លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេស៊ូមានព្រះជន្មរស់!

ព្រះយេស៊ូមានព្រះជន្មរស់!

ជំពូក​ទី​១២៨

ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់!

នៅ​ពេល​ពួក​ស្ត្រី​ឃើញ​ថា ផ្នូរ​របស់​ព្រះ​យេស៊ូ​នៅ​ទទេ នោះ​ម៉ារា​ម៉ាក់ដាឡា​រត់​ទៅ​ប្រាប់​ពេត្រុស​និង​យ៉ូហាន។ ប៉ុន្តែ តាម​មើល​ទៅ ស្ត្រី​ឯ​ទៀត​នៅ​ចាំ​នៅ​ឯ​ផ្នូរ។ ភ្លាម​នោះ ទេវតា​មួយ​រូប​ក៏​លេច​ខ្លួន​ឲ្យ​ពួក​គេ​ឃើញ ហើយ​អញ្ជើញ​ពួក​គេ​ចូល​ក្នុង។

ពួក​ស្ត្រី​ឃើញ​ទេវតា​មួយ​រូប​ទៀត​នៅ​ខាង​ក្នុង ហើយ​ទេវតា​មួយ​រូប​នោះ​ពោល​ទៅ​កាន់​ស្ត្រី​ថា៖ «កុំ​ឲ្យ​ភ័យ​អី! ដ្បិត​ខ្ញុំ​ដឹង​ហើយ​ថា នាង​រក​ព្រះ​យេស៊ូវ​ដែល​ត្រូវ[ព្យួរ] តែ​ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​ទុក ចូរ​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ! រួច​ទៅ​ឲ្យ​ឆាប់ ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់​ថា ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ»។ ដូច្នេះ​ស្ត្រី​ទាំង​នោះ​ប្រញាប់​ប្រញាល់​ចេញ​ពី​ផ្នូរ​ទាំង​ភ័យ​ផង​អរ​ផង។

ឥឡូវ​នេះ ម៉ារា​រក​ឃើញ​ពេត្រុស​និង​យ៉ូហាន​ហើយ ភ្លាម​នោះ​គាត់​ប្រាប់​ពេត្រុស​និង​យ៉ូហាន​ថា៖ «គេ​បាន​យក​ព្រះ​អម្ចាស់​ចេញ​ពី​ផ្នូរ​ហើយ យើង​ខ្ញុំ​មិន​ដឹង​ជា​គេ​យក​ទៅ​ទុក​ឯ​ណា​ទេ»។ ភ្លាម​នោះ ពួក​សាវ័ក​ពីរ​នាក់​ក៏​រត់​ទៅ​មើល។

យ៉ូហាន​រត់​លឿន​ជាង គឺ​ដោយ​សារ​តែ​គាត់​ក្មេង​ជាង ដូច្នេះ​គាត់​បាន​ទៅ​ដល់​ផ្នូរ​មុន។ ពេល​ទៅ​ដល់ ពួក​ស្ត្រី​ចេញ​ទៅ​អស់​ហើយ ឥត​មាន​អ្នក​ណា​នៅ​ទី​នោះ​ទេ។ ដោយ​ចាំ​នៅ​ខាង​ក្រៅ​យ៉ូហាន​ក៏​អើត​មើល​ទៅ​ក្នុង​ផ្នូរ ហើយ​ឃើញ​តែ​សំពត់​ស្នប​នៅ​ក្នុង​នោះ។

ពេល​ពេត្រុស​មក​ដល់ នោះ​គាត់​ឥត​ស្ទាក់​ស្ទើរ​ទេ​ក៏​ចូល​ទៅ​ក្នុង​ផ្នូរ​ភ្លាម។ គាត់​ឃើញ​សំពត់​ស្នប​នៅ​ក្នុង​នោះ ហើយ​ឃើញ​កន្សែង​ដែល​គ្រប​ព្រះ​សិរសា​របស់​ព្រះ​យេស៊ូ គឺ​បាន​បត់​ដាក់​នៅ​ម្ខាង​វិញ។ ឥឡូវ​នេះ យ៉ូហាន​ក៏​ចូល​ក្នុង ហើយ​ក៏​ជឿ​សំដី​របស់​ម៉ារា។ ប៉ុន្តែ ពេត្រុស​និង​យ៉ូហាន​មិន​យល់​ថា ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​ឡើង​វិញ​ទេ ទោះ​ជា​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​គាត់​រឿង​នេះ​ច្រើន​ដង​ថា​ទ្រង់​នឹង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ក៏​ដោយ។ ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ឆ្ងល់ ប៉ុន្តែ​ម៉ារា​ឥត​ទៅ​ណា​ទេ នាង​បាន​ត្រឡប់​មក​ផ្នូរ​វិញ។

ដំណាល​ពេល​នោះ ដូច​ជា​ទេវតា​បង្គាប់​ឲ្យ​ធ្វើ នោះ​ស្ត្រី​ឯ​ទៀត​ក៏​ប្រញាប់​ប្រញាល់​រត់​ទៅ​ប្រាប់​ពួក​សិស្ស ថា​ព្រះ​យេស៊ូ​បាន​ត្រូវ​រស់​ឡើង​វិញ។ តែ​កាល​ពួក​គាត់​កំពុង​តែ​រត់​យ៉ាង​លឿន នោះ​ព្រះ​យេស៊ូ​ទ្រង់​យាង​មក​ជួប​ពួក​គាត់ មាន​បន្ទូល​ថា៖ «ជំរាប​សួរ!»។ រួច​អ្នក​ទាំង​ពីរ​ក៏​ចូល​ទៅ​ឱប​ព្រះ​បាទ​ទ្រង់​ហើយ​គោរព។ រួច​មក​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «កុំ​ខ្លាច​អី! ចូរ​ទៅ​ប្រាប់​ដល់​បង​ប្អូន​ខ្ញុំ​ផង ឲ្យ​គេ​ទៅ​ឯ​ស្រុក​កាលីឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ស្រុក​នោះ​ហើយ»។

មុន​នេះ ពេល​មាន​កក្រើក​ដី​និង​មាន​ទេវតា​លេច​ខ្លួន​ឲ្យ​ឃើញ នោះ​ពួក​ទាហាន​ដែល​នៅ​ចាំ​យាម​ភ័យ​ញ័រ​ជា​ខ្លាំង ហើយ​ក៏​សន្លប់​បាត់​ស្មារតី​ដូច​មនុស្ស​ស្លាប់។ ពេល​ដឹង​ខ្លួន​វិញ ពួក​គេ​ក៏​រត់​ទៅ​ទី​ក្រុង​ប្រាប់​ពួក​សង្គ្រាជ​នូវ​អ្វី​ដែល​បាន​កើត​ឡើង។ ក្រោយ​ពី​ប្រជុំ​ពិភាក្សា​គ្នា​ជា​មួយ«ពួក​ចាស់​ទុំ»ក្នុង​សាសន៍​យូដា នោះ​ពួក​គេ​សម្រេច​ចិត្ត​យក​ប្រាក់​ទៅ​សូក​ពួក​ទាហាន​កុំ​ឲ្យ​ប្រាប់​ការ​ពិត។ ពួក​គេ​បង្គាប់​ទាហាន​នោះ​ថា៖ «ចូរ​ឯង​រាល់​គ្នា​និយាយ​ថា ‹ក្នុង​កាល​ដែល​យើង​ខ្ញុំ​កំពុង​តែ​ដេក​លក់ នោះ​ពួក​សិស្ស​របស់​វា បាន​មក​លួច​យក​ខ្មោច​វា ទាំង​យប់​បាត់​ទៅ​ហើយ›»។

ពួក​ទាហាន​រ៉ូម​អាច​មាន​ទោស​ដល់​ស្លាប់ បើ​ពួក​គេ​ដេក​លក់​ពេល​ចាំ​យាម​នោះ ដូច្នេះ​ពួក​សង្គ្រាជ​បាន​សន្យា​ថា៖ «បើ​សេចក្ដី​នោះ[ការ​រាយ​ការណ៍​ថា​ពួក​អ្នក​យាម​ដេក​លក់]ឮ​ទៅ​ដល់​លោក​ចៅហ្វាយ នោះ​យើង​នឹង​ទៅ​ពន្យល់​លោក ឲ្យ​ឯង​រាល់​គ្នា​បាន​រួច​ពី​ទោស»។ ពួក​ទាហាន​ធ្វើ​តាម​សេចក្ដី​ដែល​ពួក​គេ​បង្គាប់ ពីព្រោះ​ដោយ​សារ​ប្រាក់​សំណូក​ច្រើន។ ជា​លទ្ធផល ការ​រាយ​ការណ៍​ក្លែង​ក្លាយ​អំពី​ចោរ​មក​យក​សព​របស់​ព្រះ​យេស៊ូ ក៏​ឮ​សុស​សាយ​ពេញ​ស្រុក​យូដា។

ម៉ារា​ម៉ាក់ដាឡា ដែល​នៅ​ឯ​ផ្នូរ​ក៏​សោក​សៅ​យ៉ាង​ខ្លាំង។ តើ​ព្រះ​យេស៊ូ​នៅ​ឯ​ណា​ទៅ? ពេល​គាត់​អើត​មើល​ក្នុង​ផ្នូរ គាត់​ឃើញ​ទេវតា​ពីរ​រូប​ស្លៀក​ពាក់​ស ដែល​បាន​លេច​ខ្លួន​ឲ្យ​ឃើញ​ម្ដង​ទៀត។ ទេវតា​មួយ​រូប​អង្គុយ​ខាង​ព្រះ​សិរសា ម្នាក់​ទៀត​អង្គុយ​ខាង​ចុង​ព្រះ​បាទា ត្រង់​កន្លែង​ដែល​តំកល់​ព្រះ​សព​ព្រះ​យេស៊ូ។ ទេវតា​នោះ​សួរ​ថា៖ «នាង​អើយ! ហេតុ​អ្វី​បាន​ជា​យំ?»។

ម៉ារា​ឆ្លើយ​ថា៖ «ពីព្រោះ​គេ​បាន​យក​ព្រះ​អម្ចាស់​ខ្ញុំ​ទៅ​បាត់ ហើយ​ខ្ញុំ​មិន​ដឹង​ជា​គេ​ទុក​ទ្រង់​នៅ​ឯ​ណា​ទេ»។ នាង​និយាយ​ដូច្នោះ រួច​បែរ​ខ្លួន​ទៅ​ក្រោយ ឃើញ​បុគ្គល​ម្នាក់​ទៀត​ដែល​សួរ​សំនួរ​ដូច​គ្នា​ថា៖ «នាង​អើយ! ហេតុ​អ្វី​បាន​ជា​យំ?»។ បុគ្គល​ម្នាក់​នេះ​ក៏​សួរ​ថា៖ «នាង​រក​អ្នក​ណា?»។

ដោយ​សារ​ផ្នូរ​របស់​ព្រះ​យេស៊ូ​នៅ​ក្នុង​សួន​ច្បារ នាង​ស្មាន​ថា​បុគ្គល​នោះ​ជា​អ្នក​ថែ​រក្សា​សួន​ច្បារ ទើប​នាង​និយាយ​ទៅ​កាន់​គាត់​ថា៖ «លោក​នាយ​អើយ! បើ​លោក​បាន​យក​ព្រះ​សព​ចេញ​ទៅ​ឯ​ណា នោះ​សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​កន្លែង​ដែល​បាន​ទុក​ផង ខ្ញុំ​នឹង​ទៅ​នាំ​យក»។

បុគ្គល​នេះ​ពោល​ទៅ​នាង​ថា៖ «ម៉ារា​អើយ!»។ ភ្លាម​នោះ​ម៉ារា​ដឹង​ថា គឺ​ជា​ព្រះ​យេស៊ូ ដោយ​ស្គាល់​សម្លេង​ដែល​ទ្រង់​មាន​បន្ទូល​ដល់​នាង។ នាង​លាន់​មាត់​ទូល​ទ្រង់​ថា៖ «រ៉ាបូនី!» (ដែល​មាន​ន័យ​ថា «លោក​គ្រូ!»)។ ម៉ារា​មាន​ចិត្ត​ត្រេក​អរ​ជា​ខ្លាំង គាត់​ក៏​លូក​ដៃ​ទៅ​ពាល់​ព្រះ​យេស៊ូ។ ប៉ុន្តែ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖ «កុំ​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះ​វរបិតា​ខ្ញុំ​នៅ​ឡើយ ចូរ​នាង​ទៅ​ឯ​ពួក​បង​ប្អូន​ខ្ញុំ​ប្រាប់​គេ​ថា‹ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ​វរបិតា​ខ្ញុំ ជា​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ›»។

ឥឡូវ​នេះ ម៉ារា​រត់​នៅ​កន្លែង​ដែល​ពួក​សាវ័ក​និង​សិស្ស​ឯ​ទៀត​បាន​ជួប​ជុំ​គ្នា។ គាត់​បាន​និយាយ​ថែម​ទៀត​ពី​ការ​រាយ​ការណ៍ ដែល​ស្ត្រី​ឯ​ទៀត​ធ្លាប់​ប្រាប់​រួច​ហើយ ថា​បាន​ឃើញ​ព្រះ​យេស៊ូ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ប៉ុន្តែ ពួក​បុរស​ទាំង​នេះ​មិន​ជឿ​ពាក្យ​សំដី​ពួក​ស្ត្រី​ដែល​មក​ប្រាប់​កាល​ពី​ដំបូង​ទេ ហើយ​តាម​មើល​ទៅ​ពួក​គាត់​ក៏​នៅ​តែ​មិន​ជឿ​រឿង​ដែល​ម៉ារា​ប្រាប់​នោះ​ដែរ។ ម៉ាថាយ ២៨:៣​-​១៥; ម៉ាកុស ១៦:៥​-​៨; លូកា ២៤:៤​-​១២; យ៉ូហាន ២០:២​-​១៨

តើ​ម៉ារា​ម៉ាក់ដាឡា​ធ្វើ​អ្វី ពេល​ឃើញ​ផ្នូរ​នៅ​ទទេ? តើ​ពួក​ស្ត្រី​ឯ​ទៀត​បាន​ឃើញ​អ្វី​ខ្លះ?

តើ​ពេត្រុស​និង​យ៉ូហាន​បាន​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​ឃើញ​ផ្នូរ​នៅ​ទទេ?

តើ​ស្ត្រី​ឯ​ទៀត​ជួប​អ្នក​ណា​ពេល​ទៅ​ប្រាប់​ពួក​សិស្ស ថា​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ?

តើ​មាន​អ្វី​កើត​ឡើង​ដល់​ពួក​ទាហាន​ដែល​យាម​នៅ​ទី​នោះ? តើ​ពួក​សង្ឃ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ពេល​ពួក​ទាហាន ជា​អ្នក​យាម​រ៉ាយរ៉ាប់​ប្រាប់​អំពី​រឿង​នេះ?

តើ​មាន​អ្វី​កើត​ឡើង​ពេល​ម៉ារា​ម៉ាក់ដាឡា​នៅ​ឯ​ផ្នូរ​ម្នាក់​ឯង? តើ​ពួក​សិស្ស​មាន​ប្រតិកម្ម​តប​យ៉ាង​ណា​ចំពោះ​ការ​រាយ​ការណ៍​របស់​ស្រី​ៗ​នោះ?