លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពេលកូនមនុស្សលេចខ្លួនមក

ពេលកូនមនុស្សលេចខ្លួនមក

ជំពូក​ទី​៩៣

ពេល​កូន​មនុស្ស​លេច​ខ្លួន​មក

ពេល​ព្រះ​យេស៊ូ​គង់​នៅ​ទិស​ខាង​ជើង(ប្រហែល​ជា​នៅ​ស្រុក​សាម៉ារី​ឬ​ក៏​នៅ​ស្រុក​កាលីឡេ) នោះ​ពួក​ផារីស៊ី​បាន​ទូល​សួរ​អំពី​ព្រះ​រាជាណាចក្រ ថា​នឹង​ត្រូវ​មក​នៅ​ពេល​ណា។ ពួក​គេ​ជឿ​ថា ព្រះ​រាជាណាចក្រ​នឹង​មក​ដល់​ដោយ​មាន​ពិធី​បុណ្យ​អធិកអធម​គគ្រឹក​គគ្រេង។ ប៉ុន្តែ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «នគរ​ព្រះ​មិន​មែន​មក​បែប​ឲ្យ​មើល​ឃើញ​ទេ។ គ្មាន​អ្នក​ណា​នឹង​ថា មើល! នៅ​ទី​នេះ ឬ​ថា មើល! នៅ​ទី​នោះ​បាន​ឡើយ ដ្បិត​មើល នគរ​ព្រះ​ក៏​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ហើយ»។

ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ថា «នៅ​កណ្ដាល​អ្នក​រាល់​គ្នា» ជួន​កាល​ត្រូវ​បក​ប្រែ​ថា«នៅ​ខាង​ក្នុង​អ្នក»។ ដូច្នេះ អ្នក​ខ្លះ​បាន​គិត​ថា ព្រះ​យេស៊ូ​ចង់​មាន​ន័យ​ថា ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​សោយ​រាជ្យ​ក្នុង​ចិត្ត​របស់​អ្នក​បំរើ​របស់​ព្រះ។ ប៉ុន្តែ យ៉ាង​ច្បាស់​ណាស់ ព្រះ​រាជាណាចក្រ​របស់​ព្រះ​មិន​នៅ​ខាង​ក្នុង​ចិត្ត​របស់​ពួក​ផារីស៊ី​ដែល​មិន​ជឿ​នោះ​ទេ ពេល​ព្រះ​យេស៊ូ​កំពុង​តែ​មាន​បន្ទូល​នឹង​ពួក​គេ​នោះ។ ប៉ុន្តែ គឺ​នៅ​កណ្ដាល​ពួក​គេ ពីព្រោះ​ស្តេច​ដែល​ត្រូវ​តែង​តាំង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ គឺ​នៅ​ក្នុង​ចំណោម​ពួក​គេ។

គឺ​ប្រហែល​ជា​ក្រោយ​ពួក​ផារីស៊ី​ចាក​ចេញ​ទៅ ព្រះ​យេស៊ូ​មាន​បន្ទូល​ជា​មួយ​ពួក​សិស្ស​ទ្រង់​អំពី​ការ​មក​ដល់​នៃ​ព្រះ​រាជាណាចក្រ។ ជា​ពិសេស ទ្រង់​ចង់​មាន​បន្ទូល​អំពី​វត្តមាន​របស់​ទ្រង់​នៅ​អនាគត ពេល​ទ្រង់​ឡើង​កាន់​អំណាច​គ្រប់​គ្រង នោះ​ទ្រង់​ព្រមាន​ថា៖ «ហើយ​គេ​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល! នៅ​ទី​នេះ ឬ​ថា មើល! នៅ​ទី​នោះ នោះ​កុំ​ឲ្យ​ចេញ​ទៅ​តាម[ព្រះ​មេស្ស៊ី​ក្លែង​ក្លាយ​ទាំង​នេះ]ឡើយ ដ្បិត​នៅ​ថ្ងៃ​របស់​កូន​មនុស្ស នោះ​លោក​នឹង​បាន​ដូច​ជា​ផ្លេក​បន្ទោរ ដែល​ភ្លឺ​ផ្លេក​ៗ ពី​ជើង​មេឃ​ម្ខាង ដល់​ជើង​មេឃ​ម្ខាង​ដូច្នោះ​ដែរ»។ ហេតុ​ដូច្នេះ​ហើយ ព្រះ​យេស៊ូ​បញ្ជាក់​ថា​ដូច​ជា​យើង​អាច​មើល​ឃើញ​ផ្លេក​បន្ទោរ​នៅ​កន្លែង​ឆ្ងាយ នោះ​ទី​សំអាង​ចំពោះ​វត្តមាន​ថា​ទ្រង់​ឡើង​កាន់​អំណាច​គ្រប់​គ្រង ក៏​ឃើញ​យ៉ាង​ច្បាស់​ចំពោះ​អស់​អ្នក​ដែល​ប្រាថ្នា​ចង់​ឃើញ​នោះ​ដែរ។

រួច​មក ព្រះ​យេស៊ូ​ប្រៀប​ធៀប​ព្រឹត្ដិការណ៍​ពី​បុរាណ ដើម្បី​បង្ហាញ​នូវ​អាកប្បកិរិយា​របស់​មនុស្ស​ក្នុង​កំឡុង​វត្តមាន​របស់​ទ្រង់​ដែរ។ ទ្រង់​ពន្យល់​ថា៖ «នៅ​គ្រា​របស់​កូន​មនុស្ស នោះ​នឹង​កើត​មាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ។ . . . ក៏​ដូច​ជា​នៅ​ជំនាន់​លោក​ឡុត​ដែរ គេ​កំពុង​តែ​ស៊ី​ផឹក លក់​ដូរ ដាំ​ដំណាំ ហើយ​សង់​ផ្ទះ តែ​នៅ​ថ្ងៃ​ដែល​លោក​ឡុត​ចេញ​ពី​ក្រុង​សូដុំម​មក នោះ​មាន​ភ្លៀង ជា​ភ្លើង​នឹង​ស្ពាន់ធ័រ ធ្លាក់​ពី​លើ​មេឃ​មក បំផ្លាញ​គេ​ទាំង​អស់​គ្នា​បង់ នៅ​ថ្ងៃ​ដែល​កូន​មនុស្ស​លេច​មក នោះ​ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ»។

ព្រះ​យេស៊ូ​មិន​មាន​ន័យ​ថា មនុស្ស​នៅ​សម័យ​លោក​ណូអេ​និង​សម័យ​លោក​ឡុត​បាន​ស្លាប់ ដោយ​គ្រាន់​តែ​ពួក​គេ​ប្រកប​ជីវភាព​រស់​នៅ​ធម្មតា ដូច​ជា​ស៊ី​ផឹក លក់​ដូរ ដាំ​ដំណាំ​និង​សាង​សង់​នោះ​ទេ។ សូម្បី​តែ​លោក​ណូអេ​និង​លោក​ឡុត​ព្រម​ទាំង​គ្រួសារ​របស់​ពួក​គាត់ ក៏​ធ្វើ​ដូច្នេះ​ដែរ។ ប៉ុន្តែ ពួក​អ្នក​ឯ​ទៀត​ធ្វើ​កិច្ច​ការ​ប្រចាំ​ថ្ងៃ​ទាំង​នេះ ដោយ​ឥត​យក​ចិត្ត​ទុក​ដាក់​អ្វី​សោះ​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ ហើយ​ពួក​គេ​ស្លាប់​ទៅ​ដោយ​សារ​តែ​មូលហេតុ​នេះ​ហើយ។ ហើយ​នៅ​ពេល​ដែល​ព្រះ​គ្រីស្ទ​លេច​មក​ក្នុង​សេចក្ដី​វេទនា​ជា​ខ្លាំង​នៃ​របប​សម័យ​នេះ នោះ​មនុស្ស​នឹង​ត្រូវ​ស្លាប់​ទៅ​ដោយ​សារ​តែ​មូលហេតុ​នោះ​ដែរ។

ព្រះ​យេស៊ូ​បញ្ជាក់​នូវ​សារៈ​សំខាន់​នៃ​ការ​ធ្វើ​តាម​ទី​សំអាង​អំពី​វត្តមាន​របស់​ទ្រង់ ពេល​ទ្រង់​ឡើង​កាន់​អំណាច​គ្រប់​គ្រង ដោយ​មាន​បន្ទូល​ថា៖ «ថ្ងៃ​នោះ​ឯង បើ​អ្នក​ណា​នៅ​លើ​ដំបូល ហើយ​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ក្នុង​ផ្ទះ នោះ​កុំ​ឲ្យ​ចុះ​មក​យក​ឡើយ ឯ​អ្នក​ណា​ដែល​នៅ​ចំការ​ក៏​ដូច្នោះ​ដែរ កុំ​ឲ្យ​ត្រឡប់​មក​វិញ​ឲ្យ​សោះ ចូរ​នឹក​ចាំ​ពី​ប្រពន្ធ​លោក​ឡុត»។

នៅ​ពេល​ទី​សំអាង​នៃ​វត្តមាន​របស់​ព្រះ​យេស៊ូ​លេច​មក នោះ​មនុស្ស​មិន​គួរ​ឲ្យ​ការ​ស្រឡាញ់​ទ្រព្យ​សម្បត្ដិ រា​រាំង​ពួក​គេ​ពី​ការ​ចាត់​វិធានការ​ភ្លាម​ៗ​នោះ​ទេ។ ប្រពន្ធ​របស់​ឡុត ពេល​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​សូដុំម តាម​មើល​ទៅ​បាន​ស្ដាយ​នូវ​របស់​ដែល​គាត់​ទើប​តែ​បាន​ចាក​ចោល​នោះ នៅ​ទី​បំផុត​គាត់​ក៏​ក្លាយ​ទៅ​ជា​បង្គោល​អំបិល។

ព្រះ​យេស៊ូ​បន្ត​រៀប​រាប់​នូវ​ស្ថានការណ៍​ដែល​នឹង​មាន​ក្នុង​កំឡុង​ពេល​វត្តមាន​របស់​ទ្រង់​នៅ​អនាគត ក៏​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ថា៖ «នៅ​យប់​នោះ នឹង​មាន​មនុស្ស​២​នាក់​ដេក​នៅ​ដំណេក​ជា​មួយ​គ្នា ម្នាក់​នឹង​បាន​យក​ទៅ ម្នាក់​ត្រូវ​ទុក​នៅ នឹង​មាន​ស្ត្រី​២​នាក់ កិន​ម្សៅ​ជា​មួយ​គ្នា ម្នាក់​នឹង​បាន​យក​ទៅ ម្នាក់​ត្រូវ​ទុក​នៅ»។

ការ​យក​ទៅ​គឺ​ស្មើ​នឹង​លោក​ណូអេ​និង​ក្រុម​គ្រួសារ​របស់​លោក​ចូល​ក្នុង​ទូក​ធំ ហើយ​ដូច​គ្នា​នឹង​ពេល​ពួក​ទេវតា​នាំ​លោក​ឡុត​និង​ក្រុម​គ្រួសារ​របស់​លោក​ចេញ​ពី​ក្រុង​សូដុំម។ នេះ​មាន​ន័យ​ថា ពួក​គេ​បាន​សង្គ្រោះ។ ម្យ៉ាង​វិញ​ទៀត ត្រូវ​ទុក​នៅ មាន​ន័យ​ថា​នឹង​ទទួល​សេចក្ដី​ហិន​វិនាស។

នៅ​ពេល​នេះ ពួក​សិស្ស​ទូល​សួរ​ថា៖ «ព្រះ​អម្ចាស់​អើយ! តើ​នៅ​ឯ​ណា?»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ ‹សាក​សព​នៅ​កន្លែង​ណា ឥន្ទ្រី​នឹង​ប្រជុំ​គ្នា​នៅ​ទី​នោះ​ឯង›។ ពួក​អ្នក«បាន​យក​ទៅ»ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ដូច​ជា​ឥន្ទ្រី​ដែល​មក​ជុំ​គ្នា​នឹង‹សាក​សព›។ សាក​សព​សំដៅ​ទៅ​ព្រះ​គ្រីស្ទ​ដ៏​ពិត ពេល​ទ្រង់​មាន​វត្តមាន​ដ៏​មើល​មិន​ឃើញ ដោយ​ឡើង​កាន់​អំណាច​គ្រប់​គ្រង​ក្នុង​ព្រះ​រាជាណាចក្រ និង​សំដៅ​ទៅ​លើ​ការ​ជប់​លៀង​ដ៏​ធំ​ខាង​វិញ្ញាណ​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​មក។ លូកា ១៧:២០​-​៣៧; លោកុប្បត្តិ ១៩:២៦

តើ​ព្រះ​រាជាណាចក្រ​នៅ​កណ្ដាល​ពួក​ផារីស៊ី​យ៉ាង​ដូច​ម្ដេច?

តើ​តាម​របៀប​ណា​ដែល​វត្តមាន​របស់​ព្រះ​គ្រីស្ទ ប្រៀប​ដូច​នឹង​ផ្លេក​បន្ទោរ?

ហេតុ​អ្វី​ក៏​មនុស្ស​នឹង​ត្រូវ​ស្លាប់​ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ ក្នុង​កំឡុង​ពេល​វត្តមាន​របស់​ព្រះ​គ្រីស្ទ?

តើ​ការ​យក​ទៅ និង​ការ​ទុក​នៅ​មាន​ន័យ​យ៉ាង​ណា?