លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មូលហេតុដែលព្រះយេស៊ូបានយាងមកផែនដី

មូលហេតុដែលព្រះយេស៊ូបានយាងមកផែនដី

ជំពូក​ទី​២៤

មូលហេតុ​ដែល​ព្រះ​យេស៊ូ​បាន​យាង​មក​ផែនដី

ថ្ងៃ​របស់​ព្រះ​យេស៊ូ​នៅ​ក្នុង​ក្រុង​កាពើណិម​ជា​មួយ​នឹង​ពួក​សិស្ស​បួន​រូប​របស់​ទ្រង់ គឺ​មាន​ការ​រវល់​ណាស់ ក្នុង​នោះ​រួម​បញ្ចូល​ការ​ប្រោស​ឲ្យ​ជា​នូវ​អ្នក​ជំងឺ​ទាំង​ប៉ុន្មាន​ដែល​ពួក​មនុស្ស​ក្នុង​ក្រុង​កាពើណិម​បាន​នាំ​មក​ឲ្យ​ទ្រង់​ព្យាបាល​នៅ​កំឡុង​ពេល​ល្ងាច​នោះ។ ទ្រង់​គ្មាន​ពេល​សំរាប់​ទ្រង់​ផ្ទាល់​នោះ​ទេ។

ឥឡូវ​គឺ​ជា​ព្រឹក​ថ្ងៃ​បន្ទាប់។ ពេល​ព្រលឹម​ស្រាង​ៗ​នៅ​ឡើយ នោះ​ព្រះ​យេស៊ូ​តើន​ឡើង ហើយ​យាង​ចេញ​ទៅ​ក្រៅ​តែ​មួយ​អង្គ​ឯង។ ទ្រង់​ធ្វើ​ដំណើរ​ទៅ​កន្លែង​មួយ​ដ៏​ស្ងាត់​ដាច់​ពី​គេ ដើម្បី​ទ្រង់​អាច​អធិស្ឋាន​ទៅ​ព្រះ​វរបិតា​របស់​ទ្រង់។ ប៉ុន្តែ ព្រះ​យេស៊ូ​គង់​តែ​មួយ​អង្គ​ឯង​ពុំ​បាន​យូរ​ប៉ុន្មាន​ទេ ដោយ​ព្រោះ​ពេត្រុស​និង​អ្នក​ដទៃ​ដឹង​ថា​បាត់​ទ្រង់ ដូច្នេះ​ពួក​គេ​ក៏​នាំ​គ្នា​តាម​រក​ទ្រង់។

នៅ​ពេល​ដែល​ពួក​គេ​រក​ព្រះ​យេស៊ូ​ឃើញ​ហើយ ពេត្រុស​ទូល​ថា៖ «មនុស្ស​ទាំង​អស់​កំពុង​តែ​រក​ទ្រង់»។ ពួក​បណ្ដា​ជន​នៅ​ក្នុង​ក្រុង​កាពើណិម​ចង់​ឲ្យ​ព្រះ​យេស៊ូ​ស្នាក់​នៅ​ជា​មួយ​ពួក​គេ។ ពួក​គេ​មាន​ចិត្ត​អបអរ​ណាស់​នូវ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សំរាប់​ពួក​គេ​នោះ! ក៏​ប៉ុន្តែ តើ​ព្រះ​យេស៊ូ​បាន​យាង​មក​ផែនដី​នេះ គ្រាន់​តែ​ដើម្បី​ធ្វើ​អព្ភូតហេតុ​ប្រោស​ឲ្យ​ជា​ប៉ុណ្ណោះ​ឬ? តើ​ទ្រង់​មាន​បន្ទូល​យ៉ាង​ណា​ដែរ​អំពី​រឿង​នេះ?

យោង​ទៅ​តាម​កំណត់​ហេតុ​មួយ​ក្នុង​ព្រះ​គម្ពីរ ព្រះ​យេស៊ូ​តប​ឆ្លើយ​ដល់​ពួក​សិស្ស​ទ្រង់​ថា៖ «ចូរ​យើង​ទៅ​ក្នុង​អស់​ទាំង​ភូមិ​នៅ​ជុំ​វិញ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​នៅ​ភូមិ​ទាំង​នោះ​ដែរ ដ្បិត​គឺ​ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​ខ្ញុំ​មក»។ ទោះ​ជា​ពួក​បណ្ដា​ជន​ទទូច​សុំ​ឲ្យ​ព្រះ​យេស៊ូ​គង់​នៅ​ទី​នោះ​ក៏​ដោយ ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា៖ «ខ្ញុំ​ត្រូវ​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ ដល់​អស់​ទាំង​ស្រុក​ឯ​ទៀត​ដែរ គឺ​ហេតុ​នោះ​បាន​ជា​ព្រះ​វរបិតា​ចាត់​ឲ្យ​ខ្ញុំ​មក»។

ត្រូវ​ហើយ ព្រះ​យេស៊ូ​បាន​យាង​មក​ផែនដី​នេះ ជា​ពិសេស​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ដែល​តាម​រយៈ​ព្រះ​រាជាណាចក្រ​នេះ​នឹង​ធ្វើ​ឲ្យ​ព្រះ​នាម​របស់​ព្រះ​វរបិតា​បាន​បរិសុទ្ធ ហើយ​ព្យាបាល​ជំងឺ​របស់​មនុស្ស​ឲ្យ​លែង​មាន​ជា​រៀង​រហូត។ ក៏​ប៉ុន្តែ ដើម្បី​ផ្ដល់​ទី​សំអាង​ថា​ព្រះ​បាន​បញ្ជូន​ព្រះ​យេស៊ូ​មក​នោះ ព្រះ​យេស៊ូ​ក៏​ធ្វើ​អព្ភូតហេតុ​ប្រោស​ឲ្យ​គេ​ជា។ ជា​ច្រើន​សតវត្ស​មុន​នេះ តាម​របៀប​ដូច​គ្នា អព្ភូតហេតុ​ដែល​លោក​ម៉ូសេ​ធ្វើ​ក៏​បាន​បង្ហាញ​ថា​លោក​ជា​អ្នក​បំរើ​របស់​ព្រះ​ដែរ។

ឥឡូវ នៅ​ពេល​ព្រះ​យេស៊ូ​យាង​ចេញ​ពី​ក្រុង​កាពើណិម ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ក្រុង​ផ្សេង​ៗ​ទៀត ពួក​សិស្ស​បួន​នាក់​របស់​ទ្រង់​ក៏​ទៅ​ជា​មួយ​ដែរ។ សិស្ស​បួន​នាក់​នេះ គឺ​ជា​ពេត្រុស​និង​អនទ្រេ​ជា​ប្អូន​របស់​គាត់ ហើយ​យ៉ាកុប​និង​ប្អូន​របស់​គាត់​ឈ្មោះ​យ៉ូហាន។ អ្នក​នៅ​នឹក​ចាំ​ថា គ្រាន់​តែ​មុន​នេះ​មួយ​អាទិត្យ ព្រះ​យេស៊ូ​បាន​អញ្ជើញ​ពួក​គាត់​ឲ្យ​ធ្វើ​ជា​គូកន​ដំបូង​ដែល​រួម​ដំណើរ​ជា​មួយ​ទ្រង់។

ការ​ផ្សព្វ​ផ្សាយ​របស់​ព្រះ​យេស៊ូ​នៅ​ស្រុក​កាលីឡេ​ជា​មួយ​នឹង​សិស្ស​បួន​នាក់​របស់​ទ្រង់ គឺ​បាន​ជោគ​ជ័យ​យ៉ាង​អស្ចារ្យ! តាម​ការ​ពិត សេចក្ដី​រាយ​ការណ៍​អំពី​សកម្មភាព​របស់​ទ្រង់​បាន​ឮ​សុស​សាយ​ទូទៅ​ពេញ​ក្នុង​ស្រុក​ស៊ីរី ដែរ។ ពួក​បណ្ដា​ជន​ជា​ច្រើន​ពី​ស្រុក​កាលីឡេ ស្រុក​យូដា និង​ពី​ខាង​នាយ​ទន្លេ​យ័រដាន់ បាន​ដើរ​តាម​ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ទ្រង់។ ម៉ាកុស ១:៣៥​-​៣៩; លូកា ៤:៤២, ៤៣; ម៉ាថាយ ៤:២៣​-​២៥; និក្ខមនំ ៤:១​-​៩, ៣០, ៣១

នៅ​ពេល​ព្រឹក​ព្រលឹម​បន្ទាប់​ពី​ថ្ងៃ​ដ៏​រវល់​របស់​ព្រះ​យេស៊ូ​នៅ​ក្នុង​ក្រុង​កាពើណិម តើ​មាន​អ្វី​កើត​ឡើង?

ហេតុ​អ្វី​ព្រះ​យេស៊ូ​បាន​ត្រូវ​បញ្ជូន​មក​ផែនដី​នេះ? ហើយ​តើ​ទ្រង់​មាន​គោល​បំណង​អ្វី​ដោយ​ធ្វើ​អព្ភូតហេតុ​ទាំង​នោះ?

តើ​អ្នក​ណា​ខ្លះ​ទៅ​ជា​មួយ​ព្រះ​យេស៊ូ ក្នុង​ដំណើរ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​កាលីឡេ? ហើយ​តើ​មនុស្ស​បាន​ប្រព្រឹត្ត​តប​យ៉ាង​ណា​ចំពោះ​សកម្មភាព​របស់​ព្រះ​យេស៊ូ?