លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកកម្មករនៅក្នុងចំការទំពាំងបាយជូរ

ពួកកម្មករនៅក្នុងចំការទំពាំងបាយជូរ

ជំពូក​ទី​៩៧

ពួក​កម្មករ​នៅ​ក្នុង​ចំការ​ទំពាំង​បាយ​ជូរ

ព្រះ​យេស៊ូ​ទើប​តែ​មាន​បន្ទូល​ថា៖ «មាន​មនុស្ស​មុន ទៅ​ជា​ក្រោយ​ជា​ច្រើន ហើយ​នឹង​មាន​មនុស្ស​ក្រោយ ទៅ​ជា​មុន​វិញ»។ ឥឡូវ​នេះ ទ្រង់​ពន្យល់​ដោយ​រៀប​រាប់​អំពី​រឿង​មួយ។ ទ្រង់​មាន​បន្ទូល​ថា៖ «នគរ​ស្ថាន​សួគ៌​ប្រៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​ចេញ​ទៅ​ពី​ព្រលឹម ដើម្បី​នឹង​ជួល​ជើង​ឈ្នួល ឲ្យ​មក​ធ្វើ​ការ​ក្នុង​ចំការ​ទំពាំង​បាយ​ជូរ​របស់​ខ្លួន»។

ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ត​ថា៖ «កាល[ថៅកែ]បាន​ព្រម​គ្នា​នឹង​បើក​ឲ្យ[ប្រាក់​ឌីណារី​មួយ​កាក់]ម្នាក់​ក្នុង​១​ថ្ងៃ​ហើយ នោះ​ក៏​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ក្នុង​ចំការ។ ដល់​ម៉ោង​៩​ព្រឹក គាត់​ចេញ​ទៅ​ឃើញ​មនុស្ស​ខ្លះ​ទៀត​ឈរ​ទំនេរ​នៅ​ទី​ផ្សារ ក៏​ប្រាប់​គេ​ថា ‹ចូរ​អ្នក​ទាំង​ឡាយ នាំ​គ្នា​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​របស់​ខ្ញុំ​ទៅ! ខ្ញុំ​នឹង​បើក​ឲ្យ តាម​ត្រឹម​ត្រូវ› គេ​ក៏​ទៅ។ ដល់​ថ្ងៃ​ត្រង់ ហើយ​ពេល​ម៉ោង​៣​រសៀល គាត់​ក៏​ចេញ​ទៅ​ធ្វើ​ដូច្នោះ​ទៀត។ លុះ​ដល់​ពេល​ម៉ោង​៥ គាត់​ចេញ​ទៅ​ឃើញ​មាន​មនុស្ស​ខ្លះ​ទៀត​នៅ​ទំនេរ ក៏​សួរ​គេ​ថា ‹ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឈរ​ទំនេរ​នៅ​ទី​នេះ តាំង​ពី​ព្រលឹម​មក​ដូច្នេះ?› គេ​ឆ្លើយ​ថា ‹ពីព្រោះ​គ្មាន​អ្នក​ណា​ជួល​យើង​ខ្ញុំ›។ រួច​គាត់​ប្រាប់​ថា ‹ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​របស់​ខ្ញុំ​ទៅ! នោះ​អ្នក​នឹង​ទទួល​ឈ្នួល​តាម​ត្រឹម​ត្រូវ›»។

ថៅកែ​ឬ​ម្ចាស់​នៃ​ចំការ​ទំពាំង​បាយ​ជូរ គឺ​ជា​ព្រះ​យេហូវ៉ា ហើយ​ចំការ​ទំពាំង​បាយ​ជូរ គឺ​ជា​សាសន៍​អ៊ីស្រាអែល។ កម្មករ​នៅ​ក្នុង​ចំការ​ទំពាំង​បាយ​ជូរ គឺ​ជា​មនុស្ស​ដែល​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ។ ជា​ពិសេស ពួក​គេ​គឺ​ជា​ពួក​សាសន៍​យូដា​ដែល​រស់​នៅ​ក្នុង​សម័យ​នៃ​ពួក​សាវ័ក។ កិច្ច​ព្រម​ព្រៀង​ខាង​ប្រាក់​ឈ្នួល​នេះ​បាន​ធ្វើ​ឡើង​ជា​មួយ​តែ​ពួក​កម្មករ​ដែល​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ប្រាក់​ឈ្នួល​គឺ​ប្រាក់​ឌីណារី​មួយ​កាក់​ក្នុង​មួយ​ថ្ងៃ។ អស់​អ្នក​ដែល​ត្រូវ​ហៅ​ឲ្យ​ធ្វើ​ការ​នៅ​ម៉ោង​៩​ព្រឹក ម៉ោង​១២​ថ្ងៃ​ត្រង់ ម៉ោង​៣​រសៀល និង​ម៉ោង​៥​ល្ងាច គឺ​ធ្វើ​ការ​បាន​តែ​៩​ម៉ោង ៦​ម៉ោង ៣​ម៉ោង និង​១​ម៉ោង​ទេ។

ពួក​កម្មករ​ដែល​ធ្វើ​ការ​១២​ម៉ោង​ឬ​ក៏​ពេញ​មួយ​ថ្ងៃ នោះ​តំណាង​ពួក​មេ​ដឹក​នាំ​សាសន៍​យូដា ដែល​ជាប់​រវល់​ខាង​ភារកិច្ច​សាសនា​ជា​និច្ច។ ពួក​គេ​មិន​ដូច​ជា​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​ទេ ដែល​ធ្វើ​ការ​ជា​អ្នក​នេសាទ ឬ​ក៏​កិច្ច​ការ​ផ្សេង​ៗ​សឹង​តែ​អស់​មួយ​ជីវិត​របស់​ពួក​គេ។ ប៉ុន្តែ នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នៅ​ឆ្នាំ​២៩ ស.យ. នោះ«ថៅកែ»បញ្ជូន​ព្រះ​យេស៊ូ​គ្រីស្ទ ឲ្យ​ទៅ​ប្រមូល​ពួក​អ្នក​ទាំង​នេះ​ឲ្យ​ធ្វើ​ជា​សិស្ស​របស់​ទ្រង់។ ដូច្នេះ​ហើយ ពួក​គេ​ក៏​ក្លាយ​ទៅ​ជា​កម្មករ​ដែល​ធ្វើ​ការ​នៅ​ម៉ោង​៥​ល្ងាច ឬ «មនុស្ស​ក្រោយ​បង្អស់»ក្នុង​ចំការ​ទំពាំង​បាយ​ជូរ។

នៅ​ទី​បំផុត ថ្ងៃ​ធ្វើ​ការ​ជា​និមិត្តរូប​នេះ​ត្រូវ​ចប់​នៅ​ពេល​ព្រះ​យេស៊ូ​សោយ​ទិវង្គត​ហើយ​ក៏​ត្រូវ​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​កម្មករ។ ពួក​គេ​ធ្វើ​តាម​វិន័យ​ដ៏​ចម្លែក​នៃ​ការ​បង់​ឈ្នួល​ឲ្យ​បុគ្គល​ដែល​ធ្វើ​ការ​ក្រោយ​គេ​បង្អស់ ដូច​ជា​បាន​ពន្យល់​ថា៖ «ដល់​ល្ងាច ថៅកែ​ចំការ​នោះ​ប្រាប់​ទៅ​នាយ​ដំរួត​ការ​ថា ‹ចូរ​ហៅ​ពួក​ជើង​ឈ្នួល​មក​បើក​ឈ្នួល​ឲ្យ​គេ ចាប់​តាំង​ពី​មនុស្ស​ក្រោយ​បង្អស់ រៀង​ទៅ​ដល់​អ្នក​មុន​ដំបូង›។ កាល​ពួក​អ្នក​ដែល​គាត់​ជួល​ពី​ម៉ោង​៥​បាន​មក​ដល់ នោះ​គេ​បើក​បាន[ប្រាក់​ឌីណារី​មួយ​កាក់]ម្នាក់​ៗ។ រួច​កាល​ពួក​មុន​បង្អស់​បាន​មក​ដល់ គេ​ស្មាន​ថា នឹង​បាន​លើស​ជាង​នោះ​ទៅ​ទៀត តែ​អ្នក​ទាំង​នោះ​ក៏​បាន​ទទួល[ប្រាក់​ឌីណារី​មួយ​កាក់]ម្នាក់​ដូច​គ្នា​ដែរ។ គ្រា​បាន​បើក​ប្រាក់​ស្រេច​ហើយ នោះ​គេ​ត្អូញត្អែរ​នឹង​ថៅកែ​ថា ‹ពួក​អ្នក​ដែល​មក​ក្រោយ​នេះ គេ​ធ្វើ​ការ​តែ​១​ម៉ោង​សោះ ហើយ​លោក​បាន​ឲ្យ​គេ​ស្មើ​នឹង​យើង​ខ្ញុំ ដែល​ទ្រាំ​ធ្វើ​ការ​ធ្ងន់​ទាំង​ហាល​ថ្ងៃ តាំង​ពី​ព្រលឹម​មក​ដែរ›។ តែ​គាត់​ឆ្លើយ​ទៅ​ម្នាក់​នោះ​ថា ‹សំឡាញ់​អើយ! ខ្ញុំ​មិន​ធ្វើ​ខុស​នឹង​អ្នក​ទេ តើ​អ្នក​មិន​បាន​សុខ​ចិត្ត​ព្រម​ទទួល​តែ[ប្រាក់​ឌីណារី​មួយ​កាក់]ទេ​ឬ? . . . ដូច្នេះ ចូរ​យក​ប្រាក់​របស់​អ្នក​ទៅ​ៗ។ ខ្ញុំ​បាន​សំរេច​នឹង​ឲ្យ​ដល់​ពួក​អ្នក​ដែល​មក​ក្រោយ​នេះ ដូច​ជា​បាន​ឲ្យ​ដល់​អ្នក​ដែរ។ តើ​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ចាត់​ចែង​របស់​ខ្ញុំ តាម​អំពើ​ចិត្ត​ទេ​ឬ? . . . តើ​ភ្នែក​អ្នក​ឃើញ​អាក្រក់ ពីព្រោះ​ខ្ញុំ​ល្អ​ឬ?›»។ នៅ​ទី​បញ្ចប់​នោះ ព្រះ​យេស៊ូ​មាន​បន្ទូល​ម្ដង​ទៀត​នូវ​អ្វី​ដែល​ទ្រង់​ធ្លាប់​មាន​បន្ទូល​ប្រាប់​នៅ​លើក​មុន ដែល​ថា៖ «គឺ​យ៉ាង​នោះ​ដែល​អស់​អ្នក​ក្រោយ​នឹង​បាន​ទៅ​ជា​មុន ហើយ​ពួក​អ្នក​មុន​នឹង​ទៅ​ជា​ក្រោយ​វិញ»។

ការ​ទទួល​ប្រាក់​ឌីណារី​មួយ​កាក់​មិន​បាន​កើត​ឡើង​ពេល​ព្រះ​យេស៊ូ​សោយ​ទិវង្គត​នោះ​ទេ តែ​កើត​ឡើង​នៅ​ថ្ងៃ​ទី​៥០​នៃ​ឆ្នាំ​៣៣ ស.យ. ពេល​ព្រះ​គ្រីស្ទ​ដែល​ជា«នាយ​ដំរួត​ការ» ចាក់​វិញ្ញាណ​បរិសុទ្ធ​ទៅ​លើ​ពួក​សិស្ស​របស់​ទ្រង់។ ពួក​សិស្ស​ទាំង​នេះ​របស់​ព្រះ​យេស៊ូ​គឺ​ប្រៀប​ដូច​នឹង«មនុស្ស​ក្រោយ​បង្អស់» ឬ​កម្មករ​ដែល​ធ្វើ​ការ​នៅ​ម៉ោង​ប្រាំ​ល្ងាច។ ប្រាក់​ឌីណារី​មួយ​កាក់​មិន​មែន​តំណាង​ដោយ​អំណោយ​នៃ​វិញ្ញាណ​បរិសុទ្ធ​នោះ​ទេ។ ប្រាក់​ឌីណារី​មួយ​កាក់​គឺ​ជា​ប្រាក់​ដែល​ពួក​សិស្ស​ធ្លាប់​ប្រើ​នៅ​លើ​ផែនដី​ប៉ុណ្ណោះ។ នេះ​ជា​អ្វី​ដែល​តំណាង​ប្រាក់​ខែ​របស់​គេ គឺ​ជីវិត​ជា​រៀង​រហូត។ នេះ​គឺ​ជា​ឯកសិទ្ធិ​ឲ្យ​គេ​ចូល​ជា​ពួក​អ៊ីស្រាអែល​ខាង​វិញ្ញាណ ដែល​បាន​ត្រូវ​រើស​តាំង​ឲ្យ​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។

មិន​យូរ​ប៉ុន្មាន ពួក​កម្មករ​ដែល​ចូល​ធ្វើ​ការ​មុន​គេ​ឃើញ​ថា ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ទទួល​ប្រាក់ ហើយ​ពួក​អ្នក​ទាំង​នោះ​ឃើញ​ពួក​សិស្ស​កំពុង​តែ​ប្រើ​ប្រាក់​ឌីណារី​មួយ​កាក់​ជា​និមិត្តរូប​នេះ។ ប៉ុន្តែ ពួក​កម្មករ​ដែល​ចូល​ធ្វើ​ការ​មុន​គេ​ចង់​បាន​លើស​នោះ​ទៅ​ទៀត មិន​គ្រាន់​តែ​វិញ្ញាណ​បរិសុទ្ធ និង​ឯកសិទ្ធិ​ដែល​មាន​ក្នុង​ព្រះ​រាជាណាចក្រ​នោះ​ទេ។ ពួក​គេ​ត្អូញត្អែរ​និង​ជំទាស់ ដោយ​បៀត​បៀន​ពួក​ជើង​ឈ្នួល​ក្នុង​ចំការ «ក្រោយ​បង្អស់» គឺ​សិស្ស​របស់​ព្រះ​គ្រីស្ទ។

តើ​ការ​សម្រេច​ដំបូង​នៅ​សតវត្ស​ទី​មួយ គឺ​ជា​ការ​សម្រេច​តែ​មួយ​គត់​ចំពោះ​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​ឬ​ទេ? អត់​ទេ! ពួក​បព្វជិត​នៃ​ពិភព​គ្រីស្ទ​សាសនា​នៅ​សតវត្ស​ថ្មី​ៗ​នេះ ដោយ​សារ​ជំហរ​និង​ភារកិច្ច​របស់​គេ គឺ​ជា«ពួក​អ្នក​មុន»ដែល​បាន​ត្រូវ​ជួល​ក្នុង​ចំការ​ទំពាំង​បាយ​ជូរ​ដែល​ជា​និមិត្តរូប​របស់​ព្រះ។ ពួក​គេ​ចាត់​ទុក​ពួក​អ្នក​ថ្វាយ​ខ្លួន ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ក្នុង​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​ជា«មនុស្ស​ក្រោយ​បង្អស់» ដែល​មាន​ភារកិច្ច​ជា​ផ្លូវ​ការ​ចំពោះ​កិច្ច​បំរើ​ព្រះ។ ប៉ុន្តែ តាម​ការ​ពិត ពួក​គេ​ជា​អ្នក​ដែល​ពួក​បព្វជិត​ស្អប់ ព្រោះ​ពួក​គេ​បាន​ទទួល​ប្រាក់​ឌីណារី​មួយ​កាក់ ជា​កិត្ដិយស​នៃ​ការ​បំរើ​ជា​ឯកអគ្គរាជទូត​រើស​តាំង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌។ ម៉ាថាយ ១៩:៣០–២០:១៦

តើ​ចំការ​ទំពាំង​បាយ​ជូរ​តំណាង​អ្វី? តើ​អ្នក​ណា​ដែល​តំណាង​ម្ចាស់​ចំការ ហើយ​កម្មករ​ដែល​ធ្វើ​អស់​១២​ម៉ោង និង​កម្មករ​ដែល​ធ្វើ​ការ​អស់​មួយ​ម៉ោង​តំណាង​អ្នក​ណា?

តើ​ថ្ងៃ​ធ្វើ​ការ​ជា​និមិត្តរូប​ចប់​នៅ​ពេល​ណា? ហើយ​ការ​បើក​ប្រាក់​ឲ្យ​កើត​ឡើង​នៅ​ពេល​ណា?

តើ​ការ​បើក​ប្រាក់​ឌីណារី​មួយ​កាក់​តំណាង​អ្វី?