ព្រះយេស៊ូយាងទៅទីក្រុងយេរូសាឡិមម្ដងទៀត
ជំពូកទី៨២
ព្រះយេស៊ូយាងទៅទីក្រុងយេរូសាឡិមម្ដងទៀត
មិនយូរប៉ុន្មាន ព្រះយេស៊ូក៏យាងទៅតាមផ្លូវម្ដងទៀត ដើម្បីបង្រៀនមនុស្សពីទីក្រុងមួយទៅទីក្រុងមួយ និងពីភូមិមួយទៅភូមិមួយទៀត។ យ៉ាងច្បាស់ណាស់ ព្រះយេស៊ូនៅក្នុងស្រុកប៉េរ៉េ ដែលនៅម្ខាងទន្លេយ័រដាន់ពីស្រុកយូដា។ ប៉ុន្តែ ព្រះយេស៊ូធ្វើដំណើរឆ្ពោះទៅទីក្រុងយេរូសាឡិម។
តាមទស្សនវិជ្ជារបស់ពួកយូដាចែងថា មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលនឹងទទួលសេចក្ដីសង្គ្រោះ ហេតុដូច្នេះហើយបានជាជំរុញឲ្យបុរសម្នាក់សួរថា៖ «ព្រះអម្ចាស់អើយ! តើមនុស្សដែលបានសង្គ្រោះ មានគ្នាតែបន្ដិចទេឬ?»។ ព្រះយេស៊ូមានបន្ទូលជំរុញឲ្យហ្វូងមនុស្សគិតនូវអ្វីដែលត្រូវការដើម្បីទទួលសេចក្ដីសង្គ្រោះ ដោយតបថា៖ «ចូរខំប្រឹងយ៉ាងអស់ពីចិត្ត[នោះគឺ ពុះពារទាំងលំបាក ឬក៏ដោយការឈឺចាប់យ៉ាងខ្លាំង] ឲ្យបានចូលទៅតាមទ្វារចង្អៀត»។
ការខំប្រឹងបែបនេះគឺត្រូវការជាបន្ទាន់ ដ្បិតព្រះយេស៊ូមានបន្ទូលបន្តថា៖ «ដ្បិត . . . នឹងមានមនុស្សជាច្រើនខំប្រឹងរកចូលដែរ តែចូលមិនបានទេ»។ ហេតុអ្វីក៏ពួកគេចូលមិនបានដូច្នេះ? ព្រះយេស៊ូពន្យល់ថា៖ ‹កាលណាម្ចាស់ផ្ទះបានក្រោកឡើងបិទទ្វារ ហើយមនុស្សឈរនៅខាងក្រៅ គោះទ្វារទូលថា៖ «ឱព្រះអម្ចាស់ៗអើយ! សូមបើកឲ្យយើងខ្ញុំផង»។ នោះទ្រង់នឹងមានបន្ទូលឆ្លើយថា៖ «អញមិនស្គាល់ឯងរាល់គ្នាដែលមកពីណាទេ នែ! អស់អ្នកដែលប្រព្រឹត្តសេចក្ដីទុច្ចរិតអើយ! ចូរថយចេញពីអញទៅ!»›។
តាមមើលទៅ អស់អ្នកនៅខាងក្រៅដែលចូលមិនបានដោយជាប់សោ បានវិលមកនៅវេលាដែលខ្លួនគេចង់មកប៉ុណ្ណោះ។ ប៉ុន្តែទំរាំដល់ពេលនោះ ទ្វារចូលគឺបិទនិងដាក់រនុកទៅហើយ។ ពួកគេគួរតែមកមុននេះដើម្បីបានចូល ទោះជាពេលនោះជាពេលដែលពិបាកធ្វើសំរាប់ពួកគេក៏ដោយ។ ប្រាកដហើយ លទ្ធផលដ៏គួរឲ្យសោកស្ដាយគឺមានសំរាប់ពួកអ្នកដែលទុកការថ្វាយបង្គំព្រះយេហូវ៉ាចោលមួយឡែក ដោយចាត់ទុកអ្វីផ្សេងទៀតគឺសំខាន់បំផុតក្នុងជីវិតរបស់ពួកគេ!
ពួកសាសន៍យូដាភាគច្រើន ដែលព្រះយេស៊ូយាងមកបំរើនោះ ឥតបានចាប់យកឱកាសដ៏អស្ចារ្យនេះដែលជាសំវិធានការរបស់ព្រះចំពោះសេចក្ដីសង្គ្រោះទេ។ ដូច្នេះ ព្រះយេស៊ូមានបន្ទូលថា ពួកគេនឹងយំហើយសង្កៀតធ្មេញរបស់ពួកគេ ពេលដែលត្រូវបោះទៅក្រៅនោះ។ ម្យ៉ាងវិញទៀត មនុស្សដែលមកពី«ទិសខាងកើត ខាងលិច ខាងជើង ហើយខាងត្បូង» គឺមកពីគ្រប់ទាំងសាសន៍នឹង«មកអង្គុយក្នុងនគរព្រះដែរ»។
ព្រះយេស៊ូមានបន្ទូលទៀតថា៖ «ហើយមើល! នឹងមានមនុស្សក្រោយ[មនុស្សមិនមែនជាសាសន៍យូដាដែលគេស្អប់ ព្រមទាំងសាសន៍យូដាដែលត្រូវគេជិះជាន់]ទៅជាមុន នឹងមនុស្សមុន[ពួកសាសន៍យូដាជាអ្នកមាននិងអ្នកកាន់សាសនា]ទៅជាក្រោយវិញ»។ ពួកអ្នកទាំងនេះមកក្រោយ មានន័យថាពួកនេះខ្ជិល និងជាមនុស្សឥតដឹងគុណ ហើយមិនអាចទទួលព្រះរាជាណាចក្របានឡើយ។
ឥឡូវនេះ ពួកផារីស៊ីមកគាល់ព្រះយេស៊ូ ហើយទូលទ្រង់ថា៖ «ចូរថយចេញពីនេះទៅ! ដ្បិតស្តេចហេរ៉ូឌ[អាន់ទីប៉ាស]រកចង់សំឡាប់លោក»។ ប្រហែលជាស្តេចហេរ៉ូឌបានផ្ដើមពាក្យចចាមអារ៉ាម ដើម្បីឲ្យព្រះយេស៊ូគេចខ្លួនចេញពីតំបន់នេះ។ ស្តេចហេរ៉ូឌប្រហែលជាខ្លាចថាទ្រង់អាចមានឈ្មោះ ក្នុងការរួមដៃប្រហារជីវិតព្យាការីរបស់ព្រះម្នាក់ទៀត ដូចដែលទ្រង់ធ្លាប់មានឈ្មោះរួមដៃសម្លាប់យ៉ូហានបាទីស្ទដែរ។ តែព្រះយេស៊ូមានបន្ទូលទៅពួកផារីស៊ីថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់សត្វកញ្ជ្រោងនោះថា មើល! ខ្ញុំដេញអារក្ស ហើយប្រោសមនុស្សឲ្យជា នៅថ្ងៃនេះ ហើយថ្ងៃស្អែក លុះដល់ថ្ងៃទី៣ ខ្ញុំនឹងបានសំរេចការ»។
ក្រោយពីព្រះយេស៊ូបញ្ចប់កិច្ចការរបស់ទ្រង់នៅទីនោះ ទ្រង់ក៏ធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡិម ពីព្រោះទ្រង់បានពន្យល់ថា៖ «ដ្បិតគ្មានទំនងឲ្យហោរាណាវិនាស ក្រៅពីក្រុងយេរូសាឡិមទេ»។ ហេតុអ្វីក៏ទំនងជាព្រះយេស៊ូនឹងសោយទិវង្គតនៅក្រុងយេរូសាឡិម? ពីព្រោះក្រុងយេរូសាឡិមជារាជធានី ក៏ជាទីតាំងក្រុមប្រឹក្សាជាន់ខ្ពស់ដែលមានសមាជិក៧១នាក់ ហើយជាទីកន្លែងបូជាសត្វ។ ហេតុនេះគឺជាការមិនត្រឹមត្រូវឡើយ ដែលឲ្យគេធ្វើគុត«កូនចៀមនៃព្រះ»នៅកន្លែងផ្សេងក្រៅពីក្រុងយេរូសាឡិមនោះ។
ព្រះយេស៊ូមានបន្ទូលដោយការសោកស្ដាយថា៖ «ឱយេរូសាឡិម! ក្រុងយេរូសាឡិម ជាទីក្រុងដែលសំឡាប់ពួកហោរា ហើយចោលថ្មទៅអស់អ្នក ដែលបានចាត់មកឯឯងអើយ! តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងរាល់គ្នា ដូចជាមេមាន់ប្រមូលកូនក្រុងក្រោមស្លាប? តែឯងមិនព្រមសោះនោះ មើល! ផ្ទះឯងរាល់គ្នាត្រូវចោលនៅស្ងាត់ឈឹង»។ សាសន៍នេះនឹងត្រូវទទួលសេចក្ដីហិនវិនាស ពីព្រោះពួកគេបដិសេធចោលបុត្រារបស់ព្រះ។
កាលដែលព្រះយេស៊ូយាងដំណើរបន្តឆ្ពោះទៅក្រុងយេរូសាឡិម គេបានអញ្ជើញទ្រង់ឲ្យចូលផ្ទះរបស់មេដឹកនាំផារីស៊ី។ ថ្ងៃនោះជាថ្ងៃឈប់សំរាកហើយបណ្ដាជនកំពុងសម្លឹងមើលទ្រង់យ៉ាងយកចិត្តទុកដាក់ ដ្បិតមានបុរសម្នាក់កើតទាច ដែលដៃនិងជើងរបស់គាត់ហើមសុទ្ធតែទឹកនៅខាងក្នុង។ ព្រះយេស៊ូមានបន្ទូលសួរពួកអ្នកប្រាជ្ញច្បាប់និងពួកផារីស៊ីដែលមានវត្តមាននៅទីនោះថា៖ «តើមានច្បាប់នឹងមើលឲ្យជា នៅថ្ងៃឈប់សំរាកឬទេ?»។
ពួកគេនៅស្ងៀមទាំងអស់គ្នា។ ដូច្នេះ ព្រះយេស៊ូក៏ប្រោសបុរសនេះឲ្យជា រួចឲ្យគាត់ចេញទៅ។ រួចមក ទ្រង់សួរពួកគេថា៖ «ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានលាឬគោ ធ្លាក់ចុះក្នុងរណ្ដៅ នៅថ្ងៃឈប់សំរាក តើមិនស្រង់យកចេញ ក្នុង១រំពេចនោះទេឬ?»។ ម្ដងនេះទៀត ពួកគេរកពាក្យតបឆ្លើយមិនបានឡើយ។ លូកា ១៣:២២–១៤:៦; យ៉ូហាន ១:២៩
▪ តើព្រះយេស៊ូមានបន្ទូលយ៉ាងណា ដើម្បីឲ្យបានសេចក្ដីសង្គ្រោះ? ហើយហេតុអ្វីបានជាមនុស្សជាច្រើននៅខាងក្រៅមិនអាចចូលបានដោយជាប់សោនោះ?
▪ តើអ្នកណាដែលនៅ«ក្រោយ» តែមកមុនវិញ? ហើយតើអ្នកណាមក«មុន» តែនៅក្រោយទៅវិញ?
▪ ហេតុអ្វីក៏អាចនិយាយថា ស្តេចហេរ៉ូឌចង់ធ្វើគុតដល់ព្រះយេស៊ូ?
▪ ហេតុអ្វីក៏មិនត្រឹមត្រូវក្នុងការធ្វើគុតព្យាការីម្នាក់នៅខាងក្រៅក្រុងយេរូសាឡិមដូច្នេះ?