លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេស៊ូនិងនាម៉ឺនវ័យក្មេងម្នាក់ដែលជាអ្នកមាន

ព្រះយេស៊ូនិងនាម៉ឺនវ័យក្មេងម្នាក់ដែលជាអ្នកមាន

ជំពូក​ទី​៩៦

ព្រះ​យេស៊ូ​និង​នាម៉ឺន​វ័យ​ក្មេង​ម្នាក់​ដែល​ជា​អ្នក​មាន

ពេល​ព្រះ​យេស៊ូ​យាង​កាត់​ស្រុក​ប៉េរ៉េ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម នោះ​មាន​យុវបុរស​ម្នាក់​រត់​មក​លុត​ជង្គង់​នៅ​មុខ​ព្រះ​យេស៊ូ។ បុរស​នេះ​ជា​នាម៉ឺន​ម្នាក់ ប្រហែល​ជា​គាត់​មាន​ឋានៈ​ធំ​ដុំ​ក្នុង​សាលា​ប្រជុំ​នៅ​តំបន់​នោះ ឬ​ក៏​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់។ បន្ថែម​ទៅ​ទៀត គាត់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​ណាស់។ គាត់​ទូល​សួរ​ថា៖ «លោក​គ្រូ​ល្អ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច ប្រយោជន៍​ឲ្យ​បាន​គ្រង​ជីវិត​រស់​អស់​កល្ប​ជា​និច្ច?»។

ព្រះ​យេស៊ូ​មាន​បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ? គ្មាន​អ្នក​ណា​ល្អ​សោះ មាន​តែ​១ គឺ​ជា​ព្រះ​ប៉ុណ្ណោះ»។ ប្រហែល​ជា​យុវបុរស​នេះ​ប្រើ​ពាក្យ«ល្អ»សំរាប់​ឋានន្តរ ដូច្នេះ​ហើយ​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​គាត់​ថា ឋានន្តរ​នេះ​គឺ​សម​ជា​របស់​ព្រះ​ទេ។

ព្រះ​យេស៊ូ​មាន​បន្ទូល​ទៀត​ថា៖ «តែ​បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ចូរ​កាន់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​ចុះ!»។

បុរស​នេះ​ទូល​សួរ​ថា៖ «តើ​បញ្ញត្ត​ណា​ខ្លះ?»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​នូវ​បញ្ញត្ត​ប្រាំ​ក្នុង​ក្រិត្យ​វិន័យ​ដប់​ប្រការ ដោយ​ថា៖ «កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ ចូរ​គោរព​ប្រតិបត្ដិ​ឪពុក​ម្ដាយ»។ ព្រះ​យេស៊ូ​បញ្ជាក់​នូវ​បញ្ញត្ត​ដ៏​សំខាន់​ជាង ដោយ​មាន​បន្ទូល​ថា៖ «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»។

បុរស​នេះ​ទូល​ឆ្លើយ​ដោយ​ស្មោះ​ថា៖ «ខ្ញុំ​បាន​កាន់​តាម​គ្រប់​សេចក្ដី​ទាំង​នោះ តាំង​ពី​ក្មេង​មក​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត?»។

ព្រះ​យេស៊ូ​មាន​ព្រះ​ទ័យ​ស្រឡាញ់​បុរស​នេះ ពេល​ស្ដាប់​នូវ​សេចក្ដី​ស្នើ​សុំ​ដ៏​ស្មោះ​អស់​ពី​ចិត្ត​របស់​គាត់។ ប៉ុន្តែ ព្រះ​យេស៊ូ​ជ្រាប​ថា​បុរស​នេះ​ស្រឡាញ់​ទ្រព្យ​សម្បត្ដិ​ណាស់ ហើយ​ទ្រង់​ក៏​មាន​បន្ទូល​ប្រាប់​នូវ​តម្រូវ​ការ​ដែល​គាត់​ត្រូវ​ធ្វើ៖ «អ្នក​នៅ​ខ្វះ​កិច្ច​១​ទៀត គឺ​ត្រូវ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្ដិ​នៅ​លើ​ស្ថាន​សួគ៌​វិញ រួច . . . មក​តាម​ខ្ញុំ​ចុះ!»។

ព្រះ​យេស៊ូ​ទត​ឃើញ​បុរស​នេះ​ទាំង​មាន​ព្រះ​ទ័យ​អាណិត ពេល​គាត់​ងើប​ឡើង​ហើយ​វិល​ត្រឡប់​ទៅ​វិញ​ទាំង​មាន​ទឹក​មុខ​ស្រពោន។ ទ្រព្យ​សម្បត្ដិ​របស់​គាត់ ធ្វើ​ឲ្យ​គាត់​មើល​ពុំ​ឃើញ​នូវ​ទ្រព្យ​សម្បត្ដិ​ដ៏​ពិត​ទេ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​នោះ​ពិបាក​ណាស់»។

ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​ធ្វើ​ឲ្យ​ពួក​សិស្ស​ងឿង​ឆ្ងល់ ប៉ុន្តែ ពួក​គេ​រឹត​តែ​ឆ្ងល់​ថែម​ទៀត ពេល​ទ្រង់​មាន​បន្ទូល​ពី​គោល​ការណ៍​មួយ​ថា៖ «ដ្បិត​ដែល​សត្វ​អូដ្ឋ​នឹង​ចូល​ទៅ​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ទៅ​ទៀត»។

ពួក​សិស្ស​ចង់​ដឹង​ថា៖ «តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ?»។

ព្រះ​យេស៊ូ​ទត​មើល​ពួក​គេ ហើយ​មាន​បន្ទូល​ថា៖ «ការ​នោះ​មនុស្ស​លោក​ធ្វើ​ពុំ​កើត​ទេ តែ​ព្រះ​ទ្រង់​ធ្វើ​កើត ដ្បិត​ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់​បាន»។

ពេត្រុស​កត់​សម្គាល់​ថា ពួក​គេ​បាន​សម្រេច​ចិត្ត​ខុស​ពី​នាម៉ឺន​វ័យ​ក្មេង​ម្នាក់​ដែល​ជា​អ្នក​មាន​នោះ ហើយ​ក៏​ទូល​ព្រះ​យេស៊ូ​ថា៖ «មើល! យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់​មក​តាម​ទ្រង់​ហើយ»។ ដូច្នេះ​គាត់​ក៏​ទូល​សួរ​ថា៖ «តើ​យើង​ខ្ញុំ​នឹង​បាន​អ្វី​ខ្លះ?»។

ព្រះ​យេស៊ូ​មាន​បន្ទូល​សន្យា​ថា៖ «ដល់​គ្រា​កែ​ជា​ថ្មី​ឡើង​វិញ កាល​ណា​កូន​មនុស្ស​បាន​ឡើង​គង់​លើ​បល្ល័ង្ក​ឧត្តម​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​មក​តាម​ខ្ញុំ នឹង​បាន​អង្គុយ​លើ​បល្ល័ង្ក​១២​ដែរ ហើយ​នឹង​ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២»។ ត្រូវ​ហើយ ព្រះ​យេស៊ូ​កំពុង​តែ​បង្ហាញ​ថា​នឹង​មាន​ការ​កែ​ជា​ថ្មី​ឲ្យ​មាន​ស្ថានភាព​ល្អ​ដូច​សួន​ច្បារ​អេដែន​វិញ។ ហើយ​ពេត្រុស​និង​ពួក​សិស្ស​ឯ​ទៀត​នឹង​ទទួល​រង្វាន់​ដើម្បី​គ្រប់​គ្រង​ជា​មួយ​ព្រះ​គ្រីស្ទ​ទៅ​លើ​ផែនដី​ទាំង​មូល​ជា​សួន​មនោរម្យ​នោះ។ យ៉ាង​ប្រាកដ​ហើយ រង្វាន់​ដ៏​ធំ​អស្ចារ្យ​នេះ គឺ​សម​នឹង​ធ្វើ​ពលិកម្ម​មែន!

ក៏​ប៉ុន្តែ សូម្បី​តែ​ឥឡូវ​នេះ​ក៏​មាន​រង្វាន់​ដែរ ដ្បិត​ព្រះ​យេស៊ូ​មាន​បន្ទូល​យ៉ាង​ប្រាកដ​ថា៖ «មិន​ដែល​មាន​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ​សំបែង បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ ប្រពន្ធ​កូន ឬ​ស្រែ​ចំការ ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​នឹង​ដំណឹង​ល្អ ឥត​បាន​ទទួល​ជា​១​រយ​ភាគ​ឡើង ក្នុង​សម័យ​នេះ​នោះ​ឡើយ គឺ​ជា​ផ្ទះ​សំបែង បង​ប្អូន​ប្រុស​ស្រី ម្ដាយ​ហើយ​កូន នឹង​ស្រែ​ចំការ ព្រម​ទាំង សេចក្ដី​បៀត​បៀន​ដែរ ហើយ​ដល់​បរលោក​នាយ នឹង​បាន​ជីវិត​រស់​អស់​កល្ប​ជា​និច្ច​ផង»។

ដូច​ជា​ព្រះ​យេស៊ូ​សន្យា នោះ​ពេល​ពួក​សិស្ស​របស់​ទ្រង់​ទៅ​កន្លែង​ណា​ក៏​ដោយ​ក្នុង​លោក​នេះ ពួក​គេ​នឹង​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ពួក​គ្រីស្ទាន​គ្នី​គ្នា ដែល​មាន​ភាព​ជិត​ស្និទ្ធ​ជាង​សមាជិក​ក្នុង​គ្រួសារ​បង្កើត​ទៅ​ទៀត។ តាម​មើល​ទៅ នាម៉ឺន​វ័យ​ក្មេង​ម្នាក់​នេះ​ដែល​ជា​អ្នក​មាន មិន​អាច​ទទួល​បាន​នូវ​រង្វាន់​និង​ជីវិត​ជា​រៀង​រហូត​ក្នុង​ព្រះ​រាជាណាចក្រ​ស្ថាន​សួគ៌​របស់​ព្រះ​ឡើយ។

ក្រោយ​មក ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ថែម​ថា៖ «តែ​នឹង​មាន​មនុស្ស​មុន​ទៅ​ជា​ក្រោយ​ជា​ច្រើន ហើយ​មនុស្ស​ក្រោយ​ទៅ​ជា​មុន​វិញ»។ តើ​ទ្រង់​ចង់​មាន​ន័យ​យ៉ាង​ណា?

ទ្រង់​ចង់​មាន​ន័យ​ថា មនុស្ស​ជា​ច្រើន​ដែល​ទទួល​ឯកសិទ្ធិ​ខាង​សាសនា«មុន»គេ ដូច​ជា​នាម៉ឺន​វ័យ​ក្មេង​ម្នាក់​ដែល​ជា​អ្នក​មាន​នោះ នឹង​មិន​អាច​ទទួល​បាន​ព្រះ​រាជាណាចក្រ​ឡើយ។ ពួក​អ្នក​ទាំង​នោះ​នឹង​ទៅ«ជា​ក្រោយ»វិញ។ ប៉ុន្តែ មនុស្ស​ជា​ច្រើន រួម​បញ្ចូល​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ ត្រូវ​ពួក​ផារីស៊ី​ដែល​តាំង​ខ្លួន​ជា​អ្នក​សុចរិត​មើល​ងាយ​មើល​ថោក ហើយ​ត្រូវ​ពួក​គេ​ចាត់​ទុក«ជា​ក្រោយ» ជា​ប្រជាជន​នៅ​ក្នុង​ស្រុក​ឬ​អាមហាអារិត តែ​នៅ​ទី​បំផុត​ពួក​គេ​នឹង​បាន«ទៅ​ជា​មុន»វិញ។ ជា​មនុស្ស​ដែល«ទៅ​ជា​មុន»គឺ​មាន​ន័យ​ថា​គេ​នឹង​មាន​ឯកសិទ្ធិ​គ្រប់​គ្រង​ជា​មួយ​នឹង​ព្រះ​យេស៊ូ​ក្នុង​ព្រះ​រាជាណាចក្រ។ ម៉ាកុស ១០:១៧​-​៣១; ម៉ាថាយ ១៩:១៦​-​៣០; លូកា ១៨:១៨​-​៣០

តាម​មើល​ទៅ នាម៉ឺន​វ័យ​ក្មេង​ម្នាក់​ដែល​ជា​អ្នក​មាន តើ​ជា​អ្នក​គ្រប់​គ្រង​បែប​ណា?

ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​ជំទាស់​នឹង​ការ​ដែល​គេ​ហៅ​ទ្រង់​ថា​ល្អ​នោះ?

តើ​បទ​ពិសោធន៍​របស់​នាម៉ឺន​វ័យ​ក្មេង​ម្នាក់​នេះ ពន្យល់​នូវ​គ្រោះ​ថ្នាក់​អ្វី​ខាង​ការ​មាន​ទ្រព្យ​សម្បត្ដិ?

តើ​ព្រះ​យេស៊ូ​សន្យា​នូវ​រង្វាន់​អ្វី​ដែល​ពួក​សិស្ស​របស់​ទ្រង់​អាច​ទទួល?

តើ​អ្នក​មុន​ទៅ​ជា​អ្នក​ក្រោយ​ហើយ​អ្នក​ក្រោយ​ទៅ​ជា​អ្នក​មុន​យ៉ាង​ដូច​ម្ដេច?