លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកសិស្សឈ្លោះប្រកែកគ្នាពេលការសោយទិវង្គតរបស់ព្រះយេស៊ូកាន់តែកៀកណាស់ហើយ

ពួកសិស្សឈ្លោះប្រកែកគ្នាពេលការសោយទិវង្គតរបស់ព្រះយេស៊ូកាន់តែកៀកណាស់ហើយ

ជំពូក​ទី​៩៨

ពួក​សិស្ស​ឈ្លោះ​ប្រកែក​គ្នា​ពេល​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​កាន់​តែ​កៀក​ណាស់​ហើយ

ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ទ្រង់​គឺ​នៅ​ជិត​ទន្លេ​យ័រដាន់ ជា​កន្លែង​ដែល​ទ្រង់​និង​ពួក​សិស្ស​ឆ្លង​កាត់​ពី​ស្រុក​ប៉េរ៉េ​ចូល​ទៅ​ក្នុង​ស្រុក​យូដា។ មនុស្ស​ជា​ច្រើន​ឯ​ទៀត​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ពិធី​បុណ្យ​រំលង​នៅ​ឆ្នាំ​៣៣ ស.យ. ដែល​សល់​តែ​មួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ។

ព្រះ​យេស៊ូ​កំពុង​តែ​យាង​ទៅ​ជា​មួយ​ពួក​សិស្ស ហើយ​ពួក​គេ​មាន​ចិត្ត​ស្ងើច​នឹង​ការ​តាំង​ចិត្ត​ដ៏​ក្លាហាន​របស់​ទ្រង់​ណាស់។ ចូរ​នឹក​ចាំ​ឡើង​វិញ បី​បួន​សប្ដាហ៍​មុន​នេះ ពេល​ឡាសារ​បាន​ស្លាប់ នោះ​ព្រះ​យេស៊ូ​បាន​យាង​ចេញ​ពី​ស្រុក​ប៉េរ៉េ​ចូល​ទៅ​ស្រុក​យូដា នោះ​ថូម៉ាស​បាន​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ថា៖ «ចូរ​យើង​រាល់​គ្នា​ទៅ​ដែរ ដើម្បី​នឹង​ប្ដូរ​ស្លាប់​ជា​មួយ​នឹង​លោក»។ ចូរ​នឹក​ចាំ​ដែរ ក្រោយ​ពី​ព្រះ​យេស៊ូ​ប្រោស​ឡាសារ​ឲ្យ​រស់​ឡើង​វិញ នោះ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​បាន​រក​វិធី​ធ្វើ​គុត​ទ្រង់។ ដូច្នេះ​ហើយ បាន​ជា​ពួក​សិស្ស​មាន​ចិត្ត​ខ្លាច ពេល​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក​យូដា​ម្ដង​ទៀត។

ព្រះ​យេស៊ូ​នាំ​ពួក​សាវ័ក​១២​នាក់​ទៅ​ដោយ​ឡែក​ពី​ហ្វូង​មនុស្ស​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ត្រៀម​ខ្លួន​ជា​មុន​ចំពោះ​ពេល​វេលា​ខាង​មុខ ដោយ​មាន​បន្ទូល​ប្រាប់​ថា៖ «មើល! យើង​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម នោះ​កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ឯ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​នឹង​កាត់​ទោស​លោក​ដល់​ជីវិត ហើយ​បញ្ជូន​ទៅ​ដល់​ពួក​សាសន៍​ដទៃ ពួក​នោះ​នឹង​ចំអក​មើល​ងាយ វាយ​នឹង​រំពាត់ ស្ដោះ​ដាក់ ហើយ​សំឡាប់​លោក រួច​៣​ថ្ងៃ​ក្រោយ​ដែល​ស្លាប់​ទៅ នោះ​លោក​នឹង​រស់​ឡើង​វិញ»។

នេះ​ជា​លើក​ទី​បី​ក្នុង​ប៉ុន្មាន​ខែ​នេះ ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់ អំពី​ការ​សោយ​ទិវង្គត​និង​ការ​រស់​ឡើង​វិញ​របស់​ទ្រង់។ ហើយ​ទោះ​ជា​ពួក​គេ​ស្ដាប់​ទ្រង់ ក៏​ពួក​គេ​នៅ​តែ​ឥត​យល់​សោះ​ឡើយ។ នេះ​ប្រហែល​ជា​ពួក​គេ​ស្មាន​ថា​រឿង​នោះ​សំដៅ​ទៅ​លើ​ការ​ស្ដារ​ឡើង​វិញ នូវ​ព្រះ​រាជាណាចក្រ​នៃ​ប្រទេស​អ៊ីស្រាអែល​នៅ​លើ​ផែនដី ហើយ​ពួក​គេ​ទន្ទឹង​ចាំ​យ៉ាង​រំភើប​នូវ​សិរី​រុង​រឿង​និង​កិត្ដិយស​ក្នុង​ព្រះ​រាជាណាចក្រ​ជា​មួយ​ព្រះ​គ្រីស្ទ​នៅ​លើ​ផែនដី​នេះ។

សាឡូមេ​គឺ​ជា​អ្នក​រួម​ដំណើរ​ទៅ​ធ្វើ​បុណ្យ​រំលង​ដែរ ហើយ​គាត់​ជា​ម្ដាយ​របស់​សាវ័ក​យ៉ាកុប​និង​យ៉ូហាន។ ព្រះ​យេស៊ូ​ហៅ​យ៉ាកុប​និង​យ៉ូហាន​ជា«កូន​ផ្គរ​លាន់» ច្បាស់​ជា​ដោយ​សារ​លក្ខណៈ​ដ៏​ឆេវ​ឆាវ​របស់​ពួក​គេ​ហើយ។ ជា​យូរ​មក​ហើយ សាវ័ក​ទាំង​ពីរ​នេះ​មាន​មហិច្ឆតា​ចង់​បាន​ឋានៈ​ដ៏​ធំ​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​គ្រីស្ទ ហើយ​ពួក​គេ​បាន​ប្រាប់​ម្ដាយ​ខ្លួន​នូវ​សេចក្ដី​ប្រាថ្នា​របស់​ពួក​គេ។ ឥឡូវ​នេះ ម្ដាយ​របស់​ពួក​គេ​ក៏​ចូល​មក​គាល់​ព្រះ​យេស៊ូ​ជំនួស​ពួក​គេ ក្រាប​ទៀប​ព្រះ​បាទា​ទ្រង់ និង​ទូល​សុំ​អ្វី​មួយ។

ព្រះ​យេស៊ូ​មាន​បន្ទូល​សួរ​ថា៖ «តើ​អ្នក​ចង់​បាន​អ្វី?»។

គាត់​ទូល​ថា៖ «សូម​អនុញ្ញាត​ឲ្យ​កូន​ខ្ញុំ​ម្ចាស់​ទាំង​២​នេះ​បាន​អង្គុយ ១​ខាង​ស្ដាំ​១​ខាង​ឆ្វេង​ទ្រង់ ក្នុង​នគរ​របស់​ទ្រង់»។

ព្រះ​យេស៊ូ​ជ្រាប​នូវ​ប្រភព​នៃ​សេចក្ដី​ស្នើ​សុំ​នេះ ដូច្នេះ​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​យ៉ាកុប​និង​យ៉ូហាន​ថា៖ ‹អ្នក​រាល់​គ្នា​មិន​យល់​សេចក្ដី​ដែល​អ្នក​សូម​ទេ តើ​អ្នក​អាច​នឹង​ផឹក​អំពី​ពែង ដែល​ខ្ញុំ​រៀប​នឹង​ផឹក​បាន​ទេ?›។

ពួក​គេ​ទូល​ឆ្លើយ​ថា៖ «ទទួល​បាន!»។ ថ្វី​បើ​ព្រះ​យេស៊ូ​ទើប​បាន​ប្រាប់​ពួក​គេ ថា​ទ្រង់​នឹង​រង​ទុក្ខ​នូវ​ការ​បៀត​បៀន​យ៉ាង​ឃោរ​ឃៅ ហើយ​ត្រូវ​ផុត​ព្រះ​ជន្ម​ទៅ​ក៏​ដោយ តែ​តាម​មើល​ទៅ ពួក​គេ​ឥត​យល់​ន័យ​អំពី«ពែង»ដែល​ទ្រង់​រៀប​នឹង​ទទួល​នោះ​ទេ។

ប៉ុន្តែ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​នឹង​ផឹក​ពី​ពែង​ខ្ញុំ ហើយ​នឹង​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន តែ​ដែល​អង្គុយ​ខាង​ស្ដាំ​ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​ស្រេច​នឹង​ខ្ញុំ​ទេ គឺ​សំរាប់​តែ​អ្នក​ណា ដែល​ព្រះ​វរបិតា​ខ្ញុំ​បាន​រៀបចំ​ទុក​ឲ្យ​វិញ»។

នៅ​ពេល​ក្រោយ​មក ពួក​សាវ័ក​ដប់​នាក់​ទៀត​ដឹង​រឿង ដែល​យ៉ាកុប​និង​យ៉ូហាន​បាន​ស្នើ​សុំ​នោះ ដូច្នេះ​ពួក​គេ​ខឹង​យ៉ាកុប​និង​យ៉ូហាន​ជា​ខ្លាំង។ ប្រហែល​ជា​យ៉ាកុប​និង​យ៉ូហាន​ជា​អ្នក​ផ្ដើម​ឲ្យ​មាន​ការ​ទំនាស់​គ្នា​ពី​មុន​ក្នុង​ចំណោម​ពួក​សាវ័ក អំពី​អ្នក​ណា​ដែល​ធំ​ជាង​គេ​នោះ​ហើយ។ សេចក្ដី​ស្នើ​សុំ​របស់​ពួក​គេ​លាត​ត្រដាង​ឲ្យ​ឃើញ​ថា ពួក​គេ​ពុំ​ទាន់​ធ្វើ​តាម​ឱវាទ​ដែល​ព្រះ​យេស៊ូ​ប្រទាន​ឲ្យ​ចំពោះ​រឿង​នេះ​នៅ​ឡើយ​ទេ។ គួរ​ឲ្យ​ស្ដាយ​មែន ដែល​សេចក្ដី​ប្រាថ្នា​ចង់​បាន​ឋានៈ​ធំ​គឺ​នៅ​តែ​មាន​ក្នុង​ចំណោម​ពួក​គេ​ដដែល។

ដូច្នេះ​ដើម្បី​នឹង​ដោះ​ស្រាយ​នូវ​ទំនាស់​ថ្មី​ៗ​នេះ និង​ការ​ចង​គំនុំ​ដែល​កើត​មាន​ឡើង នោះ​ព្រះ​យេស៊ូ​ក៏​ហៅ​ពួក​សាវ័ក​១២​នាក់​មក។ ព្រះ​យេស៊ូ​ទូន្មាន​ប្រដៅ​ពួក​គេ​ដោយ​សេចក្ដី​ស្រឡាញ់ ទាំង​មាន​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ថា ពួក​ចៅហ្វាយ​នៃ​សាសន៍​ដទៃ​តែង​គ្រប់​គ្រង​លើ​សាសន៍​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​ក៏​មាន​អំណាច​លើ​គេ​ដែរ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ គឺ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ចង់​ធ្វើ​ជា​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​អ្នក​ណា​ក្នុង​ពួក​អ្នក​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​រាល់​គ្នា​វិញ​ដែរ»។

ព្រះ​យេស៊ូ​បាន​តាំង​គំរូ ដែល​ពួក​គេ​គប្បី​យក​តម្រាប់​តាម ទ្រង់​ពន្យល់​ថា៖ «ដូច​ជា​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​លោក​ទេ គឺ​នឹង​បំរើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង»។ ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​បំរើ​ប្រយោជន៍​ឲ្យ​អ្នក​ដទៃ​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​សុខ​ព្រះ​ទ័យ​សោយ​ទិវង្គត​សំរាប់​មនុស្ស​លោក​ទៀត​ផង! ពួក​សិស្ស​ត្រូវ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​ចង់​តែ​បំរើ​គេ មិន​មែន​ឲ្យ​គេ​បំរើ​ទ្រង់​នោះ​ទេ។ ហើយ​ពួក​គេ​ក៏​ត្រូវ​មាន​ចិត្ត​រាប​ទាប មិន​មែន​ចង់​បាន​ឋានៈ​ធំ​ដុំ​នោះ​ដែរ។ ម៉ាថាយ ២០:១៧​-​២៨; ម៉ាកុស ៣:១៧; ៩:៣៣​-​៣៧; ១០:៣២​-​៤៥; លូកា ១៨:៣១​-​៣៤; យ៉ូហាន ១១:១៦

ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​មាន​ចិត្ត​ខ្លាច​ម្ល៉េះ?

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ជួយ​ពួក​សិស្ស​ឲ្យ​ត្រៀម​ខ្លួន​ជា​មុន ចំពោះ​អ្វី​ដែល​មាន​នៅ​ខាង​មុខ?

តើ​មាន​សេចក្ដី​ស្នើ​សុំ​អ្វី​ពី​ព្រះ​យេស៊ូ? ហើយ​តើ​ពួក​សាវ័ក​ឯ​ទៀត​មាន​អារម្មណ៍​យ៉ាង​ណា?

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ដោះ​ស្រាយ​បញ្ហា ដែល​មាន​ក្នុង​ចំណោម​ពួក​សាវ័ក​របស់​ទ្រង់​នោះ?