លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេស៊ូបញ្ចប់នូវកិច្ចការទាំងអស់ដែលព្រះបង្គាប់

ព្រះយេស៊ូបញ្ចប់នូវកិច្ចការទាំងអស់ដែលព្រះបង្គាប់

ជំពូក​ទី​១៣៣

ព្រះ​យេស៊ូ​បញ្ចប់​នូវ​កិច្ចការ​ទាំង​អស់​ដែល​ព្រះ​បង្គាប់

ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ស្តេច​ហើយ​ជា​អ្នក​ចម្បាំង ពេល​ទ្រង់​បំផ្លាញ​ចោល​សាតាំង​និង​ពិភព​លោក​ដ៏​ទុច្ចរិត​របស់​វា នោះ​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​អំណរ​យ៉ាង​ណា​ទៅ​ហ្ន៎! នៅ​ទី​បំផុត ព្រះ​យេស៊ូ​នឹង​ចាប់​ផ្ដើម​សោយ​រាជ្យ​អស់​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​ក្សេម​ក្សាន្ត!

នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​យេស៊ូ​និង​អ្នក​ដែល​រួម​គ្រប់​គ្រង​ជា​មួយ​ទ្រង់ ពួក​អ្នក​រួច​រស់​ជីវិត​ពី​សង្គ្រាម​អើម៉ាគេដូន​នឹង​បោស​សំអាត​កំទេច​កំទី ដែល​សេស​សល់​ពី​សង្គ្រាម​ដ៏​សុចរិត​នេះ។ ហើយ​ទំនង​ជា​ពួក​អ្នក​រួច​រស់​ជីវិត​នៅ​លើ​ផែនដី​នឹង​បង្កើត​កូន​ចៅ​អស់​មួយ​រយៈ ហើយ​ពួក​អ្នក​ទាំង​នេះ​នឹង​ចូល​រួម​ធ្វើ​កិច្ច​ការ​ដ៏​គាប់​ចិត្ត ជា​ការ​រៀបចំ​ផែនដី​ឲ្យ​ទៅ​ជា​សួន​ឧទ្យាន​ដ៏​ស្រស់បំព្រង។

ក្រោយ​មក ព្រះ​យេស៊ូ​នឹង​ប្រោស​មនុស្ស​ស្លាប់​រាប់​សិប​លាន​នាក់​ពី​ផ្នូរ ដើម្បី​ឲ្យ​សប្បាយ​នឹង​សួន​មនោរម្យ​ដ៏​ស្រស់បំព្រង​នេះ​ដែរ។ ទ្រង់​នឹង​ធ្វើ​ការ​នេះ ដែល​សម្រេច​តាម​ការ​ធានា​រ៉ាប់​រង​របស់​ទ្រង់ ដែល​ថា៖ «ដ្បិត​មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ . . . នឹង​ចេញ​មក»។

ក្នុង​ចំណោម​ពួក​អ្នក​ដែល​ព្រះ​យេស៊ូ​ប្រោស​ឲ្យ​រស់​ឡើង​វិញ គឺ​មាន​អតីតជន​ឧក្រិដ្ឋ​ម្នាក់ ដែល​ស្លាប់​នៅ​ជិត​ទ្រង់​លើ​បង្គោល​ឈើ​ទារុណកម្ម។ សូម​នឹក​ចាំ​នូវ​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​សន្យា​ចំពោះ​គាត់​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង[ទី​មនោរម្យ]ជា​មួយ​នឹង​ខ្ញុំ​ដែរ»។ ព្រះ​យេស៊ូ​នឹង​មិន​យក​បុរស​នេះ​ទៅ​ស្ថាន​សួគ៌​ឲ្យ​សោយ​រាជ្យ​ជា​មួយ​នឹង​ទ្រង់​នោះ​ទេ ហើយ​ព្រះ​យេស៊ូ​ក៏​នឹង​មិន​ក្លាយ​ជា​បុរស​ធម្មតា​ម្ដង​ទៀត ហើយ​រស់​នៅ​លើ​ផែនដី​មនោរម្យ​ជា​មួយ​គាត់​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​នឹង​គង់​នៅ​ជា​មួយ​អតីតជន​ឧក្រិដ្ឋ​ម្នាក់​នេះ ក្នុង​ន័យ​ថា ទ្រង់​នឹង​ប្រោស​ឲ្យ​គាត់​រស់​ឡើង​វិញ​ក្នុង​សួន​មនោរម្យ និង​ធានា​មើល​ថែ​រក្សា​នូវ​តម្រូវ​ការ​ខាង​រាង​កាយ​និង​ខាង​វិញ្ញាណ​របស់​គាត់ ដូច​បាន​បង្ហាញ​ក្នុង​ទំព័រ​ជា​បន្ទាប់។

សូម​គិត​ទៅ​មើល! ក្រោម​ការ​ដឹក​នាំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូ មនុស្សជាតិ​ទាំង​ឡាយ​ទៅ​ជា​ក្រុម​គ្រួសារ​តែ​មួយ ពួក​គេ​ជា​ពួក​អ្នក​រួច​រស់​ជីវិត​ពី​សង្គ្រាម​អើម៉ាគេដូន កូន​ចៅ​របស់​ពួក​គេ និង​មនុស្ស​រាប់​ពាន់​លាន​នាក់​ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​ស្ដាប់​បង្គាប់​តាម​ទ្រង់ ពួក​គេ​នឹង​ចំរើន​លូត​លាស់​រហូត​ដល់​បាន​គ្រប់​ល័ក្ខណ៍។ តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​រាជបុត្រា​របស់​ទ្រង់ ព្រះ​យេហូវ៉ា​នឹង​គង់​នៅ ក្នុង​ន័យ​ខាង​វិញ្ញាណ ជា​មួយ​នឹង​មនុស្ស​លោក។ ដូច​ជា​សម្លេង​ដែល​យ៉ូហាន​បាន​ឮ​ពី​ស្ថាន​សួគ៌​នោះ​ថា៖ «ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ»។ គ្មាន​មនុស្ស​ណា​ម្នាក់​នៅ​លើ​ផែនដី​នឹង​រង​ទុក្ខ​ឬ​ឈឺ​នោះ​ឡើយ។

ពេល​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​យេស៊ូ​ចប់​ទៅ នោះ​ស្ថានភាព​នឹង​បាន​ដូច​ដើម​វិញ​តាម​ដែល​ព្រះ​មាន​បំណង​មក ពេល​ទ្រង់​មាន​បន្ទូល​ប្រាប់​មនុស្ស​មួយ​គូ​ដំបូង អ័ដាម​និង​អេវ៉ា ឲ្យ​បង្កើត​កូន​ជា​ច្រើន​ឲ្យ​ពេញ​ផែនដី​នោះ។ ត្រូវ​ហើយ ផែនដី​នេះ​នឹង​មាន​ពេញ​ដោយ​សាសន៍​មួយ​ដ៏​សុចរិត ហើយ​គ្រប់​ល័ក្ខណ៍។ នេះ​គឺ​ពីព្រោះ​មនុស្ស​គ្រប់​គ្នា​នឹង​ទទួល​នូវ​ប្រយោជន៍​នៃ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ។ គ្រា​នោះ​នឹង​លែង​មាន​សេចក្ដី​ស្លាប់​ដោយ​សារ​អំពើ​បាប​របស់​អ័ដាម​ទៀត​ហើយ!

ដូច្នេះ​ហើយ ព្រះ​យេស៊ូ​នឹង​សម្រេច​ការ​ទាំង​អស់ ដែល​ព្រះ​យេហូវ៉ា​បង្គាប់​ទ្រង់​ឲ្យ​ធ្វើ។ ដូច្នេះ នៅ​ទី​បញ្ចប់​នៃ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ​នោះ ព្រះ​យេស៊ូ​នឹង​ប្រគល់​ព្រះ​រាជាណាចក្រ​និង​ក្រុម​គ្រួសារ​ដ៏​គ្រប់​ល័ក្ខណ៍​ទៅ​ព្រះ​វរបិតា​វិញ។ រួច​មក ព្រះ​នឹង​ដោះ​លែង​សាតាំង​និង​ពួក​បិសាច​របស់​វា​ចេញ​ពី​ជង្ហុក​ធំ ជា​ស្ថានភាព​ដែល​គ្មាន​សកម្មភាព​ដូច​សេចក្ដី​ស្លាប់​នោះ។ តើ​សំរាប់​បំណង​អ្វី​ទៅ?

ពេល​ដល់​ទី​បញ្ចប់​នៃ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ មនុស្ស​ភាគ​ច្រើន​ដែល​រស់​នៅ​ក្នុង​សួន​មនោរម្យ​ជា​មនុស្ស​ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ តែ​ពួក​គេ​មិន​ដែល​បាន​ត្រូវ​សាក​ល្បង​ជំនឿ​ទេ។ ពី​មុន​ស្លាប់ ពួក​គេ​មិន​ដែល​ឮ​នូវ​សេចក្ដី​សន្យា​របស់​ព្រះ ហើយ​ក៏​មិន​អាច​បង្ហាញ​នូវ​ជំនឿ​របស់​ពួក​គេ​លើ​សេចក្ដី​សន្យា​ទាំង​នោះ​ដែរ។ រួច​មក ក្រោយ​ពី​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ទទួល​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ នោះ​គឺ​ជា​ការ​ស្រួល​ចំពោះ​ពួក​គេ​រស់​នៅ​ក្នុង​សួន​មនោរម្យ ដោយ​ឥត​មាន​ការ​ប្រឆាំង​ដើម្បី​បំរើ​ព្រះ។ ប៉ុន្តែ ប្រសិន​បើ​អនុញ្ញាត​ឲ្យ​សាតាំង​មាន​ឱកាស​ខំ​បញ្ឈប់​ពួក​គេ​ពី​ការ​បំរើ​ព្រះ តើ​ពួក​គេ​នឹង​នៅ​ស្មោះ​ត្រង់​ក្រោម​ការ​សាក​ល្បង​ឬ​ទេ? ដើម្បី​នឹង​ដោះ​ស្រាយ​នូវ​សំនួរ​នេះ គឺ​ត្រូវ​ដោះ​លែង​សាតាំង។

ការ​បើក​ចំហ​ដែល​យ៉ូហាន​បាន​ឃើញ បង្ហាញ​ថា​ក្រោយ​ពី​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​យេស៊ូ សាតាំង​បាន​ជោគ​ជ័យ​ក្នុង​ការ​បំបែរ​មនុស្ស​មួយ​ចំនួន​ធំ​ពី​ការ​បំរើ​ព្រះ។ ប៉ុន្តែ​ក្រោយ​មក ពេល​ការ​សាក​ល្បង​ចុង​ក្រោយ​ចប់​ទៅ សាតាំង​និង​ពួក​បិសាច​របស់​វា និង​អស់​អ្នក​ដែល​វា​នាំ​ឲ្យ​វង្វេង នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​រៀង​រហូត។ ម្យ៉ាង​វិញ​ទៀត ពួក​អ្នក​ស្មោះ​ត្រង់​ដែល​រួច​រស់​ជីវិត​ពី​ការ​សាក​ល្បង​នឹង​បន្ត​រស់​នៅ ហើយ​ថែម​ទាំង​ទទួល​ពរ​ពី​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌​ជា​រៀង​រហូត​ត​ទៅ។

យ៉ាង​ច្បាស់​ណាស់ ព្រះ​យេស៊ូ​មាន​មុខ​នាទី​ដ៏​សំខាន់ ហើយ​និង​បន្ត​នូវ​មុខ​នាទី​ដ៏​សំខាន់​នេះ​ត​ទៅ​ទៀត ក្នុង​ការ​សម្រេច​គោល​បំណង​ដ៏​រុង​រឿង​របស់​ព្រះ។ ដោយ​សារ​អ្វី​ៗ​ដែល​ទ្រង់​បាន​សម្រេច ជា​ស្តេច​ដ៏​ឧត្តម​របស់​ព្រះ​នៅ​ស្ថាន​សួគ៌ នេះ​ជា​អនាគត​ដ៏​ល្អ​អស្ចារ្យ​មែន​ដែល​យើង​នឹង​ទទួល។ ប៉ុន្តែ យើង​ក៏​នៅ​ចាំ​មិន​ភ្លេច​នូវ​អ្វី​ដែល​ទ្រង់​បាន​សម្រេច​ពេល​ទ្រង់​នៅ​ជា​មនុស្ស។

ព្រះ​យេស៊ូ​យាង​មក​ផែនដី​ដោយ​ស្ម័គ្រ​ព្រះ​ទ័យ និង​បង្រៀន​យើង​អំពី​ព្រះ​វរបិតា​របស់​ទ្រង់។ ហួស​ពី​នេះ​ទៅ​ទៀត ទ្រង់​បាន​ឆ្លុះ​បញ្ចាំង​នូវ​គុណសម្បត្ដិ​ដ៏​សំខាន់​បំផុត​របស់​ព្រះ។ យើង​មាន​ចិត្ត​រំភើប​រីករាយ​ឥត​ឧបមា ពេល​យើង​គិត​អំពី​សេចក្ដី​ក្លាហាន ប្រាជ្ញា​ដែល​គ្មាន​គូ​ប្រៀប សមត្ថភាព​របស់​ទ្រង់​ជា​គ្រូ​បង្រៀន ជា​មេ​ដឹក​នាំ​ដ៏​ក្លាហាន មាន​សេចក្ដី​មេត្ដា​ករុណា ថែម​ទាំង​ចេះ​យល់​ចិត្ត​អ្នក​ដទៃ។ ពេល​យើង​គិត​នូវ​របៀប​ដែល​ទ្រង់​រង​ទុក្ខ​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​ដែល​គ្មាន​អ្វី​មក​ពិពណ៌នា​បាន និង​ពេល​ទ្រង់​ប្រទាន​នូវ​តម្លៃ​លោះ ដែល​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​នាំ​ឲ្យ​យើង​មាន​ជីវិត នោះ​ប្រាកដ​ជា​ធ្វើ​ឲ្យ​ចិត្ត​យើង​ចង់​បង្ហាញ​នូវ​អំណរ​គុណ​ចំពោះ​ទ្រង់​មែន!

យ៉ាង​ពិត​ណាស់ នេះ​ជា​បុរស​ដ៏​អស្ចារ្យ​មែន! ដែល​យើង​ឃើញ​តាម​រយៈ​ការ​សិក្សា​ពី​ដំណើរ​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ! ភាព​ឧត្តុង្គ​ឧត្តម​របស់​ទ្រង់​គឺ​ឃើញ​ជាក់​ស្តែង​និង​គួរ​ធ្វើ​ឲ្យ​យើង​កោត​ស្ញប់​ស្ញែង។ យើង​បាន​ត្រូវ​ជំរុញ​ឲ្យ​ពោល​ពាក្យ​របស់​ចៅហ្វាយ​ខេត្ត​រ៉ូម គឺ​លោក​ប៉ុនទាស​-​ពីឡាត់​ថា៖ «មើល​ចុះ! មនុស្ស​នេះ!»។ ប្រាកដ​ហើយ «មនុស្ស​នេះ»គឺ​ជា​បុរស​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ!

ដោយ​យើង​ទទួល​យក​នូវ​សំ​វិធានការ​នៃ​យញ្ញ​បូជា​លោះ​របស់​ទ្រង់ នោះ​បន្ទុក​នៃ​អំពើ​បាប​និង​សេចក្ដី​ស្លាប់ ដែល​បាន​ទទួល​មរតក​ពី​អ័ដាម​អាច​ត្រូវ​ដក​ចេញ​ពី​យើង​បាន ហើយ​ព្រះ​យេស៊ូ​អាច​ក្លាយ​ទៅ​ជា«ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប»។ អស់​អ្នក​ដែល​នឹង​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច នឹង​ត្រូវ​ក្រេប​យក​ចំណេះ​ដឹង​អំពី​ព្រះ និង​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​បុត្រ​របស់​ទ្រង់​ផង​ដែរ។ សូម​ឲ្យ​ការ​អាន​និង​ការ​សិក្សា​សៀវភៅ​នេះ ជួយ​លោក​អ្នក​ឲ្យ​ក្រេប​យក​ចំណេះ​ដឹង​ដែល​ផ្ដល់​ឲ្យ​យើង​នូវ​ជីវិត! យ៉ូហាន​ទី​១ ២:១៧; ១:៧; យ៉ូហាន ៥:២៨, ២៩; ៣:១៦; ១៧:៣; ១៩:៥; លូកា ២៣:៤៣; លោកុប្បត្តិ ១:២៨; កូរិនថូស​ទី​១ ១៥:២៤​-​២៨; វិវរណៈ ២០:១​-​៣, ៦​-​១០; ២១:៣, ៤; អេសាយ ៩:៦

តើ​ពួក​អ្នក​រួច​រស់​ជីវិត​ពី​សង្គ្រាម​អើម៉ាគេដូន​និង​កូន​របស់​អ្នក​ទាំង​នោះ នឹង​មាន​ឯកសិទ្ធិ​ដ៏​សប្បាយ​អ្វី?

ក្រៅ​ពី​ពួក​អ្នក​រួច​រស់​ជីវិត​និង​កូន​ចៅ​របស់​ពួក​គេ តើ​អ្នក​ណា​ទៀត​ដែល​នឹង​បាន​រស់​នៅ​ក្នុង​សួន​មនោរម្យ​ដែរ? ហើយ​តើ​ព្រះ​យេស៊ូ​នឹង​គង់​ជា​មួយ​ពួក​គេ​ក្នុង​ន័យ​យ៉ាង​ណា?

តើ​នឹង​មាន​ស្ថានភាព​យ៉ាង​ណា​នៅ​ទី​បញ្ចប់​នៃ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ? ហើយ​រួច​មក តើ​ព្រះ​យេស៊ូ​នឹង​ធ្វើ​អ្វី?

ហេតុ​អ្វី​ក៏​ត្រូវ​ដោះ​លែង​សាតាំង​ចេញ​ពី​ជង្ហុក​ធំ? នៅ​ទី​បំផុត តើ​អ្វី​នឹង​កើត​ឡើង​ដល់​វា​និង​អស់​អ្នក​ដែល​ដើរ​តាម​វា?

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​នឹង​ទៅ​ជា«ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប»របស់​យើង?