លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះគ្រីស្ទយាងចូលទៅក្នុងក្រុងយេរូសាឡិមដោយជ័យជំនះ

ព្រះគ្រីស្ទយាងចូលទៅក្នុងក្រុងយេរូសាឡិមដោយជ័យជំនះ

ជំពូក​ទី​១០២

ព្រះ​គ្រីស្ទ​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម​ដោយ​ជ័យ​ជំនះ

នា​ព្រឹក​ថ្ងៃ​បន្ទាប់ គឺ​នៅ​ថ្ងៃ​អាទិត្យ​ទី​៩ ខែ​ណែសាន នោះ​ព្រះ​យេស៊ូ​យាង​ចេញ​ពី​ភូមិ​បេថានី​ជា​មួយ​នឹង​ពួក​សិស្ស​របស់​ទ្រង់ និង​យាង​ដើរ​កាត់​ភ្នំ​ដើម​អូលីវ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម។ នៅ​ពេល​បន្ដិច​ទៀត​នេះ ព្រះ​យេស៊ូ​និង​ពួក​សិស្ស​នឹង​មក​ដល់​ភូមិ​បេតផាសេ ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ។ ព្រះ​យេស៊ូ​មាន​បន្ទូល​បង្គាប់​សិស្ស​ពីរ​នាក់​ថា៖

«ចូរ​ទៅ​ឯ​ភូមិ​នៅ​ខាង​មុខ​នោះ អ្នក​នឹង​ឃើញ​មេ​លា​១ គេ​ចង​ទុក នឹង​កូន​វា​នៅ​ជា​មួយ​គ្នា ចូរ​ស្រាយ​ដឹក​នាំ​វា​មក​ឯ​ខ្ញុំ បើ​អ្នក​ណា​ថា​អ្វី​ឲ្យ នោះ​ត្រូវ​ឆ្លើយ​ថា ‹ព្រះ​អម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា› រួច​គេ​នឹង​ឲ្យ​វា​មក​ហើយ»។

ថ្វី​បើ​មុន​ដំបូង​ពួក​សិស្ស​មិន​បាន​យល់​ថា សេចក្ដី​បង្គាប់​នេះ​ទាក់​ទង​នឹង​ការ​សម្រេច​នៃ​បទ​ទំនាយ​ក្នុង​ព្រះ​គម្ពីរ​ក្ដី តែ​ក្រោយ​មក ពួក​គេ​បាន​ដឹង​អំពី​រឿង​នេះ។ ព្យាការី​សាការី​បាន​ទាយ​ប្រាប់​ថា ស្តេច​ដែល​ត្រូវ​សន្យា​របស់​ព្រះ​នឹង​គង់​លើ​សត្វ​លា​យាង​ចូល​ក្រុង​យេរូសាឡិម គឺ​ជា «លា​ជំទង់ ជា​កូន​របស់​មេ​លា»។ ស្រដៀង​គ្នា​ដែរ នោះ​ស្តេច​សាឡូម៉ូន​ក៏​គង់​លើ​កូន​លា​ដែរ ពេល​គេ​ចាក់​ប្រេង​តាំង​ទ្រង់​នោះ។

នៅ​ពេល​ពួក​សិស្ស​មក​ដល់​ភូមិ​បេតផាសេ ហើយ​ទៅ​ស្រាយ​យក​កូន​លា​និង​មេ​របស់​វា នោះ​អស់​អ្នក​ដែល​ឈរ​នៅ​ជិត​នោះ​ពោល​ថា៖ «អ្នក​ស្រាយ​វា​ធ្វើ​អី?»។ ពេល​ពួក​សិស្ស​ប្រាប់​គេ​ថា សត្វ​នេះ​គឺ​សំរាប់​ព្រះ​អម្ចាស់ បុរស​នោះ​ក៏​អនុញ្ញាត​ឲ្យ​ពួក​សិស្ស​ដឹក​សត្វ​លា​យក​មក​ថ្វាយ​ព្រះ​យេស៊ូ។ ពួក​សិស្ស​ក្រាល​អាវ​ធំ​របស់​ខ្លួន​លើ​ខ្នង​មេ​លា​និង​កូន​លា។ តែ​ព្រះ​យេស៊ូ​គង់​លើ​កូន​លា​វិញ។

នៅ​ពេល​ព្រះ​យេស៊ូ​យាង​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម នោះ​មាន​បណ្ដា​ជន​កាន់​តែ​ច្រើន​ឡើង​ៗ។ មនុស្ស​ម្នា​ភាគ​ច្រើន​យក​អាវ​ធំ​របស់​ខ្លួន​មក​ក្រាល​តាម​ផ្លូវ រីឯ​អ្នក​ឯ​ទៀត​កាប់​មែក​ឈើ​មក​ក្រាល​ដែរ។ ពួក​គេ​ពោល​ថា៖ «ស្តេច​ដែល​យាង​មក ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ​ពរ សូម​ឲ្យ​បាន​សេចក្ដី​ក្សេម​ក្សាន្ត​នៅ​ស្ថាន​សួគ៌ នឹង​សិរី​ល្អ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត!»។

ពេល​នោះ​ពួក​ផារីស៊ី​ខ្លះ​ដែល​នៅ​ក្នុង​ហ្វូង​មនុស្ស​បាន​ទើស​ចិត្ត​នឹង​ការ​ប្រកាស​នេះ​ណាស់ ហើយ​ត្អូញត្អែរ​ដាក់​ព្រះ​យេស៊ូ​ថា៖ «លោក​គ្រូ! ត្រូវ​ស្តី​បន្ទោស​ដល់​ពួក​សិស្ស​លោក​ផង»។ តែ​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើង​វិញ»។

ពេល​ព្រះ​យេស៊ូ​យាង​ជិត​ដល់​ក្រុង​យេរូសាឡិម ទ្រង់​ទត​ឃើញ​ទី​ក្រុង​នេះ ហើយ​ទ្រង់​ព្រះ​កន្សែង​នឹក​អាណិត​ក្រុង​នេះ ទាំង​មាន​បន្ទូល​ថា៖ «ឱ​ឯង ឯង​អើយ! នៅ​ថ្ងៃ​របស់​ឯង​នេះ គួរ​ណាស់​តែ​ឯង​បាន​ស្គាល់​សេចក្ដី ដែល​សំរាប់​ឲ្យ​ឯង​បាន​សុខ​សាន្ត​ទៅ . . . ប៉ុន្តែ​ឥឡូវ​នេះ សេចក្ដី​ទាំង​នោះ​បាន​កំបាំង​នឹង​ភ្នែក​ឯង​ហើយ»។ ក្រុង​យេរូសាឡិម​នឹង​ទទួល​ទណ្ឌកម្ម ចំពោះ​ការ​មិន​ស្ដាប់​បង្គាប់​ដ៏​ចេតនា​នៃ​មនុស្ស​ក្នុង​ក្រុង​នេះ។ ដ្បិត​ព្រះ​យេស៊ូ​មាន​បន្ទូល​ទាយ​ថា៖

«ពួក​ខ្មាំង​សត្រូវ​ឯង[ពួក​រ៉ូម​ក្រោម​បង្គាប់​ឧត្តម​សេនីយ៍​ទីតុស] នឹង​ធ្វើ​បន្ទាយ​នៅ​ជុំ​វិញ​ឯង ព្រម​ទាំង​ឡោម​ព័ទ្ធ ហើយ​បិទ​ផ្លូវ​គ្រប់​ទិស គេ​នឹង​ពង្រាប​ឯង​ឲ្យ​ស្មើ​នឹង​ដី ព្រម​ទាំង​កូន​ចៅ​ដែល​មាន​ក្នុង​ឯង​ផង ឥត​ទុក​ថ្ម​ណា​មួយ​ឲ្យ​នៅ​ត្រួត​លើ​ថ្ម​ណា»ឡើយ។ សេចក្ដី​ហិន​វិនាស​ដល់​ក្រុង​យេរូសាឡិម​ដែល​ព្រះ​យេស៊ូ​បាន​ទាយ តាម​ពិត​បាន​កើត​ឡើង​នៅ​ឆ្នាំ​៧០ .ស.យ. គឺ​រយៈ​ពេល​៣៧​ឆ្នាំ​ក្រោយ​ទំនាយ​នោះ។

ទើប​តែ​បី​បួន​សប្ដាហ៍​មុន​នេះ មនុស្ស​ជា​ច្រើន​ក្នុង​ចំណោម​បណ្ដា​ជន បាន​ឃើញ​ព្រះ​យេស៊ូ​ប្រោស​ឡាសារ​ឲ្យ​រស់​ឡើង​វិញ។ ឥឡូវ​នេះ ពួក​អ្នក​ទាំង​នេះ​កំពុង​តែ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អព្ភូតហេតុ​នេះ។ ដូច្នេះ ពេល​ព្រះ​យេស៊ូ​យាង​ចូល​ក្រុង​យេរូសាឡិម នោះ​អ្នក​នៅ​ក្នុង​ទី​ក្រុង​ទាំង​មូល​នាំ​គ្នា​ជ្រួល​ច្របល់។ បណ្ដា​ជន​ចង់​ដឹង​ដោយ​សួរ​ថា៖ «លោក​នេះ​ជា​អ្នក​ណា?»។ ហ្វូង​មនុស្ស​ឆ្លើយ​ឡើង​ថា៖ «នេះ​គឺ​ជា​ហោរា​យេស៊ូវ ដែល​មក​ពី​ភូមិ​ណាសារ៉ែត ស្រុក​កាលីឡេ!»។ ពួក​ផារីស៊ី​ពេល​ឃើញ​សភាព​បែប​នេះ ក៏​ទួញ​សោក​នូវ​ការ​បរាជ័យ​របស់​ពួក​គេ ដោយ​ពោល​ពាក្យ​ថា៖ «លោកីយ​ទាំង​ស្រុង​ទៅ​តាម​អ្នក​នោះ​ហើយ»។

តាម​ទម្លាប់​របស់​ព្រះ​យេស៊ូ ពេល​មក​ដល់​ក្រុង​យេរូសាឡិម នោះ​ទ្រង់​តែង​យាង​ចូល​ទៅ​ព្រះ​វិហារ​ដើម្បី​បង្រៀន។ មាន​មនុស្ស​ខ្វាក់​និង​មនុស្ស​ខ្វិន​នាំ​គ្នា​មក​រក​ព្រះ​យេស៊ូ ហើយ​ទ្រង់​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា! ពួក​សង្គ្រាជ​និង​ពួក​ស្ក្រែប​បាន​ឃើញ​អ្វី​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេស៊ូ​កំពុង​តែ​ធ្វើ មិន​តែ​ប៉ុណ្ណោះ ពេល​ពួក​គេ​បាន​ឮ​ក្មេង​ប្រុស​ៗ​ស្រែក​នៅ​ក្នុង​ព្រះ​វិហារ​ថា៖ «ហូសាណា ដល់​ព្រះ​វង្ស​ហ្លួង​ដាវីឌ!» ដូច្នេះ​ពួក​គេ​មាន​ចិត្ត​ខឹង​ណាស់។ ហើយ​ពួក​គេ​ទូល​សួរ​ទ្រង់​ថា៖ «តើ​អ្នក​ឮ​ពាក្យ​ដែល​ក្មេង​ទាំង​នេះ​ថា​ឬ​ទេ?»។

ព្រះ​យេស៊ូ​ឆ្លើយ​ថា៖ «ឮ​ហើយ តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​សេចក្ដី​ទេ​ឬ . . . ដែល​ថា‹ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្ដី​សរសើរ​បាន​គ្រប់​លក្ខណ៍ ដោយ​នូវ​មាត់​កូន​ក្មេង នឹង​កូន​ដែល​នៅ​បៅ?›»។

ព្រះ​យេស៊ូ​បង្រៀន​ជា​បន្ត ហើយ​ទ្រង់​ទត​ឃើញ​អ្វី​ៗ​ទាំង​អស់​ក្នុង​ព្រះ​វិហារ។ មិន​យូរ​ក្រោយ​មក​ថ្ងៃ​ក៏​ជ្រេ។ ដូច្នេះ ទ្រង់​និង​ពួក​សាវ័ក​១២​នាក់​ក៏​ចេញ​ដំណើរ​ទៅ​ភូមិ​បេថានី​វិញ ដែល​មាន​ចម្ងាយ​ជាង​បី​គីឡូ​ម៉ែត្រ។ ទ្រង់​ស្នាក់​នៅ​ទី​នោះ​នា​យប់​ថ្ងៃ​អាទិត្យ ប្រហែល​ជា​នៅ​ផ្ទះ​ឡាសារ​មិត្ត​របស់​ទ្រង់។ ម៉ាថាយ ២១:១​-​១១, ១៤​-​១៧; ម៉ាកុស ១១:១​-​១១; លូកា ១៩:២៩​-​៤៤; យ៉ូហាន ១២:១២​-​១៩; សាការី ៩:៩

តើ​នៅ​ពេល​ណា​និង​តាម​របៀប​ណា ដែល​ព្រះ​យេស៊ូ​យាង​ចូល​ក្រុង​យេរូសាឡិម​ជា​ស្តេច?

តើ​ហ្វូង​មនុស្ស​សរសើរ​ព្រះ​យេស៊ូ មាន​សារៈ​សំខាន់​យ៉ាង​ណា?

តើ​ព្រះ​យេស៊ូ​មាន​ព្រះ​ទ័យ​យ៉ាង​ណា ពេល​ទ្រង់​ទត​ឃើញ​ក្រុង​យេរូសាឡិម? ហើយ​តើ​ទ្រង់​មាន​បន្ទូល​អំពី​ទំនាយ​អ្វី?

តើ​មាន​អ្វី​កើត​ឡើង​ពេល​ព្រះ​យេស៊ូ​យាង​ទៅ​ព្រះ​វិហារ?