ព្រះយេស៊ូផ្ដន្ទាទោសពួកអ្នកប្រឆាំងទ្រង់
ជំពូកទី១០៩
ព្រះយេស៊ូផ្ដន្ទាទោសពួកអ្នកប្រឆាំងទ្រង់
ព្រះយេស៊ូបានធ្វើឲ្យពួកសត្រូវខាងសាសនារបស់ទ្រង់ទ័លប្រាជ្ញា ដែលពួកគេខ្លាចពុំហ៊ានសួរអ្វីទ្រង់ទៀតទេ។ ដូច្នេះ ទ្រង់ក៏ចាប់ផ្ដើមលាតត្រដាងនូវភាពល្ងង់ខ្លៅរបស់ពួកគេ។ ទ្រង់មានបន្ទូលសួរថា៖ «អ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្ដេច តើទ្រង់ជាព្រះវង្សអ្នកណា?»។
នោះពួកផារីស៊ីទូលឆ្លើយថា៖ «ជាព្រះវង្សហ្លួងដាវីឌ»។
ថ្វីបើព្រះយេស៊ូពុំបដិសេធថាដាវីឌ ជាបុព្វបុរសរបស់ព្រះគ្រីស្ទ ឬព្រះមេស្ស៊ីក្ដី ទ្រង់មានបន្ទូលសួរទៀតថា៖ «ដូច្នេះ ធ្វើដូចម្ដេចឲ្យហ្លួងដាវីឌមានបន្ទូល ដោយនូវព្រះវិញ្ញាណ[នៅទំនុកដំកើង ១១០] ហៅទ្រង់ជា‹ព្រះអម្ចាស់›បាន ដោយថា‹[ព្រះយេហូវ៉ា]ទ្រង់មានបន្ទូលទៅព្រះអម្ចាស់នៃខ្ញុំថា «ចូរឯងអង្គុយខាងស្ដាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯងនៅក្រោមជើងឯង»› ដូច្នេះ បើហ្លួងដាវីឌនោះឯង ទ្រង់ហៅព្រះគ្រីស្ទថាជា‹ព្រះអម្ចាស់› នោះធ្វើដូចម្ដេចឲ្យព្រះគ្រីស្ទធ្វើជាព្រះវង្សទ្រង់បាន?»។
ពួកផារីស៊ីទ័លប្រាជ្ញានៅស្ងៀម ដ្បិតពួកគេឥតដឹងអត្តសញ្ញាណពិតរបស់ព្រះគ្រីស្ទ ឬបុគ្គលមួយអង្គដែលបានត្រូវចាក់ប្រេងតាំងនោះទេ។ ព្រះមេស្ស៊ីមិនគ្រាន់តែជារាជវង្សរបស់ដាវីឌ ដែលតាមមើលទៅពួកផារីស៊ីជឿនោះប៉ុណ្ណោះទេ តែទ្រង់មានអត្ថិភាពក្នុងស្ថានសួគ៌ និងខ្ពង់ខ្ពស់ជាងដាវីឌ ឬព្រះអម្ចាស់ទៅទៀត។
ឥឡូវនេះ ព្រះយេស៊ូមានបន្ទូលព្រមានបណ្ដាជននិងពួកសិស្សរបស់ទ្រង់ ឲ្យប្រយ័ត្ននឹងពួកស្ក្រែប និងពួកផារីស៊ី។ ដោយព្រោះពួកអ្នកទាំងនេះបង្រៀនក្រិត្យវិន័យរបស់ព្រះ ដោយបាន«តាំងខ្លួនគេ អង្គុយនៅទីបង្រៀនរបស់លោកម៉ូសេ» នោះព្រះយេស៊ូដាស់តឿនបណ្ដាជននិងពួកសិស្សទ្រង់ថា៖ «ដូច្នេះ គ្រប់ទាំងសេចក្ដីណាដែលគេប្រាប់ឲ្យអ្នករាល់គ្នាកាន់តាម នោះចូរកាន់ ហើយប្រព្រឹត្តតាមចុះ!»។ ប៉ុន្តែ ទ្រង់មានបន្ទូលទៀតថា៖ «កុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ ដ្បិតគេគ្រាន់តែថា តែមិនធ្វើតាមទេ»។
ពួកគេជាមនុស្សលាក់ពុត ហើយព្រះយេស៊ូផ្ដន្ទាទោសពួកគេ ដោយប្រើពាក្យដូចដែលទ្រង់បានប្រើ ពេលសោយព្រះស្ងោយក្នុងផ្ទះរបស់ផារីស៊ីម្នាក់ប៉ុន្មានខែមុននេះ។ ទ្រង់មានបន្ទូលថា៖ «គ្រប់ទាំងការដែលគេធ្វើទាំងប៉ុន្មាន នោះសុទ្ធតែធ្វើឲ្យតែមនុស្សមើលឃើញទេ»។ ហើយទ្រង់ប្រទាននូវឧទាហរណ៍ ដោយមានបន្ទូលថា៖
«គឺគេធ្វើស្លាកធំៗកត់ក្រិត្យវិន័យ នឹងរំយោលអាវគេឲ្យវែងៗ»។ ស្លាកតូចៗនេះ ដែលគេពាក់នៅលើថ្ងាសឬនៅជាប់ដៃ មានផ្នែកនៃក្រិត្យវិន័យទាំងបួនដែលក្នុងនោះមាននិក្ខមនំ ១៣:១-១០, ១១-១៦; និងចោទិយកថា ៦:៤-៩; ១១:១៣-២១។ ប៉ុន្តែ ពួកផារីស៊ីធ្វើស្លាកនេះធំជាង ដើម្បីឲ្យគេកោតសរសើរថា ពួកគេមានចិត្តខ្នះខ្នែងធ្វើតាមក្រិត្យវិន័យ។
ព្រះយេស៊ូមានបន្ទូលបន្តថា ពួកគេធ្វើ«រំយោលអាវគេឲ្យវែងៗ»។ នៅជនគណនា ១៥:៣៨-៤០នោះបានត្រូវប្រាប់ពួកអ៊ីស្រាអែលឲ្យធ្វើរំយោលនៅជាយអាវខ្លួន ប៉ុន្តែ ពួកផារីស៊ីធ្វើស្លាករបស់គេវែងជាងអ្នកណាទៅទៀត។ ពួកគេធ្វើអ្វីៗទាំងអស់ដើម្បីឲ្យគេកោតសរសើរ! ព្រះយេស៊ូប្រកាសថា៖ «គេគាប់ចិត្តនឹងកន្លែងលេខ១»។
គួរឲ្យស្ដាយដែរ ពួកសិស្សផ្ទាល់របស់ទ្រង់ ក៏មានគំនិតចង់បានឋានៈធំដុំដែរ។ ដូច្នេះ ព្រះយេស៊ូណែនាំថា៖ «ប៉ុន្តែ ឯអ្នករាល់គ្នាវិញ មិនត្រូវឲ្យអ្នកដទៃហៅខ្លួនជាលោកគ្រូឡើយ ដ្បិតអ្នករាល់គ្នាមានសាស្ដាតែ១ ហើយជាបងប្អូននឹងគ្នាទាំងអស់ ក៏កុំឲ្យហៅអ្នកណាជាឪពុក នៅផែនដីនេះដែរ ដ្បិតមានឪពុកតែ១ប៉ុណ្ណោះ គឺជាព្រះដែលគង់នៅស្ថានសួគ៌ ហើយកុំឲ្យអ្នកណាហៅខ្លួនជាសាស្ដាឡើយ ដ្បិតមានសាស្ដាតែ១ប៉ុណ្ណោះ គឺជាព្រះគ្រីស្ទ»។ ពួកសិស្សត្រូវកំចាត់ចោលនូវសេចក្ដីប្រាថ្នាចង់ធ្វើលេខមួយនោះចេញឲ្យអស់! ព្រះយេស៊ូដាស់តឿនថា៖ «តែអ្នកណាដែលធំជាងគេក្នុងពួកអ្នករាល់គ្នា នោះត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ»។
បន្ទាប់មក ទ្រង់ប្រកាសនូវសេចក្ដីវេទនាដែលមានជាលំដាប់លើពួកស្ក្រែបនិងផារីស៊ី ដោយហៅពួកគេជាមនុស្សលាក់ពុតម្ដងហើយម្ដងទៀត។ ទ្រង់ប្រកាសថា ពួកគេ«បិទនគរស្ថានសួគ៌នៅមុខមនុស្ស» ហើយ«គេឆស៊ីផ្ទះស្ត្រីមេម៉ាយ ដោយសូត្រធម៌ឲ្យច្រើន ដើម្បីដោះសាខ្លួន»។
ព្រះយេស៊ូមានបន្ទូលថា៖ ‹វេទនាដល់ពួកអ្នកកង្វាក់›។ ទ្រង់ផ្ដន្ទាទោសពួកផារីស៊ីដោយសារគេគ្មានភាពខាងវិញ្ញាណ ដែលសឲ្យឃើញដោយការដេញដោលនូវរឿងតូចតាច។ ជាឧទាហរណ៍ ពួកគេនិយាយថា៖ «បើអ្នកណាស្បថនឹងព្រះវិហារ នោះមិនជាអ្វីទេ តែបើស្បថនឹងមាសរបស់ព្រះវិហារ នោះត្រូវជាប់សម្បថខ្លួនហើយ»។ ដោយពួកគេដៅបញ្ជាក់លើមាសក្នុងព្រះវិហារ ជាជាងលើតម្លៃខាងវិញ្ញាណ ជាកន្លែងសំរាប់ការថ្វាយបង្គំ នោះគឺលាតត្រដាងឲ្យឃើញថា ពួកគេឥតមានសីលធម៌ក្នុងខ្លួនសោះ។
រួចមក ដូចទ្រង់ធ្លាប់ផ្ដន្ទាទោសរួចហើយ ព្រះយេស៊ូផ្ដន្ទាទោសពួកផារីស៊ី ដោយបានព្រងើយកន្តើយនឹង«សេចក្ដីសំខាន់ជាង ដែលនៅក្នុងក្រិត្យវិន័យវិញ ដូចជាសេចក្ដីយុត្ដិធម៌ សេចក្ដីមេត្ដាករុណា នឹងសេចក្ដីជំនឿ» តែទៅជាប្រុងប្រយ័ត្ននឹងការយកជីរដ៏មិនសំខាន់ មកបង់មួយភាគដប់ទៅវិញ។
ព្រះយេស៊ូហៅពួកផារីស៊ីជា«ពួកមនុស្សកង្វាក់ . . . ត្រងសុចចេញ តែលេបសត្វអូដ្ឋវិញ»។ ពួកគេត្រងសុចពីស្រារបស់គេ មិនមែនដោយនេះជាសត្វល្អិតប៉ុណ្ណោះទេ តែពីព្រោះវាមានភាពមិនស្អាតខាងក្រិត្យវិន័យ។ ប៉ុន្តែ ដោយសារពួកគេចោលសេចក្ដីសំខាន់ក្នុងក្រិត្យវិន័យ គឺអាចប្រៀបដូចទៅនឹងការលេបសត្វអូដ្ឋទាំងមូល ដែលជាសត្វមួយដ៏មិនស្អាតខាងក្រិត្យវិន័យផងដែរ។ ម៉ាថាយ ២២:៤១–២៣:២៤; ម៉ាកុស ១២:៣៥-៤០; លូកា ២០:៤១-៤៧; លេវីវិន័យ ១១:៤, ២១-២៤
▪ ហេតុអ្វីបានជាពួកផារីស៊ីនៅស្ងៀម ពេលព្រះយេស៊ូសួរពួកគេអំពីអ្វីដែលដាវីឌពោលក្នុងទំនុកដំកើង ១១០?
▪ ហេតុអ្វីបានជាពួកផារីស៊ីពង្រីកស្លាក និងជាយសំលៀកបំពាក់របស់ពួកគេ?
▪ តើព្រះយេស៊ូប្រទាននូវឱវាទអ្វីជូនពួកសិស្សរបស់ទ្រង់?
▪ តើពួកផារីស៊ីដេញដោលនូវរឿងតូចតាចយ៉ាងដូចម្ដេច? ហើយតើព្រះយេស៊ូផ្ដន្ទាទោសពួកគេចំពោះការព្រងើយ នឹងសេចក្ដីសំខាន់ជាងយ៉ាងដូចម្ដេច?