លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេស៊ូចាត់ពួកសិស្ស៧០នាក់ទៅផ្សាយដំណឹងល្អ

ព្រះយេស៊ូចាត់ពួកសិស្ស៧០នាក់ទៅផ្សាយដំណឹងល្អ

ជំពូក​ទី​៧២

ព្រះ​យេស៊ូ​ចាត់​ពួក​សិស្ស​៧០​នាក់​ទៅ​ផ្សាយ​ដំណឹង​ល្អ

នេះ​ជា​រដូវ​ស្លឹក​ឈើ​ជ្រុះ​នៃ​ឆ្នាំ​៣២ ស.យ. គឺ​ពេញ​បី​ឆ្នាំ​ហើយ​តាំង​ពី​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ។ ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ទ្រង់​ទើប​តែ​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​បារាំ​នៅ​ក្នុង​ក្រុង​យេរូសាឡិម ហើយ​តាម​មើល​ទៅ ទ្រង់​និង​ពួក​សិស្ស​គឺ​នៅ​ជិត​ក្រុង​នេះ​នៅ​ឡើយ។ តាម​ការ​ពិត ព្រះ​យេស៊ូ​បាន​ចំណាយ​ពេល​ក្នុង​កិច្ច​បំរើ​របស់​ទ្រង់​ដែល​នៅ​សល់​ប្រមាណ​ប្រាំ​មួយ​ខែ​ទៀត គឺ​នៅ​ស្រុក​យូដា​ឬ​នៅ​ត្រើយ​ម្ខាង​ទន្លេ​យ័រដាន់​នៅ​ស្រុក​ប៉េរ៉េ។ ដ្បិត​ក៏​ត្រូវ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ក្នុង​តំបន់​នេះ​ដែរ។

ពិត​មែន​ហើយ ក្រោយ​ពី​បុណ្យ​រំលង​នៅ​ឆ្នាំ​៣០ ស.យ. នោះ​ព្រះ​យេស៊ូ​បាន​ចំណាយ​ប្រហែល​ប្រាំ​បី​ខែ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ស្រុក​យូដា។ ប៉ុន្តែ ក្រោយ​ពី​ពួក​យូដា​ខំ​រក​ធ្វើ​គុត​ដល់​ទ្រង់​នៅ​ទី​នោះ​នៅ​បុណ្យ​រំលង​នៃ​ឆ្នាំ​៣១ ស.យ. នោះ​ទ្រង់​បាន​ចំណាយ​ពេល​តែ​មួយ​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ​ដើម្បី​បង្រៀន​បណ្ដា​ជន ពួក​គេ​ភាគ​ច្រើន​គឺ​ជា​អ្នក​នៅ​ក្នុង​ស្រុក​កាលីឡេ។ ក្នុង​កំឡុង​ពេល​នោះ ព្រះ​យេស៊ូ​បាន​បង្កើត​ឲ្យ​មាន​អ្នក​ផ្សព្វ​ផ្សាយ​ជា​ច្រើន ដែល​មាន​ការ​បង្ហាត់​បង្រៀន​យ៉ាង​ល្អ នេះ​គឺ​ជា​របៀប​រៀបចំ​ដែល​ទ្រង់​មិន​ធ្លាប់​មាន​ពី​មុន។ ដូច្នេះ​ឥឡូវ​នេះ ព្រះ​យេស៊ូ​ចាប់​ផ្ដើម​ប្រតិបត្ដិ​ការ​ផ្សាយ​ប្រកាស​លើក​ចុង​ក្រោយ​ក្នុង​ស្រុក​យូដា​យ៉ាង​ខ្នះ​ខ្នែង។

ព្រះ​យេស៊ូ​ចាប់​ផ្ដើម​កិច្ច​ការ​នេះ ដោយ​រើស​ពួក​សិស្ស​៧០​នាក់ ហើយ​ចាត់​ពួក​គេ​ពីរ​ៗ​នាក់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ដូច្នេះ​ហើយ សរុប​ទៅ​គឺ​មាន​៣៥​ក្រុម​ផ្សព្វ​ផ្សាយ​ដែល​បាន​ទៅ​ផ្សព្វ​ផ្សាយ​ក្នុង​តំបន់​នោះ។ ពួក​អ្នក​ទាំង​នេះ​ទៅ​មុន​ក្នុង​គ្រប់​ទី​ក្រុង​និង​កន្លែង ដែល​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​បំរុង​នឹង​ទៅ។

ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​តាម​ផ្ទះ ជា​ជាង​ឲ្យ​ទៅ​ឯ​សាលា​ប្រជុំ ទាំង​ពន្យល់​ប្រាប់​ពួក​សិស្ស​ថា៖ «ឯ​ផ្ទះ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​មុន​ដំបូង​ត្រូវ​ថា សូម​ឲ្យ​ផ្ទះ​នេះ​បាន​សេចក្ដី​សុខ​សាន្ត បើ​នៅ​ផ្ទះ​នោះ មាន​មនុស្ស​ណា​ចូល​ចិត្ត​នឹង​សេចក្ដី​សុខ​សាន្ត នោះ​សេចក្ដី​សុខ​របស់​អ្នក​រាល់​គ្នា នឹង​នៅ​ជាប់​នឹង​ផ្ទះ​នោះ»។ តើ​ពួក​គេ​មាន​សារ​អ្វី? ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ប្រាប់​គេ​ថា នគរ​ព្រះ​ជិត​មក​ដល់​អ្នក​រាល់​គ្នា​ហើយ»។ ស្តី​អំពី​សកម្មភាព​របស់​ពួក​សិស្ស​៧០​នាក់ ការ​ពន្យល់​របស់​លោក​ម៉ាថាយ​ហិនរី ចែង​ថា៖ «នៅ​កន្លែង​ណា​ដែល​ពួក​គេ​ទៅ នោះ​ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ដូច​ចៅហ្វាយ​របស់​ពួក​គេ​ដែរ»។

សេចក្ដី​បង្គាប់​ដែល​ព្រះ​យេស៊ូ​ប្រទាន​ឲ្យ​ពួក​សិស្ស​៧០​នាក់ ក៏​ដូច​គ្នា​នឹង​សេចក្ដី​បង្គាប់​ដែល​ទ្រង់​ប្រទាន​ឲ្យ​ពួក​សាវ័ក​១២​នាក់​ដែរ ពេល​ដែល​ទ្រង់​ចាត់​ពួក​ទាំង​នេះ​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ស្រុក​កាលីឡេ ប្រហែល​ជា​មួយ​ឆ្នាំ​មុន​នេះ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​៧០​នាក់​ទុក​ជា​មុន​នូវ​ការ​ប្រឆាំង​ដែល​ពួក​គេ​នឹង​ជួប ទ្រង់​ក៏​បង្វឹក​បង្វឺន​ពួក​គេ​ឲ្យ​ផ្សព្វ​ផ្សាយ​ដល់​ម្ចាស់​ផ្ទះ ថែម​ទាំង​ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណាច​ប្រោស​មនុស្ស​ឈឺ​ឲ្យ​ជា​ដែរ។ ដូច្នេះ​ហើយ នៅ​បន្ដិច​ក្រោយ​មក ពេល​ដែល​ព្រះ​យេស៊ូ​យាង​ទៅ​ដល់ នោះ​មនុស្ស​ជា​ច្រើន​មាន​ចិត្ត​ចង់​ជួប​ចៅហ្វាយ​នេះ ពីព្រោះ​ពួក​សិស្ស​របស់​ទ្រង់​ចេះ​ធ្វើ​អ្វី​ដ៏​អស្ចារ្យ​ជា​ច្រើន។

ការ​ផ្សព្វ​ផ្សាយ​របស់​ពួក​សិស្ស​៧០​នាក់ និង​កិច្ចការ​ដែល​ព្រះ​យេស៊ូ​ធ្វើ​ជា​បន្ទាប់​មាន​រយៈ​ពេល​ខ្លី​ណាស់។ មិន​យូរ​ប៉ុន្មាន នោះ​ពួក​អ្នក​ផ្សព្វ​ផ្សាយ​ព្រះ​រាជាណាចក្រ​ដែល​មាន​៣៥​ក្រុម​នេះ ក៏​មក​ឯ​ព្រះ​យេស៊ូ​វិញ។ ពួក​គេ​ទូល​ដោយ​អំណរ៖ «ព្រះ​អម្ចាស់​អើយ! ទោះ​ទាំង​ពួក​អារក្ស​ក៏​ចុះ​ចូល​ចំពោះ​យើង​រាល់​គ្នា ដោយ​ព្រះ​នាម​ទ្រង់​ដែរ»។ របាយ​ការណ៍​អំពី​កិច្ច​បំរើ​ដ៏​ល្អ​បែប​នេះ ច្បាស់​ជា​ធ្វើ​ឲ្យ​ព្រះ​យេស៊ូ​មាន​ព្រះ​ទ័យ​រំភើប​ណាស់ ដ្បិត​ទ្រង់​មាន​បន្ទូល​តប​ថា៖ «ខ្ញុំ​បាន​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​លើ​មេឃ មក​ដូច​ជា​ផ្លេក​បន្ទោរ មើល! ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច នឹង​ដើរ​ជាន់​ទាំង​ពស់​នឹង​ខ្យា​ដំរី»។

ព្រះ​យេស៊ូ​ជ្រាប​ថា​ក្រោយ​ពី​កំណើត​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​គ្រា​ចុង​បញ្ចប់ នោះ​សាតាំង​និង​ពួក​បិសាច​របស់​វា នឹង​ត្រូវ​បោះ​ទម្លាក់​ពី​ស្ថាន​សួគ៌។ តែ​ឥឡូវ​នេះ ដោយ​មនុស្ស​អាច​បណ្ដេញ​ពួក​បិសាច​ដែល​មើល​មិន​ឃើញ​ចេញ​បាន ក៏​ជា​ទំនុក​ចិត្ត​បន្ថែម​ថា ព្រឹត្ដិការណ៍​នេះ​នឹង​មាន​ឡើង​ជា​ពុំ​ខាន។ ដូច្នេះ​ហើយ ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​អនាគត​ដែល​ថា សាតាំង​នឹង​ត្រូវ​បោះ​ទម្លាក់​ពី​ស្ថាន​សួគ៌ គឺ​ជា​អ្វី​ដែល​នឹង​កើត​ឡើង​យ៉ាង​ពិត​ប្រាកដ។ ហេតុ​នេះ​ហើយ ក្នុង​ន័យ​ជា​និមិត្តរូប ពួក​សិស្ស​៧០​នាក់​មាន​អំណាច​ដើម្បី​ដើរ​ជាន់​ទាំង​ពស់​និង​ខ្យា​ដំរី។ ប៉ុន្តែ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះ​ចូល​អ្នក​រាល់​គ្នា​នោះ​ឡើយ ត្រូវ​ឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នក​រាល់​គ្នា​បាន​កត់​ទុក​នៅ​ស្ថាន​សួគ៌​វិញ»។

ព្រះ​យេស៊ូ​មាន​ព្រះ​ទ័យ​រីករាយ​យ៉ាង​ខ្លាំង ហើយ​បាន​សរសើរ​ព្រះ​វរបិតា​របស់​ទ្រង់ ដោយ​ព្រះ​វរបិតា​ប្រើ​ពួក​អ្នក​បំរើ​ដែល​មាន​ចិត្ត​រាប​ទាប​ទាំង​នេះ ឲ្យ​សំរេច​កិច្ច​ការ​របស់​ទ្រង់​តាម​របៀប​ដ៏​ខ្លាំង​ក្លា​បំផុត។ ព្រះ​យេស៊ូ​បែរ​ទៅ​មាន​បន្ទូល​នឹង​ពួក​សិស្ស​ថា៖ «មាន​ពរ​ហើយ ភ្នែក​ណា​ដែល​ឃើញ​អស់​ទាំង​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ ពីព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​ហោរា នឹង​ស្តេច​ជា​ច្រើន បាន​ប្រាថ្នា​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ​ដែរ តែ​មិន​បាន​ឃើញ​ទេ ក៏​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​ដែរ តែ​មិន​បាន​ឮ​សោះ»។ លូកា ១០:១​-​២៤; ម៉ាថាយ ១០:១​-​៤២; វិវរណៈ ១២:៧​-​១២

តើ​ព្រះ​យេស៊ូ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ឯ​ណា​ក្នុង​បី​ឆ្នាំ​ដំបូង? ហើយ​តើ​ក្នុង​កំឡុង​ពេល​ប្រាំ​មួយ​ខែ​ចុង​ក្រោយ តើ​ព្រះ​យេស៊ូ​ផ្សព្វ​ផ្សាយ​នៅ​ឯ​ណា?

តើ​ព្រះ​យេស៊ូ​បង្គាប់​ពួក​សិស្ស​៧០​នាក់​ឲ្យ​ទៅ​រក​មនុស្ស​នៅ​ឯ​ណា?

ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា ទ្រង់​បាន​ឃើញ​សាតាំង​ធ្លាក់​ពី​ស្ថាន​សួគ៌​រួច​ទៅ​ហើយ?

តើ​ក្នុង​ន័យ​យ៉ាង​ណា ដែល​ពួក​សិស្ស​៧០​នាក់​ដើរ​ជាន់​ពស់​និង​ខ្យា​ដំរី​នោះ?