លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពិធីជ្រមុជទឹករបស់ព្រះយេស៊ូ

ពិធីជ្រមុជទឹករបស់ព្រះយេស៊ូ

ជំពូក​ទី​១២

ពិធី​ជ្រមុជ​ទឹក​របស់​ព្រះ​យេស៊ូ

ប្រមាណ​ប្រាំ​មួយ​ខែ​ក្រោយ​ពី​យ៉ូហាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ នោះ​ព្រះ​យេស៊ូ​ដែល​ឥឡូវ​មាន​ព្រះ​ជន្មាយុ​៣០​ឆ្នាំ ទ្រង់​ក៏​មក​ឯ​យ៉ូហាន​នៅ​ត្រង់​ទន្លេ​យ័រដាន់។ តើ​ដោយ​មូលហេតុ​អ្វី? តើ​ដើម្បី​មក​លេង​ជា​មួយ​នឹង​គាត់​ឬ? តើ​ព្រះ​យេស៊ូ​គ្រាន់​តែ​ចាប់​អារម្មណ៍​នឹង​កិច្ច​ការ​របស់​យ៉ូហាន​ដែល​កំពុង​តែ​រីក​ចំរើន​ឬ? មិន​មែន​ទេ! ព្រះ​យេស៊ូ​បាន​សុំ​យ៉ូហាន​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ទ្រង់។

ភ្លាម​នោះ យ៉ូហាន​ប្រកែក​ថា៖ «ដូច​ម្ដេច​បាន​ជា​ទ្រង់​យាង​មក​ឯ​ទូល​បង្គំ គឺ​ទូល​បង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ពី​ទ្រង់​វិញ​ទេ​តើ?»។ យ៉ូហាន​ដឹង​ថា​ប្អូន​ជីដូន​មួយ​របស់​គាត់ គឺ​ព្រះ​យេស៊ូ​ជា​បុត្រ​ដ៏​ពិសេស​របស់​ព្រះ។ ដ្បិត​យ៉ូហាន​បាន​បង្រះ​ដោយ​សេចក្ដី​អំណរ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​របស់​គាត់ កាល​ដែល​ម៉ារា​មាតា​ព្រះ​យេស៊ូ​កំពុង​តែ​មាន​ទ្រង់​ក្នុង​ផ្ទៃ​នៅ​ឡើយ​បាន​ទៅ​លេង​នោះ! ម្ដាយ​របស់​យ៉ូហាន​ឈ្មោះ​អេលីសាបិត ប្រាកដ​ជា​បាន​ប្រាប់​អំពី​រឿង​ទាំង​អស់​នេះ​ដល់​គាត់​ហើយ។ ហើយ​ម្ដាយ​របស់​គាត់​ក៏​ច្បាស់​ជា​បាន​ប្រាប់​គាត់​អំពី​សេចក្ដី​ប្រកាស​របស់​ទេវតា អំពី​កំណើត​របស់​ព្រះ​យេស៊ូ និង​អំពី​ពួក​ទេវតា​ដែល​លេច​ខ្លួន​ឲ្យ​ពួក​អ្នក​គង្វាល​ឃើញ នៅ​ក្នុង​រាត្រី​ដែល​ព្រះ​យេស៊ូ​បាន​ប្រសូត​មក​ដែរ។

ដូច្នេះ​ព្រះ​យេស៊ូ​មិន​មែន​ជា​បុគ្គល​ដែល​ប្លែក​មុខ​ចំពោះ​យ៉ូហាន​នោះ​ឡើយ។ ហើយ​យ៉ូហាន​ក៏​ដឹង​ថា​ពិធី​ជ្រមុជ​ទឹក​ដែល​គាត់​ធ្វើ​ឡើង គឺ​មិន​មែន​សំរាប់​ព្រះ​យេស៊ូ​នោះ​ទេ។ នេះ​គឺ​សំរាប់​អស់​អ្នក​ដែល​ប្រែ​ចិត្ត​ពី​អំពើ​បាប​របស់​គេ ប៉ុន្តែ​ព្រះ​យេស៊ូ​ឥត​មាន​បាប​ឡើយ។ ក៏​ប៉ុន្តែ ទោះ​ជា​យ៉ូហាន​ប្រកែក​យ៉ាង​ណា​ក្ដី ព្រះ​យេស៊ូ​ទទូច​ថា៖ «ចូរ​ធ្វើ​ម្ដង​នេះ​ចុះ! ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី​សុចរិត​យ៉ាង​ដូច្នេះ»។

ហេតុ​អ្វី​ក៏​ជា​ការ​ត្រឹម​ត្រូវ​ដែល​ព្រះ​យេស៊ូ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ? ពីព្រោះ​ពិធី​ជ្រមុជ​ទឹក​របស់​ព្រះ​យេស៊ូ​ជា​និមិត្តរូប​មួយ មិន​មែន​ជា​ការ​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទេ ប៉ុន្តែ​គឺ​ជា​ការ​ថ្វាយ​អង្គ​ទ្រង់ ដើម្បី​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា​របស់​ទ្រង់។ ព្រះ​យេស៊ូ​ធ្លាប់​ធ្វើ​ជា​ជាង​ឈើ ប៉ុន្តែ​ឥឡូវ​គឺ​ដល់​ពេល​ឲ្យ​ទ្រង់​ចាប់​ផ្ដើម​កិច្ច​បំរើ ដែល​ព្រះ​យេហូវ៉ា​បាន​ចាត់​ទ្រង់​ឲ្យ​មក​ធ្វើ​នៅ​លើ​ផែនដី​ហើយ។ តើ​អ្នក​គិត​ថា យ៉ូហាន​សង្ឃឹម​ថា​នឹង​មាន​អ្វី​មួយ​ដ៏​ចម្លែក​នឹង​កើត​ឡើង ពេល​គាត់​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ព្រះ​យេស៊ូ​ឬ​ទេ?

ក្រោយ​មក យ៉ូហាន​រាយ​ការណ៍​ថា៖ «ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ ‹ដែល​ឯង​ឃើញ​ព្រះ​វិញ្ញាណ យាង​ចុះ​មក សណ្ឋិត​លើ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ ដែល​ធ្វើ​បុណ្យ​ជ្រមុជ ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ›»។ ដូច្នេះ​យ៉ូហាន​ដឹង​យ៉ាង​ប្រាកដ​ថា​នឹង​មាន​វិញ្ញាណ​របស់​ព្រះ មក​សណ្ឋិត​លើ​បុគ្គល​ណា​ម្នាក់​ដែល​លោក​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​នោះ។ ដូច្នេះ គាត់​មិន​មាន​ចិត្ត​ភ្ញាក់​ផ្អើល​ប៉ុន្មាន​ទេ កាល​ដែល​ព្រះ​យេស៊ូ​យាង​ឡើង​ពី​ទឹក ហើយ​គាត់​បាន​ឃើញ «ព្រះ​វិញ្ញាណ​នៃ​ព្រះ យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ក៏​សណ្ឋិត​លើ​ទ្រង់»។

ក៏​ប៉ុន្តែ​មាន​អ្វី​ច្រើន​ជាង​នោះ​បាន​កើត​មាន​ឡើង ពេល​ដែល​ព្រះ​យេស៊ូ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ‹មេឃ​ក៏​បើក​ឡើង› នៅ​ចំពោះ​ទ្រង់។ តើ​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? តាម​មើល​ទៅ នេះ​មាន​ន័យ​ថា កាល​ដែល​ទ្រង់​កំពុង​តែ​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​ស្មារតី​នឹក​ចាំ​អំពី​ជីវិត​នៅ​ស្ថាន​សួគ៌​មុន​ទ្រង់​កើត​ជា​មនុស្ស បាន​មាន​ឡើង​វិញ។ ដូច្នេះ​ហើយ ឥឡូវ​នេះ​ព្រះ​យេស៊ូ​អាច​នឹក​ចាំ​បាន​ទាំង​អស់​អំ​ពី​ជីវិត​របស់​ទ្រង់ ជា​បុត្រ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា រួម​បញ្ចូល​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ទ្រង់​នៅ​ស្ថាន​សួគ៌ ក្នុង​កំឡុង​ពេល​ដែល​ទ្រង់​មាន​អត្ថិភាព មុន​នឹង​ទ្រង់​កើត​ជា​មនុស្ស។

លើស​ពី​នេះ​ទៅ​ទៀត នៅ​ក្នុង​ពេល​ដែល​ទ្រង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​មាន​សម្លេង​ចេញ​ពី​មេឃ​មក​ថា៖ «នេះ​ជា​កូន​ស្ងួន​ភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់!»។ តើ​នេះ​ជា​សម្លេង​របស់​អ្នក​ណា? តើ​សម្លេង​របស់​ព្រះ​យេស៊ូ​ផ្ទាល់​ឬ? ប្រាកដ​ជា​មិន​មែន​ទេ! នេះ​គឺ​ជា​សម្លេង​របស់​ព្រះ។ យ៉ាង​ច្បាស់​ណាស់ ព្រះ​យេស៊ូ​ជា​បុត្រា​របស់​ព្រះ មិន​មែន​ជា​ព្រះ​តែ​ម្ដង ដូច​មនុស្ស​ខ្លះ​អះអាង​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​ក៏​ជា​បុត្រ​របស់​ព្រះ​ដែល​មាន​សណ្ឋាន​ជា​មនុស្ស ដូច​នឹង​បុរស​ទី​មួយ​អ័ដាម​នោះ​ដែរ។ លូកា​ជា​សិស្ស​ម្នាក់ ក្រោយ​រៀប​រាប់​អំពី​បុណ្យ​ជ្រមុជ​ទឹក​របស់​ព្រះ​យេស៊ូ នោះ​គាត់​សរសេរ​ថា៖ «ឯ​ព្រះ​យេស៊ូវ កាល​ទ្រង់​ចាប់​តាំង​ប្រារព្ធ​ការ នោះ​ទ្រង់​មាន​ព្រះ​ជន្ម​ប្រហែល​ជា​៣០​ឆ្នាំ ហើយ​តាម​ដែល​គេ​គិត​ស្មាន នោះ​ថា​ទ្រង់​ជា​កូន​យ៉ូសែប ដែល​ជា​កូន​ហេលី . . . ជា​កូន​ដាវីឌ . . . ជា​កូន​អ័ប្រាហាំ . . . ជា​កូន​ណូអេ . . . ជា​កូន​អ័ដាម អ័ដាម​ជា​កូន​ព្រះ»។

ដូច​អ័ដាម​ជា​មនុស្ស​ម្នាក់ «ជា​កូន​ព្រះ» ដូច្នេះ​ព្រះ​យេស៊ូ​ក៏​ជា​បុត្រា​របស់​ព្រះ​ដែរ។ ព្រះ​យេស៊ូ​ជា​បុរស​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ ដែល​បាន​ឃើញ​ជាក់​ស្តែង ពេល​យើង​ពិនិត្យ​មើល​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ។ ក៏​ប៉ុន្តែ នៅ​ឯ​បុណ្យ​ជ្រមុជ​ទឹក​របស់​ទ្រង់ នោះ​ព្រះ​យេស៊ូ​ក៏​មាន​ទំនាក់​ទំនង​ថ្មី​ជា​មួយ​ព្រះ​ម្ដង​ទៀត គឺ​ដោយ​ទ្រង់​ក្លាយ​ទៅ​ជា​បុត្រ​ខាង​វិញ្ញាណ​របស់​ព្រះ​មួយ​សា​ទៀត។ បើ​និយាយ​ប្រៀប​ធៀប ឥឡូវ​ព្រះ​ហៅ​ព្រះ​យេស៊ូ​ឲ្យ​មក​ស្ថាន​សួគ៌​វិញ ដោយ​ឲ្យ​ទ្រង់​ចាប់​ផ្ដើម​បំពេញ​កិច្ច​ការ​របស់​ព្រះ​ហើយ​ដល់​ចុង​បញ្ចប់​នៃ​កិច្ច​ការ​នោះ គឺ​ទ្រង់​នឹង​ត្រូវ​បូជា​ព្រះ​ជន្ម​ជា​មនុស្ស ទុក​សំរាប់​មនុស្ស​លោក​ដែល​ត្រូវ​បាន​ផ្ដន្ទា​ទោស។ ម៉ាថាយ ៣:១៣​-​១៧; លូកា ៣:២១​-​៣៨; ១:៣៤​-​៣៦, ៤៤; ២:១០​-​១៤; យ៉ូហាន ១:៣២​-​៣៤; ហេព្រើរ ១០:៥​-​៩

ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​មិន​មែន​ជា​មនុស្ស​ប្លែក​មុខ​ចំពោះ​យ៉ូហាន?

ដោយ​ព្រោះ​ទ្រង់​ឥត​ប្រព្រឹត្ត​អំពើ​បាប​សោះ​នោះ ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក?

ដោយ​យ៉ូហាន​ដឹង​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ព្រះ​យេស៊ូ ហេតុ​អ្វី​ក៏​គាត់​ប្រហែល​ជា​មិន​ភ្ញាក់​ផ្អើល ពេល​វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​លើ​ព្រះ​យេស៊ូ​នោះ?