លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេស៊ូបានធ្វើអព្ភូតហេតុផ្ដល់ម្ហូបអាហារឲ្យមនុស្សរាប់ពាន់នាក់

ព្រះយេស៊ូបានធ្វើអព្ភូតហេតុផ្ដល់ម្ហូបអាហារឲ្យមនុស្សរាប់ពាន់នាក់

ជំពូក​ទី​៥២

ព្រះ​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ផ្ដល់​ម្ហូប​អាហារ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់

ពួក​សាវ័ក​១២​នាក់​សប្បាយ​រីករាយ​នឹង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដ៏​អស្ចារ្យ​ទូទាំង​ស្រុក​កាលីឡេ​ណាស់។ ឥឡូវ​នេះ ក្រោយ​ពី​គេ​សម្លាប់​យ៉ូហាន នោះ​ពួក​សាវ័ក​ត្រឡប់​ទៅ​ឯ​ព្រះ​យេស៊ូ​វិញ និង​រៀប​រាប់​ទូល​ថ្វាយ​ទ្រង់​នូវ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ទាំង​ប៉ុន្មាន​របស់​គេ។ ដោយ​ឃើញ​ថា​ពួក​គេ​អស់​កម្លាំង និង​មាន​មនុស្ស​ជា​ច្រើន​ធ្វើ​ដំណើរ​ទៅ​មក ធ្វើ​ឲ្យ​ពួក​គេ​ឥត​ទាំង​មាន​ពេល​បរិភោគ​អាហារ​សោះ នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ ‹ចូរ​យើង​ចេញ​ទៅ​កន្លែង​ស្ងាត់​ដាច់​ឡែក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំរាក›។

នោះ​គេ​ក៏​នាំ​គ្នា​ចុះ​ទូក​ប្រហែល​នៅ​ក្បែរ​ក្រុង​កាពើណិម​ចេញ​ទៅ​ឯ​ទី​ស្ងាត់​ដោយ​ឡែក នៅ​ខាង​កើត​នៃ​ទន្លេ​យ័រដាន់​ហួស​ក្រុង​បេតសៃដា។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​ឃើញ​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​ចេញ​ទៅ ហើយ​ពួក​អ្នក​ឯ​ទៀត​បាន​ដឹង​អំពី​រឿង​នេះ។ ហ្វូង​មនុស្ស​ទាំង​នេះ​នាំ​គ្នា​រត់​ទៅ​មុន​តាម​ឆ្នេរ ចាំ​ជួប​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​ពេល​ទូក​ទៅ​ដល់។

ពេល​ព្រះ​យេស៊ូ​យាង​ឡើង​ពី​ទូក ទត​ឃើញ​ហ្វូង​មនុស្ស នោះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អាណិត​អាសូរ​ដល់​គេ ពីព្រោះ​គេ​ធៀប​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល។ ដូច្នេះ​ទ្រង់​ក៏​ប្រោស​មនុស្ស​ឈឺ​ឲ្យ​ជា ព្រម​ទាំង​បង្រៀន​គេ​អំពី​សេចក្ដី​ផ្សេង​ៗ​ជា​ច្រើន។

ពេល​វេលា​បាន​កន្លង​ទៅ​យ៉ាង​លឿន ពួក​សិស្ស​មក​ទូល​ទ្រង់​ថា៖ «ទី​នេះ​ជា​ទី​ស្ងាត់ ហើយ​ពេល​ក៏​ជ្រុល​ផង សូម​ទ្រង់​ឲ្យ​គេ​ទៅ​រក​ទិញ​អាហារ​នៅ​ស្រុក​ស្រែ ហើយ​ក្នុង​ភូមិ​នៅ​ជុំ​វិញ​ចុះ ដ្បិត​គេ​គ្មាន​អ្វី​បរិភោគ​សោះ»។

ប៉ុន្តែ ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ!»។ រួច​មក ព្រះ​យេស៊ូ​បាន​ជ្រាប​នូវ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ ទ្រង់​សាក​ល្បង​ភីលីព ដោយ​មាន​បន្ទូល​សួរ​ថា៖ «[តើ]យើង​នឹង​ទិញ​នំ​ប៉័ង​ពី​ណា​មក ឲ្យ​មនុស្ស​ទាំង​អស់​នេះ​បាន​បរិភោគ?»។

តាម​ទស្សនៈ​របស់​ភីលីព នោះ​គឺ​មិន​អាច​ធ្វើ​បាន​ឡើយ។ ដ្បិត​មាន​មនុស្ស​ប្រុស​ៗ​៥.០០០​នាក់ ហើយ​ប្រហែល​ជា​លើស​១០.០០០​នាក់ បើ​សរុប​ទាំង​ស្ត្រី​និង​កូន​ក្មេង! ភីលីព​ទូល​ឆ្លើយ​ថា៖ «ទោះ​បើ​ទិញ​នំ​ប៉័ង​អស់[«ប្រាក់​ឌីណារី​២០០​កាក់, ព.ថ. ដែល​ប្រាក់​ឌីណារី​មួយ​កាក់​នៅ​ជំនាន់​នោះ​ជា​ប្រាក់​ឈ្នួល​សំរាប់​កិច្ច​ការ​ពេញ​មួយ​ថ្ងៃ] ក៏​មិន​គ្រាន់​ឲ្យ​គ្រប់​គ្នា សូម្បី​តែ​បន្ដិច​បន្តួច​ផង»។

ប្រហែល​ដើម្បី​បង្ហាញ​នូវ​ការ​គ្មាន​សមត្ថភាព​ផ្ដល់​ម្ហូប​អាហារ​ដល់​មនុស្ស​ជា​ច្រើន​យ៉ាង​នេះ នោះ​អនទ្រេ​ពោល​ថា៖ «នៅ​ទី​នេះ​មាន​ក្មេង​ម្នាក់ មាន​នំ​ប៉័ង​ម្សៅ​ឱ​ក​៥​នឹង​ត្រី​តូច​២ ប៉ុន្តែ​ដែល​មាន​តែ​ប៉ុណ្ណោះ តើ​មាន​ប្រយោជន៍​អ្វី ដល់​មនុស្ស​ច្រើន​ទាំង​ម្ល៉េះ?»។

ដោយ​នេះ​ជា​រដូវ​ផ្កា​រីក មុន​បុណ្យ​រំលង​នៅ​ឆ្នាំ​៣២ ស.យ. គឺ​មាន​ពេញ​ទៅ​ដោយ​វាល​ស្មៅ​ខៀវ​ខ្ចី។ ដូច្នេះ​ហើយ ព្រះ​យេស៊ូ​បង្គាប់​ពួក​សិស្ស​ឲ្យ​ប្រាប់​បណ្ដា​ជន​ឲ្យ​អង្គុយ​ជា​ក្រុម​ៗ ក្រុម​ខ្លះ​មាន​៥០​នាក់ និង​ក្រុម​ខ្លះ​មាន​១០០​នាក់។ ព្រះ​យេស៊ូ​យក​នំ​ប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​នោះ ងើប​ទត​ទៅ​លើ​មេឃ​ហើយ​បាន​អធិស្ឋាន។ រួច​មក ទ្រង់​កាច់​នំ​ប៉័ង​និង​ចែក​ត្រី​ពីរ​នោះ។ ទ្រង់​ហុច​ឲ្យ​ពួក​សិស្ស​ទ្រង់ ហើយ​ពួក​គេ​ក៏​ចែក​ឲ្យ​បណ្ដា​ជន​ដែរ។ គួរ​ឲ្យ​អស្ចារ្យ​មែន មនុស្ស​ទាំង​នោះ​បាន​បរិភោគ​ឆ្អែត​គ្រប់​គ្នា!

ក្រោយ​មក ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា៖ «ចូរ​ប្រមូល​ចំណិត​ដែល​សល់​នៅ ដើម្បី​កុំ​ឲ្យ​បាត់​អ្វី​ឡើយ»។ ពេល​ពួក​សិស្ស​ប្រមូល​ម្ហូប​អាហារ​ដែល​នៅ​សល់ គេ​ដាក់​បាន​ពេញ​ដប់​ពីរ​កន្ត្រក! ម៉ាថាយ ១៤:១៣​-​២១; ម៉ាកុស ៦:៣០​-​៤៤; លូកា ៩:១០​-​១៧; យ៉ូហាន ៦:១​-​១៣

ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ចង់​រក​កន្លែង​ស្ងាត់​ដាច់​ដោយ​ឡែក​សំរាប់​សាវ័ក​ទ្រង់?

តើ​ព្រះ​យេស៊ូ​នាំ​សិស្ស​ទ្រង់​ទៅ​កន្លែង​ណា? ហេតុ​អ្វី​បាន​ជា​គេ​ពុំ​អាច​សំរាក​សោះ?

ដោយ​ជ្រុល​ពេល​ទៅ​ហើយ តើ​ពួក​សិស្ស​ឲ្យ​យោបល់​យ៉ាង​ណា? ប៉ុន្តែ​តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​មើល​ថែ​រក្សា​ហ្វូង​មនុស្ស​ទាំង​នោះ?