លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពេលឡាសារបានត្រូវប្រោសឲ្យរស់ឡើងវិញ

ពេលឡាសារបានត្រូវប្រោសឲ្យរស់ឡើងវិញ

ជំពូក​ទី​៩១

ពេល​ឡាសារ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ

ព្រះ​យេស៊ូ​និង​ពួក​អ្នក​ដែល​ទៅ​ជា​មួយ​ទ្រង់ ឥឡូវ​ក៏​មក​ដល់​ផ្នូរ​របស់​ឡាសារ។ តាម​ការ​ពិត ផ្នូរ​នេះ​គឺ​ជា​រូង​ភ្នំ​ដែល​មាន​ផ្ទាំង​ថ្ម​បាំង​នៅ​មាត់​រូង។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ចូរ​យក​ថ្ម​ចេញ!»។

តែ​ម៉ាថា​ជំទាស់ ដ្បិត​នាង​មិន​ទាន់​យល់​នូវ​អ្វី​ដែល​ព្រះ​យេស៊ូ​បំរុង​នឹង​ធ្វើ​ទេ។ ម៉ាថា​ទូល​ថា៖ «ព្រះ​អម្ចាស់​អើយ! ខ្មោច​នេះ​ធុំ​ក្លិន​ហើយ ព្រោះ​ស្លាប់​កន្លង​មក​បាន​៤​ថ្ងៃ»។

ប៉ុន្តែ​ព្រះ​យេស៊ូ​មាន​បន្ទូល​សួរ​ថា៖ «តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា បើ​សិន​ជា​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរី​ល្អ​នៃ​ព្រះ​ទេ​ឬ?»។

ដូច្នេះ គេ​ក៏​ប្រមៀល​ផ្ទាំង​ថ្ម​ចេញ។ រួច​ព្រះ​យេស៊ូ​ងើប​ព្រះ​នេត្រ​ទៅ​លើ មាន​បន្ទូល​ថា៖ «ឱ​ព្រះ​វរបិតា​អើយ! ទូល​បង្គំ​អរ​ព្រះ​គុណ​ដល់​ព្រះ​អង្គ ដោយ​ព្រោះ​ទ្រង់​បាន​អនុញ្ញាត​តាម​ទូល​បង្គំ ទូល​បង្គំ​ដឹង​ថា ទ្រង់​អនុញ្ញាត​តាម​ទូល​បង្គំ​ជា​ដរាប តែ​ដែល​ទូល​បង្គំ​ទូល​ដូច្នេះ គឺ​ដោយ​ព្រោះ​តែ​បណ្ដា​មនុស្ស​ដែល​ឈរ​នៅ​ជុំ​វិញ​ទេ ដើម្បី​ឲ្យ​គេ​ជឿ​ថា ទ្រង់​បាន​ចាត់​ឲ្យ​ទូល​បង្គំ​មក​មែន»។ ព្រះ​យេស៊ូ​អធិស្ឋាន​ជា​សាធារណៈ​ដើម្បី​ឲ្យ​មនុស្ស​ដឹង​ថា អ្វី​ដែល​ទ្រង់​ហៀប​នឹង​ធ្វើ​នោះ​បាន​សម្រេច​មក​ពី​ព្រះ​ចេស្ដា​របស់​ព្រះ​ទេ។ រួច​មក​ព្រះ​យេស៊ូ​បន្លឺ​ព្រះ​សូរ​សៀង​ឡើង​ថា៖ «ឡាសារ​អើយ! ចូរ​ចេញ​មក!»។

ភ្លាម​នោះ ឡាសារ​ក៏​ចេញ​មក មាន​ទាំង​សំពត់​ស្នប​រុំ​ជាប់​នៅ​ជើង​ដៃ​ផង ហើយ​មាន​កន្សែង​គ្រប​មុខ​ដែរ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ចូរ​ស្រាយ​គាត់​ឲ្យ​ដើរ​ទៅ​ចុះ!»។

ជនជាតិ​យូដា​ជា​ច្រើន​នាក់​ដែល​មក​ជួយ​រំលែក​ទុក្ខ​ម៉ារា​និង​ម៉ាថា បាន​ឃើញ​អព្ភូតហេតុ​នេះ​ក៏​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ។ ប៉ុន្តែ មាន​អ្នក​ខ្លះ​ទៅ​ប្រាប់​ពួក​ផារីស៊ី​នូវ​អ្វី​ដែល​បាន​កើត​ឡើង។ ពួក​ផារីស៊ី​និង​ពួក​សង្គ្រាជ​ប្រមូល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​មក​ប្រជុំ​គ្នា​ភ្លាម។

ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​រួម​បញ្ចូល​សម្ដេច​សង្ឃ លោក​កៃផា ពួក​ផារីស៊ី ពួក​សាឌូស៊ី ពួក​សង្គ្រាជ និង​អតីត​ពួក​សង្គ្រាជ​ដែរ។ ពួក​អ្នក​ទាំង​នេះ​និយាយ​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ព្រោះ​មនុស្ស​នេះ​ធ្វើ​ទី​សំគាល់​ច្រើន​ណាស់ បើ​យើង​ទុក​ឲ្យ​ធ្វើ​តែ​យ៉ាង​ដូច្នេះ​ទៅ នោះ​មុខ​ជា​មនុស្ស​ទាំង​អស់​នឹង​ជឿ​តាម​វា​ហើយ រួច​សាសន៍​រ៉ូម​នឹង​មក​ចាប់​យក​ទាំង​ស្រុក នឹង​ជាតិ​យើង​ផង»។

ពួក​មេ​ដឹក​នាំ​សាសនា​ខ្វល់​ខ្វាយ​តែ​ឋានៈ​និង​អំណាច​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ ទោះ​ជា​ពួក​គេ​សារភាព​ថា​ព្រះ​យេស៊ូ​បាន«ធ្វើ​ទី​សំគាល់​ច្រើន​ណាស់»ក៏​ដោយ។ ការ​ប្រោស​ឡាសារ​ឲ្យ​រស់​ឡើង​វិញ ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អប​កិត្ដិយស​ដល់​ពួក​សាឌូស៊ី ពីព្រោះ​ពួក​គេ​ឥត​ជឿ​លើ​ដំណើរ​រស់​ឡើង​វិញ​ទេ។

សម្ដេច​សង្ឃ​កៃផា ដែល​ប្រហែល​ជា​សាឌូស៊ី​ម្នាក់ ឥឡូវ​នេះ​ក៏​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​មិន​ដឹង​អ្វី​សោះ ក៏​មិន​គិត​ពិចារណា​ឃើញ​ថា បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្ដា​ជន នោះ​មាន​ប្រយោជន៍ ដល់​អ្នក​រាល់​គ្នា​ជា​ជាង ដើម្បី​កុំ​ឲ្យ​ជាតិ​យើង​នេះ​ត្រូវ​វិនាស​ទាំង​អស់​ឡើយ»។

ព្រះ​បាន​បណ្ដាល​ឲ្យ​លោក​កៃផា​មាន​ប្រសាសន៍​ដូច្នេះ ដ្បិត​ក្រោយ​មក​សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា៖ «តែ​លោក[កៃផា]មិន​និយាយ​សេចក្ដី​នោះ ដោយ​អាង​តែ​ខ្លួន​លោក​ទេ»។ លោក​កៃផា​ចង់​មាន​ន័យ​ថា ពួក​គេ​គួរ​ធ្វើ​គុត​ព្រះ​យេស៊ូ ដើម្បី​បង្ការ​ទ្រង់​កុំ​ឲ្យ​បង្អាប់​បង្អោន​ឋានៈ អំណាច​និង​អានុភាព​របស់​ពួក​គេ​ថែម​ទៀត។ ក៏​ប៉ុន្តែ យោង​ទៅ​តាម​សាវ័ក​យ៉ូហាន ‹លោក​កៃផា​បាន​ទាយ​ថា ព្រះ​យេស៊ូ​នឹង​សោយ​ទិវង្គត មិន​គ្រាន់​តែ​សំរាប់​សាសន៍​មួយ​ប៉ុណ្ណោះ តែ​ដើម្បី​ឲ្យ​កូន​របស់​ព្រះ​បាន​ប្រមូល​មក​ជុំ​គ្នា›។ ប្រាកដ​ហើយ ព្រះ​មាន​បំណង​ឲ្យ​បុត្រា​របស់​ទ្រង់​សោយ​ទិវង្គត ជា​តម្លៃ​លោះ​សំរាប់​មនុស្ស​លោក​ទាំង​អស់។

ឥឡូវ​នេះ លោក​កៃផា​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ រៀប​គម្រោង​ការ​ធ្វើ​គុត​ព្រះ​យេស៊ូ​បាន​សម្រេច​ហើយ។ តែ​ព្រះ​យេស៊ូ​យាង​ចេញ​ពី​ទី​នោះ​ទៅ ប្រហែល​ដោយ​ជ្រាប​អំពី​រឿង​នេះ​ពី​លោក​នីកូដេម​ដែល​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ដែល​ស្រឡាញ់​រាប់​អាន​ទ្រង់។ យ៉ូហាន ១១:៣៨​-​៥៤

ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​អធិស្ឋាន​ជា​សាធារណៈ មុន​នឹង​ប្រោស​ឡាសារ​ឲ្យ​រស់​ឡើង​វិញ?

តើ​ពួក​អ្នក​ដែល​ឃើញ​ដំណើរ​រស់​ឡើង​វិញ​នេះ​មាន​ទឹក​ចិត្ត​យ៉ាង​ណា?

តើ​អ្វី​ដែល​លាត​ត្រដាង​នូវ​អំពើ​កំណាច​នៃ​សមាជិក​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់?

តើ​លោក​កៃផា​មាន​បំណង​យ៉ាង​ណា? ប៉ុន្តែ តើ​ព្រះ​ប្រើ​លោក​ឲ្យ​ទាយ​អំពី​អ្វី?