លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេស៊ូនិងពួកហោរ

ព្រះយេស៊ូនិងពួកហោរ

ជំពូក​ទី​៧

ព្រះ​យេស៊ូ​និង​ពួក​ហោរ

បុរស​មួយ​ក្រុម​កំពុង​តែ​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាង​កើត។ ពួក​គេ​ជា​ពួក​ហោរ គឺ​ជា​អ្នក​ដែល​អះអាង​ថា ចេះ​ទាយ​អំពី​ដំណើរ​នៃ​ទី​តាំង​របស់​ផ្កាយ​នានា។ កាល​ដែល​ពួក​គេ​កំពុង​តែ​នៅ​ឯ​ផ្ទះ​របស់​ពួក​គេ​នៅ​ទិស​ខាង​កើត​នោះ ពួក​គេ​បាន​ឃើញ​ផ្កាយ​ថ្មី​មួយ ហើយ​ពួក​គេ​ក៏​បាន​ធ្វើ​ដំណើរ​តាម​ផ្កាយ​នោះ​អស់​រាប់​រយ​គីឡូ​ម៉ែត្រ​ទើប​បាន​មក​ដល់​ទី​ក្រុង​យេរូសាឡិម។

នៅ​ពេល​ដែល​ពួក​ហោរ​បាន​មក​ដល់​ទី​ក្រុង​យេរូសាឡិម នោះ​ពួក​គេ​សួរ​ថា៖ «តើ​ព្រះ​អង្គ​ដែល​ប្រសូត​មក ធ្វើ​ជា​ស្តេច​សាសន៍​យូដា ទ្រង់​គង់​នៅ​ឯ​ណា? ពីព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​ទ្រង់ ពី​ទិស​ខាង​កើត​មក ហើយ​យើង​មក​ថ្វាយ​បង្គំ​ទ្រង់»។

កាល​ស្តេច​ហេរ៉ូឌ​នៅ​ទី​ក្រុង​យេរូសាឡិម​បាន​ឮ​អំពី​ដំណឹង​នេះ នោះ​ទ្រង់​រកាំ​ព្រះ​ទ័យ​ណាស់។ ដូច្នេះ ទ្រង់​ក៏​ហៅ​ពួក​សង្គ្រាជ​មក​សាកសួរ​ពី​ទី​កន្លែង​ដែល​ព្រះ​គ្រីស្ទ​ប្រសូត។ ដោយ​សំអាង​លើ​ការ​តប​ឆ្លើយ​របស់​គេ​លើ​បទ​គម្ពីរ នោះ​គេ​ឆ្លើយ​ថា៖ «នៅ​ឯ​ភូមិ​បេថ្លេហិម»។ ភ្លាម​នោះ ស្តេច​ហេរ៉ូឌ​ក៏​បញ្ជា​ឲ្យ​គេ​នាំ​ពួក​ហោរ​មក​ឯ​ទ្រង់ ហើយ​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ស៊ើប​ដំណឹង ពី​កូន​តូច​នោះ​ឲ្យ​ច្បាស់​លាស់ កាល​ណា​បាន​ឃើញ​ហើយ នោះ​ត្រូវ​មក​ប្រាប់​ដល់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ​បង្គំ​ដែរ»។ ប៉ុន្តែ តាម​ពិត​ទៅ ស្តេច​ហេរ៉ូឌ​ចង់​រក​ព្រះ​ឱរស​នេះ​ដើម្បី​ធ្វើ​គុត​ទេ!

ក្រោយ​ពី​ពួក​គេ​ចេញ​ទៅ នោះ​មាន​អ្វី​ដ៏​អស្ចារ្យ​កើត​ឡើង។ ផ្កាយ​ដែល​ពួក​គេ​បាន​ឃើញ​ពី​ទិស​ខាង​កើត​នោះ​កំពុង​តែ​នាំ​ផ្លូវ​ពួក​គេ។ យ៉ាង​ច្បាស់​ណាស់ នេះ​មិន​មែន​ជា​ផ្កាយ​ធម្មតា​ទេ ក៏​ប៉ុន្តែ​គឺ​បាន​មាន​មក​យ៉ាង​វិសេស​ដើម្បី​នាំ​ផ្លូវ​ពួក​គេ។ ពួក​ហោរ​ធ្វើ​ដំណើរ​តាម​ផ្កាយ​នោះ ដរាប​ដល់​ផ្កាយ​ឈប់​ចំ​ពី​លើ​ផ្ទះ​ដែល​យ៉ូសែប​និង​ម៉ារា​កំពុង​តែ​ស្នាក់​នៅ។

នៅ​ពេល​ដែល​ពួក​ហោរ​ចូល​ទៅ​ក្នុង​ផ្ទះ នោះ​ពួក​គេ​ឃើញ​ម៉ារា​នៅ​ជា​មួយ​បុត្រ​តូច​នេះ គឺ​ជា​ព្រះ​ឱរស​យេស៊ូ។ រួច​ពួក​គេ​ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​អង្គ។ ហើយ​ពួក​គេ​ក៏​បើក​ហឹប​យក​ទ្រព្យ​មក​ថ្វាយ​តង្វាយ​ជា​មាស កំញាន និង​ជ័រ​ល្វីង​ទេស។ ក្រោយ​មក នៅ​ពេល​ពួក​គេ​រៀប​នឹង​ត្រឡប់​ទៅ​វិញ ដើម្បី​ទៅ​ប្រាប់​ស្តេច​ហេរ៉ូឌ​អំពី​ទី​កន្លែង​នៃ​បុត្រ​ដ៏​តូច​នេះ នោះ​ព្រះ​បាន​ព្រមាន​ប្រាប់​ពួក​គេ​ក្នុង​សុបិន​មិន​ឲ្យ​ពួក​គេ​ប្រាប់​ទេ។ ដូច្នេះ ពួក​គេ​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ​តាម​ផ្លូវ​មួយ​ផ្សេង​ទៀត។

តើ​នរណា​ដែល​អ្នក​គិត​ថា បាន​ឲ្យ​ផ្កាយ​មួយ​នេះ​ធ្វើ​ដំណើរ​នៅ​លើ​មេឃ ដើម្បី​នាំ​ផ្លូវ​ពួក​ហោរ​នោះ? សូម​ចាំ​ថា ផ្កាយ​នេះ​មិន​បាន​នាំ​ផ្លូវ​ពួក​គេ​ទៅ​ដល់​ភូមិ​បេថ្លេហិម ជា​កន្លែង​ដែល​ព្រះ​យេស៊ូ​ប្រសូត​មក​ភ្លាម​ៗ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​នាំ​ផ្លូវ​ពួក​គេ​ទៅ​ក្រុង​យេរូសាឡិម ដើម្បី​ឲ្យ​ពួក​គេ​បាន​មក​ជួប​ស្តេច​ហេរ៉ូឌ​ដែល​មាន​ព្រះ​ទ័យ​ចង់​ធ្វើ​គុត​ដល់​ព្រះ​យេស៊ូ​នោះ។ ហើយ​ស្តេច​នេះ​នឹង​ធ្វើ​គុត​មែន ប្រសិន​បើ​ព្រះ​មិន​បាន​ធ្វើ​អន្តរាគមន៍ ហើយ​ព្រមាន​ប្រាប់​ពួក​ហោរ មិន​ឲ្យ​ប្រាប់​ស្តេច​ហេរ៉ូឌ​អំពី​ទី​កន្លែង​ដែល​ព្រះ​យេស៊ូ​គង់​នៅ​នោះ​ទេ។ ប៉ុន្តែ សត្រូវ​របស់​ព្រះ​គឺ​អារក្ស​សាតាំង​ចង់​ធ្វើ​គុត​ដល់​ព្រះ​យេស៊ូ ហើយ​វា​បាន​ប្រើ​ផ្កាយ​នោះ ដើម្បី នឹង​សម្រេច​គោល​បំណង​របស់​វា។ ម៉ាថាយ ២:១​-​១២; មីកា ៥:១

តើ​អ្វី​ដែល​បង្ហាញ​ថា ផ្កាយ​ដែល​ពួក​ហោរ​បាន​ឃើញ មិន​មែន​ជា​ផ្កាយ​ធម្មតា​នោះ?

តើ​ព្រះ​ឱរស​យេស៊ូ​គង់​នៅ​កន្លែង​ណា ពេល​ពួក​ហោរ​រក​ឃើញ​ទ្រង់​នោះ?

ហេតុ​អ្វី​ក៏​យើង​ដឹង​ថា សាតាំង​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ផ្កាយ​នេះ​ដើម្បី​នាំ​ផ្លូវ​ពួក​ហោរ?