លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពីការយំសោក ត្រឡប់ទៅជាការសប្បាយរីករាយយ៉ាងខ្លាំង

ពីការយំសោក ត្រឡប់ទៅជាការសប្បាយរីករាយយ៉ាងខ្លាំង

ជំពូក​ទី​៤៧

ពី​ការ​យំ​សោក ត្រឡប់​ទៅ​ជា​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង

នៅ​ពេល​ដែល​លោក​យ៉ៃរ៉ុស​ឃើញ​ថា ស្ត្រី​ដែល​មាន​ជំងឺ​ធ្លាក់​ឈាម​បាន​ជា​វិញ នោះ​ទំនុក​ចិត្ត​របស់​លោក​លើ​ព្រះ​ចេស្ដា​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​របស់​ព្រះ​យេស៊ូ ច្បាស់​ជា​បាន​បង្កើន​ឡើង​មែន។ នៅ​ដើម​ថ្ងៃ​នោះ លោក​យ៉ៃរ៉ុស​បាន​សុំ​ឲ្យ​ព្រះ​យេស៊ូ​ទៅ​ជួយ​កូន​ស្រី​ដ៏​ជា​ទី​ស្រឡាញ់​របស់​គាត់​ទើប​តែ​មាន​អាយុ​១២​ឆ្នាំ ដែល​កំពុង​តែ​ជិត​ស្លាប់​ហើយ​នោះ។ ប៉ុន្តែ ឥឡូវ​នេះ អ្វី​ដែល​លោក​យ៉ៃរ៉ុស​ខ្លាច​នោះ​បាន​កើត​ឡើង​មែន។ កាល​ដែល​ព្រះ​យេស៊ូ​កំពុង​តែ​មាន​បន្ទូល​នឹង​ស្ត្រី​នេះ នោះ​មាន​បុរស​ខ្លះ​មក​ជំរាប​លោក​យ៉ៃរ៉ុស​ថា៖ «កូន​ស្រី​លោក​ស្លាប់​ហើយ នៅ​តែ​រំខាន​ចិត្ត​លោក​គ្រូ​ធ្វើ​អី​ទៀត»។

ការ​ទទួល​ដំណឹង​នេះ​ច្បាស់​ធ្វើ​ឲ្យ​លោក​រន្ធត់​ចិត្ត​មែន! សូម​គិត​មើល​ចុះ: បុរស​នេះ​ដែល​មនុស្ស​ក្នុង​សហគមន៍​គោរព​យ៉ាង​ខ្លាំង ឥឡូវ​នេះ​អស់​សង្ឃឹម​ទាំង​ស្រុង ពេល​លោក​ឮ​អំពី​មរណភាព​របស់​កូន​ស្រី​លោក។ ប៉ុន្តែ ព្រះ​យេស៊ូ​ឮ​ការ​សន្ទនា​នោះ។ ដូច្នេះ ទ្រង់​បែរ​ទៅ​លោក​យ៉ៃរ៉ុស រួច​មាន​បន្ទូល​លើក​ទឹក​ចិត្ត​ថា៖ «កុំ​ខ្លាច​អី! ឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ»។

ព្រះ​យេស៊ូ​ក៏​យាង​ទៅ​ជា​មួយ​បុរស​ដែល​មាន​ទុក្ខ​យ៉ាង​ខ្លាំង​នេះ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ផ្ទះ​របស់​លោក​វិញ។ ពេល​មក​ដល់ នោះ​ឃើញ​មាន​មនុស្ស​ជ្រួល​ច្របល់ ហើយ​ទ្រហោ​យំ​យ៉ាង​ខ្លាំង។ ពួក​បណ្ដា​ជន​ក៏​បាន​មក​ទី​នោះ​ដែរ ថែម​ទាំង​សោក​សង្រេង​ជា​ខ្លាំង។ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​យាង​ចូល ទ្រង់​មាន​បន្ទូល​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​កើត​វឹកវរ ហើយ​យំ​ដូច្នេះ កូន​នេះ​មិន​មែន​ស្លាប់​ទេ គឺ​វា​ដេក​លក់​ទេ​តើ?»។

ពេល​ឮ​ដូច្នេះ បណ្ដា​ជន​ចំអក​ដាក់​ព្រះ​យេស៊ូ ពីព្រោះ​គេ​ដឹង​ច្បាស់​ថា​នាង​បាន​ស្លាប់​ពិត​មែន។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា នាង​គ្រាន់​តែ​ដេក​លក់​ប៉ុណ្ណោះ។ ដោយ​ព្រោះ​ព្រះ​ចេស្ដា​ដែល​ព្រះ​ប្រទាន​មក នោះ​ទ្រង់​នឹង​បង្ហាញ​បណ្ដា​ជន​ថា ទ្រង់​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ដូច​ជា​ការ​ដាស់​ពួក​គេ​ឲ្យ​ភ្ញាក់​ពី​ការ​ដេក​លក់​ស៊ប់​ដែរ។

ឥឡូវ​នេះ ព្រះ​យេស៊ូ​ឲ្យ​បណ្ដា​ជន​ចេញ​ទៅ​ខាង​ក្រៅ លើក​លែង​តែ​ពេត្រុស យ៉ាកុប យ៉ូហាន និង​ឪពុក​ម្ដាយ​ក្មេង​ស្រី​នោះ​ប៉ុណ្ណោះ។ រួច​មក ទ្រង់​ឲ្យ​មនុស្ស​ទាំង​ប្រាំ​នាក់​នេះ​ដែល​នៅ​ជា​មួយ​ទ្រង់ ឲ្យ​ចូល​ទៅ​ជិត​គ្រែ​ដែល​ក្មេង​ស្រី​នេះ​គេង។ ព្រះ​យេស៊ូ​ចាប់​ដៃ​នាង​មាន​បន្ទូល​ថា៖ «តាលីថាគូមី»ស្រាយ​ថា កូន​ស្រី​អើយ! អញ​ប្រាប់​ឲ្យ​ឯង​ក្រោក​ឡើង!»។ រំពេច​នោះ​កូន​ស្រី​នេះ​ក៏​ក្រោក​ឡើង​ដើរ​ទៅ! ពេល​ឃើញ​ដូច្នេះ ឪពុក​ម្ដាយ​នាង​មាន​សេចក្ដី​អស្ចារ្យ​ក្រៃ​លែង។

ក្រោយ​មក​ទ្រង់​ប្រាប់​គេ​ឲ្យ​យក​ចំណី​អាហារ​មក​ឲ្យ​ក្មេង​ស្រី​នេះ​បរិភោគ ថែម​ទាំង​ទ្រង់​ហាម​យ៉ៃរ៉ុស​និង​ប្រពន្ធ​លោក​មិន​ឲ្យ​ប្រាប់​នរណា​ដឹង​ពី​រឿង​នេះ​ឡើយ។ ប៉ុន្តែ ទោះ​ជា​ព្រះ​យេស៊ូ​មាន​បន្ទូល​ដូច្នេះ​ក៏​ដោយ តែ​ការ​និយាយ​អំពី​រឿង​នេះ​គឺ​ឮ​សុស​សាយ​គ្រប់​តំបន់​ទាំង​អស់។ នេះ​ជា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​លើក​ទី​ពីរ​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ។ ម៉ាថាយ ៩:១៨​-​២៦; ម៉ាកុស ៥:៣៥​-​៤៣; លូកា ៨:៤១​-​៥៦

តើ​លោក​យ៉ៃរ៉ុស​ទទួល​ដំណឹង​អ្វី? ហើយ​តើ​ព្រះ​យេស៊ូ​លើក​ទឹក​ចិត្ត​គាត់​យ៉ាង​ណា?

ពេល​ព្រះ​យេស៊ូ​និង​លោក​យ៉ៃរ៉ុស​មក​ដល់​ផ្ទះ តើ​មាន​ស្ថានការណ៍​យ៉ាង​ណា?

ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា ក្មេង​ស្លាប់​នេះ​គ្រាន់​តែ​ដេក​លក់​ប៉ុណ្ណោះ?

តើ​មនុស្ស​ប្រាំ​នាក់​ដែល​ឃើញ​ព្រះ​យេស៊ូ​ប្រោស​ក្មេង​ស្រី​ឲ្យ​រស់​ឡើង​វិញ​នេះ ជា​អ្នក​ណា​ខ្លះ?