ព្រះយេស៊ូបំបាត់នូវ ទុក្ខសោករបស់ស្ត្រីមេម៉ាយម្នាក់
ជំពូកទី៣៧
ព្រះយេស៊ូបំបាត់នូវ ទុក្ខសោករបស់ស្ត្រីមេម៉ាយម្នាក់
មិនយូរប៉ុន្មានក្រោយពីព្រះយេស៊ូប្រោសអ្នកបំរើរបស់មេទ័ពឲ្យបានជា នោះទ្រង់ក៏យាងចេញទៅក្រុងណាអ៊ីន ជាក្រុងមួយដែលមានចម្ងាយ៣២គីឡូម៉ែត្រទិសខាងលិចឆៀងខាងត្បូងទីក្រុងកាពើណិម។ នៅពេលនោះមានពួកសិស្សនិងមនុស្សយ៉ាងសន្ធឹកទៅជាមួយទ្រង់។ ពេលព្រះយេស៊ូនិងពួកសិស្សទ្រង់មកជិតដល់កំផែងក្រុងណាអ៊ីន នោះប្រហែលជាជិតល្ងាចហើយ។ ទ្រង់និងពួកសិស្សឃើញគេហែខ្មោចយុវបុរសម្នាក់នៅទីនោះ។ ពួកគេយកសពបុរសនេះទៅបញ្ចុះនៅខាងក្រៅទីក្រុង។
ម្ដាយពោរពេញទៅដោយភាពខ្លោចផ្សាណាស់ ពីព្រោះគាត់ជាស្ត្រីមេម៉ាយ ហើយនេះជាកូនតែមួយរបស់គាត់។ នៅពេលដែលស្វាមីរបស់គាត់ស្លាប់ទៅ គាត់មិនសូវកើតទុក្ខខ្លាំងប៉ុន្មានទេ ដោយដឹងថាគាត់នៅមានកូនប្រុសម្នាក់ដែរ។ សេចក្ដីសង្ឃឹមរបស់គាត់និងសេចក្ដីប្រាថ្នា ព្រមទាំងគោលដៅផងដែរ នោះពឹងទៅលើកូនគាត់ទាំងស្រុង។ ក៏ប៉ុន្តែឥឡូវនេះលែងមាននរណាម្នាក់ ដើម្បីជួយសម្រាលទុក្ខគាត់ទៀតហើយ។ ទុក្ខសោករបស់គាត់គឺមានជាទម្ងន់ ពេលមនុស្សក្នុងក្រុងទៅកន្លែងបញ្ចុះសពជាមួយគាត់។
ពេលព្រះយេស៊ូឃើញស្ត្រីនេះ នោះទ្រង់មានព្រះហឫទ័យអាណិតអាសូរណាស់ ព្រោះគាត់សោកសៅយ៉ាងខ្លាំង។ ដូច្នេះ ទ្រង់មានបន្ទូលដោយទន់ភ្លន់ និងដោយសំដីយ៉ាងម៉ឺងម៉ាត់ដែលផ្ដល់ការទុកចិត្តថា៖ «កុំយំអី!»។ បែបបទនិងការប្រព្រឹត្តរបស់ទ្រង់ ធ្វើឲ្យពួកបណ្ដាជនប្រុងស្មារតីស្ដាប់។ ដូច្នេះនៅពេលដែលទ្រង់ទៅពាល់ក្ដារមឈូសដែលមានសពនោះ ពួកអ្នកសែងក៏ឈប់។ មនុស្សគ្រប់គ្នាច្បាស់ជាឆ្ងល់ថាតើទ្រង់នឹងធ្វើអ្វី។
គឺជាការពិតដែលអស់អ្នកដែលធ្វើដំណើរជាមួយព្រះយេស៊ូ ធ្លាប់បានឃើញទ្រង់ប្រោសឲ្យមនុស្សជាច្រើនឲ្យជាពីជំងឺ។ ក៏ប៉ុន្តែតាមមើលទៅ ពួកគេមិនដែលឃើញទ្រង់ប្រោសអ្នកណាម្នាក់ឲ្យរស់ពីស្លាប់ឡើងវិញនោះទេ។ តើទ្រង់អាចធ្វើដូច្នេះបានទេ? ព្រះយេស៊ូមានបន្ទូលសំដៅទៅសពនេះ ដោយបញ្ជាថា៖ «អ្នកកំលោះអើយ! ខ្ញុំបង្គាប់អ្នកថា ចូរក្រោកឡើង!»។ ហើយបុរសនេះក៏ក្រោកអង្គុយ! គាត់ចាប់ផ្ដើមនិយាយស្តី ហើយព្រះយេស៊ូក៏ប្រគល់យុវបុរសនេះទៅម្ដាយវិញ។
នៅពេលដែលមនុស្សឃើញថាយុវបុរសនេះពិតជារស់វិញនោះ ពួកគេចាប់ផ្ដើមនិយាយថា៖ «មានហោរា១ធំបានកើតឡើងក្នុងពួកយើង»។ អ្នកខ្លះនិយាយថា៖ «ព្រះបានប្រោសរាស្ត្រទ្រង់ហើយ»។ ភ្លាមនោះ ពត៌មានស្តីអំពីការប្រព្រឹត្តដ៏អស្ចារ្យនេះបានឮសុសសាយពាសពេញក្នុងស្រុកយូដា និងតំបន់ជិតខាងទាំងមូល។
យ៉ូហានជាអ្នកដែលធ្វើបុណ្យជ្រមុជទឹកឲ្យគេ គឺនៅជាប់គុកនៅឡើយ ហើយលោកចង់ដឹងថែមទៀតអំពីកិច្ចការដែលព្រះយេស៊ូបានធ្វើនោះ។ ពួកសិស្សរបស់យ៉ូហានប្រាប់លោកអំពីអព្ភូតហេតុទាំងនេះ។ តើលោកមានទឹកចិត្តយ៉ាងណា? លូកា ៧:១១-១៨
▪ តើមានអ្វីកើតឡើងពេលដែលព្រះយេស៊ូយាងជិតមកដល់ក្រុងណាអ៊ីន?
▪ តើព្រះយេស៊ូមានព្រះហឫទ័យយ៉ាងណា ពីអ្វីដែលទ្រង់ឃើញនោះ? ហើយតើទ្រង់ធ្វើអ្វី?
▪ តើពួកបណ្ដាជនប្រព្រឹត្តតបយ៉ាងណានឹងអព្ភូតហេតុរបស់ព្រះយេស៊ូ?