លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មានគេសួរអំពីការតមអាហារ

មានគេសួរអំពីការតមអាហារ

ជំពូក​ទី​២៨

មាន​គេ​សួរ​អំពី​ការ​តម​អាហារ

សឹង​តែ​មួយ​ឆ្នាំ​បាន​កន្លង​ទៅ​ហើយ តាំង​ពី​ព្រះ​យេស៊ូ​បាន​ចូល​រួម​បុណ្យ​រំលង​នៅ​ឆ្នាំ​៣០ ស.យ.។ មក​ដល់​ឥឡូវ យ៉ូហាន​-​បាទីស្ទ បាន​ជាប់​គុក​អស់​រយៈ​ពេល​បី​បួន​ខែ​ទៅ​ហើយ។ ទោះ​ជា​លោក​ចង់​ឲ្យ​ពួក​សិស្ស​របស់​លោក​ក្លាយ​ទៅ​ជា​ពួក​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ​ក៏​ដោយ តែ​មិន​មែន​ពួក​គេ​ទាំង​អស់​បាន​ធ្វើ​តាម​នោះ​ទេ។

ឥឡូវ​នេះ សិស្ស​ខ្លះ​របស់​លោក​យ៉ូហាន ក៏​មក​រក​ព្រះ​យេស៊ូ​ហើយ​ទូល​សួរ​ទ្រង់​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ នឹង​ពួក​ផារិស៊ី តម​តែ​ញយ​ៗ តែ​ពួក​សិស្ស​ទ្រង់​មិន​ដែល​តម​សោះ​ដូច្នេះ?»។ ពួក​ផារីស៊ី​តម​អាហារ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ តាម​ក្បួន​រីតិ៍​នៃ​សាសនា​របស់​គេ។ ហើយ​ពួក​សិស្ស​របស់​យ៉ូហាន ក៏​ប្រហែល​ជា​កាន់​តាម​ទម្លាប់​ស្រដៀង​នេះ​ដែរ។ ពួក​គេ​ក៏​ប្រហែល​ជា​តម​អាហារ ដើម្បី​កាន់​ទុក្ខ​ចំពោះ​ការ​ជាប់​គុក​របស់​យ៉ូហាន ហើយ​ពួក​គេ​ឆ្ងល់​នូវ​មូលហេតុ​ដែល​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ ឥត​ចូល​រួម​ជា​មួយ​ពួក​គេ​ក្នុង​ការ​សម្ដែង​នូវ​ទុក្ខ​សោក​នេះ។

ព្រះ​យេស៊ូ​ពន្យល់​ដោយ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «កំពុង​ដែល​ប្ដី​ថ្មោង​ថ្មី​នៅ​ជា​មួយ​គ្នា តើ​ពួក​សំឡាញ់​គាត់​នឹង​តម​អាហារ​បាន​ឬ​ទេ? កាល​ប្ដី​នៅ​ជា​មួយ​នៅ​ឡើយ នោះ​តម​អាហារ​ពុំ បាន​ទេ។ តែ​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ប្ដី​នឹង​ត្រូវ​យក​ចេញ​ពី​ពួក​មិត្រ​សំឡាញ់​ទៅ នៅ​គ្រា​នោះ​គេ​នឹង​តម​វិញ»។

ពួក​សិស្ស​របស់​យ៉ូហាន​គួរ​នឹក​ចាំ​ថា​យ៉ូហាន ក៏​បាន​និយាយ​អំពី​ព្រះ​យេស៊ូ​ជា​ប្ដី​ថ្មោង​ថ្មី​ដែរ។ ដូច្នេះ​កាល​ដែល​ព្រះ​យេស៊ូ​មាន​វត្តមាន យ៉ូហាន​នឹង​មិន​ចាត់​ទុក​ថា​ការ​តម​អាហារ​ជា​ការ​សម​ហេតុ​ផល​នោះ​ឡើយ ហើយ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​ក៏​គិត​ដូច្នេះ​ដែរ។ នៅ​ក្រោយ​មក ពេល​ព្រះ​យេស៊ូ​សោយ​ទិវង្គត​ទៅ នោះ​ទើប​ពួក​សិស្ស​របស់​ទ្រង់​នឹង​កាន់​ទុក្ខ​ហើយ​តម​អាហារ។ ក៏​ប៉ុន្តែ នៅ​ពេល​ដែល​ទ្រង់​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ​យាង​ឡើង​ទៅ​ស្ថាន​សួគ៌ នោះ​ពួក​គេ​លែង​មាន​មូលហេតុ​នឹង​តម​អាហារ​ដោយ​កាន់​ទុក្ខ​នោះ​ទៀត​ហើយ។

បន្ទាប់​មក ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពី​រឿង​ប្រៀប​ប្រដូច​នេះ​ថា៖ «គ្មាន​អ្នក​ណា​ដែល​យក​កំណាត់​សំពត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ ដ្បិត​កំណាត់​ថ្មី​នោះ នឹង​ហែក​អាវ​ចាស់​ចេញ ហើយ​រំហែ​ក​នោះ​នឹង​រឹង​រឹត​តែ​អាក្រក់​ជាង​ទៅ​ទៀត ក៏​មិន​ដែល​មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នោះ ថង់​ស្បែក​នឹង​ធ្លាយ ហូរ​ស្រា​ទំពាំង​បាយ​ជូរ​ចេញ​អស់ ហើយ​ទាំង​ថង់​នោះ​ក៏​ត្រូវ​ខូច​ខាត​ដែរ គឺ​គេ​តែង​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ក្នុង​ថង់​ស្បែក​ថ្មី​វិញ»។ តើ​រឿង​ប្រៀប​ប្រដូច​ទាំង​នេះ​ទាក់​ទង​អ្វី​នឹង​ការ​តម​អាហារ​នោះ?

ព្រះ​យេស៊ូ​កំពុង​ជួយ​ពួក​សិស្ស​របស់​យ៉ូហាន​-​បាទីស្ទ​ឲ្យ​យល់​ថា គ្មាន​អ្នក​ណា​ម្នាក់​អាច​ឲ្យ​ពួក​អ្នក​កាន់​តាម​ទ្រង់​ធ្វើ​តាម​ទំលាប់​ចាស់​នៃ​សាសនា​យូដា​នោះ​ទេ តួយ៉ាង​ដូច​ជា​ក្បួន​រីតិ៍​នៃ​ការ​តម​អាហារ​ជា​ដើម។ ទ្រង់​មិន​មែន​យាង​មក​ដើម្បី​ស្ដារ​ឡើង​វិញ ហើយ​ស្ថាបនា​ប្រព័ន្ធ​នៃ​ការ​ថ្វាយ​បង្គំ​ចាស់​ដែល​រៀប​នឹង​បោះ​ចោល​ទៅ ឲ្យ​នៅ​បាន​យូរ​ទៀត​នោះ​ឡើយ។ សាសនា​គ្រីស្ទាន​នឹង​មិន​ត្រូវ​កាន់​តាម​សាសនា​យូដា​នៅ​សម័យ​នោះ ដែល​តែង​តែ​ធ្វើ​តាម​ទំនៀម​ទំលាប់​របស់​មនុស្ស​នោះ​ទេ។ មិន​មែន​ជា​ការ​ត្រឹម​ត្រូវ​ឡើយ​ក្នុង​ការ​យក​កំណាត់​សំពត់​ថ្មី​ទៅ​ប៉ះ​លើ​សំពត់​ចាស់ ឬ​ក៏​ដូច​ជា​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ដាក់​ក្នុង​ថង់​ស្បែក​ចាស់​នោះ។ ម៉ាថាយ ៩:១៤​-​១៧; ម៉ាកុស ២:១៨​-​២២; លូកា ៥:៣៣​-​៣៩; យ៉ូហាន ៣:២៧​-​២៩

តើ​អ្នក​ណា​ដែល​កាន់​តាម​ការ​តម​អាហារ ហើយ​សំរាប់​គោល​បំណង​អ្វី?

ហេតុ​អ្វី​ក៏​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​ឥត​តម​អាហារ​កាល​ដែល​ទ្រង់​គង់​នៅ​ជា​មួយ​ពួក​គេ? ហើយ​ក្រោយ​មក តើ​មាន​មូលហេតុ​អ្វី​សំរាប់​ការ​តម​អាហារ ដែល​នៅ​តែ​បន្ដិច​ទៀត​នឹង​ត្រូវ​បាត់​សូន្យ​ទៅ​នោះ?

តើ​ព្រះ​យេស៊ូ​រៀប​រាប់​រឿង​ប្រៀប​ប្រដូច​អ្វី? ហើយ​តើ​នោះ​មាន​ន័យ​យ៉ាង​ណា?