លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភារកិច្ចនៃការធ្វើជាសិស្ស

ភារកិច្ចនៃការធ្វើជាសិស្ស

ជំពូក​ទី​៨៤

ភារកិច្ច​នៃ​ការ​ធ្វើ​ជា​សិស្ស

ក្រោយ​ព្រះ​យេស៊ូ​យាង​ចេញ​ពី​ផ្ទះ​ផារីស៊ី​ដ៏​ធំ​ដុំ​ម្នាក់ ដែល​តាម​មើល​ទៅ​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ នោះ​ព្រះ​យេស៊ូ​ក៏​បន្ត​យាង​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម។ មាន​បណ្ដា​ជន​ជា​ច្រើន​ធ្វើ​ដំណើរ​ជា​មួយ​ទ្រង់​ដែរ។ តើ​ពួក​គេ​មាន​បំណង​យ៉ាង​ណា? តើ​ការ​ធ្វើ​ជា​អ្នក​កាន់​តាម​ដ៏​ពិត​របស់​ទ្រង់​មាន​ភារកិច្ច​អ្វី​ខ្លះ?

កាល​កំពុង​តែ​ធ្វើ​ដំណើរ នោះ​ព្រះ​យេស៊ូ​បែរ​ព្រះ​ភ័ក្ដ្រ​ទៅ​រក​ហ្វូង​មនុស្ស ហើយ​ប្រហែល​ជា​ទ្រង់​ធ្វើ​ឲ្យ​ពួក​គេ​ភ្ញាក់​ផ្អើល ពេល​ទ្រង់​មាន​បន្ទូល​ថា៖ «បើ​អ្នក​ណា​មក​ឯ​ខ្ញុំ ដោយ​មិន​បាន​លះ​អាល័យ​ពី​ឪពុក​ម្ដាយ ប្រពន្ធ​កូន បង​ប្អូន​ប្រុស​ស្រី នឹង​ជីវិត​ខ្លួន​ឯង​ផង អ្នក​នោះ​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ!»។

តើ​ព្រះ​យេស៊ូ​ចង់​មាន​ន័យ​យ៉ាង​ណា? ព្រះ​យេស៊ូ​មិន​មែន​មាន​ន័យ​ថា អស់​អ្នក​កាន់​តាម​ទ្រង់​គួរ​ស្អប់​ញាតិ​សន្ដាន​របស់​ពួក​គេ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ត្រូវ​ស្អប់​ញាតិ​សន្ដាន​ក្នុង​ន័យ​ថា ស្រឡាញ់​ញាតិ​សន្ដាន​តិច​ជាង​ពួក​គេ​ស្រឡាញ់​ទ្រង់។ យ៉ាកុប​ដែល​ជា​បុព្វ​បុរស​របស់​ព្រះ​យេស៊ូ បាន​ត្រូវ​គេ​និយាយ​ថា«ស្អប់»នាង​លេអា​និង​ស្រឡាញ់​នាង​រ៉ាជែល ដែល​មាន​ន័យ​ថា យ៉ាកុប​ស្រឡាញ់​នាង​លេអា​តិច​ជាង​រ៉ាជែល​ដែល​ជា​ប្អូន​ស្រី​របស់​នាង។

សូម​ពិចារណា​ផង​ដែរ ពេល​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា សិស្ស​ម្នាក់​គួរ​ស្អប់«ជីវិត​ខ្លួន​ឯង»។ ម្ដង​នេះ​ទៀត ព្រះ​យេស៊ូ​មាន​ន័យ​ថា សិស្ស​ពិត​ត្រូវ​ស្រឡាញ់​ទ្រង់​ច្រើន​ជាង​ស្រឡាញ់​ជីវិត​របស់​ខ្លួន។ ហេតុ​ដូច្នេះ ព្រះ​យេស៊ូ​កំពុង​តែ​បញ្ជាក់​ថា ជា​សិស្ស​ម្នាក់​របស់​ទ្រង់ គឺ​មាន​ភារកិច្ច​ដ៏​ធ្ងន់​ធ្ងរ។ នេះ​មិន​មែន​ជា​អ្វី​ដែល​គួរ​ធ្វើ​ដោយ​ឥត​បាន​គិត​យ៉ាង​ហ្មត់​ចត់​នោះ​ឡើយ។

ជា​សិស្ស​របស់​ព្រះ​យេស៊ូ នោះ​ពួក​គេ​នឹង​ជួប​ប្រទះ​ការ​ពិបាក​និង​ការ​បៀត​បៀន ដូច​ជា​ទ្រង់​បញ្ជាក់​ថា៖ «ហើយ​អ្នក​ណា​ដែល​មិន​ផ្ទុក​ឈើ​ឆ្កាង[បង្គោល​ឈើ​ទារុណកម្ម, ព.ថ.]ខ្លួន​មក​តាម​ខ្ញុំ នោះ​ក៏​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ដែរ»។ ដូច្នេះ​ហើយ សិស្ស​ដ៏​ពិត​ម្នាក់​របស់​ទ្រង់​គប្បី​សុខ​ចិត្ត​ស៊ូ​ទ្រាំ​នឹង​បន្ទុក​ខាង​ការ​ស្តី​បន្ទោស​ដូច​ជា​ព្រះ​យេស៊ូ​បាន​ស៊ូ​ទ្រាំ​ដែរ ហើយ​បើ​ចាំ​បាច់ គឺ​សុខ​ចិត្ត​ទទួល​មរណភាព​ក្រោម​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ​របស់​ព្រះ ដែល​នេះ​ជា​អ្វី​ដែល​ព្រះ​យេស៊ូ​នឹង​ធ្វើ​មិន​យូរ​ប៉ុន្មាន​ទៀត។

ដូច្នេះ​ហើយ ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ គឺ​ជា​រឿង​មួយ​ដែល​បណ្ដា​ជន​រួម​ដំណើរ​ជា​មួយ​ទ្រង់​ត្រូវ​យក​មក​គិត​ឲ្យ​បាន​វែង​ឆ្ងាយ។ ព្រះ​យេស៊ូ​បញ្ជាក់​ហេតុ​ការណ៍​នេះ​ម្ដង​ទៀត តាម​រយៈ​រឿង​ប្រៀប​ប្រដូច​មួយ។ ទ្រង់​មាន​បន្ទូល​ថា៖ «ដ្បិត​ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​ចង់​សង់​ផ្ទះ​ពី​ថ្ម តើ​មិន​អង្គុយ​លៃ​លក​មើល​ជា​មុន​ទេ​ឬ? . . . ដើម្បី​ឲ្យ​ដឹង​ជា​មាន​ល្មម​នឹង​ធ្វើ​បង្ហើយ​បាន​ឬ​មិន​បាន ក្រែង​កាល​ណា​ដាក់​ជើង​ជញ្ជាំង រួច​បង្ហើយ​មិន​បាន នោះ​អស់​អ្នក​ណា​ដែល​ឃើញ​ក៏​នឹង​សើច​ចំអក​ឲ្យ ដោយ​ពាក្យ​ថា ‹អ្នក​នេះ​បាន​ចាប់​ផ្ដើម​សង់​ផ្ទះ តែ​បង្ហើយ​មិន​បាន›»។

ដូច្នេះ ព្រះ​យេស៊ូ​កំពុង​តែ​ពន្យល់​ប្រាប់​បណ្ដា​ជន​ដែល​ដើរ​តាម​ទ្រង់ ថា​មុន​នឹង​ពួក​គេ​ក្លាយ​ទៅ​ជា​សិស្ស​របស់​ទ្រង់ ពួក​គេ​គប្បី​សម្រេច​ចិត្ត​ឲ្យ​បាន​ប្រាកដ​ប្រជា ថា​ពួក​គេ​នឹង​អាច​សម្រេច​នូវ​ភារកិច្ច​អ្វី​ដែល​ទាក់​ទង​នឹង​នោះ ក៏​ដូច​ជា​បុរស​ម្នាក់​ដែល​ចង់​សាង​សង់​ប៉ម​មួយ គាត់​ត្រូវ​តែ​ប្រាកដ​ជា​មុន​សិន​ថា គាត់​មាន​ធន​ធាន​គ្រប់​គ្រាន់​ដើម្បី​បញ្ចប់​កិច្ច​ការ​នោះ មុន​នឹង​គាត់​ចាប់​ផ្ដើម​សង់។ ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ត​ដោយ​ប្រាប់​នូវ​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត:

«ឬ​តើ​មាន​ស្តេច​ឯ​ណា ដែល​រៀប​ចេញ​ទៅ​ច្បាំង​នឹង​ស្តេច​១​ទៀត ឥត​អង្គុយ​ពិគ្រោះ​មើល​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ជា​ខ្លួន​នាំ​ពល​១​ម៉ឺន ទៅ​ត​ទល់​នឹង​ស្តេច ដែល​នាំ​ពល​២​ម៉ឺន មក​ច្បាំង​បាន​ឬ​មិន​បាន? បើ​ឃើញ​ថា​មិន​បាន​ទេ នោះ​ទ្រង់​នឹង​ចាត់​រាជទូត ឲ្យ​ទៅ​ស៊ើប​សួរ​ពី​កិច្ច ដែល​ចង​ស្ពាន​មេត្រី​នឹង​គ្នា​ជា​យ៉ាង​ណា ក្នុង​កាល​ដែល​ស្តេច​នោះ​នៅ​ឆ្ងាយ​នៅ​ឡើយ»។

រួច​មក ព្រះ​យេស៊ូ​បញ្ជាក់​ចំណុច​នៃ​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់ ដោយ​មាន​បន្ទូល​ថា៖ «ដូច្នេះ អស់​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​មិន​លះ​អាល័យ​ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់ នោះ​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ»។ នេះ​ហើយ​ជា​អ្វី​ដែល​បណ្ដា​ជន​រួម​ដំណើរ​ជា​មួយ​ទ្រង់ និង​មនុស្ស​គ្រប់​គ្នា​ដែល​រៀន​អំពី​ព្រះ​គ្រីស្ទ គប្បី​ត្រូវ​សុខ​ចិត្ត​ធ្វើ​ដែរ។ ពួក​គេ​ត្រូវ​ប្រុង​ជា​ស្រេច​ដើម្បី​ធ្វើ​ពលិកម្ម​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​មាន ដូច​ជា​ទ្រព្យ​សម្បត្ដិ រួម​ទាំង​ជីវិត​ផង​ដែរ ប្រសិន​បើ​ពួក​គេ​ចង់​ធ្វើ​ជា​សិស្ស​របស់​ទ្រង់។ តើ​អ្នក​សុខ​ចិត្ត​ធ្វើ​ដូច្នេះ​ទេ?

ព្រះ​យេស៊ូ​មាន​បន្ទូល​បន្ត​ថា៖ «អំបិល​ជា​របស់​ល្អ»។ នៅ​ក្នុង​ធម្មទាន​របស់​ទ្រង់​នៅ​លើ​ភ្នំ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា ពួក​សិស្ស​របស់​ទ្រង់​ជា«អំបិល​នៃ​ផែនដី» មាន​ន័យ​ថា ពួក​គេ​មាន​អានុភាព​ល្អ​ទៅ​លើ​មនុស្ស ដ្បិត​អំបិល​មែន​ទែន​ជា​អ្វី​ដែល​ជួយ​បង្ការ​កុំ​ឲ្យ​ខូច។ ព្រះ​យេស៊ូ​មាន​បន្ទូល​បញ្ចប់​ថា៖ «តែ​បើ​បាត់​ជាតិ​ប្រៃ​ហើយ តើ​នឹង​យក​អ្វី​ធ្វើ​ឲ្យ​ប្រៃ​ឡើង​វិញ​បាន? គ្មាន​ប្រយោជន៍​ដល់​ដី​ឬ​ជី​ទេ គេ​នឹង​ចោល​ទៅ​ក្រៅ​វិញ អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្ដាប់ ឲ្យ​ស្ដាប់​ចុះ!»។

ដូច្នេះ ព្រះ​យេស៊ូ​បង្ហាញ​ថា​សូម្បី​តែ​អស់​អ្នក​ដែល​បាន​ក្លាយ​ជា​សិស្ស​របស់​ទ្រង់​អស់​មួយ​រយៈ​ហើយ​ក្ដី ក៏​មិន​គួរ​ទៅ​ជា​ខ្សោយ​ក្នុង​ការ​តាំង​ចិត្ត​ធ្វើ​ជា​សិស្ស​របស់​ទ្រង់​នោះ​ឡើយ។ ប្រសិន​បើ​ទៅ​ជា​ខ្សោយ ពួក​គេ​នឹង​ទៅ​ជា​ឥត​ប្រយោជន៍ ហើយ​លោកីយ៍​នឹង​សើច​ចំអក​ឲ្យ​ពួក​គេ ថែម​ទាំង​មិន​នាំ​មក​នូវ​កិត្ដិយស​ចំពោះ​ព្រះ​ទៀត​ផង ពោល​នឹង​នាំ​ឲ្យ​មនុស្ស​បន្ទោស​ព្រះ​ទៅ​វិញ​ទេ។ ដូច្នេះ​ហើយ ដូច​ជា​អំបិល​ខូច​ដែល​លែង​មាន​ជាតិ​ប្រៃ នោះ​ពួក​គេ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្រៅ ពោល​គឺ​បំផ្លាញ​ចោល​តែ​ម្ដង។ លូកា ១៤:២៥​-​៣៥; លោកុប្បត្តិ ២៩:៣០​-​៣៣; ម៉ាថាយ ៥:១៣

តើ​ការ«ស្អប់»ញាតិ​សន្ដាន​និង​ខ្លួន​ឯង​មាន​ន័យ​យ៉ាង​ណា?

តើ​អ្វី​ជា​រឿង​ប្រៀប​ប្រដូច​ពីរ​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​នោះ? ហើយ​តើ​រឿង​ទាំង​នោះ​មាន​ន័យ​យ៉ាង​ណា?

តើ​បន្ទូល​ចុង​ក្រោយ​របស់​ព្រះ​យេស៊ូ​ស្តី​អំពី​អំបិល​មាន​ន័យ​យ៉ាង​ណា?