លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេស៊ូស្តីបន្ទោសពួកផារីស៊ី

ព្រះយេស៊ូស្តីបន្ទោសពួកផារីស៊ី

ជំពូក​ទី​៤២

ព្រះ​យេស៊ូ​ស្តី​បន្ទោស​ពួក​ផារីស៊ី

ប្រសិន​បើ​ដោយ​អំណាច​របស់​សាតាំង ដែល​ទ្រង់​បាន​បណ្ដេញ​ពួក​អារក្ស​នោះ ព្រះ​យេស៊ូ​ច្បាស់​ជា​ចង់​មាន​បន្ទូល​ថា សាតាំង​និង​បក្ស​ពួក​របស់​វា​នឹង​បែក​ខ្ញែក​គ្នា​ហើយ។ ទ្រង់​មាន​បន្ទូល​តប​វិញ​ថា៖ «ត្រូវ​តែ​រាប់​ថា ដើម​ឈើ​ល្អ ផ្លែ​វា​ក៏​ល្អ ឬ​ថា​ដើម​ឈើ​អាក្រក់ ហើយ​ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​ដោយ​សារ​ផ្លែ​វា»។

គឺ​ជា​ការ​ល្ងី​ល្ងើ​ហើយ​ដែល​ចោទ​ថា ផល​ដ៏​ល្អ​កើត​មក​ពី​ការ​បណ្ដេញ​អារក្ស​ចេញ គឺ​ដោយ​សារ​ព្រះ​យេស៊ូ​បំរើ​សាតាំង​នោះ។ ប្រសិន​បើ​ផ្លែ​ល្អ នោះ​ដើម​ឈើ​មិន​អាច​ទៅ​ជា​អាក្រក់​ឡើយ។ ផ្ទុយ​ទៅ​វិញ ផល​ផ្លែ​ដ៏​អាក្រក់​របស់​ពួក​ផារីស៊ី​ដែល​ចោទ​ដ៏​ល្ងី​ល្ងើ​នេះ ថែម​ទាំង​ការ​ប្រឆាំង​ដ៏​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ទាស់​នឹង​ព្រះ​យេស៊ូ ជា​ភស្តុ​តាង​បញ្ជាក់​ថា​ពួក​គេ​ជា​ពួក​អាក្រក់​ទៅ​វិញ។ ព្រះ​យេស៊ូ​បាន​លាន់​ព្រះ​ឱស្ឋ​ថា៖ «ពូជ​ពស់​វែក​អើយ! ដែល​អ្នក​រាល់​គ្នា​អាក្រក់​ម្ល៉េះ តើ​ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ពោល​សេចក្ដី​ល្អ​បាន ពីព្រោះ​មាត់​តែង​និយាយ តាម​សេចក្ដី​បរិបូរ​ដែល​នៅ​ក្នុង​ចិត្ត»។

ដោយ​ពាក្យ​សំដី​របស់​យើង​បង្ហាញ​នូវ​សភាព​នៃ​ចិត្ត​របស់​យើង អ្វី​ដែល​យើង​និយាយ​ផ្ដល់​នូវ​មូលដ្ឋាន​សំរាប់​ការ​ជំនុំ​ជំរះ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​មនុស្ស​លោក​នឹង​ត្រូវ​រៀប​រាប់​ប្រាប់ ពី​អស់​ទាំង​ហេតុ​នៃ​ពាក្យ​ឥត​ប្រយោជន៍ ដែល​គេ​បាន​និយាយ ដ្បិត​អ្នក​នឹង​បាន​រាប់​ជា​សុចរិត ដោយ​សារ​ពាក្យ​សំដី​របស់​ខ្លួន ឬ​នឹង​ត្រូវ​ទោស ក៏​ដោយ​សារ​តែ​ពាក្យ​សំដី​នោះ​ដែរ»។

ថ្វី​បើ​ព្រះ​យេស៊ូ​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ​ក៏​ដោយ នោះ​ពួក​ស្ក្រែប​និង​ពួក​ផារីស៊ី​ស្នើ​សុំ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ចង់​ឃើញ​ទី​សម្គាល់​ពី​លោក»។ ថ្វី​បើ​ពួក​បុរស​ទាំង​នេះ​ពី​ក្រុង​យេរូសាឡិម ប្រហែល​ជា​មិន​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នឹង​អព្ភូតហេតុ​របស់​ទ្រង់​ក៏​ដោយ គឺ​មាន​ទី​សំអាង​និង​សាក្សី​ស្តី​អំពី​រឿង​ទាំង​នេះ​ដែរ។ ដូច្នេះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពួក​មេ​ដឹក​នាំ​យូដា​ថា៖ «ដំណ​មនុស្ស​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​ចង់​ឃើញ​ទី​សំគាល់ តែ​នឹង​គ្មាន​ទី​សំគាល់​ណា​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សំគាល់​របស់​ហោរា​យ៉ូណាស​ឡើយ»។

ព្រះ​យេស៊ូ​ពន្យល់​នូវ​អ្វី​ដែល​ទ្រង់​ចង់​មាន​បន្ទូល ដោយ​បន្ត​ថា៖ «ដ្បិត​ដែល​លោក​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​ធំ អស់​៣​ថ្ងៃ​៣​យប់​យ៉ាង​ណា កូន​មនុស្ស​ក៏​នឹង​នៅ​ក្នុង​ផ្ទៃ​ផែនដី​៣​ថ្ងៃ​៣​យប់​យ៉ាង​នោះ​ដែរ»។ ក្រោយ​ពី​ត្រី​បាន​លេប​គាត់ នោះ​យ៉ូណាស​បាន​ចេញ​មក​វិញ​ហាក់​ដូច​ជា​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដូច្នេះ​ព្រះ​យេស៊ូ​បាន​ទាយ​ប្រាប់​ថា ទ្រង់​នឹង​សោយ​ទិវង្គត ហើយ​នៅ​ថ្ងៃ​ទី​បី ទ្រង់​នឹង​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ក៏​ប៉ុន្តែ សូម្បី​តែ​ព្រះ​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្រោយ​មក​ក្ដី ក៏​ពួក​មេ​ដឹក​នាំ​យូដា​បដិសេធ«ទី​សំគាល់​របស់​ហោរា​យ៉ូណាស»ដែរ។

ដូច្នេះ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា ដោយ​សារ​លោក​យ៉ូណាស​បាន​ផ្សព្វ​ផ្សាយ​ប្រាប់ ហើយ​ពួក​បុរស​នៅ​ទី​ក្រុង​នីនីវេ​ដែល​បាន​ប្រែ​ចិត្ត នោះ​នឹង​ស​ឲ្យ​ឃើញ​ជា​គំរូ​សំរាប់​ពួក​យូដា​ដែល​នឹង​ទទួល​ការ​ផ្ដន្ទា​ទោស​ក្នុង​គ្រា​ជំនុំ​ជំរះ​ដែល​បដិសេធ​ចោល​ព្រះ​យេស៊ូ​នោះ។ ស្រដៀង​គ្នា​ដែរ ទ្រង់​បាន​ប្រៀប​ធៀប​ទៅ​នឹង​មហា​ក្សត្រី​នៅ​ស្រុក​សេបា ​ដែល​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​មក​ស្ដាប់​ចំណេះ​របស់​ហ្លួង​សាឡូម៉ូន ហើយ​បាន​មាន​សេចក្ដី​កោត​ស្ងើច​នឹង​អ្វី​ដែល​ព្រះ​នាង​បាន​ទត​ឃើញ​និង​សណ្ដាប់​ឮ។ ព្រះ​យេស៊ូ​កត់​សម្គាល់​ថា៖ «ហើយ​មើល! នៅ​ទី​នេះ​មាន​១​អង្គ​វិសេស​ជាង​ហ្លួង​សាឡូម៉ូន​ទៅ​ទៀត»។

រួច​មក ព្រះ​យេស៊ូ​ប្រទាន​នូវ​រឿង​ប្រៀប​ប្រដូច​អំពី​បុរស​ម្នាក់ ដែល​វិញ្ញាណ​អាក្រក់​បាន​ចេញ​ហើយ​នោះ។ ប៉ុន្តែ បុរស​នេះ​មិន​បាន​ផ្ដល់​ឲ្យ​ខ្លួន​ឯង​នូវ​អ្វី​ៗ​ដ៏​ល្អ​ៗ​នោះ​ទេ ដូច្នេះ​អារក្ស​ប្រាំ​ពីរ​ដ៏​ខ្លាំង​ក៏​ចូល​គាត់​ទៀត។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ឯ​មនុស្ស​ដំណ​អាក្រក់​នេះ គេ​នឹង​បាន​ដូច្នោះ​ដែរ»។ សាសន៍​អ៊ីស្រាអែល​បាន​ត្រូវ​សំអាត​ហើយ​បាន​ពិសោធន៍​នូវ​ការ​កែ​ទំ​រង់ ដូច​ជា​ការ​ជៀស​ចេញ​ជា​បណ្ដោះ​អាសន្ន​ពី​វិញ្ញាណ​អាក្រក់។ ប៉ុន្តែ ការ​បដិសេធ​របស់​សាសន៍​នេះ​ចំពោះ​ពួក​ព្យាការី​របស់​ព្រះ ដែល​ក្រោយ​មក​បាន​ប្រឆាំង​នឹង​ព្រះ​គ្រីស្ទ​ផ្ទាល់ នោះ​លាត​ត្រដាង​នូវ​សភាព​ដ៏​កំណាច ដែល​មាន​កាន់​តែ​អាក្រក់​ជាង​ពី​មុន​ទៅ​ទៀត។

កាល​ដែល​ព្រះ​យេស៊ូ​កំពុង​តែ​មាន​បន្ទូល នោះ​មាតា​និង​បង​ប្អូន​ទ្រង់​ក៏​មក​ដល់ ឈរ​នៅ​ខាង​ក្រៅ។ ដូច្នេះ​មនុស្ស​ម្នាក់​និយាយ​ថា៖ «មើល​ន៏! ម្ដាយ នឹង​ប្អូន​លោក ឈរ​នៅ​ខាង​ក្រៅ​ចង់​និយាយ​នឹង​លោក»។

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «តើ​អ្នក​ណា​ជា​ម្ដាយ​ហើយ​ជា​ប្អូន​ខ្ញុំ?» រួច​ទ្រង់​ក៏​លើក​ព្រះ​ហស្ត​ចង្អុល​តំរង់​ទៅ​ពួក​សាវ័ក​របស់​ទ្រង់ នោះ​ទ្រង់​មាន​បន្ទូល​ថា៖ «នុ៎ះ​ន៏! ម្ដាយ ហើយ​នឹង​ប្អូន​ខ្ញុំ ដ្បិត​អ្នក​ណា ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌ គឺ​អ្នក​នោះ​ហើយ ជា​ប្អូន​ប្រុស​ស្រី ហើយ​ជា​ម្ដាយ​ខ្ញុំ​វិញ»។ តាម​របៀប​នេះ ព្រះ​យេស៊ូ​បង្ហាញ​ថា​ទោះ​ជា​ទ្រង់​ជិត​ស្និទ្ធ​ឬ​មាន​សាច់​ញាតិ​ក្ដី នោះ​ទំនាក់​ទំនង​ជា​មួយ​ពួក​សិស្ស​របស់​ទ្រង់​គឺ​មាន​តម្លៃ​ជាង​នោះ​ទៅ​ទៀត។ ម៉ាថាយ ១២:៣៣​-​៥០; ម៉ាកុស ៣:៣១​-​៣៥; លូកា ៨:១៩​-​២១

តើ​ពួក​ផារីស៊ី​មិន​បាន​ធ្វើ​ឲ្យ«ដើម​ឈើ»និង«ផ្លែ»ទៅ​ជា​ល្អ​យ៉ាង​ដូច​ម្ដេច?

តើ​អ្វី​ជា«ទី​សំគាល់​របស់​លោក​យ៉ូណាស»? ហើយ​តើ​បាន​ត្រូវ​បដិសេធ​ចោល​នោះ​ក្រោយ​មក​យ៉ាង​ដូច​ម្ដេច?

តើ​សាសន៍​អ៊ីស្រាអែល​នៅ​សតវត្ស​ទី​មួយ​ប្រៀប​ដូច​ជា​បុរស ដែល​មាន​វិញ្ញាណ​អាក្រក់​បាន​ចេញ​នោះ យ៉ាង​ដូច​ម្ដេច?

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បញ្ជាក់​នូវ​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ ជា​មួយ​ពួក​សិស្ស​របស់​ទ្រង់​នោះ?