លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកគេចាប់ព្រះយេស៊ូពុំបាន

ពួកគេចាប់ព្រះយេស៊ូពុំបាន

ជំពូក​ទី​៦៧

ពួក​គេ​ចាប់​ព្រះ​យេស៊ូ​ពុំ​បាន

ពេល​បុណ្យ​បារាំ​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅ​ឡើយ នោះ​មេ​ដឹក​នាំ​សាសនា​ក៏​ចាត់​ពួក​អាជ្ញា​ឲ្យ​ទៅ​ចាប់​ព្រះ​យេស៊ូ។ តែ​ព្រះ​យេស៊ូ​ឥត​បាន​គេច​ខ្លួន​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​បន្ត​បង្រៀន​ជា​សាធារណៈ ដោយ​មាន​បន្ទូល​ថា៖ «ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្ដិច​ទៀត​ទេ រួច​ខ្ញុំ​ទៅ​ឯ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ ហើយ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ឡើយ»។

ពួក​សាសន៍​យូដា​មិន​យល់​ទេ ដូច្នេះ​ពួក​គេ​ក៏​សួរ​គ្នី​គ្នា​ថា៖ «តើ​អ្នក​នេះ​គិត​ទៅ​ឯ​ណា ដែល​យើង​នឹង​រក​មិន​ឃើញ? តើ​គិត​ទៅ​ឯ​ពួក​អ្នក​ខ្ចាត់​ខ្ចាយ នៅ​ក្នុង​សាសន៍​ក្រេក ដើម្បី​នឹង​បង្រៀន​ដល់​សាសន៍​នោះ​ឬ​អី? ពាក្យ​ដែល​គាត់​ថា‹អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ›ហើយ​ថា«កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ»នេះ តើ​មាន​ន័យ​ដូច​ម្ដេច?»។ ប្រាកដ​ហើយ ព្រះ​យេស៊ូ​កំពុង​មាន​បន្ទូល​អំពី​ការ​សោយ​ទិវង្គត​និង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ និង​ការ​យាង​ទៅ​ស្ថាន​សួគ៌​ជា​កន្លែង​ដែល​ពួក​សត្រូវ​របស់​ទ្រង់​មិន​អាច​ទៅ​បាន​ឡើយ។

ថ្ងៃ​ទី​ប្រាំ​ពីរ​ជា​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នៃ​បុណ្យ​បារាំ​នេះ​ក៏​មក​ដល់។ រៀង​រាល់​ព្រឹក​នៃ​ពិធី​បុណ្យ​នេះ សង្ឃ​ម្នាក់​បាន​យក​ទឹក​ពី​ស្រះ​ស៊ីឡូម​មក​ចាក់​បង្ហូរ​ទៅ​ក្រោម​អាសនៈ។ ព្រះ​យេស៊ូ​ប្រហែល​ជា​រំឭក​មនុស្ស​នូវ​កិច្ច​ការ​ប្រចាំ​ថ្ងៃ​ដែល​ពួក​គេ​គួរ​តែ​ធ្វើ​នោះ ដោយ​ឧទាន​ប្រកាស​ឡើង​ថា៖ «បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​ឯ​ខ្ញុំ ហើយ​ផឹក​ចុះ! អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​មាន​ទន្លេ​ទឹក​រស់​ហូរ​ចេញ​ពី​ពោះ​ខ្លួន​មក ដូច​ជា​គម្ពីរ​សំដែង​ហើយ»។

តាម​ការ​ពិត ព្រះ​យេស៊ូ​កំពុង​មាន​បន្ទូល​អំពី​លទ្ធផល​ដ៏​អស្ចារ្យ ពេល​ដែល​វិញ្ញាណ​បរិសុទ្ធ​ត្រូវ​ចាក់​មក​នោះ។ នៅ​ឆ្នាំ​ជា​បន្ទាប់ នឹង​មាន​ការ​ចាក់​វិញ្ញាណ​បរិសុទ្ធ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០។ នៅ​ពេល​នោះ គឺ​មាន​ទឹក​រស់​ហូរ​ចេញ​មក ពេល​ដែល​សិស្ស​១២០​នាក់​ចាប់​ផ្ដើម​បំរើ​មនុស្ស។ ប៉ុន្តែ​មុន​ពេល​នោះ គឺ​គ្មាន​វិញ្ញាណ​បរិសុទ្ធ​ក្នុង​ន័យ​ថា មិន​ទាន់​មាន​សិស្ស​ណា​ម្នាក់​របស់​ព្រះ​គ្រីស្ទ​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ ហើយ​ត្រូវ​អញ្ជើញ​ឲ្យ​ទទួល​ជីវិត​នៅ​ស្ថាន​សួគ៌​នោះ​នៅ​ឡើយ​ទេ។

អ្នក​ខ្លះ​ដែល​តប​ឆ្លើយ​នឹង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ នោះ​ចាប់​ផ្ដើម​និយាយ​ថា៖ «លោក​នេះ ពិត​ប្រាកដ​ជា​ហោរា​នោះ​ហើយ» យ៉ាង​ជាក់​ស្តែង​នេះ​គឺ​សំដៅ​ទៅ​ព្យាការី​ដែល​ធំ​ជាង​លោក​ម៉ូសេ ដែល​បាន​សន្យា​ថា​នឹង​មក​នោះ។ អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «នេះ​ជា​ព្រះ​គ្រីស្ទ​ហើយ»។ ក៏​ប៉ុន្តែ មនុស្ស​ខ្លះ​ទៀត​តវ៉ា​ថា៖ «ចុះ​ព្រះ​គ្រីស្ទ​យាង​មក​ពី​ស្រុក​កាលីឡេ​ដែរ​ឬ? តើ​គម្ពីរ​មិន​ថា ព្រះ​គ្រីស្ទ​ត្រូវ​កើត​ពី​ព្រះ​វង្ស​ហ្លួង​ដាវីឌ ហើយ​ក៏​យាង​មក​ពី​ភូមិ​បេថ្លេហិម ជា​កន្លែង​ដែល​ហ្លួង​ដាវីឌ​បាន​គង់​នៅ​ទេ​ឬ?»។

ដូច្នេះ​ហើយ​ក៏​មាន​ការ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​ហ្វូង​មនុស្ស។ មាន​អ្នក​ខ្លះ​ចង់​ឲ្យ​គេ​ចាប់​ព្រះ​យេស៊ូ ប៉ុន្តែ គ្មាន​នរណា​ហ៊ាន​ចាប់​ទ្រង់​ឡើយ។ នៅ​ពេល​ដែល​ពួក​អាជ្ញា​ត្រឡប់​ទៅ​វិញ ដោយ​មិន​បាន​នាំ​ព្រះ​យេស៊ូ​មក​ជា​មួយ​នោះ ពួក​សង្គ្រាជ​និង​ពួក​ផារីស៊ី​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មិន​ចាប់​អ្នក​នោះ​មក?»។

ពួក​អាជ្ញា​ឆ្លើយ​ថា៖ «មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ»។

ពួក​មេ​ដឹក​នាំ​សាសនា​មាន​កំហឹង​យ៉ាង​ខ្លាំង រហូត​ដល់​ចំអក​មើល​ងាយ និយាយ​មួល​បង្កាច់ ថែម​ទាំង​ស្តី​បន្ទោស​ពួក​អាជ្ញា​ទាំង​នោះ​ទៀត​ផង។ ពួក​គេ​និយាយ​មើល​ងាយ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​បញ្ឆោត​ដែរ​ឬ? តើ​មាន​អ្នក​ឯ​ណា​ក្នុង​ពួក​នាម៉ឺន ឬ​ក្នុង​ពួក​ផារិស៊ី ដែល​ជឿ​ដល់​អ្នក​នោះ​ឬ​ទេ? ឯ​ហ្វូង​មនុស្ស​នេះ ដែល​មិន​ស្គាល់​ក្រិត្យ​វិន័យ គេ​ជា​មនុស្ស​ត្រូវ​បណ្ដា​សា​វិញ»។

ចំណែក​ឯ​លោក​នីកូដេម ដែល​ជា​ពួក​ផារីស៊ី​ហើយ​ជា​អ្នក​គ្រប់​គ្រង​សាសន៍​យូដា​ម្នាក់​ដែរ(គឺ​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់) គាត់​ហ៊ាន​និយាយ​គាំទ្រ​ព្រះ​យេស៊ូ​ដោយ​អង់អាច។ អ្នក​អាច​នៅ​ចាំ​បាន​មួយ​ឆ្នាំ​កន្លះ​មុន​នេះ លោក​នីកូដេម​បាន​ទៅ​រក​ព្រះ​យេស៊ូ​នៅ​ពេល​យប់ និង​បាន​សម្ដែង​ជំនឿ​របស់​គាត់​ចំពោះ​ទ្រង់។ ឥឡូវ​នេះ លោក​នីកូដេម​និយាយ​ថា៖ «តើ​ក្រិត្យ​វិន័យ​យើង​កាត់​ទោស​ដល់​មនុស្ស​ណា មុន​ដែល​បាន​ឮ​ពាក្យ​ចម្លើយ​ពី​ខ្លួន​អ្នក​នោះ ហើយ​ដឹង​ជា​ធ្វើ​ខុស​យ៉ាង​ណា​ឬ?»។

ពួក​ផារីស៊ី​កាន់​តែ​ខឹង​ឡើង​នឹង​លោក​នីកូដេម​ដែល​នៅ​ក្នុង​ក្រុម​របស់​ពួក​គេ តែ​បែរ​ជា​ហ៊ាន​និយាយ​គាំទ្រ​ព្រះ​យេស៊ូ​ទៅ​វិញ។ ពួក​គេ​និយាយ​យ៉ាង​ម៉ាត់​ៗ​ទៅ​លោក​ថា៖ «តើ​លោក​មក​ពី​ស្រុក​កាលីឡេ​ដែរ​ឬ? ចូរ​ពិចារណា​មើល​ចុះ! ឥត​ដែល​មាន​ហោរា​ណា កើត​មក​ពី​ស្រុក​កាលីឡេ​ឡើយ»។

ទោះ​ជា​បទ​គម្ពីរ​មិន​ចែង​យ៉ាង​ចំ​ៗ​ថា មាន​ព្យាការី​ម្នាក់​ពី​ស្រុក​កាលីឡេ​ក៏​ដោយ ពួក​គេ​ក៏​អាច​បញ្ជាក់​ថា​ព្រះ​គ្រីស្ទ​គឺ​មក​ពី​ស្រុក​នោះ ដោយ​ព្រោះ​ពួក​គេ​និយាយ​ថា«ពន្លឺ​យ៉ាង​ធំ»នឹង​ឃើញ​ពី​តំបន់​នោះ។ ម្យ៉ាង​វិញ​ទៀត ព្រះ​យេស៊ូ​បាន​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ហើយ​ទ្រង់​ជា​រាជ្យ​វង្ស​របស់​ដាវីឌ។ ថ្វី​បើ​ពួក​ផារីស៊ី​ប្រហែល​បាន​ដឹង​អំពី​រឿង​នេះ​ក៏​ដោយ ពួក​គេ​ទំនង​ជា​ពួក​ដែល​មិន​និយាយ​សេចក្ដី​ពិត​អំពី​ព្រះ​យេស៊ូ​ទេ។ យ៉ូហាន ៧:៣២​-​៥២; អេសាយ ៩:១, ២; ម៉ាថាយ ៤:១៣​-​១៧

រៀង​រាល់​ព្រឹក​ក្នុង​ពិធី​បុណ្យ​នេះ តើ​ការងារ​អ្វី​ដែល​ពួក​សង្ឃ​ត្រូវ​ធ្វើ​នោះ? ហើយ​តើ​ព្រះ​យេស៊ូ​បាន​លើក​រឿង​នេះ​ប្រាប់​ដល់​ហ្វូង​មនុស្ស​តាម​របៀប​ណា?

ហេតុ​អ្វី​បាន​ជា​ពួក​អាជ្ញា​ចាប់​ព្រះ​យេស៊ូ​មិន​បាន? តើ​ពួក​មេ​ដឹក​នាំ​សាសនា​តប​ឆ្លើយ​យ៉ាង​ដូច​ម្ដេច?

តើ​លោក​នីកូដេម​ជា​អ្នក​ណា? តើ​លោក​មាន​អាកប្បកិរិយា​យ៉ាង​ណា​ចំពោះ​ព្រះ​យេស៊ូ? ហើយ​តើ​ពួក​ផារីស៊ី​ឯ​ទៀត​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​លោក?

តើ​មាន​ទី​សំអាង​អ្វី​ដែល​ថា ព្រះ​គ្រីស្ទ​មាន​ដើម​កំណើត​នៅ​ស្រុក​កាលីឡេ​នោះ?