លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មនុស្សអំនួតនិងមនុស្សរាបទាប

មនុស្សអំនួតនិងមនុស្សរាបទាប

ជំពូក​ទី​៣​៩

មនុស្ស​អំនួត​និង​មនុស្ស​រាប​ទាប

ក្រោយ​ពី​រៀប​រាប់​នូវ​គុណ​សម្បត្ដិ​របស់​យ៉ូហាន ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​គេ នោះ​ព្រះ​យេស៊ូ​បំបែរ​អារម្មណ៍​ពួក​គេ​ឲ្យ​គិត​ពី​ពួក​មនុស្ស​អំនួត និង​មនុស្ស​ដែល​មាន​ចិត្ត​មិន​ទៀង​ទាត់​នៅ​ជុំ​វិញ​ទ្រង់​នោះ​វិញ។ ទ្រង់​ប្រកាស​ថា៖ «ដំណ​មនុស្ស​នេះ​ជា​អ្វី? គឺ​ធៀប​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ដែល​ស្រែក​ទៅ​គ្នា​វា​ថា៖ ‹យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ យើង​បាន​ទួញ​ទំនួញ​ឲ្យ​ឯង តែ​ឯង​មិន​បាន​យំ​ទេ›»។

តើ​ព្រះ​យេស៊ូ​ចង់​មាន​ន័យ​យ៉ាង​ណា? ទ្រង់​ពន្យល់​ថា៖ «ដ្បិត​យ៉ូហាន​បាន​មក​មិន​ស៊ី​មិន​ផឹក​សោះ តែ​គេ​ថា ‹គាត់​មាន​អារក្ស​ចូល› ឯ​កូន​មនុស្ស បាន​មក​ទាំង​ស៊ី​ទាំង​ផឹក​ផង គង់​តែ​គេ​ថា ‹មើល! នេះ​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន ជា​មិត្ត​សំឡាញ់​របស់​ពួក​យក​ពន្ធ នឹង​មនុស្ស​មាន​បាប›»។

គឺ​មិន​អាច​បំពេញ​ចិត្ត​មនុស្ស​បាន​ឡើយ។ គ្មាន​អ្វី​ដែល​អាច​ផ្គាប់​ចិត្ត​ពួក​គេ​បាន​ទេ។ យ៉ូហាន​បាន​រស់​នៅ​ដោយ​មិន​ល្មោភ​ស៊ី គាត់​សុខ​ចិត្ត​លះ​បង់​ខ្លួន​ធ្វើ​ជា​អ្នក​ណាសារីត​ដោយ​ធ្វើ​តាម​សេចក្ដី​ប្រកាស​របស់​ទេវតា ដែល«មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ ឬ​គ្រឿង​ស្រវឹង​ទេ»។ ក៏​ប៉ុន្តែ​ពួក​មនុស្ស​និយាយ​ថា​គាត់​មាន​អារក្ស​ចូល។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​បាន​រស់​នៅ​ដូច​មនុស្ស​សាមញ្ញ​ឯ​ទៀត មិន​បាន​រស់​ក្នុង​សភាព​ដូច​តាបស​នោះ​ទេ តែ​ពួក​គេ​បែរ​ជា​ចោទ​ថា​អ្វី​ៗ​ដែល​ទ្រង់​ធ្វើ​គឺ​ហួស​ប្រមាណ។

ពួក​មនុស្ស​ទាំង​នេះ​គឺ​ពិបាក​បំពេញ​ចិត្ត​មែន! ពួក​គេ​ដូច​ជា​អ្នក​លេង​ភ្លេង​ជា​មួយ​គ្នា តែ​អ្នក​ខ្លះ​ពុំ​ព្រម​រាំ នៅ​ពេល​ដែល​ក្មេង​ឯ​ទៀត​បាន​ផ្លុំ​ខ្លុយ ឬ​ពុំ​ព្រម​យំ​ពេល​មនុស្ស​គ្នី​គ្នា​បាន​ទួញ​ទំនួញ​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត»។ ត្រូវ​ហើយ ទី​សំអាង​និង​កិច្ច​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ចោទ​នេះ​គឺ​មិន​ពិត​ទេ ដែល​ប្រឆាំង​យ៉ូហាន​និង​ព្រះ​យេស៊ូ​នោះ។

ព្រះ​យេស៊ូ​ចាប់​ផ្ដើម​ស្តី​បន្ទោស​អ្នក​ក្រុង​នានា​នៅ​ក្រុង​ខូរ៉ាស៊ីន ក្រុង​បេតសៃដា និង​ក្រុង​កាពើណិម ដែល​ជា​កន្លែង​ដែល​ទ្រង់​បាន​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ទ្រង់​នៅ​ទី​នោះ។ ប្រសិន​បើ​ទ្រង់​បាន​ធ្វើ​ការ​ទាំង​នោះ​នៅ​ក្នុង​ក្រុង​ទីរ៉ុស​និង​ស៊ីដូន នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា មនុស្ស​នៅ​ទី​ក្រុង​ទាំង​នេះ​នឹង​បាន​ប្រែ​ចិត្ត​ឡើង​វិញ ថែម​ទាំង​ស្លៀក​សំពត់​ធ្មៃ និង​ព្រលាំង​ខ្លួន​ដោយ​ផេះ។ ព្រះ​យេស៊ូ​ផ្ដន្ទា​ទោស​ទី​ក្រុង​កាពើណិម ដែល​តាម​មើល​ទៅ​ជា​ទី​លំនៅ​របស់​ទ្រង់​ក្នុង​កំឡុង​កិច្ច​បំរើ​ទ្រង់ ដោយ​ប្រកាស​ថា៖ «នៅ​ថ្ងៃ​ជំនុំ​ជំរះ ក្រុង​ទីរ៉ុស នឹង​ក្រុង​ស៊ីដូន នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ឯង​រាល់​គ្នា»។

បន្ទាប់​មក ព្រះ​យេស៊ូ​សរសើរ​ព្រះ​វរបិតា​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌​ជា​សាធារណៈ។ ទ្រង់​បាន​មាន​ព្រះ​ទ័យ​ជំរុញ​ឲ្យ​ធ្វើ​ដូច្នេះ ពីព្រោះ​ព្រះ​លាក់​បាំង​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ខាង​វិញ្ញាណ​ពី​អ្នក​ប្រាជ្ញ​និង​អ្នក​ចេះ​ដឹង ប៉ុន្តែ​ទ្រង់​បាន​លាត​ត្រដាង​ការ​ដ៏​អស្ចារ្យ​ទាំង​នេះ​ឲ្យ​មនុស្ស​រាប​ទាប គឺ​ឲ្យ​កូន​ង៉ា​វិញ បើ​និយាយ​ជា​អត្ថបដិរូប​នោះ។

នៅ​ពេល​ចុង​ក្រោយ ព្រះ​យេស៊ូ​ប្រទាន​នូវ​សេចក្ដី​អញ្ជើញ​ដ៏​ទាក់​ទាញ​ចិត្ត​នេះ​ថា៖ «អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ! ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ! ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង ពីព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល»។

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ប្រទាន​នូវ​ការ​ឈប់​សំរាក​នេះ? ទ្រង់​ប្រទាន​ឲ្យ​ដោយ​ផ្ដល់​នូវ​សេរី​ភាព​ពី​ការ​នៅ​ក្រោម​ទំនៀម​ទម្លាប់ ដែល​ពួក​មេ​ដឹក​នាំ​សាសនា​បាន​ដាក់​បន្ទុក​លើ​មនុស្ស រួម​ទាំង​បទ​បញ្ជា​ដ៏​តឹង​រ៉ឹង​ក្នុង​ការ​ធ្វើ​តាម​ថ្ងៃ​ឈប់​សំរាក។ ទ្រង់​ក៏​បាន​បង្ហាញ​នូវ​របៀប​ដែល​អាច​សំរាល​ទុក្ខ​ដល់​អស់​អ្នក ដែល​ពួក​អាជ្ញាធរ​ខាង​នយោបាយ​ជិះ​ជាន់​សង្កត់​សង្កិន​ពួក​គេ ហើយ​អស់​អ្នក​ដែល​មាន​ទុក្ខ​ដោយ​សារ​មនសិការ​របស់​ពួក​គេ​បាន​ធ្វើ​ទុក្ខ​ដោយ​ព្រោះ​បាប​ដែល​ពួក​គេ​បាន​ធ្វើ។ ទ្រង់​បាន​សម្ដែង​នូវ​របៀប​ដែល​អស់​អ្នក​រង​ទុក្ខ​បែប​នេះ អាច​ត្រូវ​អត់​ឱន​ទោស​ឲ្យ និង​របៀប​ដែល​ពួក​គេ​អាច​មាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​វិញ។

នឹម​យ៉ាង​ស្រាល​ដែល​ព្រះ​យេស៊ូ​ប្រទាន​នេះ គឺ​ជា​ការ​ថ្វាយ​ខ្លួន​ទាំង​ស្រុង​ចំពោះ​ព្រះ ដោយ​បំរើ​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ដែល​មាន​ព្រះ​ទ័យ​មេត្ដា។ ហើយ​បន្ទុក​ដ៏​ស្រាល​ដែល​ព្រះ​យេស៊ូ​ប្រទាន​ដល់​អស់​អ្នក​ដែល​ដើរ​តាម​ទ្រង់ គឺ​ជា​ការ​ស្ដាប់​បង្គាប់​សេចក្ដី​តម្រូវ​របស់​ព្រះ​អស់​មួយ​ជីវិត ដែល​បទ​បញ្ជា​របស់​ទ្រង់​បាន​កត់​ទុក​នៅ​ក្នុង​ព្រះ​គម្ពីរ។ ហើយ​ការ​ស្ដាប់​បង្គាប់​តាម​បទ​បញ្ជា​ទាំង​នេះ គឺ​មិន​មែន​ជា​បន្ទុក​នោះ​ទេ។ ម៉ាថាយ ១១:១៦​-​៣០; លូកា ១:១៥; ៧:៣១​-​៣៥; យ៉ូហាន​ទី​១ ៥:៣

តើ​មនុស្ស​អំនួត ដែល​មាន​ចិត្ត​មិន​ទៀង​ទាត់​នៅ​សម័យ​របស់​ព្រះ​យេស៊ូ ដូច​ជា​កូន​ក្មេង​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​បាន​ត្រូវ​ជំរុញ​ឲ្យ​សរសើរ​តម្កើង​ព្រះ​វរបិតា​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌?

តើ​បន្ទុក​អ្វី​ដែល​មនុស្ស​ត្រូវ​ទទួល​នោះ? ហើយ​តើ​ការ​ជួយ​សម្រាល​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ប្រទាន​ឲ្យ?