លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកសិស្សជាច្រើនឈប់កាន់តាមព្រះយេស៊ូ

ពួកសិស្សជាច្រើនឈប់កាន់តាមព្រះយេស៊ូ

ជំពូក​ទី​៥៥

ពួក​សិស្ស​ជា​ច្រើន​ឈប់​កាន់​តាម​ព្រះ​យេស៊ូ

ព្រះ​យេស៊ូ​កំពុង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ​នៅ​ក្រុង​កាពើណិម ស្តី​អំពី​អង្គ​ទ្រង់​ជា​នំ​ប៉័ង​ដ៏​ពិត​ដែល​មក​ពី​ស្ថាន​សួគ៌។ យ៉ាង​ជាក់​ស្តែង​ណាស់ សុន្ទរកថា​របស់​ទ្រង់​បាន​ចាប់​ផ្ដើម​ពិគ្រោះ​បន្ត ពេល​ហ្វូង​មនុស្ស​ដែល​រក​ឃើញ​ទ្រង់ ពួក​គេ​បាន​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាង​កើត​នៃ​សមុទ្រ​កាលីឡេ ជា​កន្លែង​ដែល​ពួក​គេ​បាន​បរិភោគ​នំ​ប៉័ង​និង​ត្រី​ដែល​បាន​ផ្ដល់​មក​ជា​អព្ភូតហេតុ​នោះ។

ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ត​ថា៖ «ឯ​នំ​ប៉័ង​ដែល​ខ្ញុំ​ឲ្យ គឺ​ជា​រូប​សាច់​ខ្ញុំ ដែល​ខ្ញុំ​នឹង​ឲ្យ​ជំនួស​ជីវិត​មនុស្ស​លោក»។ ទើប​តែ​ពីរ​ឆ្នាំ​មុន​នេះ នៅ​និទាឃ​រដូវ​ក្នុង​ឆ្នាំ​៣០ ស.យ. នោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​លោក​នីកូដេម​ថា ព្រះ​ស្រឡាញ់​មនុស្ស​ក្នុង​លោកីយ៍​ណាស់ ដោយ​ហេតុ​នេះ​ហើយ​ទ្រង់​ប្រទាន​បុត្រ​របស់​ទ្រង់​ជា​អ្នក​សង្គ្រោះ។ ដូច្នេះ​ហើយ ឥឡូវ​នេះ ព្រះ​យេស៊ូ​កំពុង​តែ​បង្ហាញ​ថា​មនុស្សជាតិ​ណា​ម្នាក់ ដែល​បរិភោគ​សាច់​របស់​ទ្រង់​បើ​និយាយ​ជា​និមិត្តរូប​នោះ គឺ​ត្រូវ​ធ្វើ​តាម​ជំនឿ​លើ​យញ្ញ​បូជា​ដែល​ទ្រង់​នឹង​ផ្ដល់​ឲ្យ​នោះ ទើប​អាច​ទទួល​ជីវិត​ជា​រៀង​រហូត​បាន។

ប៉ុន្តែ ពួក​មនុស្ស​ដែល​ជំទាស់​នឹង​បន្ទូល​របស់​ព្រះ​យេស៊ូ​សួរ​ថា៖ «ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​នេះ​អាច​នឹង​ឲ្យ​សាច់​ខ្លួន​មក​យើង​បរិភោគ​បាន?»។ ព្រះ​យេស៊ូ​ចង់​ឲ្យ​ពួក​អ្នក​ស្ដាប់​របស់​ទ្រង់​យល់​ថា ការ​បរិភោគ​សាច់​ទ្រង់​គ្រាន់​តែ​ជា​ការ​តំណាង​ប៉ុណ្ណោះ។ ដូច្នេះ ដើម្បី​នឹង​បញ្ជាក់​អំពី​រឿង​នេះ ទ្រង់​មាន​បន្ទូល​ជំទាស់​យ៉ាង​ខ្លាំង បើ​ធ្វើ​តាម​របៀប​មែន​ទែន​នោះ។

ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​គេ​ថា៖ «បើ​អ្នក​រាល់​គ្នា​មិន​ពិសា​សាច់ ហើយ​មិន​ផឹក​ឈាម​របស់​កូន​មនុស្ស នោះ​អ្នក​រាល់​គ្នា​គ្មាន​ជីវិត​នៅ​ក្នុង​ខ្លួន​ទេ អ្នក​ណា​ដែល​បរិភោគ​សាច់ នឹង​ឈាម​របស់​ខ្ញុំ នោះ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត ពីព្រោះ​សាច់​ខ្ញុំ​ជា​អាហារ​ពិត ហើយ​ឈាម​ខ្ញុំ​ក៏​ជា​គ្រឿង​ផឹក​ពិត​ប្រាកដ អ្នក​ណា​ដែល​បរិភោគ​សាច់ នឹង​ឈាម​របស់​ខ្ញុំ នោះ​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​នោះ​ដែរ»។

ប្រសិន​បើ​ទ្រង់​ប្រទាន​យោបល់​អំពី​ការ​ស៊ី​សាច់​មនុស្ស នោះ​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ​ច្បាស់​ជា​គួរ​ឲ្យ​ស្អប់​ខ្ពើម​មែន។ ប៉ុន្តែ ព្រះ​យេស៊ូ​មិន​គាំទ្រ​ឲ្យ​បរិភោគ​សាច់​ឬ​ផឹក​ឈាម​មែន​ទែន​នោះ​ឡើយ។ ទ្រង់​គ្រាន់​តែ​បញ្ជាក់​ថា​អស់​អ្នក​ដែល​ទទួល​ជីវិត​ជា​រៀង​រហូត គប្បី​ប្រព្រឹត្ត​តាម​ជំនឿ​លើ​យញ្ញ​បូជា​ដែល​ទ្រង់​នឹង​ធ្វើ ពេល​ទ្រង់​ផ្ដល់​រូប​កាយ​ដ៏​គ្រប់​ល័ក្ខណ៍ ដោយ​បង្ហូរ​ព្រះ​លោហិត​របស់​ទ្រង់​នោះ។ ប៉ុន្តែ​សូម្បី​តែ​សិស្ស​ជា​ច្រើន​របស់​ទ្រង់​ក៏​មិន​វែក​ញែក​ឲ្យ​យល់​អំពី​ការ​បង្រៀន​របស់​ទ្រង់​ដែរ ហើយ​ថែម​ទាំង​បដិសេធ​ទៀត​ផង។ «ពាក្យ​នេះ​ពិបាក​ស្ដាប់​ណាស់ តើ​អ្នក​ណា​យល់​បាន?»។

ព្រះ​យេស៊ូ​ជ្រាប​ថា​មាន​ពួក​សិស្ស​រអ៊ូ​រទាំ​ពី​សេចក្ដី​នោះ បាន​ជា​ទ្រង់​មាន​បន្ទូល​ថា៖ «តើ​សេចក្ដី​នេះ​នាំ​បង្អាក់​ដល់​ចិត្ត​អ្នក​រាល់​គ្នា​ឬ​អី? ចុះ​បើ​អ្នក​រាល់​គ្នា​បាន​ឃើញ​កូន​មនុស្ស​ឡើង​ទៅ​ឯ​ស្ថាន ដែល​លោក​នៅ​ពី​ដើម . . . ឯ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​ត្រូវ​ខាង​វិញ្ញាណ​នឹង​ជីវិត​វិញ ប៉ុន្តែ មាន​អ្នក​រាល់​គ្នា​ខ្លះ​មិន​ជឿ​ទេ»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ទៀត​ថា៖ «គឺ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះ​វរបិតា​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ប៉ុណ្ណោះ»។ ហេតុ​នោះ​ហើយ​បាន​ជា​សិស្ស​ជា​ច្រើន​នាក់​របស់​ទ្រង់​លែង​កាន់​តាម​ទ្រង់​ទៀត។ ដូច្នេះ​ព្រះ​យេស៊ូ​បែរ​ព្រះ​ភ័ក្ដ្រ​មក​ពួក​សាវ័ក​១២​នាក់ ហើយ​មាន​បន្ទូល​សួរ​ថា៖ «អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ?»។

ពេត្រុស​ទូល​ឆ្លើយ​ថា៖ «ព្រះ​អម្ចាស់​អើយ! តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ? គឺ​ទ្រង់​ហើយ ដែល​មាន​ព្រះ​បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច យើង​ខ្ញុំ​ក៏​បាន​ជឿ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​ពិត»។ នេះ​ជា​ការ​សម្ដែង​នូវ​ភក្ដី​ភាព​មែន! ថ្វី​បើ​ពេត្រុស​និង​ពួក​សាវ័ក​ឯ​ទៀត​ឥត​បាន​យល់​ច្បាស់​លាស់​នឹង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ​ស្តី​អំពី​រឿង​នេះ​ក៏​ដោយ។

ព្រះ​យេស៊ូ​បាន​ពេញ​ព្រះ​ទ័យ​នឹង​ការ​តប​ឆ្លើយ​របស់​ពេត្រុស តែ​ទ្រង់​បាន​សង្កេត​ឃើញ​ថា៖ «តើ​ខ្ញុំ​មិន​បាន​រើស​អ្នក​រាល់​គ្នា ជា​ពួក​១២​នាក់​ទេ​ឬ​អី? តែ​មាន​ម្នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា​ជា​អារក្ស​វិញ»។ ទ្រង់​កំពុង​តែ​មាន​បន្ទូល​អំពី​យូដាស​អ៊ីស្ការីយ៉ុត។ ប្រហែល​ជា​នៅ​គ្រា​នោះ ព្រះ​យេស៊ូ​អាច​ជ្រាប​ដឹង​ថា យូដាស​បាន‹ចាប់​ផ្ដើម›មាន​គំនិត​អាក្រក់។

ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​មនុស្ស​ទាំង​នោះ​ខក​ចិត្ត ដោយ​ទ្រង់​ប្រឆាំង​នឹង​ការ​រក​ចាប់​ទ្រង់​ឲ្យ​ធ្វើ​ជា​ស្តេច ហើយ​ពួក​គេ​ប្រហែល​ជា​វែក​ញែក​ថា៖ ‹តើ​បុគ្គល​នេះ​អាច​ជា​ព្រះ​មេស្ស៊ី​យ៉ាង​ណា​បាន ប្រសិន​បើ​ទ្រង់​ឥត​មាន​ជំហរ​ដ៏​ត្រឹម​ត្រូវ​ជា​ព្រះ​មេស្ស៊ី​ផង​នោះ?›។ ត្រូវ​ហើយ រឿង​នេះ​ក៏​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​គិត​ដែរ។ យ៉ូហាន ៦:៥១​-​៧១; ៣:១៦

តើ​ព្រះ​យេស៊ូ​ប្រទាន​សាច់​របស់​ទ្រង់​ឲ្យ​អ្នក​ណា? តើ​ពួក​គេ​ទាំង​នេះ‹បរិភោគ​សាច់​របស់​ទ្រង់›យ៉ាង​ដូច​ម្ដេច?

តើ​បន្ទូល​អ្វី​ទៀត​របស់​ព្រះ​យេស៊ូ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ភ្ញាក់​ផ្អើល? ប៉ុន្តែ តើ​ទ្រង់​កំពុង​តែ​បញ្ជាក់​អំពី​អ្វី?

តើ​ពេត្រុស​តប​ឆ្លើយ​យ៉ាង​ណា ពេល​មនុស្ស​ជា​ច្រើន​ឈប់​កាន់​តាម​ព្រះ​យេស៊ូ​នោះ?