លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេស៊ូបង្រៀននៅក្រុងយេរីខូរ

ព្រះយេស៊ូបង្រៀននៅក្រុងយេរីខូរ

ជំពូក​ទី​៩៩

ព្រះ​យេស៊ូ​បង្រៀន​នៅ​ក្រុង​យេរីខូរ

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ព្រះ​យេស៊ូ​និង​ហ្វូង​មនុស្ស​ដែល​រួម​ដំណើរ​ជា​មួយ​នឹង​ទ្រង់​មក​ដល់​ក្រុង​យេរីខូរ ដែល​ត្រូវ​ធ្វើ​ដំណើរ​អស់​មួយ​ថ្ងៃ​ពី​ក្រុង​យេរូសាឡិម​ទើប​ទៅ​ដល់​ទី​ក្រុង​នោះ។ តាម​មើល​ទៅ ក្រុង​យេរីខូរ​មាន​ពីរ​ផ្នែក មួយ​ផ្នែក​បុរាណ​ជា​របស់​ពួក​សាសន៍​យូដា ហើយ​មួយ​ផ្នែក​ទៀត​ជា​ផ្នែក​ថ្មី​ជា​របស់​សាសន៍​រ៉ូម ផ្នែក​ទាំង​ពីរ​មាន​ចម្ងាយ​ពី​គ្នា​ប្រហែល​១,៥​គីឡូ​ម៉ែត្រ។ កាល​ដែល​ហ្វូង​មនុស្ស​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​ចាស់​និង​ចូល​ក្នុង​ក្រុង​ថ្មី នោះ​មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​អង្គុយ​សុំ​ទាន​នៅ​ទី​នោះ ពួក​គេ​ឮ​សម្លេង​អ៊ូ​រ​អរ​ជា​ខ្លាំង។ មនុស្ស​ខ្វាក់​ម្នាក់​ឈ្មោះ​បារទីមេ។

ពេល​ពួក​គេ​ឮ​ថា​ព្រះ​យេស៊ូ​ទ្រង់​យាង​តាម​ទី​នោះ បារទីមេ​និង​មិត្ត​របស់​គាត់​ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ​អម្ចាស់ ជា​ព្រះ​វង្ស​ហ្លួង​ដាវីឌ​អើយ!»។ បណ្ដា​ជន​បង្គាប់​យ៉ាង​ម៉ឺង​ម៉ាត់​ឲ្យ​អ្នក​ទាំង​ពីរ​នេះ​នៅ​ស្ងៀម តែ​ពួក​គេ​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ឱ​ព្រះ​អម្ចាស់​ជា​ព្រះ​វង្ស​ហ្លួង​ដាវីឌ​អើយ! សូម​ទ្រង់​ប្រោស​មេត្ដា​ដល់​យើង​ខ្ញុំ​ផង»។

ព្រះ​យេស៊ូ​ក៏​ឈប់​ពេល​ឮ​សម្លេង​ស្រែក​ឡូឡា​នេះ។ ទ្រង់​សុំ​មនុស្ស​ដែល​រួម​ដំណើរ​ឲ្យ​នាំ​អ្នក​ស្រែក​នោះ​ចូល​មក​ជិត​ទ្រង់។ ពួក​គេ​ក៏​ទៅ​ហៅ​មនុស្ស​ខ្វាក់​មក ដោយ​ប្រាប់​ថា៖ «ចូរ​សង្ឃឹម​ចុះ! ហើយ​ក្រោក​ឡើង លោក​ហៅ​ឯង»។ បុរស​ខ្វាក់​នេះ​មាន​ចិត្ត​រំភើប​ណាស់ ក៏​បោះ​អាវ​ក្រៅ​ចោល ស្ទុះ​ក្រោក​ឡើង ដើរ​តំរង់​ទៅ​រក​ព្រះ​យេស៊ូ។

ព្រះ​យេស៊ូ​មាន​បន្ទូល​សួរ​គាត់​ថា៖ «តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?»។

មនុស្ស​ខ្វាក់​ទាំង​ពីរ​នាក់​នោះ​ទូល​ឆ្លើយ​ថា៖ «ឱ​ព្រះ​ម្ចាស់​អើយ! សូម​ប្រោស​ឲ្យ​ភ្នែក​យើង​ខ្ញុំ​បាន​ភ្លឺ​ឡើង​ផង»។

ព្រះ​យេស៊ូ​មាន​ព្រះ​ទ័យ​អាណិត​ដល់​ពួក​គេ​ពន់​ពេក ក៏​ពាល់​ភ្នែក​របស់​ពួក​គេ។ យោង​ទៅ​តាម​កំណត់​ហេតុ​របស់​ម៉ាកុស នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​មនុស្ស​ខ្វាក់​ម្នាក់​ថា៖ «ទៅ​ចុះ! សេចក្ដី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ»។ ស្រាប់​តែ​ភ្នែក​របស់​អ្នក​សុំ​ទាន​ទាំង​ពីរ​នាក់​បាន​ភ្លឺ​ឡើង​ភ្លាម ហើយ​ពួក​គេ​ចាប់​ផ្ដើម​សរសើរ​ដំកើង​ព្រះ។ នៅ​ពេល​បណ្ដា​ជន​ឃើញ​នូវ​អ្វី​ដែល​បាន​កើត​ឡើង នោះ​ពួក​គេ​ក៏​សរសើរ​ព្រះ​ដែរ។ បារទីមេ​និង​មិត្ត​របស់​គាត់​ក៏​ចាប់​ផ្ដើម​ដើរ​តាម​ព្រះ​យេស៊ូ​ភ្លាម។

ពេល​ព្រះ​យេស៊ូ​ដើរ​កាត់​ក្រុង​យេរីខូរ នោះ​មាន​មនុស្ស​ច្រើន​ណាស់។ មនុស្ស​គ្រប់​គ្នា​ចង់​ឃើញ​បុគ្គល​ដែល​បាន​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​បាន​ភ្លឺ​នោះ​ណាស់។ មនុស្ស​ប្រជ្រៀត​ចូល​មក​ជិត​ព្រះ​យេស៊ូ​ជុំ​ជិត ហើយ​ជា​លទ្ធផល នោះ​មនុស្ស​ខ្លះ​មិន​អាច​មើល​ទ្រង់​ឃើញ​ទេ។ សាខេ​ជា​មេ​លើ​អ្នក​យក​ពន្ធ​នៅ​ម្ដុំ​ក្រុង​យេរីខូរ គាត់​ក៏​នៅ​ក្នុង​ចំណោម​បណ្ដា​ជន​នោះ​ដែរ។ គាត់​មាន​មាឌ​តូច​ណាស់ ដូច្នេះ​ហើយ​គាត់​មិន​អាច​មើល​ឃើញ​អ្វី​ឡើយ។

ដូច្នេះ​សាខេ​ក៏​រត់​ទៅ​ខាង​មុខ ឡើង​លើ​ដើម​ល្វា​ដែល​ដុះ​នៅ​តាម​ផ្លូវ​ព្រះ​យេស៊ូ​កំពុង​តែ​យាង​មក​តាម​នោះ។ នៅ​លើ​ដើម​នោះ គាត់​អាច​មើល​ឃើញ​អ្វី​ៗ​ទាំង​អស់។ កាល​បណ្ដា​ជន​ចូល​មក​ជិត នោះ​ព្រះ​យេស៊ូ​ក៏​ងើប​ព្រះ​នេត្រ​ឡើង​ទៅ​លើ​ហើយ​មាន​បន្ទូល​ទៅ​គាត់​ថា៖ «សាខេ! ចូរ​អ្នក​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក»។ លោក​សាខេ​ក៏​ចុះ​មក​ជា​ប្រញាប់​ដោយ​អំណរ ហើយ​ក៏​ទៅ​ផ្ទះ​ដើម្បី​រៀបចំ​ទទួល​ព្រះ​យេស៊ូ​ជា​ភ្ញៀវ​ដ៏​សំខាន់​របស់​គាត់។

ប៉ុន្តែ កាល​មនុស្ស​ទាំង​អស់​បាន​ឃើញ​ដូច្នោះ នោះ​ពួក​គេ​រអ៊ូ​រទាំ​រិះ​គន់​ព្រះ​យេស៊ូ។ ពួក​គេ​យល់​ថា គឺ​មិន​ត្រឹម​ត្រូវ​ទេ ដែល​ព្រះ​យេស៊ូ​យាង​ទៅ​ផ្ទះ​មនុស្ស​មាន​បាប​បែប​នេះ។ ដ្បិត​សាខេ​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន ដោយ​ទារ​ពន្ធ​បំបាត់​គេ​ក្នុង​មុខ​របរ​ជា​អ្នក​យក​ពន្ធ។

មនុស្ស​ជា​ច្រើន​ក៏​ដើរ​តាម ហើយ​ពេល​ព្រះ​យេស៊ូ​ចូល​ផ្ទះ​របស់​សាខេ នោះ​ពួក​គេ​រអ៊ូ​រទាំ​រិះ​គន់​ថា៖ «លោក​បាន​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​មាន​បាប»។ ប៉ុន្តែ ព្រះ​យេស៊ូ​ឃើញ​ថា សាខេ​អាច​កែ​ប្រែ​ចិត្ត​បាន។ ហើយ​ព្រះ​យេស៊ូ​មិន​បាន​ខក​ព្រះ​ទ័យ​ឡើយ ដ្បិត​សាខេ​ឈរ​ទូល​ទ្រង់​ថា៖ «មើល! ព្រះ​អម្ចាស់​អើយ! ទូល​បង្គំ​ចែក​ទ្រព្យ​ទូល​បង្គំ​ពាក់​កណ្ដាល​ឲ្យ​ដល់​មនុស្ស​ក្រី​ក្រ ហើយ​បើ​ទូល​បង្គំ​បាន​ហូត​ពន្ធ​បំបាត់​ចំពោះ​អ្នក​ណា នោះ​ទូល​បង្គំ​នឹង​សង​គេ​១​ជា​៤​វិញ»។

សាខេ​ស​ឲ្យ​ឃើញ​ថា​ការ​ប្រែ​ចិត្ត​របស់​គាត់​គឺ​ស្មោះ ដោយ​ចែក​ទ្រព្យ​របស់​គាត់​ពាក់​កណ្ដាល​ឲ្យ​ដល់​មនុស្ស​ក្រី​ក្រ និង​ដោយ​ប្រើ​ទ្រព្យ​ពាក់​កណ្ដាល​ទៀត​ដើម្បី​សង​អស់​អ្នក​ដែល​គាត់​បាន​បំបាត់​នោះ។ តាម​មើល​ទៅ គាត់​អាច​គិត​ពី​បញ្ជី​ពន្ធ​របស់​គាត់ នូវ​ទ្រព្យ​ប៉ុន្មាន​ដែល​គាត់​ជំពាក់​មនុស្ស​ទាំង​នេះ។ ដូច្នេះ​គាត់​ស្បថ​ថា​នឹង​សង​គេ​មួយ​ជា​បួន ដើម្បី​ធ្វើ​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ ដែល​ចែង​ថា៖ ‹បើ​អ្នក​ណា​លួច​ចៀម​គេ នោះ​ត្រូវ​សង​ចៀម​បួន​ឲ្យ​ធួន​នឹង​ចៀម​មួយ›។

ព្រះ​យេស៊ូ​មាន​ការ​ពេញ​ព្រះ​ទ័យ​នឹង​សាខេ​ណាស់ ដែល​គាត់​សន្យា​ថា​នឹង​ចែក​ទ្រព្យ​របស់​គាត់​ដល់​មនុស្ស​ក្រី​ក្រ ទ្រង់​មាន​បន្ទូល​ថា៖ «ថ្ងៃ​នេះ! សេចក្ដី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ពីព្រោះ​អ្នក​នេះ​ជា​ពូជ​លោក​អ័ប្រាហាំ​ដែរ ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​រក​ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់​បង់»។

នៅ​ពេល​មុន​នេះ ព្រះ​យេស៊ូ​ទើប​ពន្យល់​នូវ​ស្ថានភាព​នៃ‹កូន​វង្វេង› ក្នុង​រឿង​កូន​បង្ហិន​ទ្រព្យ។ ឥឡូវ​នេះ យើង​ឃើញ​ជីវិត​ពិត​នៃ​មនុស្ស​វង្វេង ដែល​រក​ឃើញ​វិញ។ ទោះ​ជា​មេ​ដឹក​នាំ​សាសនា​និង​អស់​អ្នក​ដែល​តាម​ពួក​គេ រិះ​គន់​ហើយ​រអ៊ូ​រទាំ​នឹង​ព្រះ​យេស៊ូ​ដែល​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​មនុស្ស ដូច​ជា​សាខេ​ជា​ដើម​ក្ដី ក៏​ព្រះ​យេស៊ូ​នៅ​តែ​បន្ត​ស្វែង​រក​កូន​វង្វេង​របស់​ពូជ​អ័ប្រាហាំ​ទៀត​ដែរ។ ម៉ាថាយ ២០:២៩​-​៣៤; ម៉ាកុស ១០:៤៦​-​៥២; លូកា ១៨:៣៥–១៩:១០; និក្ខមនំ ២២:១

តាម​មើល​ទៅ តើ​ព្រះ​យេស៊ូ​ជួប​មនុស្ស​ខ្វាក់​សុំ​ទាន​នៅ​កន្លែង​ណា? ហើយ​តើ​ទ្រង់​ធ្វើ​អ្វី​ឲ្យ​ពួក​គេ?

តើ​សាខេ​ជា​អ្នក​ណា? ហើយ​ហេតុ​អ្វី​បាន​ជា​គាត់​ឡើង​ដើម​ឈើ​ដូច្នេះ?

តើ​សាខេ​ស​ឲ្យ​ឃើញ​នូវ​ការ​ប្រែ​ចិត្ត​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

តើ​យើង​អាច​រៀន​មេ​រៀន​អ្វី​ពី​របៀប​ដែល​ព្រះ​យេស៊ូ​ប្រព្រឹត្ត​នឹង​សាខេ?