លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកគេចាប់ព្រះយេស៊ូពុំបាន

ពួកគេចាប់ព្រះយេស៊ូពុំបាន

ជំពូក​ទី​១០៨

ពួក​គេ​ចាប់​ព្រះ​យេស៊ូ​ពុំ​បាន

ដោយ​សារ​ព្រះ​យេស៊ូ​បាន​បង្រៀន​នៅ​ឯ​ព្រះ​វិហារ និង​ទើប​តែ​បាន​ប្រាប់​ពួក​សត្រូវ​របស់​ទ្រង់​នូវ​រឿង​ប្រៀប​ប្រដូច​បី ដែល​លាត​ត្រដាង​នូវ​អំពើ​អាក្រក់​របស់​ពួក​គេ នោះ​ពួក​ផារីស៊ី​ខឹង​យ៉ាង​ខ្លាំង ហើយ​ក៏​ពិគ្រោះ​គ្នា​រិះ​រក​មធ្យោបាយ​ចាប់​កំហុស​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​មាន​បន្ទូល​អំពី​អ្វី​មួយ ដែល​ពួក​គេ​អាច​ចាប់​ទ្រង់​ដាក់​គុក។ ពួក​គេ​រិះ​រក​មធ្យោបាយ​មួយ ហើយ​ចាត់​ពួក​សិស្ស​របស់​គេ​ឲ្យ​រួម​ដៃ​ជា​មួយ​ពួក​ដែល​នៅ​ខាង​ស្តេច​ហេរ៉ូឌ​ដើម្បី​ចាប់​ព្រះ​យេស៊ូ។

ពួក​អ្នក​ទាំង​នេះ​ពោល​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា លោក​ពិត​ត្រង់ ហើយ​ថា លោក​បង្រៀន​ពី​ផ្លូវ​ព្រះ​ដោយ​សេចក្ដី​ពិត ឥត​មាន​អំពល់​ដល់​អ្នក​ណា​ឡើយ ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ទេ ដូច្នេះ សូម​ប្រាប់​យើង​ខ្ញុំ​ដែល​លោក​គិត​ដូច​ម្ដេច តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ?»។

ព្រះ​យេស៊ូ​មិន​ចាញ់​បញ្ឆោត​នឹង​ពាក្យ​បញ្ជោរ​នោះ​ទេ។ ទ្រង់​ជ្រាប​ថា ប្រសិន​បើ​ទ្រង់​មាន​បន្ទូល​ថា ‹អត់​ទេ! គឺ​មិន​មាន​ច្បាប់ ឬ​មិន​ត្រូវ​បង់​ពន្ធ› នោះ​ទ្រង់​នឹង​ជាប់​ទោស​ពី​ការ​នាំ​បំបះ​បំបោរ​ប្រឆាំង​ពួក​រាជការ​រ៉ូម។ តែ​បើ​ទ្រង់​មាន​បន្ទូល​ថា ‹ត្រូវ​ហើយ! អ្នក​ត្រូវ​បង់​ពន្ធ› នោះ​ពួក​សាសន៍​យូដា​ដែល​ស្អប់​នូវ​ការ​ចុះ​ចូល​នឹង​អំណាច​របស់​ពួក​រាជការ​រ៉ូម ពួក​គេ​នឹង​ស្អប់​ទ្រង់​ជាក់​ជា​ពុំ​ខាន។ ដូច្នេះ​ទ្រង់​ក៏​មាន​បន្ទូល​តប​ថា៖ «មនុស្ស​កំពុត​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង​ខ្ញុំ​ដូច្នេះ? ចូរ​បង្ហាញ​ប្រាក់​ដែល​បង់​ពន្ធ​មក​ឲ្យ​ខ្ញុំ​មើល​ចុះ!»។

ពេល​ពួក​គេ​យក​ប្រាក់​កាក់​មក​ថ្វាយ​ទ្រង់​ទត នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា៖ «រូប​នេះ នឹង​ឈ្មោះ​នេះ តើ​ជា​របស់​អ្នក​ណា?»។

ពួក​គេ​ទូល​ឆ្លើយ​ថា៖ «របស់​សេសារ»។

«ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ឯ​របស់​ព្រះ ចូរ​ថ្វាយ​ទៅ​ព្រះ​វិញ»។ ពេល​ពួក​បុរស​នេះ​ឮ​ចម្លើយ​ដ៏​វាង​វៃ​របស់​ព្រះ​យេស៊ូ នោះ​ពួក​គេ​កោត​ស្ងើច​យ៉ាង​ខ្លាំង រួច​ក៏​ចេញ​ពី​ទ្រង់​ទៅ​ឲ្យ​ទ្រង់​គង់​នៅ​ម្នាក់​ឯង។

ពួក​សាឌូស៊ី​ដែល​ពុំ​ជឿ​លើ​ដំណើរ​រស់​ឡើង​វិញ ពេល​ឃើញ​ថា ពួក​ផារីស៊ី​បរាជ័យ​ពី​ការ​រក​ចាប់​កំហុស​ព្រះ​យេស៊ូ​ហើយ​នោះ ពួក​គេ​ក៏​ចូល​មក​គាល់​ទ្រង់ ហើយ​ទូល​សួរ​ទ្រង់​ថា៖ «លោក​គ្រូ! លោក​ម៉ូសេ​បាន​ផ្ដាំ​ថា ‹បើ​អ្នក​ណា​ស្លាប់​ទៅ​ឥត​មាន​កូន នោះ ប្អូន​ត្រូវ​យក​ប្រពន្ធ​របស់​បង ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង​ខ្លួន›។ រីឯ​នៅ​ក្នុង​ពួក​យើង​ខ្ញុំ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​គ្មាន​កូន​សោះ បាន​ទុក​ប្រពន្ធ​ឲ្យ​ប្អូន ប្អូន​បន្ទាប់​ក៏​ធ្វើ​ដូច​គ្នា រួច​ប្អូន​ទី​៣ ដរាប​ដល់​ប្អូន​ពៅ​បំផុត ក្រោយ​បង្អស់​មក ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ ដូច្នេះ ដល់​គ្រា​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ត្រូវ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ណា ក្នុង​បណ្ដា​បង​ប្អូន​ទាំង​៧​នាក់​នោះ ដ្បិត​សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់​ៗ​គ្នា»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «ដូច្នេះ អ្នក​រាល់​គ្នា​ភាន់​ច្រឡំ​ទេ​តើ ពីព្រោះ​មិន​ស្គាល់​គម្ពីរ ឬ​ព្រះ​ចេស្ដា​នៃ​ព្រះ ដ្បិត​កាល​ណា​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​មិន​ដែល​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ទៀត​ទេ គេ​បាន​ដូច​ជា​ទេវតា​នៅ​ស្ថាន​សួគ៌​វិញ ឯ​ដំណើរ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ នោះ​តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​ពី​គុម្ព​បន្លា ដែល​មាន​នៅ​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ​ទេ​ឬ? . . . ដែល​ព្រះ​ទ្រង់​មាន​បន្ទូល​នឹង​លោក​ថា ‹អញ​ជា​ព្រះ​នៃ​អ័ប្រាហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប› ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ​ទេ​តើ អ្នក​រាល់​គ្នា​ភាន់​ច្រឡំ​ខ្លាំង​ណាស់»។

ពួក​បណ្ដា​ជន​បាន​កោត​ស្ងើច​នឹង​ចម្លើយ​របស់​ព្រះ​យេស៊ូ​ម្ដង​ទៀត។ សូម្បី​តែ​ពួក​អាចារ្យ​ខ្លះ​ក៏​ទទួល​ស្គាល់​ថា៖ «លោក​គ្រូ! លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់!»។

ពេល​ពួក​ផារីស៊ី​ឃើញ​ថា ព្រះ​យេស៊ូ​ធ្វើ​ឲ្យ​ពួក​សាឌូស៊ី​ទ័ល​ប្រាជ្ញា​ដូច្នេះ នោះ​ពួក​គេ​នាំ​គ្នា​មក​គាល់​ទ្រង់​ជា​ក្រុម​តែ​មួយ។ ដើម្បី​ល្បង​ល​ព្រះ​យេស៊ូ​ទៀត នោះ​មាន​អាចារ្យ​ស្ក្រែប​ម្នាក់​ទូល​សួរ​ថា៖ «លោក​គ្រូ! ក្នុង​បណ្ដា​ក្រិត្យ​វិន័យ តើ​បញ្ញត្ត​ណា​ដែល​យ៉ាង​សំខាន់​បំផុត?»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «ឯ​បញ្ញត្ត​ដែល​សំខាន់​ជាង​គេ នោះ​គឺ​ថា‹ចូរ​ស្ដាប់​ចុះ! អ៊ីស្រាអែល​អើយ! [ព្រះ​យេហូវ៉ា] ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​ជា[ព្រះ​យេហូវ៉ា]តែ​១​ព្រះ​អង្គ​ទ្រង់ ហើយ​ឯង​ត្រូវ​ស្រឡាញ់ ដល់[ព្រះ​យេហូវ៉ា] ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង›។ នោះ​ហើយ​ជា​បញ្ញត្ត​ទី​១ ឯ​បញ្ញត្ត​ទី​២ ក៏​បែប​ដូច​គ្នា គឺ​ថា‹ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង›គ្មាន​បញ្ញត្ត​ណា​ទៀត​ធំ​ជាង​បទ​ទាំង​២​នេះ​ទេ»។ តាម​ការ​ពិត ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ថែម​ថា៖ «បណ្ដា​ក្រិត្យ​វិន័យ នឹង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សំរេច​នៅ​បទ​បញ្ញត្ត​ទាំង​២ប្រ​ការ​នេះ​ឯង»។

អាចារ្យ​នោះ​ក៏​ឯកភាព ហើយ​ទូល​ទ្រង់​ថា៖ «មែន​ហើយ! លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់​ថា ‹មាន​ព្រះ​តែ​១ ហើយ​ក្រៅ​ពី​ទ្រង់ គ្មាន​ព្រះ​ណា​ទៀត​សោះ› ហើយ​ដែល​ស្រឡាញ់​ទ្រង់​អស់​ពី​ចិត្ត អស់​ពី​ប្រាជ្ញា អស់​ពី​ព្រលឹង នឹង​អស់​ពី​កំឡាំង ហើយ​ដែល​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង នោះ​វិសេស​លើស​ជាង​អស់​ទាំង​ដង្វាយ​ដុត នឹង​យញ្ញ​បូជា​ទាំង​ប៉ុន្មាន​ទៅ​ទៀត»។

កាល​ព្រះ​យេស៊ូ​បាន​ឃើញ​ថា អាចារ្យ​នេះ​ឆ្លើយ​ដោយ​ប្រាជ្ញា នោះ​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​មិន​ឆ្ងាយ​ពី​នគរ​ព្រះ​ទេ»។

ព្រះ​យេស៊ូ​បាន​បង្រៀន​នៅ​ឯ​ព្រះ​វិហារ​អស់​រយៈ​ពេល​បី​ថ្ងៃ​ហើយ គឺ​ថ្ងៃ​អាទិត្យ ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​អង្គារ។ បណ្ដា​ជន​បាន​ស្ដាប់​ទ្រង់​ទាំង​មាន​ចិត្ត​រីករាយ តែ​ពួក​មេ​ដឹក​នាំ​សាសនា​ចង់​ធ្វើ​គុត​ទ្រង់។ ប៉ុន្តែ មក​ដល់​ឥឡូវ​នេះ ការ​ប៉ុន​ប៉ង​ធ្វើ​គុត​នេះ​តែង​បរាជ័យ​រាល់​លើក។ ម៉ាថាយ ២២:១៥​-​៤០; ម៉ាកុស ១២:១៣​-​៣៤; លូកា ២០:២០​-​៤០

តើ​ពួក​ផារីស៊ី​រិះ​រក​មធ្យោបាយ​អ្វី​ដើម្បី​ចាប់​ព្រះ​យេស៊ូ? ហើយ​បើ​ទ្រង់​ឆ្លើយ​ថា ត្រូវ​ឬ​ក៏​មិន​ត្រឹម​ត្រូវ នោះ​តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា?

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ធ្វើ​ឲ្យ​បរាជ័យ​នូវ​ការ​ប៉ុន​ប៉ង​របស់​ពួក​សាឌូស៊ី ដែល​រក​ចាប់​កំហុស​ទ្រង់​នោះ?

តើ​ពួក​ផារីស៊ី​ល្បង​ល​ព្រះ​យេស៊ូ​យ៉ាង​ណា​ទៀត? ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

ក្នុង​កំឡុង​កិច្ច​បំរើ​ចុង​ក្រោយ​នៅ​ក្រុង​យេរូសាឡិម តើ​ព្រះ​យេស៊ូ​បង្រៀន​ប៉ុន្មាន​ថ្ងៃ​នៅ​ក្នុង​ព្រះ​វិហារ? ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?