លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេស៊ូប្រោសមនុស្សឃ្លង់ដប់នាក់ឲ្យបានជាក្នុងដំណើរចុងក្រោយរបស់ទ្រង់ទៅកាន់ក្រុងយេរូសាឡិម

ព្រះយេស៊ូប្រោសមនុស្សឃ្លង់ដប់នាក់ឲ្យបានជាក្នុងដំណើរចុងក្រោយរបស់ទ្រង់ទៅកាន់ក្រុងយេរូសាឡិម

ជំពូក​ទី​៩២

ព្រះ​យេស៊ូ​ប្រោស​មនុស្ស​ឃ្លង់​ដប់​នាក់​ឲ្យ​បាន​ជា​ក្នុង​ដំណើរ​ចុង​ក្រោយ​របស់​ទ្រង់​ទៅ​កាន់​ក្រុង​យេរូសាឡិម

ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ខំ​រិះ​រក​មធ្យោបាយ​ធ្វើ​គុត​ព្រះ​យេស៊ូ តែ​គម្រោង​ការ​របស់​ពួក​គេ​បាន​បរាជ័យ ដោយ​ព្រោះ​ទ្រង់​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម ហើយ​យាង​ដំណើរ​ទៅ​ក្រុង​អេប្រា​អិ​ម​ ប្រហែល​ជា​មាន​ចម្ងាយ​២៤​គីឡូ​ម៉ែត្រ​នៅ​ទិស​ឦសាន​នៃ​ក្រុង​យេរូសាឡិម។ ទ្រង់​គង់​នៅ​ទី​នោះ​ជា​មួយ​ពួក​សិស្ស​ឆ្ងាយ​ពី​ពួក​សត្រូវ​របស់​ទ្រង់។

ក៏​ប៉ុន្តែ គ្រា​ធ្វើ​បុណ្យ​រំលង​នៅ​ឆ្នាំ​៣៣ ស.យ. គឺ​កាន់​តែ​ខិត​ចូល​មក​ជិត​ហើយ មិន​យូរ​ប៉ុន្មាន​ទៀត ទ្រង់​នឹង​យាង​ដំណើរ​បន្ត​ទៅ​មុខ​ទៀត។ ទ្រង់​យាង​កាត់​តាម​ស្រុក​សាម៉ារី​ឆ្ពោះ​ទៅ​ស្រុក​កាលីឡេ។ នេះ​ជា​ទស្សនកិច្ច​ចុង​ក្រោយ​ដែល​ទ្រង់​យាង​មក​កន្លែង​នេះ មុន​នឹង​ទ្រង់​សោយ​ទិវង្គត។ ពេល​នៅ​ស្រុក​កាលីឡេ នោះ​ទ្រង់​និង​ពួក​សិស្ស​ប្រហែល​ជា​រួម​ជា​មួយ​អ្នក​ឯ​ទៀត ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​យេរូសាឡិម​វិញ​ដើម្បី​ធ្វើ​បុណ្យ​រំលង។ ទ្រង់​និង​ពួក​សិស្ស​ធ្វើ​ដំណើរ​កាត់​ស្រុក​ប៉េរ៉េ ដែល​នៅ​ទិស​ខាង​កើត​នៃ​ទន្លេ​យ័រដាន់។

មុន​នេះ​ក្នុង​ដំណើរ​របស់​ព្រះ​យេស៊ូ​យាង​ចូល​ស្រុក​សាម៉ារី ឬ​ស្រុក​កាលីឡេ នោះ​មាន​មនុស្ស​ឃ្លង់​ដប់​នាក់​មក​រក​ទ្រង់។ ជំងឺ​ឃ្លង់​ជា​ជំងឺ​អាក្រក់​ណាស់​ដែល​វា​អាច​ស៊ី​បំផ្លាញ​អវយវៈ ដូច​ជា​ម្រាម​ដៃ ម្រាម​ជើង ត្រចៀក ច្រមុះ​និង​បបូរ​មាត់​របស់​គាត់​បន្ដិច​ម្ដង​ៗ។ ដើម្បី​ការ​ពារ​អ្នក​ឯ​ទៀត​កុំ​ឲ្យ​ឆ្លង​រោគ​នេះ នោះ​ក្រិត្យ​វិន័យ​របស់​ព្រះ​ចែង​ថា៖ «ត្រូវ​គ្រប​បបូរ​មាត់​ខាង​លើ ហើយ​ស្រែក​ថា ‹ខ្ញុំ​ស្មោក​គ្រោក​ៗ!› អ្នក​នោះ​នឹង​នៅ​តែ​ស្មោក​គ្រោក​ជា​និច្ច គ្រប់​វេលា​ដែល​នៅ​មាន​រោគ​នៅ​ឡើយ។ . . . ត្រូវ​ឲ្យ​នៅ​តែ​ឯង»។

មនុស្ស​ឃ្លង់​ដប់​នាក់​នេះ​ធ្វើ​តាម​ក្រិត្យ​វិន័យ​ដែល​បាន​ចែង​មក​សំរាប់​មនុស្ស​ឃ្លង់ ព្រម​ទាំង​នៅ​ឆ្ងាយ​ពី​ព្រះ​យេស៊ូ។ ក៏​ប៉ុន្តែ ពួក​គេ​បាន​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ​យេស៊ូវ ជា​ម្ចាស់​អើយ! សូម​មេត្ដា​ប្រោស​យើង​ខ្ញុំ​ផង!»។

ព្រះ​យេស៊ូ​ទត​មើល​ពួក​គេ​ពី​ចម្ងាយ ហើយ​បញ្ជា​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួន ឲ្យ​ពួក​សង្ឃ​ពិនិត្យ​មើល​ចុះ!»។ ព្រះ​យេស៊ូ​មាន​បន្ទូល​ដូច្នេះ ពីព្រោះ​ក្រិត្យ​វិន័យ​របស់​ព្រះ​ឲ្យ​សិទ្ធិ​ដល់​ពួក​សង្ឃ​ក្នុង​ការ​ប្រកាស​ថា ពួក​អ្នក​កើត​ឃ្លង់​ជា​សះ​ស្បើយ​ពី​ជំងឺ​របស់​ពួក​គេ​ហើយ។ តាម​របៀប​នេះ ពួក​គេ​ក៏​ទទួល​ការ​យល់​ព្រម​ឲ្យ​រស់​នៅ​ជា​មួយ​មនុស្ស​ដែល​មាន​សុខភាព​ល្អ​វិញ។

មនុស្ស​ឃ្លង់​ដប់​នាក់​នេះ​មាន​ទំនុក​ចិត្ត​លើ​អំណាច​របស់​ព្រះ​យេស៊ូ​ក្នុង​ការ​ធ្វើ​អព្ភូតហេតុ។ ដូច្នេះ ពួក​គេ​ក៏​ប្រញាប់​ទៅ​ជួប​ពួក​សង្ឃ ទោះ​ជា​ពួក​គេ​មិន​ទាន់​ជា​សះ​ស្បើយ​ក៏​ដោយ។ កាល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ នោះ​ពួក​គេ​ទទួល​ពរ​ដោយ​សារ​ពួក​គេ​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ។ ពួក​គេ​ឃើញ​ភ្លាម​ថា​សុខភាព​របស់​ពួក​គេ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ!

មនុស្ស​ឃ្លង់​ប្រាំ​បួន​នាក់​ដែល​បាន​ជា​ស្អាត​បន្ត​ធ្វើ​ដំណើរ តែ​មនុស្ស​ឃ្លង់​ម្នាក់ ដែល​ជា​សាសន៍​សាម៉ារី ត្រឡប់​មក​រក​ព្រះ​យេស៊ូ​វិញ។ តើ​ហេតុ​អ្វី? ពីព្រោះ​គាត់​ដឹង​គុណ​យ៉ាង​លើស​លប់​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​គាត់។ គាត់​សរសើរ​ព្រះ​ទាំង​បន្លឺ​សម្លេង​ខ្លាំង​ៗ ហើយ​ពេល​រក​ព្រះ​យេស៊ូ​ឃើញ​ក៏​ក្រាប​ទៀប​ព្រះ​បាទា​ព្រះ​យេស៊ូ​អរ​ព្រះ​គុណ​ទ្រង់។

ព្រះ​យេស៊ូ​មាន​បន្ទូល​សួរ​ថា៖ «តើ​អ្នក​ទាំង​១០​នោះ​មិន​បាន​ជា​ស្អាត​ទេ​ឬ? . . . ចុះ​៩​នាក់​ឯ​ទៀត​នៅ​ឯ​ណា? តើ​ឃើញ​មាន​តែ​សាសន៍​ដទៃ​១​នេះ វិល​មក​សរសើរ​ដំកើង​ដល់​ព្រះ​ទេ​ឬ?»។

រួច​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​សាសន៍​សាម៉ារី​នេះ​ថា៖ «ចូរ​ក្រោក​ឡើង​ទៅ​ចុះ! សេចក្ដី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ»។

ពេល​យើង​អាន​អំពី​ព្រះ​យេស៊ូ​ប្រោស​មនុស្ស​ឃ្លង់​ដប់​នាក់​ឲ្យ​បាន​ជា មេ​រៀន​នេះ​គួរ​មាន​អានុភាព​មក​លើ​យើង ដោយ​ព្រោះ​ទ្រង់​មាន​ព្រះ​ទ័យ​ចង់​បញ្ជាក់​ដោយ​សំនួរ​របស់​ទ្រង់ ដែល​ថា៖ «ចុះ​៩​នាក់​ឯ​ទៀត​នៅ​ឯ​ណា?»។ គុណ​វិបត្ដិ​ដែល​មនុស្ស​ឃ្លង់​ប្រាំ​បួន​នាក់​នេះ​មាន​ពិត​ជា​រឿង​ធ្ងន់​ធ្ងរ​មែន ដោយ​ព្រោះ​ឥត​ចេះ​ដឹង​គុណ​សោះ។ ដូច​ជា​បុរស​សាសន៍​សាម៉ារី តើ​យើង​នឹង​ដឹង​គុណ​ចំពោះ​អ្វី​ៗ​ដែល​យើង​ទទួល​ពី​ព្រះ ដែល​រួម​មាន​សេចក្ដី​សន្យា​ដ៏​ជាក់​លាក់​អំពី​ជីវិត​ជា​រៀង​រហូត ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុចរិត​របស់​ព្រះ​ឬ​ទេ? យ៉ូហាន ១១:៥៤, ៥៥; លូកា ១៧:១១​-​១៩; លេវីវិន័យ ១៣:១៦, ១៧, ៤៥, ៤៦; វិវរណៈ ២១:៣, ៤

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ធ្វើ​ឲ្យ​គម្រោង​ការ​ដែល​ចង់​ធ្វើ​គុត​ទ្រង់​ត្រូវ​បរាជ័យ​នោះ?

តើ​ព្រះ​យេស៊ូ​យាង​ដំណើរ​ទៅ​ណា​ជា​បន្ទាប់? ហើយ​តើ​អ្វី​ជា​ទិស​ដៅ​របស់​ទ្រង់?

ហេតុ​អ្វី​ក៏​មនុស្ស​ឃ្លង់​ឈរ​ពី​ចម្ងាយ? ហើយ​ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ឲ្យ​ពួក​គេ​ទៅ​រក​ពួក​សង្ឃ?

តើ​មេ​រៀន​អ្វី​ដែល​យើង​គួរ​រៀន​ពី​បទ​ពិសោធន៍​នេះ?