអំពីដំណឹងល្អវិញ! ក៏ប៉ុន្តែ ពួកអ្នករិះគន់ទាំងនេះឥតបានធ្វើដូច្នេះទេ។ ព្រះយេស៊ូក៏បញ្ចប់បន្ទូលទ្រង់ដោយមានបន្ទូលថា៖ «ដូច្នេះ ចូរប្រយ័ត ក្រែងពន្លឺដែលនៅក្នុងខ្លួនអ្នក ជាសេចក្ដីងងឹតវិញ បើសិនជារូបកាយអ្នកទាំងមូលបានភ្លឺ ឥតមានងងឹតត្រង់ណាសោះ នោះនឹងបានភ្លឺទាំងអស់ ដូចកាលចង្កៀងបំភ្លឺអ្នកដែរ»។ លូកា ១១:១៤-៣៦; និក្ខមនំ ៨:១៨, ១៩; ៣១:១៨; ម៉ាថាយ ១២:២២, ២៨
▪ តើមនុស្សមានប្រតិកម្មយ៉ាងណា ពេលព្រះយេស៊ូប្រោសបុរសម្នាក់ឲ្យជានោះ?
▪ តើ«អង្គុលីព្រះហស្តរបស់ព្រះ»ជាអ្វី? ហើយតើតាមរបៀបណាដែលព្រះរាជាណាចក្រនៃព្រះប្រទានមកដល់ពួកអ្នកស្ដាប់របស់ព្រះយេស៊ូ?
▪ តើប្រភពនៃសុភមង្គលពិតជាអ្វី?
▪ តើបុគ្គលម្នាក់អាចមានភ្នែកល្អយ៉ាងដូចម្ដេច?