លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ផារីស៊ីម្នាក់ទទួលព្រះយេស៊ូដោយភាពរាក់ទាក់

ផារីស៊ីម្នាក់ទទួលព្រះយេស៊ូដោយភាពរាក់ទាក់

ជំពូក​ទី​៨៣

ផារីស៊ី​ម្នាក់​ទទួល​ព្រះ​យេស៊ូ​ដោយ​ភាព​រាក់​ទាក់

ព្រះ​យេស៊ូ​គឺ​គង់​នៅ​ផ្ទះ​របស់​ផារីស៊ី​ដ៏​ធំ​ដុំ​ម្នាក់​នេះ​នៅ​ឡើយ ហើយ​ទ្រង់​ទើប​តែ​ប្រោស​មនុស្ស​ម្នាក់​ឲ្យ​ជា​ពី​ជំងឺ​ទាច​ទឹក។ កាល​ដែល​ព្រះ​យេស៊ូ​សង្កេត​ឃើញ​ភ្ញៀវ​ផ្សេង​ៗ​រើស​កន្លែង​អង្គុយ​ដ៏​ប្រសើរ នោះ​ទ្រង់​ក៏​បង្រៀន​មេ​រៀន​មួយ​អំពី​ចិត្ត​រាប​ទាប។

ព្រះ​យេស៊ូ​ពន្យល់​ថា៖ «បើ​មាន​អ្នក​ណា​អញ្ជើញ​អ្នក​រាល់​គ្នា​ទៅ​បរិភោគ​ការ នោះ​កុំ​ឲ្យ​អង្គុយ​ត្រង់​កន្លែង​ដ៏​ប្រសើរ​ឡើយ ក្រែង​ជួន​ជា​គេ​បាន​អញ្ជើញ​អ្នក​ណា​ដែល​ធំ​ជាង​អ្នក ហើយ​កាល​ណា​អ្នក​មង្គល​ការ ដែល​បាន​អញ្ជើញ​អ្នក នឹង​អ្នក​នោះ​ផង គាត់​មក​និយាយ​នឹង​អ្នក​ថា៖ ‹ទុក​កន្លែង​នេះ​ឲ្យ​អ្នក​នេះ​អង្គុយ​វិញ›។ នោះ​អ្នក​នឹង​ថយ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់ ទាំង​ខ្មាស​គេ​ផង»។

ដូច្នេះ ព្រះ​យេស៊ូ​ឲ្យ​ឱវាទ​ថា៖ «កាល​ណា​គេ​អញ្ជើញ​អ្នក នោះ​ត្រូវ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់​សិន ដើម្បី​កាល​ណា​អ្នក​មង្គល​ការ​មក​ដល់ នោះ​គាត់​នឹង​និយាយ​ថា ‹សំឡាញ់​អើយ! សូម​អញ្ជើញ​មក​អង្គុយ​នៅ​ខាង​មុខ​វិញ›។ នោះ​អ្នក​នឹង​បាន​ថ្កើង​ឡើង នៅ​មុខ​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា»។ ព្រះ​យេស៊ូ​មាន​បន្ទូល​បញ្ចប់​ថា៖ «ដ្បិត​អស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង​វិញ»។

បន្ទាប់​មក ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ផារីស៊ី​ដែល​បាន​អញ្ជើញ​ទ្រង់​ដោយ​រៀប​រាប់​នូវ​របៀប​ផ្ដល់​អាហារ​ដែល​មាន​តម្លៃ​ពិត​ចំពោះ​ព្រះ​ថា៖ «កាល​ណា​អ្នក​លៀង​ភ្ញៀវ​ពេល​ថ្ងៃ​ត្រង់ ឬ​ពេល​ល្ងាច នោះ​កុំ​ឲ្យ​អញ្ជើញ​ពួក​សំឡាញ់ បង​ប្អូន​សាច់​ញាតិ ឬ​អ្នក​មាន ដែល​នៅ​ជិត​ខាង​ឡើយ ក្រែង​គេ​ក៏​អញ្ជើញ​អ្នក​ទៅ​សង​ដូច្នោះ​វិញ​ដែរ បើ​កាល​ណា​អ្នក​រៀប​លៀង​ភ្ញៀវ​នោះ​ចូរ​អញ្ជើញ​ពួក​អ្នក​ក្រ អ្នក​ពិការ អ្នក​ខ្ញើច នឹង​អ្នក​ខ្វាក់​វិញ យ៉ាង​នោះ អ្នក​នឹង​បាន​ពរ​ពិត ដ្បិត​មនុស្ស​ទាំង​នោះ​គ្មាន​អ្វី​នឹង​សង​អ្នក​វិញ​ទេ»។

ការ​ប្រទាន​អាហារ​ដល់​ពួក​អ្នក​ក្រី​ក្រ​បែប​នេះ​នឹង​នាំ​ឲ្យ​មាន​សុភមង្គល​ដល់​អ្នក​ដែល​ឲ្យ ពីព្រោះ​ដូច​ជា​ព្រះ​យេស៊ូ​ពន្យល់​ដល់​អ្នក​ដែល​អញ្ជើញ​ទ្រង់​មក​ថា៖ «លុះ​កាល​ណា​ពួក​មនុស្ស​សុចរិត​រស់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​រង្វាន់​ហើយ»។ ការ​ពិពណ៌នា​របស់​ព្រះ​យេស៊ូ​អំពី​អាហារ​ដ៏​វិសេស​នេះ ក៏​ធ្វើ​ឲ្យ​ភ្ញៀវ​ម្នាក់​ទៀត​នឹក​ទៅ​ដល់​ការ​ទទួល​ទាន​អាហារ​ផ្សេង។ ភ្ញៀវ​នេះ​ពោល​ថា៖ «មាន​ពរ​ហើយ អ្នក​ណា​ដែល​នឹង​បរិភោគ​ក្នុង​នគរ​ព្រះ»។ ប៉ុន្តែ មនុស្ស​ទាំង​អស់​ឥត​ឲ្យ​តម្លៃ​យ៉ាង​ត្រឹម​ត្រូវ​ចំពោះ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នេះ​ទេ។ ដូច្នេះ ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​ប្រាប់​តាម​រយៈ​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត។

«មាន​បុរស​ម្នាក់​រៀប​ជប់​លៀង​ជា​យ៉ាង​ធំ ក៏​អញ្ជើញ​មនុស្ស​ជា​ច្រើន . . . គាត់​ប្រើ​បាវ​ឲ្យ​ទៅ​ប្រាប់​ពួក​ភ្ញៀវ​ថា៖ ‹សូម​អញ្ជើញ​មក! ដ្បិត​ទាំង​អស់​បាន​រៀប​ប្រុង​ជា​ស្រេច​ហើយ›។ តែ​គេ​ចាប់​តាំង ដោះ​សា​ដូច​គ្នា​ទាំង​អស់ អ្នក​មុន​និយាយ​ថា៖ ‹ខ្ញុំ​បាន​ទិញ​ចំការ ហើយ​ខ្ញុំ​ត្រូវ​ទៅ​មើល​ចំការ​នោះ សូម​ឲ្យ​លោក​អត់​ទោស›។ ម្នាក់​ទៀត​ថា៖ ‹ខ្ញុំ​បាន​ទិញ​គោ​៥​នឹម ខ្ញុំ​ត្រូវ​ទៅ​ល​វា​មើល សូម​ឲ្យ​លោក​អត់​ទោស›។ ម្នាក់​ទៀត​ក៏​ថា៖ ‹ខ្ញុំ​ទើប​នឹង​ការ​ប្រពន្ធ​ហើយ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ទៅ​មិន​បាន›»។

នេះ​ជា​ការ​ដោះ​សា​ពុំ​គួរ​ឲ្យ​ជឿ​សោះ! ធម្មតា​ចំការ​ឬ​សត្វ​ត្រូវ​ពិនិត្យ​មើល​មុន​នឹង​គេ​ទិញ ដូច្នេះ​គឺ​គ្មាន​ភាព​បន្ទាន់​ឲ្យ​ទៅ​មើល​ចំការ​ឬ​សត្វ​បន្ទាប់​ពី​ទិញ​នោះ​ទេ។ ស្រដៀង​គ្នា​ដែរ បុគ្គល​ម្នាក់​ដែល​រៀប​ការ មិន​គួរ​បង្ការ​គាត់​ពី​ការ​ទទួល​យក​សេចក្ដី​អញ្ជើញ​ដ៏​សំខាន់​បែប​នេះ​ទេ។ ដូច្នេះ​ពេល​ចៅហ្វាយ​ឮ​អំពី​ការ​ដោះ​សា​ទាំង​នេះ គាត់​ខឹង​យ៉ាង​ខ្លាំង​និង​បញ្ជា​បាវ​បំរើ​របស់​គាត់​ថា៖

«‹ចូរ​ប្រញាប់​ចេញ​ទៅ​ឯ​ផ្លូវ​តូច​ធំ​នៅ​ទី​ក្រុង នាំ​អស់​ពួក​មនុស្ស​ក្រ ពិការ ខ្វាក់ នឹង​ខ្ញើច ចូល​មក​ឲ្យ​ឆាប់!›។ បាវ​នោះ​ក៏​ជំរាប​ថា‹លោក! ការ​ដែល​លោក​បង្គាប់​នោះ បាន​ធ្វើ​ហើយ តែ​នៅ​តែ​មាន​សល់​កន្លែង​ទៀត›។ រួច​ចៅហ្វាយ​ប្រាប់​ថា ‹ចូរ​ចេញ​ទៅ​តាម​ផ្លូវ​ច្រក​ល្ហក តាម​របង ហើយ​បង្ខំ​គេ​ឲ្យ​ចូល​មក ដើម្បី​ឲ្យ​ផ្ទះ​អញ​បាន​ពេញ . . . ឯ​ពួក​មនុស្ស​ទាំង​ប៉ុន្មាន ដែល​អញ​បាន​អញ្ជើញ​មក​មុន​នោះ អញ​លែង​ឲ្យ​អ្នក​ណា​១​ភ្លក់​ម្ហូប​របស់​អញ​ហើយ›»។

តើ​រឿង​ប្រៀប​ប្រដូច​នេះ​រៀប​រាប់​នូវ​ស្ថានការណ៍​បែប​ណា? «ចៅហ្វាយ»ដែល​ផ្ដល់​អាហារ​នោះ​តំណាង​ព្រះ​យេហូវ៉ា «បាវ»ដែល​ទៅ​អញ្ជើញ​ភ្ញៀវ​នោះ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ និង«ជប់​លៀង​ជា​យ៉ាង​ធំ» គឺ​តំណាង​ឱកាស​ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។

អស់​អ្នក​ដំបូង ដែល​ទទួល​សេចក្ដី​អញ្ជើញ​ឲ្យ​ចូល​ក្នុង​ព្រះ​រាជាណាចក្រ គឺ​មេ​ដឹក​នាំ​សាសនា​នៅ​សម័យ​របស់​ព្រះ​យេស៊ូ។ ក៏​ប៉ុន្តែ ពួក​គេ​បាន​បដិសេធ​សេចក្ដី​អញ្ជើញ​នោះ។ ដូច្នេះ​ហើយ នៅ​បុណ្យ​ថ្ងៃ​ទី​៥០​ឆ្នាំ​៣៣ ស.យ. នោះ​ក៏​មាន​សេចក្ដី​អញ្ជើញ​លើក​ទី​ពីរ​ជូន​ចំពោះ​ពួក​ដែល​ត្រូវ​គេ​ស្អប់​គឺ​ពួក​សាសន៍​យូដា​ដ៏​រាប​ទាប។ ក៏​ប៉ុន្តែ ឥត​មាន​មនុស្ស​គ្រប់​គ្រាន់​ដែល​បំពេញ​ចំនួន​១៤៤.០០០​នាក់​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​នោះ​ទេ។ ដូច្នេះ​បី​ឆ្នាំ​កន្លះ​ក្រោយ​មក នៅ​ក្នុង​ឆ្នាំ​៣៦ ស.យ. សេចក្ដី​អញ្ជើញ​លើក​ចុង​ក្រោយ គឺ​ជា​សេចក្ដី​អញ្ជើញ​លើក​ទី​បី​ជូន​ចំពោះ​ពួក​សាសន៍​ដទៃ​ដែល​ឥត​កាត់​ស្បែក ហើយ​ការ​ប្រមូល​ពួក​គេ​គឺ​មាន​បន្ត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ លូកា ១៤:១​-​២៤

តើ​ព្រះ​យេស៊ូ​បង្រៀន​មេ​រៀន​អំពី​ចិត្ត​រាប​ទាប​យ៉ាង​ណា?

តើ​តាម​របៀប​ណា ដែល​អ្នក​ទទួល​ភ្ញៀវ​អាច​ផ្ដល់​អាហារ​ដែល​មាន​តម្លៃ​ចំពោះ​ព្រះ? ហើយ​ហេតុ​អ្វី​ក៏​នេះ​ធ្វើ​ឲ្យ​គាត់​មាន​សុភមង្គល​ទៅ​វិញ?

ហេតុ​អ្វី​ក៏​ការ​ដោះ​សា​របស់​ពួក​ភ្ញៀវ​ដែល​ត្រូវ​អញ្ជើញ​ឲ្យ​មក​ចូល​រួម​គឺ​ពុំ​គួរ​ឲ្យ​ជឿ​សោះ?

តើ«ជប់​លៀង​ជា​យ៉ាង​ធំ»ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ តំណាង​អ្វី?