លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេស៊ូផ្ដែផ្ដាំពួកសាវ័កចំពោះការយាងទៅរបស់ទ្រង់

ព្រះយេស៊ូផ្ដែផ្ដាំពួកសាវ័កចំពោះការយាងទៅរបស់ទ្រង់

ជំពូក​ទី​១១៦

ព្រះ​យេស៊ូ​ផ្ដែ​ផ្ដាំ​ពួក​សាវ័ក​ចំពោះ​ការ​យាង​ទៅ​របស់​ទ្រង់

ពិធី​បុណ្យ​រំឭក​គឺ​ចប់​ហើយ តែ​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​គឺ​កំពុង​តែ​នៅ​បន្ទប់​ខាង​លើ​នៅ​ឡើយ។ ទោះ​ជា​បន្ដិច​ទៀត ព្រះ​យេស៊ូ​យាង​ចេញ​ទៅ តែ​ទ្រង់​នៅ​មាន​អ្វី​ជា​ច្រើន​ដែល​ទ្រង់​ចង់​ប្រាប់​ពួក​គេ។ ទ្រង់​សម្រាល​ទុក្ខ​ពួក​គេ ដោយ​មាន​បន្ទូល​ថា៖ «កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ»។ ហើយ​ទ្រង់​មាន​បន្ទូល​បន្ថែម​ថា៖ «ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ»។

ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ត​ថា៖ «នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​វរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន . . . ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា . . . ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ក៏​ដឹង ហើយ​ក៏​ស្គាល់​ផ្លូវ​ទៅ​ដែរ»។ ពួក​សាវ័ក​មិន​បាន​យល់​ថា ព្រះ​យេស៊ូ​កំពុង​តែ​មាន​បន្ទូល​អំពី​ការ​យាង​ទៅ​ស្ថាន​សួគ៌​ទេ ដូច្នេះ​សាវ័ក​ថូម៉ាស​ទូល​ទ្រង់​ថា៖ «ព្រះ​អម្ចាស់​អើយ! យើង​ខ្ញុំ​មិន​ដឹង​ជា​ទ្រង់​យាង​ទៅ​ឯ​ណា​ទេ ដូច្នេះ ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផ្លូវ​ទៅ​បាន?»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត»។ ត្រូវ​ហើយ មាន​តែ​ទទួល​ស្គាល់​ទ្រង់ ហើយ​យក​តម្រាប់​តាម​ទ្រង់​ប៉ុណ្ណោះ ដែល​មនុស្ស​ម្នាក់​អាច​ចូល​ដំណាក់​របស់​ព្រះ​វរបិតា ពីព្រោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​អាច​ទៅ​ឯ​ព្រះ​វរបិតា​បាន​ឡើយ»។

ភីលីព​ទូល​ទ្រង់​ថា៖ «ព្រះ​អម្ចាស់​អើយ! សូម​បង្ហាញ​ព្រះ​វរបិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​ពេញ​ចិត្ត​ហើយ»។ តាម​មើល​ទៅ​ភីលីព​ចង់​ឲ្យ​ព្រះ​យេស៊ូ​ធ្វើ​ការ​សម្ដែង​មួយ ដើម្បី​ឲ្យ​ពួក​គេ​អាច​មើល​ឃើញ​ព្រះ ដូច​នៅ​សម័យ​បុរាណ​ក្នុង​ចក្ខុនិមិត្ត​ដែល​ម៉ូសេ អេលីយ៉ា​និង​អេសាយ​ធ្លាប់​ឃើញ​ជា​ដើម។ ប៉ុន្តែ តាម​ពិត​ទៅ ពួក​សាវ័ក​មាន​អ្វី​ប្រសើរ​ជាង​ចក្ខុនិមិត្ត​បែប​នោះ​ទៅ​ទៀត ដូច​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ថា៖ «ភីលីព​អើយ! ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​យូរ​ដល់​ម្ល៉េះ ហើយ​អ្នក​មិន​ទាន់​ស្គាល់​ខ្ញុំ​ឬ? អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះ​វរបិតា​ដែរ»។

ព្រះ​យេស៊ូ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​វរបិតា​ដូច​ដល់​ម្ល៉េះ បាន​ជា​ការ​ប្រស្រ័យ​ទាក់​ទង​និង​ការ​ឃើញ​ព្រះ​យេស៊ូ គឺ​ហាក់​ដូច​ជា​ឃើញ​ព្រះ​វរបិតា​តែ​ម្ដង។ ក៏​ប៉ុន្តែ ព្រះ​វរបិតា​គឺ​មាន​ឋានៈ​ខ្ពស់​ជាង​បុត្រ​ឆ្ងាយ​ណាស់ ពីព្រោះ​ព្រះ​យេស៊ូ​ទទួល​ស្គាល់​ថា៖ «អស់​ទាំង​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​មែន​ប្រាប់ ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ»។ ព្រះ​យេស៊ូ​ប្រទាន​នូវ​កិត្ដិយស​យ៉ាង​ស័ក្ដិ​សម ថ្វាយ​ព្រះ​វរបិតា​របស់​ទ្រង់​ដែល​នៅ​ស្ថាន​សួគ៌។

ពួក​សាវ័ក​ប្រាកដ​ជា​បាន​លើក​ទឹក​ចិត្ត​មែន ពេល​ពួក​គេ​ឮ​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា៖ «អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ក៏​នឹង​ធ្វើ​ការ​ធំ​ជាង​ការ​ទាំង​នោះ​ទៅ​ទៀត»។ ព្រះ​យេស៊ូ​មិន​ចង់​មាន​ន័យ​ថា ពួក​អ្នក​កាន់​តាម​ទ្រង់​នឹង​ធ្វើ​អព្ភូតហេតុ​ច្រើន​ជាង​ទ្រង់​នោះ​ទេ។ ប៉ុន្តែ ព្រះ​យេស៊ូ​មាន​ន័យ​ថា ពួក​គេ​នឹង​ធ្វើ​កិច្ច​បំរើ​ផ្សាយ​ដែល​មាន​ពេល​វេលា​ច្រើន​ជាង​ទ្រង់ ទី​កន្លែង​ច្រើន​ជាង ហើយ​ជួប​មនុស្ស​ច្រើន​ជាង​ទ្រង់​ទៅ​ទៀត។

ព្រះ​យេស៊ូ​នឹង​មិន​បោះ​បង់​ចោល​ពួក​សិស្ស​របស់​ទ្រង់ ពេល​ទ្រង់​យាង​ចេញ​ពី​ពួក​គេ​នោះ​ទេ។ ព្រះ​យេស៊ូ​សន្យា​នឹង​ពួក​គេ​ថា៖ «ការ​អ្វី​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​នឹង​សូម ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ»។ បន្ថែម​ទៀត ទ្រង់​មាន​បន្ទូល​ថា៖ ‹នោះ​ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះ​វរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ជំនួយ​មួយ​ទៀត មក​អ្នក​រាល់​គ្នា​ឲ្យ​បាន​គង់​នៅ​ជា​មួយ នៅ​អស់​កល្ប​រៀង​ទៅ គឺ​ជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិត›។ ក្រោយ​មក ពេល​ទ្រង់​យាង​ទៅ​ស្ថាន​សួគ៌ ព្រះ​យេស៊ូ​ចាក់​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​ជំនួយ​មួយ​ទៀត​មក​លើ​ពួក​សិស្ស​របស់​ទ្រង់។

ពេល​វេលា​ព្រះ​យេស៊ូ​ជិត​យាង​ចេញ​ទៅ​គឺ​កាន់​តែ​កៀក​ណាស់​ទៅ​ហើយ ដ្បិត​ទ្រង់​មាន​បន្ទូល​ថា៖ «បន្ដិច​ទៀត លោកីយ​នឹង​លែង​ឃើញ​ខ្ញុំ»។ ព្រះ​យេស៊ូ​នឹង​ទៅ​ជា​បុគ្គល​វិញ្ញាណ ដែល​មនុស្សជាតិ​មើល​ទ្រង់​ពុំ​ឃើញ។ ប៉ុន្តែ ព្រះ​យេស៊ូ​មាន​បន្ទូល​សន្យា​ចំពោះ​ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​ម្ដង​ទៀត​ថា៖ «តែ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ ហើយ​ដោយ​ព្រោះ​ខ្ញុំ​រស់ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ដែរ»។ ត្រូវ​ហើយ ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​យក​សណ្ឋាន​ជា​មនុស្ស​ឲ្យ​ពួក​គេ​ឃើញ​ប៉ុណ្ណោះ ក្រោយ​ពី​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់​នោះ​ទេ តែ​ដល់​គ្រា​កំណត់ នោះ​ទ្រង់​ក៏​នឹង​ប្រោស​ពួក​គេ ឲ្យ​មាន​ជីវិត​នៅ​ស្ថាន​សួគ៌​ជា​មួយ​នឹង​ទ្រង់​ជា​បុគ្គល​វិញ្ញាណ​ដែរ។

ឥឡូវ​នេះ ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​បញ្ញត្ដិ​ដ៏​មិន​ស្មុគ​ស្មាញ​នេះ​ថា៖ «អ្នក​ណា​ដែល​មាន​បញ្ញត្ត​របស់​ខ្ញុំ ហើយ​កាន់​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ នោះ​ជា​ទី​ស្រឡាញ់​នៃ​ព្រះ​វរបិតា​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ដែរ ក៏​នឹង​សំដែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ផង»។

ពេល​នោះ​សាវ័ក​យូដាស ដែល​មាន​ឈ្មោះ​មួយ​ទៀត​ជា​ថាដេ ក៏​និយាយ​កាត់​បន្ទូល​ទ្រង់​ថា៖ «ព្រះ​អម្ចាស់​អើយ! តើ​កើត​មាន​ហេតុ​ដូច​ម្ដេច បាន​ជា​ទ្រង់​នឹង​សំដែង​មក​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ទ្រង់ តែ​មិន​ឲ្យ​លោកីយ​ស្គាល់​ផង?»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​ព្រះ​វរបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ . . . អ្នក​ណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ នោះ​មិន​កាន់​តាម​ពាក្យ​ខ្ញុំ​ទេ»។ មិន​ដូច​ពួក​អ្នក​កាន់​តាម​ទ្រង់​ដែល​ចេះ​ស្ដាប់​បង្គាប់ តែ​មនុស្ស​ក្នុង​លោកីយ៍​បាន​ធ្វើ​ព្រងើយ​កន្តើយ​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះ​គ្រីស្ទ។ ដូច្នេះ ទ្រង់​នឹង​មិន​លេច​ខ្លួន​ឲ្យ​ពួក​គេ​ឃើញ​នោះ​ទេ។

ក្នុង​កំឡុង​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ នោះ​ទ្រង់​បាន​បង្រៀន​ពួក​សាវ័ក​នូវ​រឿង​ជា​ច្រើន។ តើ​ពួក​គេ​នឹក​ចាំ​រឿង​ទាំង​អស់​បាន​យ៉ាង​ណា​ទៅ បើ​សូម្បី​តែ​ឥឡូវ ពួក​គេ​មិន​ទាំង​យល់​បាន​ច្រើន​ផង​នោះ? គួរ​ឲ្យ​ត្រេក​អរ​ណាស់ ដែល​ព្រះ​យេស៊ូ​សន្យា​ថា៖ ‹តែ​ជំនួយ គឺ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​វរបិតា​នឹង​ចាត់​មក ដោយ​នូវ​ឈ្មោះ​ខ្ញុំ នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្ដី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ›។

ព្រះ​យេស៊ូ​សម្រាល​ទុក្ខ​ពួក​គេ​ម្ដង​ទៀត​ថា៖ «ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា . . . កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ»។ ពិត​មែន ព្រះ​យេស៊ូ​នឹង​យាង​ចេញ​ទៅ តែ​ទ្រង់​ពន្យល់​ថា៖ «បើ​សិន​ជា​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​ខ្ញុំ នោះ​នឹង​មាន សេចក្ដី​អំណរ​ឡើង ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ​វរបិតា ដ្បិត​ព្រះ​វរបិតា​ទ្រង់​ធំ​លើស​ជាង​ខ្ញុំ»។

ពេល​វេលា​របស់​ព្រះ​យេស៊ូ​គង់​នៅ​ជា​មួយ​ពួក​គេ គឺ​កាន់​តែ​ខ្លី​ណាស់​ទៅ​ហើយ។ ទ្រង់​មាន​បន្ទូល​ថា៖ «ពី​នេះ​ទៅ​មុខ ខ្ញុំ​មិន​បាន​និយាយ​នឹង​អ្នក​រាល់​គ្នា​ប៉ុន្មាន​ទៀត​ទេ ដ្បិត​ចៅហ្វាយ​របស់​លោកីយ​នេះ​ជិត​មក​ដល់​ហើយ តែ​វា​គ្មាន​អ្វី​នៅ​ក្នុង​ខ្ញុំ​ទេ»។ អារក្ស​សាតាំង ដែល​អាច​ចូល​យូដាស​និង​កាន់​កាប់​លើ​គាត់ វា​ជា​ចៅហ្វាយ​របស់​លោកីយ៍​នេះ។ ប៉ុន្តែ ព្រះ​យេស៊ូ​ឥត​មាន​ភាព​ទន់​ខ្សោយ​ណា ដែល​សាតាំង​អាច​ល្បួង​ទ្រង់​ឲ្យ​បែរ​ចេញ​ពី​ការ​បំរើ​ព្រះ​នោះ​ឡើយ។

ការ​មាន​ទំនាក់​ទំនង​ដ៏​ស្និទ្ធ​ស្នាល​នឹង​គ្នា

ក្រោយ​ពី​ទទួល​ទាន​អាហារ​ក្នុង​ពិធី​បុណ្យ​រំឭក​រួច​មក ព្រះ​យេស៊ូ​បាន​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​របស់​ទ្រង់ ដោយ​មាន​បន្ទូល​ដ៏​ស្មោះ​អស់​ពី​ចិត្ត​ជា​មួយ​នឹង​ពួក​គេ​ផ្ទាល់។ ពេល​នេះ​ប្រហែល​ជា​រំលង​អធ្រាត្រ​ទៅ​ហើយ។ ដូច្នេះ ព្រះ​យេស៊ូ​ដាស់​តឿន​ពួក​គេ​ថា៖ «ចូរ​យើង​ក្រោក​ឡើង​ចេញ​ពី​ទី​នេះ​ទៅ»។ ប៉ុន្តែ មុន​នឹង​ចេញ​ទៅ នោះ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​សាវ័ក​របស់​ទ្រង់ ទ្រង់​ក៏​ប្រទាន​នូវ​រឿង​ប្រៀប​ប្រដូច​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​មួយ​ឲ្យ​ពួក​សាវ័ក​ស្ដាប់។

ទ្រង់​មាន​បន្ទូល​ថា៖ «ខ្ញុំ​ជា​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ពិត ហើយ​ព្រះ​វរបិតា​ខ្ញុំ​ជា​អ្នក​ដាំ»។ ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​ដាំ​ដ៏​ឧត្តម ហើយ​ទ្រង់​បាន​ដាំ​ដើម​ទំពាំង​បាយ​ជូរ​ជា​និមិត្តរូប​នេះ ពេល​ទ្រង់​ចាក់​វិញ្ញាណ​បរិសុទ្ធ​ទៅ​លើ​ព្រះ​យេស៊ូ​ក្នុង​កាល​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ក្នុង​ឆ្នាំ​២៩ ស.យ.។ ប៉ុន្តែ ព្រះ​យេស៊ូ​រៀប​រាប់​ថា ដើម​ទំពាំង​បាយ​ជូរ​នេះ​គឺ​មិន​មែន​តំណាង​តែ​ទ្រង់​ប៉ុណ្ណោះ​ទេ ទ្រង់​មាន​បន្ទូល​ថា៖ «អស់​ទាំង​ខ្នែង​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​កាត់​ចោល តែ​អស់​ទាំង​ខ្នែង​ណា ដែល​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​លួស​ខ្នែង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ផល​ផ្លែ​ជា​ច្រើន​ឡើង . . . ដូច​ជា​ខ្នែង បើ​មិន​នៅ​ជាប់​នឹង​គល់ នោះ​ពុំ​អាច​នឹង​បង្កើត​ផល​ដោយ​ឯកឯង​បាន​ទេ ដូច្នេះ​អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ដែរ លើក​តែ​នៅ​ជាប់​នឹង​ខ្ញុំ ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង»។

នៅ​បុណ្យ​ភិន្ដាកុស គឺ​៥១​ថ្ងៃ​ក្រោយ​មក នោះ​សាវ័ក​និង​អ្នក​ឯ​ទៀត​បាន​ក្លាយ​ទៅ​ជា​ខ្នែង​នៃ​ដើម​ទំពាំង​បាយ​ជូរ ពេល​បាន​ត្រូវ​ចាក់​វិញ្ញាណ​បរិសុទ្ធ​មក​លើ​ពួក​គេ។ នៅ​ទី​បំផុត មាន​តែ​១៤៤.០០០​នាក់​ទេ ដែល​ក្លាយ​ទៅ​ជា​ខ្នែង​ក្នុង​ដើម​ទំពាំង​បាយ​ជូរ​និមិត្តរូប​នេះ។ ពួក​ទាំង​នេះ​ជា​មួយ​នឹង​គល់​ទំពាំង​បាយ​ជូរ​ពោល​គឺ​ព្រះ​យេស៊ូ​គ្រីស្ទ ជា​ដើម​ទំពាំង​បាយ​ជូរ​និមិត្តរូប ដែល​បង្កើត​ផល​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។

ព្រះ​យេស៊ូ​ពន្យល់​នូវ​កត្ដា​សំខាន់​នៃ​ការ​បង្កើត​ផល​នេះ​ថា៖ «អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ»។ តែ​ប្រសិន​បើ​មនុស្ស​ម្នាក់​មិន​បាន​បង្កើត​ផល​នេះ នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «អ្នក​នោះ​ត្រូវ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ក៏​ក្រៀម​ទៅ​ដូច​ជា​ខ្នែង​ដែរ រួច​គេ​ប្រមូល​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ»។ ម្យ៉ាង​វិញ ព្រះ​យេស៊ូ​សន្យា​ថា៖ «បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា នោះ​ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ! សេចក្ដី​នោះ​នឹង​បាន​សំរេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​បន្ថែម​ទៀត​ថា៖ «ព្រះ​វរបិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន»។ ផល​ផ្លែ​ដែល​ព្រះ​ប្រាថ្នា​ពី​ខ្នែង​នោះ គឺ​ការ​សម្ដែង​នូវ​គុណសម្បត្ដិ​ដូច​ព្រះ​គ្រីស្ទ ជា​ពិសេស​គុណសម្បត្ដិ​នោះ​គឺ​ជា​សេចក្ដី​ស្រឡាញ់។ ម្យ៉ាង​វិញ​ទៀត ដោយ​ព្រោះ​ព្រះ​គ្រីស្ទ​ជា​អ្នក​ប្រកាស​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ នោះ​ផល​ផ្លែ​ដែល​ទ្រង់​ចង់​បាន​យ៉ាង​ខ្លាំង​នោះ គឺ​រួម​បញ្ចូល​កិច្ច​ការ​បង្កើត​ឲ្យ​មាន​សិស្ស​ដូច​ទ្រង់​បាន​ធ្វើ​ដែរ។

ឥឡូវ​នេះ ព្រះ​យេស៊ូ​ដាស់​តឿន​ពួក​គេ​ថា៖ «ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ!»។ តែ តើ​ពួក​សាវ័ក​របស់​ទ្រង់​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ណា​បាន? ទ្រង់​មាន​បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្ត​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ»។ ព្រះ​យេស៊ូ​ពន្យល់​ជា​បន្ត​ថា៖ «នេះ​ជា​សេចក្ដី​បញ្ញត្ត​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្ដូរ​ជីវិត​ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ»។

នៅ​សល់​តែ​បី​បួន​ម៉ោង​ទៀត​ប៉ុណ្ណោះ ព្រះ​យេស៊ូ​នឹង​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​វិសេស​វិសាល​របស់​ទ្រង់ ដោយ​ប្រទាន​ព្រះ​ជន្ម​របស់​ទ្រង់​ជំនួស​ពួក​សាវ័ក ព្រម​ទាំង​អ្នក​ឯ​ទៀត​ដែល​អនុវត្ត​ជំនឿ​លើ​ទ្រង់។ គំរូ​របស់​ទ្រង់ គួរ​ជំរុញ​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ និង​សុខ​ចិត្ត​ពលី​ជីវិត​ដើម្បី​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច​ព្រះ​យេស៊ូ​មាន​បន្ទូល​ពី​លើក​មុន នោះ​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​នឹង​សម្គាល់​គេ​ថា៖ «គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។

ព្រះ​យេស៊ូ​សម្គាល់​មិត្ត​របស់​ទ្រង់ ដោយ​មាន​បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ជា​ពួក​សំឡាញ់​ខ្ញុំ​ហើយ ខ្ញុំ​មិន​ហៅ​ជា​អ្នក​បំរើ​ទៀត ពីព្រោះ​អ្នក​បំរើ​គេ​មិន​ដឹង​ជា​ចៅហ្វាយ​ធ្វើ​អ្វី​ទេ គឺ​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សំឡាញ់​វិញ ពីព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះ​វរបិតា​ខ្ញុំ​មក»។

ការ​មាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​នឹង​ព្រះ​យេស៊ូ​ជា​ទំនាក់​ទំនង​ដ៏​មាន​តម្លៃ​មែន! ប៉ុន្តែ ដើម្បី​ឲ្យ​ទំនាក់​ទំនង​នេះ​មាន​ជា​បន្ត ពួក​អ្នក​កាន់​តាម​ទ្រង់​ត្រូវ​តែ‹មាន​ផល​ជា​បន្ត›។ បើ​ដូច្នេះ​មែន ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ព្រះ​វរបិតា​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​អ្វី​ៗ ដែល​នឹង​សូម​ពី​ទ្រង់ ដោយ​នូវ​ឈ្មោះ​ខ្ញុំ»។ យ៉ាង​ប្រាកដ​ណាស់ នេះ​ជា​អំណោយ​ដ៏​អស្ចារ្យ​មែន​ចំពោះ​ការ​បង្កើត​ផល​ខាង​ព្រះ​រាជាណាចក្រ! ក្រោយ​ពី​ព្រះ​យេស៊ូ​ណែនាំ​ពួក​សាវ័ក​ឲ្យ«ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក» នោះ​ទ្រង់​ពន្យល់​ថា​លោកីយ៍​នេះ​នឹង​ស្អប់​ពួក​គេ។ តែ​ទ្រង់​សម្រាល​ទុក្ខ​ពួក​គេ​ថា៖ «បើ​សិន​ជា​លោកីយ​ស្អប់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​គេ​បាន​ស្អប់​ខ្ញុំ​ជា​មុន»។ បន្ទាប់​មក​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​នូវ​មូលហេតុ​ដែល​លោកីយ៍​ស្អប់​ពួក​អ្នក​កាន់​តាម​ទ្រង់ ដោយ​បន្ទូល​ថា៖ «ដោយ​ព្រោះ​ខ្ញុំ​បាន​រើស​ចេញ​ពី​លោកីយ​មក ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ​ទៀត នោះ​បាន​ជា​លោកីយ​ស្អប់​អ្នក​រាល់​គ្នា​វិញ»។

ព្រះ​យេស៊ូ​ពន្យល់​ជា​បន្ត​នូវ​មូលហេតុ​ដែល​លោកីយ៍​ស្អប់​ថា៖ «គេ​នឹង​ប្រព្រឹត្ត​ការ​ទាំង​នោះ​ដល់​អ្នក​រាល់​គ្នា ដោយ​យល់​ដល់​ឈ្មោះ​ខ្ញុំ ពីព្រោះ​គេ​មិន​ស្គាល់​ព្រះ[យេហូវ៉ា]ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ»។ តាម​ពិត អព្ភូតហេតុ​ដែល​ព្រះ​យេស៊ូ​ធ្វើ គឺ​ផ្ដន្ទា​ទោស​អស់​អ្នក​ដែល​ស្អប់​ទ្រង់ ដូច​ជា​ទ្រង់​មាន​បន្ទូល​ថា៖ «បើ​ខ្ញុំ​មិន​បាន​ធ្វើ​ការ​នៅ​ក្នុង​ពួក​គេ ដែល​គ្មាន​អ្នក​ណា​ទៀត​បាន​ធ្វើ​ឡើយ នោះ​គេ​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ គេ​បាន​ទាំង​ឃើញ ហើយ​ទាំង​ស្អប់​ខ្ញុំ នឹង​ព្រះ​វរបិតា​របស់​ខ្ញុំ​ដែរ»។ ដូច្នេះ​ហើយ ដូច​ជា​ព្រះ​យេស៊ូ​មាន​បន្ទូល នោះ​បទ​គម្ពីរ​នេះ​បាន​សម្រេច ដោយ​ចែង​ថា៖ «គេ​បាន​ស្អប់​ខ្ញុំ​ដោយ​ឥត​ហេតុ»។

ព្រះ​យេស៊ូ​សម្រាល​ទុក្ខ​ពួក​សិស្ស​ម្ដង​ទៀត​ដូច​ទ្រង់​បាន​ធ្វើ​ពី​មុន ដោយ​សន្យា​ថា នឹង​បញ្ជូន​ជំនួយ ពោល​គឺ​វិញ្ញាណ​បរិសុទ្ធ ដែល​ជា​សកម្មពល​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ។ ‹ជំនួយ​នោះ​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​បន្ទាល់​ដែរ›។

ពាក្យ​ដាស់​តឿន​បន្ថែម

ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​រៀប​នឹង​ចេញ​ពី​បន្ទប់​ខាង​លើ​នេះ​ហើយ។ ទ្រង់​មាន​បន្ទូល​ថា៖ «ខ្ញុំ​បាន​និយាយ​សេចក្ដី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​រវាត​ចិត្ត​ឡើយ»។ រួច​មក ទ្រង់​ប្រទាន​នូវ​សេចក្ដី​ព្រមាន​ដ៏​សំខាន់​នេះ​ថា៖ «គេ​នឹង​កាត់​អ្នក​រាល់​គ្នា​ចេញ​ពី​ជំនុំ​របស់​គេ ក៏​នឹង​មាន​ពេល​វេលា​មក នោះ​អស់​អ្នក​ណា ដែល​សំឡាប់​អ្នក​រាល់​គ្នា នឹង​គិត​ស្មាន​ថា ខ្លួន​បំរើ​ដល់​ព្រះ​ដែរ»។

គឺ​ជាក់​ស្តែង​ណាស់ ដែល​ពួក​សាវ័ក​មាន​ការ​ពិបាក​ចិត្ត​នឹង​សេចក្ដី​ព្រមាន​នេះ។ ថ្វី​បើ​មុន​នេះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា លោកីយ៍​នឹង​ស្អប់​ពួក​គេ តែ​ទ្រង់​មិន​បាន​មាន​បន្ទូល​ថា ពួក​គេ​នឹង​ត្រូវ​ស្លាប់​នោះ​ទេ។ ព្រះ​យេស៊ូ​ពន្យល់​ថា៖ «ខ្ញុំ​មិន​បាន​ប្រាប់​កាល​ពី​ដើម​ទេ ពីព្រោះ​ខ្ញុំ​កំពុង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ»។ ប៉ុន្តែ គឺ​ល្អ​មែន ដែល​ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​គេ​មុន​នឹង​ទ្រង់​យាង​ចេញ​ទៅ!

ព្រះ​យេស៊ូ​មាន​បន្ទូល​ទៀត​ថា៖ «តែ​ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះ​អង្គ​ដែល​ចាត់​ឲ្យ​មក ហើយ​ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​សួរ​ខ្ញុំ​ថា លោក​អញ្ជើញ​ទៅ​ឯ​ណា​នោះ​ទេ?»។ ពី​ក្បាល​ព្រលប់​នោះ ពួក​គេ​បាន​សាកសួរ​ថា​តើ​ទ្រង់​នឹង​ទៅ​ណា? តែ​ឥឡូវ​នេះ ពួក​គេ​បាន​ភិត​ភ័យ​ជា​ខ្លាំង​នូវ​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​គេ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​លែង​ហ៊ាន​សួរ​ថែម​ទៀត​អំពី​រឿង​នេះ។ ដូច្នេះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ប៉ុន្តែ អ្នក​រាល់​គ្នា​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ព្រួយ ដោយ​ព្រោះ​ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ»។ ពួក​សាវ័ក​មាន​ចិត្ត​សោក​សៅ​ជា​ខ្លាំង ព្រោះ​ពួក​គេ​មិន​គ្រាន់​តែ​ដឹង​ថា ពួក​គេ​នឹង​ទទួល​ការ​បៀត​បៀន​យ៉ាង​ខ្លាំង ហើយ​និង​ត្រូវ​ស្លាប់​នោះ​ទេ តែ​ពិបាក​ជាង​នេះ​ទៅ​ទៀត​គឺ​ចៅហ្វាយ​របស់​ពួក​គេ​នឹង​ឃ្លាត​ពី​ពួក​គេ​ដែរ។

ដូច្នេះ ព្រះ​យេស៊ូ​ពន្យល់​ថា៖ ‹ដែល​ខ្ញុំ​ទៅ នោះ​មាន​ប្រយោជន៍ ដល់​អ្នក​រាល់​គ្នា​វិញ ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេ នោះ​ជំនួយ​ក៏​មិន​មក​ឯ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ប្រទាន​ជំនួយ​ឲ្យ​មក›។ ជា​មនុស្ស នោះ​ព្រះ​យេស៊ូ​អាច​នៅ​តែ​មួយ​កន្លែង​ទេ តែ​ពេល​ទ្រង់​យាង​ទៅ​ស្ថាន​សួគ៌​វិញ ទ្រង់​អាច​ចាត់​វិញ្ញាណ​បរិសុទ្ធ​ឲ្យ​ពួក​អ្នក​កាន់​តាម​ទ្រង់ ទោះ​ជា​ពួក​គេ​នៅ​កន្លែង​ណា​ក៏​ដោយ​លើ​ផែនដី​នេះ។ ដូច្នេះ​នឹង​មាន​ប្រយោជន៍​ពេល​ព្រះ​យេស៊ូ​យាង​ចេញ​ទៅ។

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា វិញ្ញាណ​បរិសុទ្ធ «នឹង​សំដែង ឲ្យ​មនុស្ស​លោក​ដឹង​ច្បាស់ ពី​អំពើ​បាប ពី​សេចក្ដី​សុចរិត ហើយ​ពី​សេចក្ដី​ជំនុំ​ជំរះ»។ នេះ​នឹង​ត្រូវ​លាត​ត្រដាង​ឲ្យ​ឃើញ​ថា មនុស្ស​លោក​មាន​អំពើ​បាប ទាំង​ឥត​មាន​ជំនឿ​លើ​រាជបុត្រា​របស់​ព្រះ។ បន្ថែម​ទៀត ទី​សំអាង​ដ៏​ជាក់​ស្តែង​អំពី​សេចក្ដី​សុចរិត​របស់​ព្រះ​យេស៊ូ​នឹង​សម្ដែង​ឲ្យ​ឃើញ ពេល​ទ្រង់​យាង​ឡើង​ទៅ​ឯ​ព្រះ​វរបិតា​របស់​ទ្រង់។ ហើយ​សាតាំង​និង​មនុស្ស​អាក្រក់​ក្នុង​លោកីយ៍​នេះ​នឹង​ទទួល​តែ​បរាជ័យ ក្នុង​ការ​បំបាក់​ព្រះ​ទ័យ​ស្មោះ​គ្រប់​លក្ខណ៍​របស់​ព្រះ​យេស៊ូ នេះ​ជា​ទី​សំអាង​ដ៏​ជាក់​ច្បាស់​ថា​ចៅហ្វាយ​នៃ​លោកីយ៍​នេះ​នឹង​ត្រូវ​ជំនុំ​ជំរះ។

ព្រះ​យេស៊ូ​មាន​បន្ទូល​ទៀត​ថា៖ «ខ្ញុំ​នៅ​មាន​សេចក្ដី​ជា​ច្រើន​ទៀត នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទទួល​បាន​ទេ»។ ដូច្នេះ​ហើយ ព្រះ​យេស៊ូ​សន្យា​ថា ពេល​ទ្រង់​ចាក់​វិញ្ញាណ​បរិសុទ្ធ ដែល​ជា​សកម្មពល​របស់​ព្រះ នេះ​នឹង​ណែនាំ​ពួក​គេ​ឲ្យ​យល់​ដឹង​រឿង​ទាំង​នេះ សម​ស្រប​តាម​សមត្ថភាព​របស់​ពួក​គេ។

ពួក​សាវ័ក​មិន​បាន​យល់​ច្បាស់ ថា​ព្រះ​យេស៊ូ​នឹង​សោយ​ទិវង្គត ហើយ​ទ្រង់​នឹង​លេច​ខ្លួន​ឲ្យ​ពួក​គេ​ឃើញ ក្រោយ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នោះ​ទេ។ ដូច្នេះ មាន​ពួក​សិស្ស​ទ្រង់​ខ្លះ​និយាយ​គ្នា​ថា៖ «ពាក្យ​នេះ​ដែល​ទ្រង់​មាន​បន្ទូល​មក​យើង​ថា ‹នៅ​បន្ដិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្ដិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ› ហើយ​ដែល​ថា‹ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះ​វរបិតា› នេះ​តើ​មាន​ន័យ​ដូច​ម្ដេច?›»។

ព្រះ​យេស៊ូ​យល់​ដឹង​ថា ពួក​គេ​ចង់​ទូល​សួរ​ទ្រង់ ដូច្នេះ​ទ្រង់​ពន្យល់​ប្រាប់​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ​នឹង​អរ​សប្បាយ​ឡើង អ្នក​រាល់​គ្នា​នឹង​ព្រួយ​ចិត្ត តែ​សេចក្ដី​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​សេចក្ដី​អំណរ​ទៅ​វិញ»។ នៅ​រសៀល​ក្នុង​ថ្ងៃ​ព្រះ​យេស៊ូ​សោយ​ទិវង្គត នោះ​ពួក​មេ​ដឹក​នាំ​សាសនា​នឹង​អរ​សប្បាយ តែ​ពួក​សាវ័ក​នឹង​សោក​សៅ​វិញ។ តែ​សេចក្ដី​សោក​សៅ​របស់​ពួក​គេ​នឹង​ប្រែ​ជា​អំណរ​វិញ ពេល​ព្រះ​យេស៊ូ​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ! ហើយ​ពួក​គេ​នឹង​មាន​អំណរ​ពេល​ព្រះ​យេស៊ូ​ប្រទាន​ឲ្យ​ពួក​គេ​មាន​អំណាច​នៅ​បុណ្យ​នៃ​ថ្ងៃ​ទី​៥០ ឲ្យ​ធ្វើ​ជា​ស្មរ​បន្ទាល់​របស់​ទ្រង់ ដោយ​ចាក់​វិញ្ញាណ​បរិសុទ្ធ​លើ​ពួក​គេ!

ព្រះ​យេស៊ូ​ប្រៀប​ប្រដូច​ស្ថានការណ៍​របស់​ពួក​សាវ័ក ទៅ​នឹង​ការ​ឈឺ​ចាប់​របស់​ស្ត្រី​ពេល​គាត់​សំរាល​កូន ដោយ​ថា៖ «ឯ​ស្ត្រី កាល​ណា​ហៀប​នឹង​សំរាល​កូន នោះ​តែង​ព្រួយ​ចិត្ត ព្រោះ​ដល់​កំណត់​ហើយ»។ ប៉ុន្តែ​ព្រះ​យេស៊ូ​កត់​សម្គាល់​ថា ពេល​គាត់​សំរាល​កូន​រួច​មក នោះ​គាត់​លែង​នឹក​ពី​សេចក្ដី​វេទនា​នោះ​ហើយ ដូច្នេះ​ព្រះ​យេស៊ូ​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​ថា៖ «ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​សេចក្ដី​ព្រួយ​ដូច្នោះ​មែន ប៉ុន្តែ ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្ដង​ទៀត[ពេល​ខ្ញុំ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ] នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ​វិញ ក៏​នឹង​ឥត​មាន​អ្នក​ណា​ដក​យក​សេចក្ដី​អំណរ​នោះ ចេញ​ពី​អ្នក​រាល់​គ្នា​បាន​ឡើយ»។

ពួក​សាវ័ក​មិន​ដែល​សុំ​អ្វី​ដោយ​ប្រើ​ឈ្មោះ​ព្រះ​យេស៊ូ​ទេ​តាំង​ពី​មុន​មក។ តែ​ឥឡូវ​នេះ ទ្រង់​មាន​បន្ទូល​ថា៖ «អ្វី​ៗ​ដែល​អ្នក​រាល់​គ្នា​នឹង​សូម​ដល់​ព្រះ​វរបិតា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ។ . . . ដ្បិត​ព្រះ​វរបិតា ទ្រង់​ក៏​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ហើយ​ក៏​ជឿ​ថា ខ្ញុំ​បាន​ចេញ​ពី​ព្រះ​មក ខ្ញុំ​បាន​ចេញ​ពី​ព្រះ​វរបិតា​មក​មែន ហើយ​បាន​មក​ក្នុង​លោកីយ ក៏​នឹង​ចេញ​ពី​លោកីយ ទៅ​ឯ​ព្រះ​វរបិតា​វិញ​ទៀត»។

ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​គឺ​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​យ៉ាង​ខ្លាំង។ ពួក​គេ​ទូល​ថា៖ «ដោយ​ហេតុ​នេះ​យើង​ខ្ញុំ​ជឿ​ថា ទ្រង់​បាន​ចេញ​ពី​ព្រះ​មក​មែន»។ ព្រះ​យេស៊ូ​មាន​បន្ទូល​សួរ​ថា៖ «ឥឡូវ​នេះ អ្នក​រាល់​គ្នា​ជឿ​ហើយ​ឬ? មើល! នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ដោយ​ខ្លួន​ៗ ទាំង​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​តែ​ឯកឯង»។ នេះ​ទំនង​ជា​ពិបាក​ឲ្យ​ជឿ​ណាស់ តែ​ព្រឹត្ដិការណ៍​នេះ​បាន​កើត​ឡើង​មែន​នៅ​វេលា​យប់​នោះ​ឯង។

ព្រះ​យេស៊ូ​បញ្ចប់​ថា៖ «ខ្ញុំ​ប្រាប់​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សុខ​សាន្ត ដោយ​សារ​ខ្ញុំ នៅ​លោកីយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ​ហើយ»។ ទោះ​ជា​សាតាំង​ខំ​ធ្វើ​អ្វី​ៗ ដើម្បី​បំបាក់​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​របស់​ព្រះ​យេស៊ូ​ក៏​ដោយ ក៏​ព្រះ​យេស៊ូ​អាច​យក​ឈ្នះ​លោកីយ៍​ដោយ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យ៉ាង​ស្មោះ​ត្រង់​ដែរ។

សេចក្ដី​អធិស្ឋាន​បញ្ចប់​នៅ​ក្នុង​បន្ទប់​ខាង​លើ

ព្រះ​យេស៊ូ​បាន​ផ្ដែ​ផ្ដាំ​ពួក​សាវ័ក​មុន​នឹង​ទ្រង់​យាង​ចេញ​ទៅ ពីព្រោះ​ទ្រង់​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ពួក​គេ។ ឥឡូវ​នេះ ក្រោយ​ពី​បាន​ដាស់​តឿន​និង​លើក​ទឹក​ចិត្ត​ពួក​គេ​អស់​រយៈ​ពេល​យ៉ាង​យូរ​មក ព្រះ​យេស៊ូ​ងើប​ព្រះ​នេត្រ​ទៅ​លើ​មេឃ ទូល​ព្រះ​វរបិតា​ថា៖ «សូម​ដំកើង​ព្រះ​រាជបុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ​រាជបុត្រា​បាន​ដំកើង​ទ្រង់​ដែរ ដូច​ជា​ទ្រង់​បាន​ប្រទាន ឲ្យ​ព្រះ​រាជបុត្រា​មាន​អំណាច លើ​គ្រប់​ទាំង​មនុស្ស ដើម្បី​នឹង​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច ដល់​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ព្រះ​រាជបុត្រា​ដែរ»។

ព្រះ​យេស៊ូ​បាន​បង្រៀន​ប្រធាន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន គឺ​ជា​ជីវិត​ជា​រៀង​រហូត! ព្រះ​យេស៊ូ«មាន​អំណាច លើ​គ្រប់​ទាំង​មនុស្ស» ឥឡូវ​នេះ ទ្រង់​អាច​ប្រទាន​នូវ​ផល​ប្រយោជន៍​ពី​យញ្ញ​បូជា​លោះ​របស់​ទ្រង់ ដល់​អស់​មនុស្សជាតិ​ដែល​មាន​បាប​បណ្ដាល​ឲ្យ​ស្លាប់។ ប៉ុន្តែ ទ្រង់​ប្រទាន«ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច»ដល់​អ្នក​ដែល​ព្រះ​វរបិតា​សព្វ​ព្រះ​ហឫទ័យ​ប៉ុណ្ណោះ។ ព្រះ​យេស៊ូ​អធិស្ឋាន​ជា​បន្ត​ស្តី​អំពី​ជីវិត​ជា​រៀង​រហូត​ថា៖

«នេះ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។ ត្រូវ​ហើយ សេចក្ដី​សង្គ្រោះ​គឺ​អាស្រ័យ​ទៅ​លើ​យើង​ទទួល​យក​ចំណេះ​អំពី​ព្រះ និង​បុត្រ​របស់​ទ្រង់​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​មាន​អ្វី​ផ្សេង​ទៀត​ដែល​ត្រូវ​ការ​ច្រើន​ជាង​ចំណេះ​សំខាន់​ៗ​ទៅ​ទៀត។

បុគ្គល​ម្នាក់​ត្រូវ​តែ​ស្គាល់​ព្រះ​និង​រាជបុត្រា​ឲ្យ​បាន​ជិត​ស្និទ្ធ ដោយ​បណ្ដុះ​នូវ​មិត្តភាព​ជា​មួយ​នឹង​ទ្រង់​ទាំង​ពីរ​អង្គ។ យើង​ត្រូវ​មាន​អារម្មណ៍​ដូច​ទ្រង់​ចំពោះ​រឿង​អ្វី​ក៏​ដោយ ហើយ​យល់​ឃើញ​ដូច​ព្រះ​ទ័យ​របស់​ទ្រង់​ទាំង​ពីរ​អង្គ​នោះ​ចំពោះ​រឿង​ទាំង​អស់​ដែរ។ ហើយ​អ្វី​ដ៏​សំខាន់​បំផុត នោះ​បុគ្គល​ម្នាក់​ត្រូវ​តែ​ខំ​ប្រឹង​យក​តម្រាប់​តាម​គុណសម្បត្ដិ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ពេល​ប្រស្រ័យ​ទាក់​ទង​នឹង​មនុស្ស​ឯ​ទៀត។

បន្ទាប់​មក ព្រះ​យេស៊ូ​អធិស្ឋាន​ថា៖ «ទូល​បង្គំ​បាន​ដំកើង​ទ្រង់ នៅ​ផែនដី ទូល​បង្គំ​បាន​បង្ហើយ​ការ ដែល​ទ្រង់​ប្រគល់​មក​ឲ្យ​ធ្វើ»។ ដូច្នេះ ដោយ​បាន​សម្រេច​នូវ​កិច្ច​ការ​របស់​ទ្រង់​រហូត​មក និង​មាន​ទំនុក​ចិត្ត​ថា​នឹង​បាន​ជោគ​ជ័យ​នៅ​នា​អនាគត នោះ​ទ្រង់​ទូល​ថា៖ «ឥឡូវ​នេះ ឱ​ព្រះ​វរបិតា​អើយ! សូម​ដំកើង​ទូល​បង្គំ​ឡើង​ជា​មួយ​នឹង​ទ្រង់​ផង ដោយ​សិរី​ល្អ​ដែល​ទូល​បង្គំ​មាន​ជា​មួយ​នឹង​ទ្រង់ ក្នុង​កាល​ដែល​លោកីយ​មិន​ទាន់​បាន​កើត​នៅ​ឡើយ»។ ត្រូវ​ហើយ ឥឡូវ​នេះ ព្រះ​យេស៊ូ​សុំ​ឲ្យ​ព្រះ​វរបិតា​ដំកើង​ទ្រង់​ឲ្យ​មាន​សិរី​រុង​រឿង​នៅ​ស្ថាន​សួគ៌​វិញ តាម​រយៈ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

ព្រះ​យេស៊ូ​សង្ខេប​នូវ​កិច្ច​ការ​ដ៏​ចំបង​របស់​ទ្រង់​នៅ​លើ​ផែនដី​ថា៖ «ឯ​ពួក​អ្នក ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល​បង្គំ អំពី​មនុស្ស​លោក នោះ​ទូល​បង្គំ​បាន​បើក​សំដែង​ឲ្យ​គេ​ស្គាល់​ព្រះ​នាម​ទ្រង់ អ្នក​ទាំង​នោះ​ជា​របស់​ផង​ទ្រង់ ហើយ​ទ្រង់​បាន​ប្រទាន​គេ​មក​ទូល​បង្គំ គេ​ក៏​កាន់​តាម​ព្រះ​បន្ទូល​ទ្រង់»។ ព្រះ​យេស៊ូ​បាន​ប្រើ​ព្រះ​នាម​របស់​ព្រះ គឺ​ព្រះ​យេហូវ៉ា ក្នុង​កិច្ច​បំរើ​របស់​ទ្រង់ ហើយ​បាន​ប្រាប់​នូវ​របៀប​បន្លឺ​សូរ​ដ៏​ត្រឹម​ត្រូវ​នៃ​ព្រះ​នាម​របស់​ព្រះ ហើយ​ទ្រង់​បាន​សម្រេច​ច្រើន​ទៀត មិន​គ្រាន់​តែ​ឲ្យ​ពួក​សាវ័ក​ស្គាល់​ព្រះ​នាម​របស់​ព្រះ​វរបិតា​នោះ​ទេ។ ទ្រង់​បាន​ជួយ​ពួក​គេ​បង្កើន​នូវ​ចំណេះ​ដឹង​និង​ការ​ដឹង​គុណ​ចំពោះ​ព្រះ​យេហូវ៉ា គុណ​សម្បត្ដិ​របស់​ទ្រង់ និង​គោល​បំណង​របស់​ទ្រង់។

ព្រះ​យេស៊ូ​ថ្វាយ​កិត្ដិយស​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​មាន​អំណាច​ខ្ពង់​ខ្ពស់​ជាង​ទ្រង់ និង​ជា​ព្រះ​ដែល​ព្រះ​យេស៊ូ​អង្គ​ទ្រង់​ផ្ទាល់​ធ្វើ​ការ​បំរើ នោះ​ព្រះ​យេស៊ូ​ទទួល​ស្គាល់​ទាំង​មាន​ព្រះ​ទ័យ​រាប​ទាប​ថា៖ «ដ្បិត​អស់​ទាំង​ព្រះ​បន្ទូល​ដែល​ទ្រង់​បាន​ប្រទាន​មក នោះ​ទូល​បង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ គេ​ក៏​ទទួល​យក ហើយ​ដឹង​ជា​ប្រាកដ​ថា ទូល​បង្គំ​ចេញ​ពី​ទ្រង់​មក ក៏​ជឿ​ថា ទ្រង់​ចាត់​ឲ្យ​ទូល​បង្គំ​មក​មែន»។

ព្រះ​យេស៊ូ​អធិស្ឋាន​ដោយ​សម្គាល់​នូវ​ភាព​ខុស​គ្នា​រវាង​ពួក​អ្នក​កាន់​តាម​ទ្រង់​និង​ពួក​អ្នក​នៅ​ក្នុង​លោកីយ៍​ថា៖ «ទូល​បង្គំ​អធិស្ឋាន​ឲ្យ​គេ មិន​មែន​អធិស្ឋាន​ឲ្យ​លោកីយ​ទេ គឺ​ឲ្យ​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល​បង្គំ​វិញ . . . កាល​ទូល​បង្គំ​នៅ​ក្នុង​លោកីយ​ជា​មួយ​នឹង​គេ នោះ​ទូល​បង្គំ​បាន​រក្សា​គេ . . . ទូល​បង្គំ​បាន​រក្សា​ទុក​នូវ​អស់​អ្នក ដែល​ទ្រង់​ប្រទាន​មក​ទូល​បង្គំ គ្មាន​អ្នក​ណា​មួយ​ត្រូវ​វិនាស​ឡើយ បាន​វិនាស​តែ​១​នាក់​នោះ ដែល​បាន​ដំរូវ​ឲ្យ​ត្រូវ​វិនាស​ប៉ុណ្ណោះ» ដែល​ជា​យូដាស​អ៊ីស្ការីយ៉ុត។ ហើយ​ក្នុង​ពេល​នោះ​ឯង យូដាស​កំពុង​តែ​សម្រេច​បំណង​ដ៏​អាក្រក់ ដើម្បី​ក្បត់​ព្រះ​យេស៊ូ។ ដូច្នេះ​ហើយ យូដាស​សម្រេច​អ្វី​ដែល​ចែង​ក្នុង​បទ​គម្ពីរ​ដោយ​ឥត​ដឹង​ខ្លួន។

ព្រះ​យេស៊ូ​អធិស្ឋាន​ជា​បន្ត​ថា៖ «លោកីយ​បាន​ស្អប់​គេ . . . ទូល​បង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញ​ពី​លោកីយ​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ គេ​មិន​មែន​ជា​របស់​ផង​លោកីយ ដូច​ជា​ទូល​បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ»។ ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​គឺ​រស់​នៅ​ក្នុង​លោកីយ៍ គឺ​នៅ​ក្នុង​សង្គម​មនុស្ស​ដែល​សាតាំង​ជា​អ្នក​គ្រប់​គ្រង តែ​ពួក​គេ​ត្រូវ​តែ​រក្សា​ខ្លួន​ដោយ​ញែក​ចេញ​ពី​អំពើ​អាក្រក់​ជា​និច្ច។

ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ត​ថា៖ «សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយ​សារ​សេចក្ដី​ពិត​របស់​ទ្រង់ ឯ​សេចក្ដី​ពិត គឺ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់»។ ព្រះ​យេស៊ូ​ហៅ​បទ​គម្ពីរ​ភាសា​ហេព្រើរ​ដែល​ព្រះ​វិញ្ញាណ​បាន​បណ្ដាល​ឲ្យ​តែង​ថា​ជា«សេចក្ដី​ពិត» ហើយ​ទ្រង់​បាន​មាន​បន្ទូល​ស្រង់​ចេញ​ពី​នោះ​រាល់​ដង។ ប៉ុន្តែ អ្វី​ដែល​ទ្រង់​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់ និង​អ្វី​ដែល​ពួក​គេ​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​វិញ្ញាណ​បរិសុទ្ធ ដែល​ជា​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិច ក៏​ជា«សេចក្ដី​ពិត»ដែរ។ សេចក្ដី​ពិត​នេះ​ក៏​ញែក​មនុស្ស​ម្នាក់​ឲ្យ​ទៅ​ជា​បរិសុទ្ធ និង​កែ​ប្រែ​ជីវិត​របស់​ពួក​គេ​ទាំង​ស្រុង ថែម​ទាំង​ញែក​ពួក​គេ​ចេញ​ពី​លោកីយ៍​នេះ​ទៀត​ផង។

ឥឡូវ​នេះ ព្រះ​យេស៊ូ​អធិស្ឋាន​ថា៖ «មិន . . . ឲ្យ​អ្នក​ទាំង​នេះ​តែ​ប៉ុណ្ណោះ គឺ​ឲ្យ​ដល់​ទាំង​អ្នក​ណា ដែល​នឹង​ជឿ​ដល់​ទូល​បង្គំ ដោយ​សារ​ពាក្យ​របស់​គេ​ថែម​ទៀត​ដែរ»។ ដូច្នេះ ព្រះ​យេស៊ូ​អធិស្ឋាន​សំរាប់​អស់​អ្នក​ដែល​នឹង​ទៅ​ជា​អ្នក​កាន់​តាម​ទ្រង់​ដែល​ត្រូវ​ចាក់​ប្រេង​តាំង និង​សិស្ស​ឯ​ទៀត ដែល​មិន​ទាន់​ប្រមូល​ចូល​ក្នុង«ហ្វូង​តែ​១»។ តើ​ទ្រង់​បាន​ស្នើ​សុំ​អ្វី​ចំពោះ​អស់​អ្នក​ទាំង​នេះ?

«ដើម្បី​ឲ្យ​ទាំង​អស់​បាន​រួម​មក​តែ​មួយ ឱ​ព្រះ​វរបិតា​អើយ! ដូច​ជា​ទ្រង់​គង់​ក្នុង​ទូល​បង្គំ ហើយ​ទូល​បង្គំ​នៅ​ក្នុង​ទ្រង់​ដែរ . . . ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ ដូច​ជា​យើង​ក៏​រួម​តែ​មួយ​ដែរ»។ ព្រះ​យេស៊ូ​និង​ព្រះ​វរបិតា​របស់​ទ្រង់​មិន​មែន​ជា​បុគ្គល​តែ​មួយ​អង្គ​នោះ​ទេ តែ​ទាំង​ពីរ​អង្គ​ស្រប​គំនិត​នឹង​គ្នា​គ្រប់​ជំពូក។ ព្រះ​យេស៊ូ​អធិស្ឋាន​ថា​ពួក​អ្នក​កាន់​តាម​ទ្រង់​នឹង​មាន​សាមគ្គីភាព​ដូច​ទ្រង់ ដើម្បី«ប្រយោជន៍​ឲ្យ​លោកីយ​បាន​ដឹង​ថា គឺ​ទ្រង់​ដែល​ចាត់​ឲ្យ​ទូល​បង្គំ​មក​មែន ហើយ​ថា ទ្រង់​ស្រឡាញ់​គេ ដូច​ជា​ស្រឡាញ់​ទូល​បង្គំ​ដែរ»។

ឥឡូវ​នេះ ព្រះ​យេស៊ូ​ស្នើ​សុំ​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌ ជំនួស​ពួក​អ្នក​បំរើ​ចាក់​ប្រេង​តាំង​របស់​ទ្រង់។ តើ​សំរាប់​អ្វី​ទៅ? «ទូល​បង្គំ​ចង់​ឲ្យ​គេ​នៅ​ជា​មួយ​នឹង​ទូល​បង្គំ ក្នុង​កន្លែង​ដែល​ទូល​បង្គំ​នៅ​ដែរ ដើម្បី​ឲ្យ​បាន​ឃើញ​សិរី​ល្អ ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល​បង្គំ ដ្បិត​ទ្រង់​បាន​ស្រឡាញ់​ទូល​បង្គំ តាំង​តែ​ពី​មុន​កំណើត​លោកីយ​រៀង​មក» នោះ​គឺ​ថា មុន​អ័ដាម​និង​នាង​អេវ៉ា​មាន​កូន​ទី​មួយ​របស់​ពួក​គេ​ទៅ​ទៀត។ ជា​យូរ​មុន​នោះ ព្រះ​ទ្រង់​ស្រឡាញ់​រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់ ដែល​ក្លាយ​ទៅ​ជា​ព្រះ​យេស៊ូ​គ្រីស្ទ។

ពេល​បញ្ចប់​សេចក្ដី​អធិស្ឋាន នោះ​ព្រះ​យេស៊ូ​បញ្ជាក់​ម្ដង​ទៀត​ថា៖ «ទូល​បង្គំ​បាន​ឲ្យ​គេ​ស្គាល់​ព្រះ​នាម​ទ្រង់ ក៏​នឹង​សំដែង​ឲ្យ​គេ​ស្គាល់​ត​ទៅ​ទៀត ដើម្បី​ឲ្យ​សេចក្ដី​ស្រឡាញ់ ដែល​ទ្រង់​ស្រឡាញ់​ដល់​ទូល​បង្គំ បាន​នៅ​ក្នុង​គេ ហើយ​ឲ្យ​ទូល​បង្គំ​នៅ​ក្នុង​គេ​ដែរ»។ ចំពោះ​ពួក​សាវ័ក ការ​រៀន​ដឹង​អំពី​ព្រះ​នាម​របស់​ព្រះ គឺ​ជា​ការ​ស្គាល់​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ដោយ​ផ្ទាល់។ យ៉ូហាន ១៤:១–១៧:២៦; ១៣:២៧, ៣៥, ៣៦; ១០:១៦; លូកា ២២:៣, ៤; និក្ខមនំ ២៤:១០; ពង្សាវតារ​ក្សត្រ​ទី​១ ១៩:៩​-​១៣; អេសាយ ៦:១​-​៥; កាឡាទី ៦:១៦; ទំនុក​ដំកើង ៣៥:១៩; ៦៩:៤; សុភាសិត ៨:២២, ៣០

តើ​ព្រះ​យេស៊ូ​យាង​ទៅ​កន្លែង​ណា? តើ​ថូម៉ាស​ទទួល​ចម្លើយ​អ្វី​ស្តី​អំពី​ផ្លូវ​ទៅ​ទី​នោះ​បាន?

តាម​មើល​ទៅ តើ​ភីលីព​ចង់​ឲ្យ​ព្រះ​យេស៊ូ​ប្រទាន​អ្វី​តាម​សេចក្ដី​ស្នើ​សុំ​របស់​គាត់?

ហេតុ​អ្វី​បាន​ជា​បុគ្គល​ដែល​ឃើញ​ព្រះ​យេស៊ូ ក៏​ដូច​ជា​ឃើញ​ព្រះ​វរបិតា​ដែរ?

តើ​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ នឹង​ធ្វើ​កិច្ច​ការ​ដ៏​ធំ​ជាង​ទ្រង់​យ៉ាង​ដូច​ម្ដេច?

តើ​ក្នុង​ន័យ​យ៉ាង​ណា ដែល​សាតាំង​ឥត​កាន់​កាប់​លើ​ព្រះ​យេស៊ូ​បាន?

តើ​នៅ​ពេល​ណា​ដែល​ព្រះ​យេហូវ៉ា​ដាំ​ដើម​ទំពាំង​បាយ​ជូរ​ជា​និមិត្តរូប? ហើយ​តើ​នៅ​ពេល​ណា​និង​តាម​របៀប​ណា ដែល​អ្នក​ដទៃ​មាន​ចំណែក​ក្នុង​ដើម​ទំពាំង​បាយ​ជូរ​នោះ?

នៅ​ទី​បំផុត តើ​ដើម​ទំពាំង​បាយ​ជូរ​ដែល​ជា​និមិត្តរូប​មាន​ខ្នែង​ប៉ុន្មាន?

តើ​ព្រះ​មាន​សេចក្ដី​ប្រាថ្នា​ចង់​បាន​ផ្លែ​អ្វី​ពី​ខ្នែង​ទាំង​នេះ?

តើ​តាម​របៀប​ណា​ដែល​យើង​អាច​ជា​មិត្ត​របស់​ព្រះ​យេស៊ូ?

ហេតុ​អ្វី​ក៏​លោកីយ៍​ស្អប់​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ?

តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​សេចក្ដី​ព្រមាន​អ្វី ដែល​ធ្វើ​ឲ្យ​ពួក​សាវ័ក​ភ្ញាក់​ផ្អើល?

ហេតុ​អ្វី​ក៏​ពួក​សាវ័ក​មិន​សួរ​ព្រះ​យេស៊ូ​ថា ទ្រង់​យាង​ទៅ​កន្លែង​ណា​នោះ?

ជា​ពិសេស តើ​ពួក​សាវ័ក​មិន​បាន​យល់​អំពី​អ្វី?

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ពន្យល់​ថា ស្ថានការណ៍​របស់​ពួក​សាវ័ក​នឹង​ផ្លាស់​ប្ដូរ ពី​សេចក្ដី​ទុក្ខ​ព្រួយ​ទៅ​ជា​មាន​អំណរ​វិញ​នោះ?

តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា ពួក​សាវ័ក​នឹង​ធ្វើ​អ្វី​បន្ដិច​ទៀត?

តើ​ព្រះ​យេស៊ូ​ឈ្នះ​លើ​លោកីយ៍​យ៉ាង​ដូច​ម្ដេច?

តើ​ក្នុង​ន័យ​ណា​ដែល​ថា ព្រះ​យេស៊ូ«មាន​អំណាច​លើ​គ្រប់​ទាំង​មនុស្ស?»។

តើ​ការ​យក​ចំណេះ​អំពី​ព្រះ​និង​រាជបុត្រា​របស់​ទ្រង់ មាន​ន័យ​យ៉ាង​ណា?

តើ​ព្រះ​យេស៊ូ​ធ្វើ​ឲ្យ​គេ​ស្គាល់​ព្រះ​នាម​របស់​ព្រះ​តាម​របៀប​ណា?

តើ«សេចក្ដី​ពិត»ជា​អ្វី? ហើយ​តើ​សេចក្ដី​ពិត«ញែក​ចេញ​ជា​បរិសុទ្ធ»ដល់​គ្រីស្ទាន​ម្នាក់​យ៉ាង​ដូច​ម្ដេច?

តើ​ព្រះ​ទ្រង់ រាជបុត្រា​ទ្រង់ និង​ពួក​អ្នក​ថ្វាយ​បង្គំ​ដ៏​ពិត​របស់​ទ្រង់​រួប​រួម​គ្នា​តែ​មួយ​ក្នុង​ន័យ​យ៉ាង​ណា?

តើ«កំណើត​លោកីយ»មាន​ឡើង​នៅ​ពេល​ណា?