លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មានផ្ទៃពោះតែមិនទាន់រៀបការ

មានផ្ទៃពោះតែមិនទាន់រៀបការ

ជំពូក​ទី​៤

មាន​ផ្ទៃ​ពោះ​តែ​មិន​ទាន់​រៀប​ការ

ម៉ារា​មាន​ផ្ទៃ​ពោះ​បី​ខែ​ហើយ។ អ្នក​នឹង​នៅ​ចាំ​ថា ម៉ារា​បាន​ទៅ​លេង​អេលីសាបិត នៅ​ពេល​ដែល​គាត់​ចាប់​មាន​ផ្ទៃ​ពោះ​ដំបូង។ ប៉ុន្តែ​ឥឡូវ​ម៉ារា​បាន​ត្រឡប់​មក​ភូមិ​ណាសារ៉ែត​វិញ​ហើយ។ មិន​យូរ​ប៉ុន្មាន​ទៀត រឿង​របស់​ម៉ារា​ច្បាស់​ជា​គេ​ដឹង​ឮ​សុះសាយ​ទូទៅ​នៅ​ក្នុង​ស្រុក​ភូមិ​គាត់​ជា​មិន​ខាន។ ប្រាកដ​ហើយ ម៉ារា​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​ដ៏​ពិបាក​មែន!

អ្វី​ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​នេះ​កាន់​តែ​ពិបាក​ទៅ​ទៀត​នោះ គឺ​ម៉ារា​បាន​ភ្ជាប់​ពាក្យ​ហើយ​ជា​មួយ​នឹង​យ៉ូសែប ដែល​ជា​ជាង​ឈើ​ម្នាក់។ ហើយ​ម៉ារា​ដឹង​ថា ក្រោម​ក្រិត្យ​វិន័យ​របស់​ព្រះ​សំរាប់​សាសន៍​អ៊ីស្រាអែល បើ​ស្ត្រី​ម្នាក់​ដែល​បាន​ភ្ជាប់​ពាក្យ​នឹង​បុរស​ម្នាក់​រួច​ទៅ​ហើយ តែ​បាន​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ម្នាក់​ផ្សេង​ទៀត នោះ​នឹង​ត្រូវ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល។ តើ​ម៉ារា​អាច​ពន្យល់​អំពី​ការ​មាន​ផ្ទៃ​ពោះ​នេះ​ដល់​យ៉ូសែប​យ៉ាង​ដូច​ម្ដេច​ទៅ?

ដោយ​ព្រោះ​ម៉ារា​បាន​ទៅ​កន្លែង​ឆ្ងាយ​អស់​រយៈ​បី​ខែ​ហើយ​នោះ យើង​អាច​ដឹង​ប្រាកដ​ថា យ៉ូសែប​ច្បាស់​ជា​ចង់​ជួប​មុខ​នាង​ខ្លាំង​ណាស់។ ពេល​ដែល​ពួក​គាត់​ជួប​គ្នា ប្រហែល​ជា​ម៉ារា​បាន​ប្រាប់​ដំណឹង​នេះ​ដល់​យ៉ូសែប​ហើយ។ ម៉ារា​ប្រហែល​ជា​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ពន្យល់​ថា គឺ​តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ទេ ដែល​នាង​មាន​ផ្ទៃ​ពោះ​នោះ។ ក៏​ប៉ុន្តែ អ្នក​ប្រហែល​ជា​អាច​យល់​ហើយ​ថា នេះ​គឺ​ជា​រឿង​ដែល​យ៉ូសែប​ពិ​ បា​ក​នឹង​ជឿ​ណាស់។

យ៉ូសែប​ដឹង​នូវ​កេរ្ដិ៍​ឈ្មោះ​ដ៏​ល្អ​ដែល​ម៉ារា​ធ្លាប់​មាន។ ហើយ​តាម​មើល​ទៅ គាត់​ស្រឡាញ់​នាង​ខ្លាំង​ណាស់។ ទោះ​ជា​នាង​ប្រហែល​ជា​អះអាង​យ៉ាង​ណា​ក៏​ដោយ នេះ​មើល​ទៅ​ហាក់​ដូច​ជា​នាង​មាន​ផ្ទៃ​ពោះ​ជា​មួយ​បុរស​ណា​ម្នាក់​ទៅ​វិញ​ទេ។ ប៉ុន្តែ យ៉ូសែប​មិន​ចង់​ឲ្យ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​នាង​ចោល ឬ​បង្ខូច​កិត្ដិយស​នាង​នៅ​ខាង​មុខ​សាធារណជន​នោះ​ទេ។ ដូច្នេះ គាត់​បាន​សម្រេច​ចិត្ត​ថា​នឹង​លែង​លះ​នាង​ដោយ​ស្ងាត់​ៗ។ នៅ​សម័យ​នោះ បុគ្គល​ដែល​ភ្ជាប់​ពាក្យ​ហើយ បាន​ត្រូវ​ចាត់​ទុក​ដូច​ជា​រៀប​ការ​ហើយ​នោះ​ដែរ និង​តម្រូវ​ឲ្យ​មាន​ការ​លែង​លះ​គ្នា​សិន ទើប​អាច​បញ្ចប់​ការ​ភ្ជាប់​ពាក្យ​នោះ​បាន។

ក្រោយ​មក កាល​ដែល​យ៉ូសែប​កំពុង​តែ​គិត​អំពី​រឿង​ទាំង​នេះ នោះ​គាត់​ក៏​លង់​លក់​ទៅ។ ទេវតា​របស់​ព្រះ​យេហូវ៉ា​លេច​ខ្លួន​ឲ្យ​គាត់​ឃើញ​នៅ​ក្នុង​សុបិន​មួយ ហើយ​ពោល​ថា៖ «កុំ​ឲ្យ​ខ្លាច​នឹង​យក​នាង​ម៉ារា ជា​ប្រពន្ធ​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​ទំ​ផ្ទៃ​នាង នោះ​កើត​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទេ នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះ​នាម​ថា ‹យេស៊ូវ› ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប»។

នៅ​ពេល​យ៉ូសែប​ភ្ញាក់​ពី​ការ​លង់​លក់​ឡើង​វិញ នោះ​គាត់​មាន​អំណរ​គុណ​ណាស់! គាត់​ក៏​ធ្វើ​តាម​បង្គាប់​របស់​ទេវតា​ដោយ​មិន​ពន្យារ​ពេល​ឡើយ។ គាត់​បាន​យក​ម៉ារា​មក​នៅ​ក្នុង​ផ្ទះ​របស់​គាត់។ ជា​លទ្ធផល ការ​នាំ​យក​នាង​មក​នៅ​ជា​មួយ​ក្នុង​ផ្ទះ​ក្លាយ​ជា​ពិធី​រៀប​អាពាហ៍ពិពាហ៍​ជា​សាធារណៈ ឲ្យ​បណ្ដា​ជន​ឃើញ​ថា យ៉ូសែប​និង​ម៉ារា​ឥឡូវ​គឺ​បាន​រៀប​ការ​ជា​ផ្លូវ​ការ​ហើយ។ ក៏​ប៉ុន្តែ យ៉ូសែប​មិន​បាន​រួម​ដំណេក​ជា​មួយ​ម៉ារា​សោះ កាល​ដែល​ព្រះ​យេស៊ូ​នៅ​ក្នុង​ផ្ទៃ​ពោះ​របស់​នាង។

មើល​ន៍​! ម៉ារា​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់​ខែ​ហើយ តែ​យ៉ូសែប​កំពុង​តែ​ឲ្យ​នាង​ជិះ​លើ​សត្វ​លា។ តើ​ពួក​គាត់​ទៅ​កន្លែង​ណា ហើយ​ហេតុ​អ្វី​ក៏​ពួក​គាត់​ធ្វើ​ដំណើរ​ដូច្នេះ បើ​ម៉ារា​ជិត​នឹង​សម្រាល​កូន​ទៅ​ហើយ​នោះ? លូកា ១:៣៩​-​៤១, ៥៦; ម៉ាថាយ ១:១៨​-​២៥; ចោទិយកថា ២២:២៣, ២៤

តើ​យ៉ូសែប​មាន​ចិត្ត​គំនិត​យ៉ាង​ណា ពេល​ដឹង​ថា​ម៉ារា​មាន​ផ្ទៃ​ពោះ​នោះ? ហើយ​ហេតុ​អ្វី?

តើ​យ៉ូសែប​អាច​លែង​លះ​ម៉ារា​យ៉ាង​ដូច​ម្ដេច​បាន បើ​ពួក​គាត់​មិន​ទាន់​ទាំង​បាន​រៀប​ការ​ផង​នោះ?

តើ​យ៉ូសែប​និង​ម៉ារា​ធ្វើ​អ្វី​ជា​សាធារណៈ ទុក​ជា​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ពួក​គាត់?